Thursday, June 14, 2018

ការចិញ្ចឹមកូនបែបវិជ្ជមាន កាត់បន្ថយអំពើហិង្សាលើកុមារ និងរក្សាគ្រួសារឱ្យរស់នៅជុំគ្នាក្នុងប្រទេសកម្ពុជា

To read this article in English, click here.

ដោយ Ayphalla Te និង Miho Yoshikawa


អ្នកស្រីសែន ណារី កំពុងបីកូនប្រុសពៅគាត់ ស្រេង ករុណាពេជ្រ
នៅ​មុខព្រះបរមរាជវាំង នាក្រុង​ភ្នំពេញ
© UNICEF Cambodia/2017/Ayphalla Te

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ខែ ឧសភា ឆ្នាំ ២០១៨ – អ្នកស្រីសែន ណារី ជាអ្នកម្ដាយមានកូនបីនាក់ ហើយក៏ជាស្ត្រីតំណាងឱ្យអ្នកទទួលផលពីកម្មវិធីអប់រំកូនបែបវិជ្ជមាន ដែលជាវិធីសាស្ត្រចិញ្ចឹមកូនតាមរយៈការកសាងទំនាក់ទំនង និងការគោរព ហើយជាលទ្ធផលធ្វើឲ្យចំណងគ្រួសារកាន់តែរឹងមាំ និងមានសុភមង្គល។


ក្នុងវ័យ៤០ឆ្នាំ អ្នកស្រីណារី បានផ្លាស់ប្តូរជីវិតរស់នៅរបស់គាត់ជាមួយកូនៗ បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលអំពីការចិញ្ចឹមបីកូនតាមបែបវិជ្ជមាន ជាមួយប្ដីរបស់គាត់ឈ្មោះ បេន ស្រេង រួចមក។

អ្នកស្រីណារី ពិតជាត្រូវការជំនួយពីកម្មវិធីបែបនេះ ដោយសារគាត់រស់នៅក្នុងជីវភាពដ៏សែនលំបាក និងត្រូវធ្វើការផង មើលថែកូនៗផង។

នៅរៀងរាល់ព្រឹក គាត់ត្រូវជិះកង់ចម្ងាយ ៦គីឡូម៉ែត្រពីផ្ទះរបស់គាត់ទៅមាត់ទន្លេមុខព្រះបរមរាជវាំង ដើម្បី លក់គ្រាប់ធញ្ញជាតិដល់ភ្ញៀវទេសចរ ដែលមកដាក់ចំណីសត្វព្រាបនៅទីនោះ។ អ្នកស្រីណារី គឺជាកូនកំព្រា ហើយគាត់មិនចាំសូម្បីតែមុខឪពុកម្ដាយគាត់ផង។ គាត់រៀនសូត្របានតិចតួច ដោយគាត់ត្រូវបង្ខំចិត្តបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៣។

លោកស្រេង ដែលជាប្ដីរបស់គាត់ គឺជាអ្នករត់រ៉ឺម៉ក។ គាត់បាត់បង់ឪពុកតាំងពីគាត់នៅតូច ហើយគាត់មិនដែលបានទៅរៀនឡើយ។ ប្ដីប្រពន្ធមួយគូនេះ ខិតខំតស៊ូ ដើម្បីគាំចិញ្ចឹមកូនៗរបស់ពួកគេ។

ពួកគេទាំងពីរនាក់ធ្វើការងារ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ តាំងពីព្រលឹមដល់ព្រលប់។ កន្លងមក ការងារលំបាករបស់ពួកគេ បានធ្វើឱ្យពួកគេតានតឹងចិត្ត និងនាំឱ្យពួកគេប្រើអំពើហិង្សាលើកូនៗ។

អ្នកណារី បាននិយាយថា គាត់ធ្លាប់ជេរ និងវាយកូន នៅពេលគាត់ត្រឡប់មកពីលក់ដូរវិញ ហើយឃើញ ផ្ទះរញ៉េរញ៉ៃ ឬនៅពេលកូនៗរឹងទទឹងមិនព្រមស្ដាប់បង្គាប់។

“ខ្ញុំធ្លាប់ជេរ និងវាយកូនៗនៅពេលដែលខ្ញុំខឹង។ ខ្ញុំញ៉ឹងស្លឹកត្រចៀកពួកគេ។ ជារៀងរាល់ថ្ងៃ ខ្ញ្ញុំមានអារម្មណ៍ធ្ងន់ខ្លួន ដូចកំពុងទ្រថ្មក្នុងខ្លួនអញ្ចឹង។ ខ្ញុំសួរខ្លួនឯង ហេតុអ្វីបានជាកូនៗខ្ញុំមិនស្ដាប់បង្គាប់ និងមិនដូចក្មេងៗដទៃទៀត។ បន្ទាប់មកខ្ញុំមានអារម្មណ៍ឈឺចិត្ត ហើយខ្ញុំតែងតែចង់វាយកូនជានិច្ច”។

អ្នកស្រីណារី បាននិយាយថា គាត់ឈឺចិត្តដោយទទួលរងពីការតានតឹងចិត្តខ្លាំង ហើយជារឿយៗ តែងតែបញ្ចេញកំហឹងដាក់កូនៗ។

“កូនៗខ្ញុំ មិនស្ដាប់យើងឡើយ។ ហើយយើងក៏មិនស្ដាប់ពួកគេដែរ”។

ការអង្កេតទូទាំងប្រទេសមួយធ្វើឡើងក្នុងឆ្នាំ២០១៣ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយការគាំទ្រពីយូនីសេហ្វបានរកឃើញថា កុមារជាង ៥០% នៅក្នុងប្រទេសន បានជួបប្រទះអំពើហិង្សាក្នុងទម្រង់មួយចំនួន។ របាយការណ៍នេះបានបង្ហាញថា ឪពុកម្ដាយ គឺជាអ្នកប្រព្រឹត្តអំពើហិង្សាផ្លូវកាយ និងផ្លូវចិត្តញឹកញាប់ជាងគេលើកុមារ។

បើទោះជាគ្រួសារ គឺបរិស្ថានសុវត្ថិភាពចម្បងសម្រាប់កុមារយ៉ាងណាក៏ដោយ ឪពុកម្ដាយ និងអ្នកថែទាំ ដែលកំពុងជួបប្រទះនឹងការលំបាកជាច្រើននាក់ជឿថា កូនៗរបស់ពួកគេអាចទទួលបានស្ថានភាពល្អប្រសើរជាងនេះ ប្រសិនបើពួកគេរស់នៅតាមមណ្ឌលថែទាំ ដោយពុំបានដឹងពីហានិភ័យ និងមានចំណេះដឹងតិចតួចប៉ុណ្ណោះអំពីជម្រើសដែលសមស្របជាងនេះ។ ជារឿយៗកត្តានេះ បាននាំឱ្យកុមាររស់នៅបែកបាក់ពីគ្រួសារទាំងមិនចាំបាច់។

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការផ្តល់ការគាំទ្រដល់ឪពុកម្ដាយ និងអ្នកផ្ដល់ការថែទាំក្នុងការកាត់បន្ថយអំពើហិង្សា និងការរស់នៅបែកបាក់ពីក្រុមគ្រួសារដោយមិនចាំបាច់ ក្រសួងកិច្ចការនារី បានប្ដេជ្ញាលើកកម្ពស់ការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន។

នេះគឺជាវិធីសាស្ត្រចិញ្ចឹមកូនដោយផ្តោតលើការគោរពគ្នាទៅវិញទៅមក ដើម្បីផ្ដល់ឱ្យកុមារនូវបរិយាកាសសុវត្ថិភាព ស្ថិរភាព ប្រកបដោយការយកចិត្តទុកដាក់ និងការការពារ ដើម្បីឱ្យពួកគេលូតលាស់ក្លាយខ្លួនជាមនុស្សពេញវ័យ ដែលមានសុខភាពល្អ ចេះគោរពអ្នកដទៃ និងមានផលិតភាពការងារខ្ពស់។

ដើម្បីបង្ការកុំឲ្យមានអំពើហិង្សាលើកុមារ និងជួយឱ្យគ្រួសារបានរស់នៅជួបជុំគ្នា តាមរយៈការលើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាន និងការបង្កើនលទ្ធភាពទទួលបានការគាំទ្រសមស្របសម្រាប់ការចិញ្ចឹមកូន យូនីសេហ្វបានគាំទ្រក្រសួងកិច្ចការនារី រៀបចំ និងដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន” រួមនឹងផលិតនូវសម្ភារបណ្ដុះបណ្ដាល កាលពីខែធ្នូ ឆ្នាំ២០១៧។

យុទ្ធសាស្ត្រនេះ គឺជាឯកសារតម្រង់ទិសសម្រាប់អ្នកជំនាញ ដែលកំពុងធ្វើការជាមួយកុមារ និងគ្រួសារ ដើម្បីឱ្យពួកគេអាចផ្ដល់ការគាំទ្រប្រកបដោយគុណភាព និងមានការសម្របសម្រួលល្អប្រសើរ ដល់ឪពុកម្ដាយ និងអ្នកថែទាំដល់កុមារ។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មក អ្នកស្រីណារី និងលោកស្រេង បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមានចំនួន១២វគ្គ ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាលជាដៃគូរបស់យូនីសេហ្វ ដែលមានឈ្មោះថាអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា(ICS-SP)។ កម្មវិធីនេះត្រូវបានអនុវត្តដោយប្រើប្រាស់សម្ភារ បណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី។

អ្នកស្រី សែន ណារី និងប្ដីរបស់គាត់ បេន ស្រេង
កំពុងចូលរួមវគ្គ​បណ្ដុះបណ្ដាល​ស្ដីពីការចិញ្ចឹមកូន​បែប​វិជ្ជមាន​នៅក្រុង​ភ្នំពេញ
© UNICEF Cambodia/2017/Bunly Meas


តាមរយៈសកម្មភាពនេះ អ្នកស្រីណារី និងលោកស្រេង បានយល់ដឹងពីទម្រង់ផ្សេៗនៃអំពើហិង្សា ផលប៉ះពាល់របស់វា និងហានិភ័យនៃការមិនផ្ដល់ការថែទាំ និងការការពារឱ្យបានគ្រប់គ្រាន់ដល់កុមារ។

វគ្គបណ្ដុះបណ្ដាលនេះបានធ្វើនាំឱ្យអ្នកស្រីណារី នឹកឃើញពីអនុស្សាវរីយ៍ដ៏សែនឈឺចាប់នៃកុមារភាពរបស់គាត់។

គាត់បាននិយាយថា “ពេលខ្ញុំចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ហើយនៅពេលគ្រូបណ្ដុះបណ្ដាលនិយាយពីផលប៉ះពាល់អវិជ្ជមានបណ្តាលមកពីអំពើហិង្សា និងការរស់នៅបែកបាក់គ្រួសារទាំងមិនចាំបាច់ ខ្ញុំចាប់ផ្ដើមយំ ព្រោះខ្ញុំនឹកឃើញពេលខ្ញុំនៅតូចពុំមានឪពុកម្ដាយនៅជាមួយ។ ខ្ញុំត្រូវរស់នៅជាមួយអ្នកដទៃ ហើយពួកគេតែងតែធ្វើបាបខ្ញុំ”។

វគ្គបណ្ដុះបណ្ដាលអំពីការចិញ្ចឹមកូននេះ ធ្វើឱ្យអ្នកស្រីណារី និងស្រេង យល់ដឹងពីរបៀបគ្រប់គ្រងភាពតានតឹង និងរបៀបដាក់វិន័យកូនៗ ដោយមិនប្រើអំពើហិង្សា ក៏ដូចជារបៀបកសាងទំនាក់ទំនងបែបវិជ្ជមាន។

អ្នកស្រីណារី បាននិយាយថា “ខ្ញុំចាប់ផ្ដើមប្រើពាក្យផ្អែមល្អែមជាមួយកូនៗ។ ឥឡូវនេះ កូនៗស្ដាប់ខ្ញុំជាងមុន”។

លោកស្រេង បានបន្ថែមទៀតថា “ខ្ញុំរៀននិយាយពាក្យល្អៗជាមួយកូនប្រពន្ធខ្ញុំ និងអ្នកជិតខាង។ នៅពេលដែលយើងប្រើពាក្យអាក្រក់ៗ កូនៗមិនចង់មកនៅក្បែរយើងឡើយ។ នៅពេលដែលយើងប្រើពាក្យល្អៗ និងផ្អែមល្អែម ពួកគេមកលេងជាមួយយើង”។

អ្នកស្រី សែន ណារី និងប្ដីរបស់គាត់ បេន ស្រេង 
កំពុងចូលរួមវគ្គ​បណ្ដុះបណ្ដាល​ស្ដីពីការចិញ្ចឹមកូន​បែប​វិជ្ជមាន​នៅក្រុង​ភ្នំពេញ© UNICEF Cambodia/2017/Bunly Meas


វគ្គបណ្ដុះបណ្ដាលនេះក៏បានផ្លាស់ប្ដូរការយល់ឃើញរបស់លោកស្រេង អំពីតួនាទីជាឪពុកផងដែរ។ កន្លងមកគាត់គិតថា តួនាទីរបស់គាត់ គឺត្រឹមតែរកលុយ និងពុំបានជួយការងារផ្ទះច្រើននោះឡើយ។ ឥឡូវនេះ គាត់ជួយបំពេញការងាររបស់គ្រួសារ ដូចជាចម្អិនអាហារ និងជួយបោកខោអាវជាដើម។

ទោះបីជាអ្នកស្រីណារី និងលោកស្រេង នៅតែជួបការលំបាកក្នុងការរកចំណូលចិញ្ចឹមជីវិតយ៉ាងណាក៏ដោយ ឥឡូវនេះពួកគេកាន់តែមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង ក្នុងការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងផ្ដល់ឱ្យកូននូវបរិយាកាសគ្មានអំពើហិង្សានៅក្នុងផ្ទះ។

កូនពៅរបស់ពួកគេឈ្មោះ  ស្រេង ករុណាពេជ្រ ដែលជាសិស្សរៀនថ្នាក់ទី៥ បាននិយាយថា គាត់មានអារម្មណ៍កក់ក្ដៅជាងមុន នៅពេលនៅជិតឪពុកម្ដាយ។ “ខ្ញុំស្រឡាញ់ឪពុកម្ដាយខ្ញុំ។ ខ្ញុំខំប្រឹងរៀន និងចង់ធ្វើការក្នុងធនាគារមួយ នាពេលអនាគត ដើម្បីឱ្យខ្ញុំអាចរកលុយឱ្យបានច្រើន ដើម្បីសងគុណឪពុកម្ដាយខ្ញុំវិញ”។

អ្នកស្រី សេន ណារី លោកស្រេង បេន
និងកូនស្រេង ករុណាពេជ្រ ថតរូប​នៅមុខ​ព្រះបរម​រាជវាំង​។
© UNICEF Cambodia/2017/Ayphalla Te


ការសិក្សាមួយដែលធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងយូនីសេហ្វ បានចេញផ្សាយកាលពីឆ្នាំ២០១៥ បង្ហាញថាប្រទេសកម្ពុជាបានខាតបង់ទឹកប្រាក់ប្រមាណ ១៦៨ លានដុល្លារ កាលពីឆ្នាំ២០១៣ ឬ ១,១% នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់ខ្លួន ដោយសារផលប៉ះពាល់អវិជ្ជមានពាក់ព័ន្ធនឹងសុខភាព ដែលបង្កដោយអំពើហិង្សាលើកុមារ។

តួលេខនេះនេះបង្ហាញថា អំពើហិង្សាលើកុមារ មិនត្រឹមតែជាទង្វើខុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់ការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសមួយផងដែរ។

ជាមួយនឹងការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) យូនីសេហ្វកំពុងធ្វើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រីកកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាន ដើម្បីឱ្យឪពុកម្ដាយ និងអ្នកថែទាំកុមារកាន់តែច្រើន អាចបំពេញតួនាទីសំខាន់ក្នុងការបង្កើតនូវបរិយាកាសសុវត្ថិភាព និងអហិង្សាសម្រាប់កូនៗរបស់ពួកគេ។

No comments:

Post a Comment