Wednesday, November 14, 2018

កំណែទម្រង់ការអប់រំផ្តោតលើសហគមន៍ នាំមកនូវលទ្ធផលល្អប្រសើរដល់សិស្សានុសិស្ស

ដោយ Latifah Azlan

លោកនាយកសាលា ឃុន នីម(រូបកណ្តាល)
អង្គុយជាមួយនឹងលោក យុង ហៀង
ប្រធានគណៈកម្មការទ្រទ្រង់សាលា (ខាងស្តាំ)
និងសមាជិកគណៈកម្មការទ្រទ្រង់សាលាម្នាក់ទៀត
នៅសាលាបឋមសិក្សាស្វាយកាល់។
©UNICEF Cambodia/2018/Todd Brown

ខេត្តកំពង់ធំ ប្រទេសកម្ពុជា ខែវិច្ឆិកា ឆ្នាំ២០១៨ – កាលពីប៉ុន្មានឆ្នាំមុននេះ សាលាបឋមសិក្សាស្វាយកាល់ គឺជាសាលារៀនមួយស្ថិតនៅក្នុងចំណោមសាលារៀនដែលសិស្សទទួលបានពិន្ទុទាប និងមានអត្រាបោះបង់ចោលការសិក្សាខ្ពស់ ដែលជាហេតុនាំឱ្យមានការចុះឈ្មោះចូលរៀនរបស់សិស្សទាប។

ការខ្វះហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ធ្វើឱ្យស្ថានភាពនោះកាន់តែធ្លាក់ចុះដុនដាបទៅៗ ព្រោះវាធ្វើឱ្យបរិយាកាសបង្រៀន និងរៀន ពុំបានផ្តល់ភាពកក់ក្តៅដល់កុមារ។ សាលារៀននេះ ពុំមានរបងព័ទ្ធជុំវិញឡើយ ដែលធ្វើឱ្យសិស្សត្រូវប្រឈមនឹងការគំរាមកំហែង ដោយសារចរាចរណ៍ដ៏សែនមមាញឹក ព្រោះសាលានៅជាប់ផ្លូវទៅកាន់        ទីប្រជុំជនធំៗជាងគេក្នុងខេត្តនេះ ហើយក៏ជាសញ្ញាដែលបង្ហាញថា សាលារៀននេះពុំមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់សំខាន់ៗ ដូចជាបង្គន់ និងកន្លែងលាងសម្អាតដៃ ហើយបរិវេណសាលារៀនទៀតសោត ក៏ពុំមានការថែទាំឱ្យបានល្អផងដែរ។

កត្តាទាំងនេះ ធ្វើឱ្យបុគ្គលិកសាលារៀន ជឿថាបទពិសោធរៀន និងបង្រៀនក្នុងសាលារៀននេះ ពុំបានផ្តល់កម្លាំងចិត្តឱ្យសិស្សមករៀននោះឡើយ ហើយសិស្សជាច្រើននាក់ក៏បានបោះបង់ចោលការសិក្សាទៅធ្វើការងារស្រែចម្ការវិញ។

នៅពេលលោក ឃុន នីម មកកាន់តំណែងជានាយកសាលាបឋមសិក្សាស្វាយកាល់កាលពីឆ្នាំ២០១០ គាត់ត្រូវប្រឈមនឹងបញ្ហាដ៏តានតឹងទាំងនេះ ដែលជាកត្តារារាំងមិនឱ្យសិស្សានុសិស្សរបស់គាត់ អាចទទួលបានការអប់រំដែលមានគុណភាព។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែរយៈពេលប្រាំបីឆ្នាំ គាត់បានទទួលជោគជ័យក្នុងការប្រែក្លាយស្ថានភាពរបស់សាលារៀននេះ។ បច្ចុប្បន្ននេះ កុមារ មកពីភូមិស្វាយកាល់ដែលនៅជិតនោះ ចូលចិត្តមករៀន និងមានចិត្តសាទរចង់រៀនជាមួយគ្រូរបស់ពួកគេ ដែលធ្វើឲ្យលោកគ្រូ អ្នកគ្រូកាន់តែមានទឹកចិត្តបង្រៀនសិស្សជាងមុន។

យុទ្ធសាស្រ្តរបស់ លោក នីម មានលក្ខណៈសាមញ្ញ។ គាត់ដឹងថា ប្រសិនបើគាត់ចង់បង្កើនគុណភាពនៃការអប់រំសម្រាប់សិស្សរបស់គាត់ គាត់ចាំបាច់ត្រូវធ្វើឱ្យសាលារៀននេះ ក្លាយទៅជាសាលាមេត្រី និងផ្តល់ភាពកក់ក្តៅដល់កុមារ។ ទោះជាយ៉ាងណាក៏ដោយ គាត់ដឹងថា គាត់មិនអាចសម្រេចគោលដៅនេះ ដោយឯកឯងបានឡើយ។ គាត់សម្រេចចិត្តកៀងគរការគាំទ្រពីគណៈកម្មការទ្រទ្រង់សាលារៀន។

ការលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមកាន់តែសកម្មក្នុងប្រព័ន្ធអប់រំ គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិតផ្តួចផ្តើមសំខាន់ៗរបស់មូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍសមត្ថភាព (ហៅកាត់ថា CDPF) ជាមូលនិធិដែលមានការចូលរួមពីអ្នកផ្តល់ជំនួយជាច្រើន ក្រោមការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រពីសហភាពអឺរ៉ុប ទីភ្នាក់ងារស៊ុយអែតដើម្បីអភិវឌ្ឍន៍អន្តរជាតិ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ភាពជាដៃគូសកលសម្រាប់ការអប់រំ និងយូនីសេហ្វ ក្នុងគោលបំណងពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជា។

តាមរយៈសិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈ ដែលផ្តល់ដោយ CDPF លោកគ្រូ នីម បានទទួលការបណ្តុះបណ្តាលអំពីរបៀបរៀបចំផែនការគ្រប់គ្រង និងដំណើរការសាលារៀន ឱ្យបានត្រឹមត្រូវ និងយល់ពីសារៈសំខាន់នៃការជំរុញឱ្យមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋាន ក្នុងសកម្មភាពនានារបស់សាលា។

លោកគ្រូនីម បាននិយាយថា “បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលារបស់ CDPF ខ្ញុំមានបំណងជំរុញឱ្យមានការចូលរួមពីសមាជិកសហគមន៍ឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ក្នុងការពិភាក្សាអំពីបញ្ហានានា ដែលសាលារៀននេះជួបប្រទះ និងផ្តល់ជាធាតុចូលនៅពេលយើងរៀបចំផែនការដំណើរការសាលារៀន។ ដូច្នេះខ្ញុំបានចុះជួបមាតាបិតាសិស្ស និងមេភូមិ ដើម្បីសុំឱ្យពួកគេចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងគណៈកម្មការទ្រទ្រង់សាលារៀន។”

គណៈកម្មការទ្រទ្រង់សាលារៀន កាន់តែមានតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃដំណើរការរបស់សាលារៀន។ សមាជិកនៃគណៈកម្មការនេះ រួមមាន ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ និងអ្នកដឹកនាំសហគមន៍ ដែលស្ម័គ្រចិត្តជួយសម្របសម្រួលការងាររវាងសាលារៀន និងសមាជិកសហគមន៍។ ពួកគេក៏មានតួនាទីច្រើនត្រូវបំពេញផងដែរ បើទោះបីជាតួនាទីសំខាន់បំផុតរបស់គណៈកម្មការនេះ គឺកៀងគរថវិកាបន្ថែមដែលចាំបាច់ ដើម្បីឱ្យ        សាលារៀននេះ មានសម្ភាររូបវ័ន្ត និងធនធានចាំបាច់នានា ដើម្បីឱ្យការរៀនសូត្ររបស់សិស្សកាន់តែមានភាពល្អប្រសើរជាងមុន។

លោកប្រធានភូមិ យុង ហៀង បានចូលរួមក្នុងគណៈកម្មការទ្រទ្រង់សាលារៀនស្វាយកាល់នេះ ចាប់តាំងពីឆ្នាំ ២០០៦មក។ ប៉ុន្តែគណៈកម្មធិការនេះ ពុំមានសកម្មភាពនោះឡើយ ព្រោះថាពុំមានការពិគ្រោះយោបល់ជាមួយនឹងសមាជិក ឬសមាជិកពុំបានចូលរួមក្នុងសកម្មភាពនានារបស់សាលារៀនទ្បើយ។

លោកនិយាយថា “យើងពុំមានភាពស្និទ្ធស្នាលជាមួយសាលារៀនឡើយ ព្រោះថាពុំមាននរណាម្នាក់ប្រាប់ឱ្យយើងចូលរួមកិច្ចប្រជុំនានាទេ មានន័យថា យើងមិនអាចផ្តល់គំនិតយោបល់របស់យើង អំពីរបៀបធ្វើឱ្យសាលារៀននេះ កាន់តែមានភាពល្អប្រសើរជាងមុន សម្រាប់សិស្សនោះដែរ”។

“យើងបានចាប់ផ្តើមបំពេញតួនាទីកាន់តែសកម្មភាពជាងមុនក្នុងឆ្នាំ ២០០៨ តាមរយៈការរៃអង្គាសប្រាក់សម្រាប់សាលារៀននេះ នៅពេលដែលមានពិធីបុណ្យនានានៅវត្ត។ នៅពេលដែល លោក នីម ក្លាយជានាយកសាលា គាត់បានអញ្ជើញឱ្យយើងចូលរួមក្នុងកិច្ចប្រជុំរៀបចំផែនការសាលារៀន ដែលធ្វើឱ្យគណៈកម្មការនេះ កាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសាលារៀននេះ។”

លោក យុង ហៀង ប្រធានគណៈកម្មការទ្រទ្រង់សាលារៀនបឋមសិក្សាស្វាយកាល់
អង្គុយនៅសួនច្បារ ដែលគាត់បានជួយរៃអង្គាសប្រាក់សាងសង់
© UNICEF Cambodia/2018/Todd Brown

បច្ចុប្បន្ននេះ លោក ហៀង គឺជាប្រធានគណៈកម្មការទ្រទ្រង់សាលារៀនស្វាយកាល់ ហើយលោកបន្តដឹកនាំការរៃអង្គាសប្រាក់ក្នុងនាមជាតំណាងឱ្យសាលារៀន តាមរយៈការស្នើសុំឱ្យសមាជិកសហគមន៍មូលដ្ឋានបរិច្ចាគធនធានខ្លះ។ គណៈកម្មការនេះ អាចរៃអង្គាសប្រាក់ប្រមាណ ២០ដុល្លារ នៅពេលមាន ពិធីបុណ្យម្តងៗ។ បន្ទាប់មកប្រាក់នេះ ត្រូវបានប្រើប្រាស់ ដើម្បីជួសជុលកែលម្អសម្ភាររូបវ័ន្តនានារបស់សាលា។

សម្ភារៈរូបវ័ន្តសម្រាប់លាងសម្អាតដៃ និងសួនច្បារថ្មី ទើបតែត្រូវបានកែលម្អបន្ថែមនៅក្នុងសាលា ដោយសារមានកិច្ចខិតខំប្រឹងប្រែងរៃអង្គាសប្រាក់របស់គណៈកម្មការនេះ។ លើសពីនេះ ក៏មានការដាក់ធុងសំរាម ដើម្បីកាត់បន្ថយការពង្រាយសម្រាមក្នុងសាលាផងដែរ ហើយបច្ចុប្បន្ននេះ ទឹកស្អាតសម្រាប់បរិភោគដែលត្រូវការចាំបាច់បំផុត ត្រូវបានដឹកតាមធុងយកទៅដាក់ក្នុងបន្ទប់រៀននីមួយៗតែម្តង។

លើសពីនេះ ដោយមានការបណ្តុះបណ្តាល និងការគាំទ្រពី លោកនាយក នីម គណៈកម្មការទ្រទ្រង់សាលារៀន បានរៀបចំផែនទីសិក្សា ក្នុងគោលបំណងបង្កើនចំនួនសិស្ស ដែលចុះឈ្មោះចូលរៀន និងវត្តមានរបស់សិស្ស។ ជាផ្នែកមួយនៃសកម្មភាពនេះ បុគ្គលិករបស់សាលារៀន និងសមាជិកគណៈកម្មការ បានចុះទៅភូមិនៅក្បែរៗសាលា ដើម្បីពិភាក្សាជាមួយប្រជាពលរដ្ឋ និងគាំទ្រដល់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមដែលនាំឱ្យពួកគេពុំអាចយកកូនទៅចុះឈ្មោះចូលរៀនបាន។

លោក នីម និយាយថា “ការជំរុញឱ្យគណៈកម្មការទ្រទ្រង់សាលារៀនចូលរួមក្នុងការរៀបចំផែនទីសិក្សា ពិតជាមានប្រយោជន៍ក្រៃលែង ព្រោះឥឡូវនេះ យើងមានទិន្នន័យកាន់តែច្បាស់លាស់ជាងមុន និងកាន់តែសុក្រឹត អំពីកុមារដែលកំពុងចូលរៀននៅក្នុងសាលារៀន និងកុមារដែលពុំបានចុះឈ្មោះចូលរៀន។ រៀងរាល់ឆ្នាំ គណៈកម្មការទ្រទ្រង់សាលារៀន បានរៀបចំយុទ្ធនាការប្រមូលកុមារចូលរៀន ផ្អែកតាមទិន្នន័យដែលយើងប្រមូលបាន ហើយយើងប្រើប្រាស់ព័ត៌មាននេះ ដើម្បីស្វែងដំណោះស្រាយចំពោះបញ្ហាដែលយើងជួបប្រទះនៅក្នុងសហគមន៍របស់យើង។”

ដោយសារមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំសាលារៀន និងគណៈកម្មការទ្រទ្រង់សាលា សាលាបឋមសិក្សាស្វាយកាល់ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបើមើលតាមទិន្នន័យអប់រំ ដូចជាអត្រាចុះឈ្មោះចូលរៀនមានការកើនឡើង ហើយអត្រាឆ្លងភូមិសិក្សាទៅកាន់អនុវិទ្យាល័យក៏មានកម្រិតខ្ពស់ជាងមុន។

ជាការពិត ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដែលកើតឡើងក្រោមការដឹកនាំរបស់លោកគ្រូ នីម មិនមែនគ្មាន ការទទួលស្គាល់នោះឡើយ។ ក្នុងឆ្នាំ២០១៧ លោកបានទទួលមេដាយមាសថ្នាក់ខេត្ត សម្រាប់ភាពជាអ្នកដឹកនាំរបស់លោក ដែលសម្រេចបាននូវសមិទ្ធផលទាំងនេះ។ នៅជ្រុងទីចាត់ការរបស់លោក ក៏មានការដាក់តាំងបង្ហាញលិខិតសរសើរដែលលោកបានទទួលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលជាការរំលឹកពីសមិទ្ធផលដែលគាត់សម្រេចបានកន្លងមកផងដែរ។

សិស្សឈរនៅកន្លែងទឹកស្អាត និងអនាម័យក្នុងសាលាបឋមសិក្សាស្វាយកាល់
សម្ភាររូបវ័ន្តទាំងនេះ ត្រូវបានជួសជុលថែទាំដោយប្រើប្រាស់ថវិកា
ដែលរៃអង្គាសបានដោយគណៈកម្មការទ្រទ្រង់សាលារៀន។
© UNICEF Cambodia/2018/Todd Brown

លោកនិយាយថា “ខ្ញុំពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងគណៈកម្មការទ្រទ្រង់សាលានេះ។ ប្រសិនបើពុំមានពួកគេទេ យើងពុំអាចធ្វើអ្វីៗជាច្រើនបាននោះឡើយ។”

លោកហៀង ក៏ពេញចិត្តនឹងការងាររបស់គណៈកម្មការរបស់លោកបានធ្វើផងដែរ។ លោកញញឹមប្រកបដោយមោទនភាព ហើយសង្កេតឃើញថា បច្ចុប្បន្ននេះ សិស្សក្នុងសាលារៀនស្វាយកាល់ ហាក់បីដូចជាចូលចិត្តមករៀន ហើយបរិវេណសាលារៀនស្អាតបាតជាងមុន មានសម្ភាររូបវ័ន្តកាន់តែផ្តល់ភាពងាយស្រួលជាងមុនដល់សិស្ស។
ទោះជាយ៉ាងណាក៏ដោយ ទាំងលោកគ្រូនីម និងទាំងលោកហៀង ដឹងថាពួកគេនៅមានការងារជាច្រើនដែលត្រូវធ្វើបន្តទៀត។ អាទិភាពចម្បងបន្ទាន់របស់ពួកគេនាពេលបច្ចុប្បន្ននេះ គឺត្រូវកាត់បន្ថយអត្រាបោះបង់ចោលការសិក្សាក្នុងសាលារៀននេះ និងបង្កើនមធ្យមភាគរបស់សិស្ស។ បុរសទាំងពីរនាក់នេះ នៅតែបន្តប្តេជ្ញាឆ្លើយតប និងជម្នះឧបសគ្គនានា ដែលកើតមាននៅក្នុងសាលារៀននេះ។

លោក នីម និយាយថា “ខ្ញុំបានឃើញពីសារៈសំខាន់នៃការជំរុញឱ្យគ្រប់គ្នាបានចូលរួម ដូចជាសហគមន៍មូលដ្ឋានជាដើម ក្នុងដំណើរការនៃការរៀបចំផែនការ។ ខ្ញុំនឹងបន្តជម្រាបដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការចូលរួមបែបនេះ ដើម្បីឱ្យយើងអាចបន្តធ្វើការកែលម្អបន្ថែមទៀតនាពេលអនាគត។

No comments:

Post a Comment