Wednesday, September 19, 2018

ក្តីសង្ឃឹម ការចូលរួម និងការរៀនសូត្រ៖ សាលាមត្តេយ្យសហគមន៍ផ្តល់ឱ្យកុមារពិការ នូវឱកាសឈានទៅរកអនាគតកាន់តែល្អប្រសើរ

To read this article in English, click here.

ដោយ  Mariko Yamaguchi

កុមារា រឿន ចេនូ កំពុងរៀនក្នុងសាលាមត្តេយ្យសហគមន៍
© UNICEF Cambodia/2018/Vanny Kong

ខេត្តក្រចេះ ប្រទេសកម្ពុជា ខែកក្កដា ឆ្នាំ២០១៨៖ កុមារមួយក្រុម ដែលភាគច្រើនមានអាយុចន្លោះពី៣ ទៅ៥ឆ្នាំ កំពុងរត់លេងនៅក្នុងបរិវេណសួនកុមារ ក្នុងភូមិត្រពាំងទ្រាំង ហើយខ្លះកំពុងឆ្លាស់វេនគ្នាយោលទោងធ្វើពីកង់ឡាន។ សួនកុមារតែមួយគត់ក្នុងសហគមន៍នេះ មានទីតាំងក្នុងបរិវេណសាលាមត្តេយ្យសហគមន៍។


បន្ទាប់ពីអស់ពេលចេញលេង ពួកគេត្រូវវិលត្រលប់ចូលថ្នាក់រៀនវិញ ក្រោមរោងមួយដែលមានសសរឈើ ដែលគេប្រើប្រាស់ជាសាលាមត្តេយ្យ។ នៅខាងក្នុងបន្ទប់រៀននេះ សំឡេងពួកគេឮកងរំពងពេញបរិវេណសាលាមត្តេយ្យ ខណៈពេលពួកគេកំពុងសូត្រឈ្មោះសត្វ ដែលពួកគេទើបតែរៀនសម្គាល់ តាមរយៈស្នាមជើងរបស់សត្វទាំងនោះ និងអាហារដែលសត្វទាំងនោះស៊ី។

ក្នុងចំណោមសិស្សទាំងនេះ មានកុមារាម្នាក់ឈ្មោះ រឿន ចេនូ អាយុ៧ឆ្នាំ។ បើទោះបីជាក្មេងប្រុសនេះមានអាយុច្រើនជាងមិត្តរួមថ្នាក់របស់គាត់ក៏ដោយ ក៏គាត់ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីតាមឱ្យទាន់មិត្តរួមថ្នាក់។ នៅពេល ចេនូ អាយុ៤ឆ្នាំ គាត់បានឆ្លងជំងឺម្យាងដែលប៉ះពាល់ដល់ការស្តាប់ និងការនិយាយរបស់គាត់។ គាត់មានការលំបាកក្នុងការស្តាប់ ដូចនេះគាត់ត្រូវនិយាយយឺតៗជាពាក្យមួយម៉ាត់ៗ។ ពេលខ្លះពាក្យសម្តី ឬឃ្លារបស់គាត់ពុំចប់ពេញលេញនោះឡើយ។ នៅផ្ទះ គាត់មិនស្វាហាប់ដូចក្មេងដែលមានអាយុស្របាលៗគាត់ឡើយ ហើយគាត់ចូលចិត្តនៅតែឯង ដោយមិនសូវនិយាយជាមួយក្រុមគ្រួសារ ឬអ្នកជិតខាងនោះឡើយ។

អ្នកស្រីតួន សុខឃី គឺជាអ្នកមើលថែទាំកុមារា ចេនូ គាត់តែងរវល់មមាញឹកជាមួយនឹងការងារប្រចាំថ្ងៃរបស់គាត់ ហើយក្នុងមួយថ្ងៃគាត់អាចរកចំណូលពី ១៥.០០០ ទៅ ២៥.០០០ រៀល (ពី ៣,៦០ ទៅ៦,១៦ដុល្លារ) សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្តីរបស់គាត់ភាគច្រើនរស់នៅឆ្ងាយផ្ទះ ពីព្រោះគាត់ត្រូវទៅធ្វើការនៅខេត្តផ្សេង។ ដោយសារតែអ្នកស្រីសុខឃី ពុំនៅផ្ទះនៅពេលថ្ងៃ គាត់ទទួលបានព័ត៌មានតិចតួចប៉ុណ្ណោះអំពីសេវាសាធារណៈ ដែលមានសម្រាប់ករណីពិការភាពរបស់កុមារា ចេនូ។ ដោយសង្ឃឹមថា ចេនូ នឹងអាចបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិ និងមានឱកាសនិយាយជាមួយនឹងពួកគេ គាត់បានសម្រេចចិត្តបញ្ចូន ចេនូ ទៅរៀនក្នុងសាលាមត្តេយ្យសហគមន៍។ បន្ទាប់ពីបានចុះឈ្មោះចូលរៀនបានពីរសប្តាហ៍ដំបូង ចេនូ ពុំអាចទៅរៀនដោយខ្លួនឯងបានឡើយ គាត់ត្រូវការឱ្យជីដូនរបស់គាត់ទៅរៀនជាមួយ ហើយមិនព្រមចូលទៅក្នុងថ្នាក់រៀនឡើយ។ គាត់សុខចិត្តរៀនពីខាងក្រៅថ្នាក់។

អ្នកគ្រូមត្តេយ្យរបស់ ចេនូ គឺកញ្ញា សាំង ណារ៉ា អាយុ៣៣ឆ្នាំ បានបង្រៀនតាំងពីឆ្នាំ២០១៥ មកម្លេះ។ គាត់បានចាប់ផ្តើមធ្វើជាគ្រូស្ម័គ្រចិត្ត ដោយសារពុំមាននរណាផ្សេងទៀតចង់ធ្វើជាគ្រូមត្តេយ្យក្នុងសហគមន៍នេះឡើយ ព្រោះទទួលបានប្រាក់ខែទាបពេក ប្រមាណត្រឹមតែ ១៥០.០០០ រៀល (៣៧ដុល្លារ) តែប៉ុណ្ណោះ។

កុមារចេនូ នៅក្នុងថ្នាក់មត្តេយ្យសហគមន៍ (អង្គុយនៅខាងស្តាំដៃគេបង្អស់)
© UNICEF Cambodia/2018/Vanny Kong

អ្នកគ្រូណារ៉ា មិនត្រឹមតែជួបការលំបាកក្នុងការបញ្ចុះបញ្ចូលឪពុកម្តាយក្នុងសហគមន៍ជនបទក្រីក្រមួយនេះឱ្យបញ្ជូនកូនៗរបស់ពួកគេទៅសាលារៀនប៉ណ្ណោះនោះទេ គាត់ក៏ត្រូវរៀនពីរបៀបគ្រប់គ្រងកុមារនៅក្នុងថ្នាក់រៀនផងដែរ។ ហើយដោយសារតែគាត់ពុំបានទទួលការបណ្តុះបណ្តាលអំពីពិការភាព គាត់ពុំដឹងពីរបៀបបង្រៀនកុមារពិការ ដូចជាកុមារ ចេនូ នេះជាដើមទៅក្នុងថ្នាក់រៀនឡើយ។ នៅភូមិត្រពាំងទ្រាំង មានកុមារពិការចំនួនពីរនាក់គឺ ចេនូ និងកុមារម្នាក់ទៀតដែលពិការសតិបញ្ញា។ បច្ចុប្បន្ននេះ ចេនូ បានមករៀនជាទៀងទាត់ តែកុមារម្នាក់ទៀតពុំបានមករៀនទៀងទាត់នោះឡើយ។
ឃុំចង្ក្រង បាននឹងកំពុងគាំទ្រដល់សាលារៀនរបស់ ចេនូ តាមរយៈការឧបត្ថមថវិកាគ្រូ ទឹកផឹក និងការជួសជុលសម្ភារៈក្នុងសាលារៀននេះ។

ការស្រាវជ្រាវបានបង្ហាញថា ការរៀនសូត្រនៅក្នុងសាលាមត្តេយ្យសហគមន៍បែបនេះ តែងផ្តល់ផលមកវិញ ខ្ពស់បំផុតពីការវិនិយោគលើការអប់រំ។ ការអប់រំកុមារតូច បង្កើនសមត្ថភាពរៀនសូត្ររបស់កុមារពេញមួយជីវិត និងអាចជួយឱ្យកុមារក្លាយជាមនុស្សពេញវ័យដែលកាន់តែមានផលិតភាព។ លទ្ធផលរកឃើញនេះ រឹតតែពិតទៅទៀត សម្រាប់ករណីកុមារជួបការលំបាក និងងាយរងគ្រោះដូចជា ចេនូ ជាដើម។ ការអប់រំកុមារតូចផ្តល់ឱកាសឱ្យពួកគេអាចចាកចេញពីភាពក្រីក្រសម្រាប់ពួកគេផង និងសម្រាប់មនុស្សជំនាន់ក្រោយផង។

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំកុមារតូច យូនីសេហ្វកំពុងគាំទ្រ និងលើកកម្ពស់សាលាមត្តេយ្យសហគមន៍ក្នុងឃុំត្រពាំងទ្រាំងនេះ។ ការងារនេះរួមមានគាំទ្រដល់រដ្ឋាភិបាល ដើម្បីរៀបចំផែនការវិមជ្ឈការ ការបណ្តុះបណ្តាលគ្រូមត្តេយ្យដោយប្រើប្រាស់ស្តង់ដារ  ដែលបានអនុម័តទទួលស្គាល់សម្រាប់យកទៅបង្រៀនគ្រូមត្តេយ្យរដ្ឋ  និងគ្រូមត្តេយ្យសហគមន៍។

ក្នុងឆ្នាំ២០១៨នេះ យូនីសេហ្វគ្រោងនឹងរៀបចំសៀវភៅណែនាំស្តីពីគ្រប់គ្រងសាលាមត្តេយ្យសហគមន៍ក្នុងឃុំ/សង្កាត់ ដើម្បីបំពេញទៅតាមស្តង់ដារអប្បបរមានៃការគ្រប់គ្រងសាលាមត្តេយ្យសហគមន៍ តាមរយៈកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងអប់រំយុវជន និងកីឡា។ យូនីសេហ្វ ក៏មានការគាំទ្របន្ថែមដល់ការអប់រំបែបបរិយាបន្ននៅកម្រិតមត្តេយ្យសិក្សា រួមទាំងសម្រាប់ កុមារពិការផងដែរ។

អ្នកគ្រូណារ៉ា បានចូលរួមក្នុងវគ្គ បណ្តុះបណ្តាលគ្រូរយៈពេល៣៥ថ្ងៃ ដើម្បីបំពេញទៅតាមស្តង់ដាររបស់ក្រសួងអប់រំ។ តាមរយៈការអនុវត្តចំណេះដឹងដែលគាត់បានរៀនក្នុងអំឡុងពេលបណ្តុះបណ្តាលនេះ អ្នកគ្រូណារ៉ា កំពុងបង្រៀនអក្សរខ្មែរ លេខនព្វន្តងាយៗ  និងទម្លាប់ក្នុងសង្គម  ដូចជាសុជីវធម៌  និងការគោរពអ្នកដទៃជាដើម។ តាមរយៈបទពិសោធបង្រៀនអស់រយៈពេលបីឆ្នាំបច្ចុប្បន្ននេះ  អ្នកគ្រូណារ៉ា អាចជួយដល់ការរៀនសូត្ររបស់ ចេនូ តាមរយៈការអានរៀននិទានដែលមានរូបភាព និងផ្តោតលើរូបរាងដែល ចេនូ ចូលចិត្ត។ ចេនូ ចូលចិត្តរាងត្រីកោណ។ ដូចនេះ ឃុំក៏បានបង្កើនបៀវត្សរ៍របស់គាត់ដល់ ៣០០.០០០ រៀលក្នុងមួយខែផងដែរ។

ការផ្លាស់ប្តូរជាវិជ្ជមាននៃឥរិយាបថ និងក្នុងជីវិត ចេនូ ស្តែងចេញយ៉ាងច្បាស់ បន្ទាប់ពីគាត់បានរៀនរយៈពេល១៨ខែក្នុងសាលានេះ។

ដោយសារការលើកទឹកចិត្តដ៏កក់ក្តៅ និងការយល់ដឹងពីតម្រូវការរបស់អ្នកគ្រូ ណារ៉ា នៅក្នុងថ្នាក់រៀន ចេនូ ឥឡូវទៅចាំគ្រូនៅមុខផ្ទះគាត់ ដើម្បីទៅសាលារៀនជាមួយគាត់ជារៀងរាល់ព្រឹក ដោយមិនបាច់ជីដូនទៅជាមួយទៀតទ្បើយ។ គាត់លែងខ្លាចចូលរៀនក្នុងថ្នាក់ទៀតហើយ។

ការផ្លាស់ប្តូរជាវិជ្ជមានទាំងនេះ ក៏បានជំរុញឱ្យមានការគាំទ្រពីសហគមន៍ផងដែរ។
កាលពីពេលថ្មីៗនេះ មានវត្តមួយនៅក្នុងសហគមន៍ បានផ្តល់អំណោយជារោងមួយដល់សាលាមត្តេយ្យសហគមន៍ ដើម្បីបង្កើតបរិយាកាសរៀនសូត្រឱ្យកាន់តែល្អប្រសើរសម្រាប់កុមារ។

អ្នកស្រីសុខឃី ដែលជាអ្នកផ្តល់ការថែទាំដល់ ចេនូ និយាយដោយស្នាមញញឹមថា “ជារៀងរាល់ព្រឹក ចេនូ តែងរៀបចំខ្លួនទៅរៀន និងចង់ជួបជាមួយមិត្តភក្តិ និងរៀនសូត្រនូវអ្វីដែលថ្មី”។ ចេនូ ចូលចិត្តគូររូប និងបង្ហាញរូបនេះទៅកាន់មិត្តរួមថ្នាក់របស់គាត់។ ជាពិសេស គាត់ចូលចិត្តរៀនឈ្មោះខែ ព្រោះខែធ្នូមានសំឡេងស្រដៀងគ្នានឹងឈ្មោះរបស់គាត់។ អ្នកគ្រូ ណារ៉ា បានលើកឡើងថា “ចេនូ ចូលចិត្តសើច និងតែងតែសប្បាយចិត្តនៅពេលដែលគេឱ្យគាត់អាន តាមពាក្យធ្នូ”។

ចេនូ ចូលចិត្តកីឡាបាល់ទាត់ និងល្បែងផ្សេងទៀតក្នុងសាលារៀន ប៉ុន្តែក៏ចូលចិត្តនៅតែឯងដែរ។ ជាធម្មតា គេឃើញគាត់អង្គុយតែឯងនៅក្នុងថ្នាក់រៀន មើលមិត្តភក្តិឈ្លោះគ្នា ឬលេងប្រឡែងជាមួយគ្នា។ អ្នកគ្រូណារ៉ា បាននិយាយដោយបង្ហាញពីការគោរពជាវិជ្ជមាន និងការយល់ពីស្ថានភាពរបស់ក្មេងប្រុសនេះថា “ខ្ញុំឱ្យគាត់ធ្វើអ្វីដែលគាត់ចង់ធ្វើ និងឱ្យបង្ហាញពីលក្ខណៈផ្ទាល់ ខ្លួនរបស់គាត់”។ មិត្តរួមថ្នាក់របស់គាត់ ក៏ចូលចិត្តវត្តមានរបស់ ចេនូ នៅក្នុងថ្នាក់រៀននេះផងដែរ។

បើទោះបីជាសិស្សភាគច្រើនមិនដែលលេងជាមួយ ចេនូ ដោយសារតែ ចេនូ ចង់នៅតែឯងក៏ដោយ កុមារដែលនិយាយ និងលេងជាមួយ ចេនូ ស្រឡាញ់ចូលចិត្តគាត់ ព្រោះគាត់មិនចូលចិត្តឈ្លោះគ្នា ឬធ្វើឱ្យនរណាម្នាក់ឈឺនោះឡើយ។ មិត្តរួមថ្នាក់ម្នាក់និយាយថា “ខ្ញុំចូលចិត្ត ចេនូ មករៀននៅក្នុងថ្នាក់រៀននេះ!”។

ការផ្លាស់ប្តូរជាវិជ្ជមានទាំងនេះ គឺជាភស្តុតាងបង្ហាញថា សាលាមត្តេយ្យសហគមន៍ គឺជាប្រភពនៃក្តីសង្ឃឹម ការចូលរួម  សហគមន៍ និងការរៀនសូត្រសម្រាប់កុមារងាយរងគ្រោះ ដូចជា ចេនូ ជាដើម ដែលត្រូវជួបការលំបាកនៅក្នុងការរស់នៅក្នុងសហគមន៍ ដែលខ្វះការយល់ដឹង ការទទួលស្គាល់ និងការគាំទ្រដល់ស្ថានភាពពិសេសមួយនេះ។

ចេនូ មានក្តីស្រមៃចង់ធ្វើការងារក្នុងការិយាល័យនាពេលអនាគត។

No comments:

Post a Comment