Thursday, June 14, 2018

កុមារីកំពុងឈានទៅមុខ៖ អាហារូបករណ៍នាំមកនូវឱកាសថ្មីទៅកាន់តំបន់ជនបទក្នុងប្រទេសកម្ពុជា

To read this article in English, click here.

ដោយ Rachel McCarthy និង Sovannarem Ngoy


ប្អូនស្រី នង អ៊ី ថុង គឺជា​សិស្សម្នាក់​ក្នុងចំណោម​សិស្សជាង ១.០០០ នាក់
ដែល​បាន​ទទួល
អត្ថប្រយោជន៍ពី​កម្មវិធីអាហារូបករណ៍​របស់
ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ
ដើម្បីជួយ​ឱ្យនាងអាច​រៀន​ចប់វិទ្យាល័យ​

© UNICEF Cambodia/2017/McCarthy

ខេត្តរតនគិរី ប្រទេសកម្ពុជា ខែមករា ឆ្នាំ២០១៨៖ ប្អូនស្រី នង អ៊ីថុង ជាសិស្សថ្នាក់ទី១២ មកពីភូមិមួយក្នុងខេត្តរតនគិរី ជាខេត្តជនបទនៅតំបន់ភ្នំ ជាប់ព្រំប្រទល់នឹងប្រទេសវៀតណាម និងប្រទេសឡាវ។ ពីរាជធានីភ្នំពេញ យើងត្រូវចំណាយពេល៨ម៉ោង ធ្វើដំណើរតាមផ្លូវជាតិ និងផ្លូវដីរលាក់ និងកាត់តាមចម្ការកៅស៊ូដាច់កន្ទុយភ្នែក ទើបទៅដល់វិទ្យាល័យរបស់ប្អូនស្រី អ៊ីថុង ដែលសាលានោះមានសិស្សចំនួន ៧០០នាក់។


ក្មេងៗជំទង់ដែលមានឯកសណ្ឋានសិស្ស អាវពណ៌ស និងខោឬសំពត់ពណ៌ខៀវ នាំគ្នាដើរចូលតាមខ្លោងទ្វារសាលារៀន ដើម្បីចាប់ផ្ដើមថ្ងៃសិក្សារបស់ពួកគេ។ ដោយកាន់សៀវភៅក្នុងដៃ ពួកគេនិយាយគ្នាបណ្ដើរ សើចបណ្ដើរ ឮសំឡេងកងរំពង។

ដូចគ្នានឹងមិត្តរួមថ្នាក់នាងមួយចំនួនដែរ ប្អូនស្រីអ៊ីថុង អាយុ១៩ឆ្នាំ គឺជាសមាជិកសហគមន៍ជនជាតិដើមភាគតិច។ប្អូនជាជនជាតិទំពួន ដែលជាកុលសម្ព័ន្ធភ្នំ មានភាសា និងវប្បធម៌ផ្ទាល់ខ្លួន។ ភាពក្រីក្រខ្លាំងនៅតាមបណ្ដាខេត្តភាគឦសាននៃប្រទេសកម្ពុជា បានរារាំងក្មេងស្រីជាច្រើននាក់ ដូចជាប្អូនស្រី អ៊ីថុង ជាដើម មិនឱ្យអាចចូលរៀនបាន ហើយប្រជាជនក្នុងខេត្តទាំងនេះ ច្រើនឲ្យកូនៗធ្វើការ ឬការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង ជាជាងការចំណាយពេលទៅរៀន។

ប៉ុន្តែ ប្អូនស្រីអ៊ីថុង សម្លឹងឃើញអនាគតផ្សេងទៅវិញ។ នាងមានក្ដីសុបិនចង់ក្លាយជាគ្រូបង្រៀន ក្រោយរៀនចប់។ កម្មវិធីអាហារូបករណ៍ ដែលផ្ដល់ការគាំទ្រជាសាច់ប្រាក់របស់ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ ជាមួយនឹងការឧបត្ថម្ភសប្បុរសធម៌ពីសណ្ឋាគារ Starwood Hotels and Resorts តាមរយៈយូនីសេហ្វអូស្ត្រាលី កំពុងជួយឱ្យនាងសម្រេចគោលបំណងនេះ។ នៅឆ្នាំសិក្សានេះ ប្អូនស្រីអ៊ីថុង បានទទួលប្រាក់ចំនួនពីរលើក សរុបចំនួន ១៥០ដុល្លារ ដើម្បីយកទៅចំណាយលើតម្រូវការបឋមៗនៃការសិក្សារបស់នាង និងជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារនាងផងដែរ។

ប្អូនស្រីអ៊ីថុង បាននិយាយថា “ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ដើម្បីអាចបង្រៀននៅទីនេះ ក្នុងសហគមន៍របស់ខ្ញុំ។ សហគមន៍របស់យើងនៅខ្វះគ្រូបង្រៀន។ ក្នុងនាមជាជនជាតិទំពួន ខ្ញុំស្គាល់សហគមន៍នេះច្បាស់។ ខ្ញុំស្គាល់សហគមន៍នេះជាងគ្រូដែលគេបញ្ចូនមកពីតំបន់ផ្សេង។ យើងត្រូវការគ្រូនៅមូលដ្ឋានផ្ទាល់សម្រាប់សហគមន៍មូលដ្ឋានរបស់យើង”។

ការឧបត្ថម្ភពីកម្មវិធីអាហារូបករណ៍ដល់សិស្សមកពីសហគមន៍ជនជាតិដើមភាគតិច ដូចជាប្អូនស្រីអ៊ីថុង កំពុងជួយធានាឱ្យមានការវត្តមានគ្រូបង្រៀនដែលចេញពីមូលដ្ឋានផ្ទាល់កាន់តែច្រើននាក់ ទៅបង្រៀននៅសាលារៀននៅក្នុងមូលដ្ឋាន។ នៅពេលសិស្សជនជាតិដើមភាគតិចកាន់តែច្រើននាក់ បានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងខេត្តរតនគិរី ពួកគេកាន់តែច្រើននឹងមានសមត្ថភាពអាចចូលរៀននៅសាលាគរុកោសល្យខេត្ត និងក្លាយជាគ្រូបង្រៀន។

ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ការបញ្ជូនគ្រូពីតំបន់ខាងក្រៅនៅតែចាំបាច់ក្នុងខេត្តរតនគិរី ព្រោះថាមានសិស្សតិចនាក់ណាស់ បានរៀនចប់វិទ្យាល័យ និងពុំសូវមានសិស្សច្រើនទេបានបន្តរៀននៅកម្រិតឧត្តមសិក្សា។ បើតាមទិន្នន័យរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ មានសិស្សចំនួន ១០.៣៥៣នាក់ បានចុះឈ្មោះចូលរៀននៅថ្នាក់ទី១ ប៉ុន្តែមានសិស្សត្រឹមតែ ៩៤៤នាក់ប៉ុណ្ណោះបានរៀនចប់ថ្នាក់ទី៩។ តួលេខនេះរឹតតែបន្តថយចុះទៀតនៅឆ្នាំបញ្ចប់វិទ្យាល័យ ដោយមានសិស្សត្រឹមតែ ៤០១នាក់ប៉ុណ្ណោះ បានបញ្ចប់វិទ្យាល័យកាលពីឆ្នាំមុន។

បច្ចុប្បន្នមានជនជាតិដើមភាគតិចប្រមាណ ២២ក្រុម កំពុងរស់នៅនាភូមិភាគឦសាននៃប្រទេសកម្ពុជា។ នៅក្នុងចំណោមពួកគាត់ អត្រាបញ្ចប់ការសិក្សាមានកម្រិតទាបឆ្ងាយជាង ពលរដ្ឋរស់នៅតំបន់ផ្សេងទៀតនៃប្រទេស។ មានកុមារជាច្រើននាក់កំពុងជួបឧបសគ្គផ្នែកភាសា និងវប្បធម៌ ក្នុងការទទួលបានការអប់រំ ហើយពួកគេក៏ខ្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរផងដែរ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងផ្ដល់លទ្ធភាពឱ្យក្មេងៗជំទង់កាន់តែច្រើនអាចបញ្ចប់ការសិក្សា យូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អាហរូបករណ៍ដល់សិស្សថ្នាកទី១១ និងទី១២ មកពីសហគមន៍ជនជាតិដើមភាគតិចចំនួន ១.០៩៥នាក់។

ការវិនិយោគលើអនាគតកុមារបែបនេះ កំពុងផ្តល់នូវលទ្ធផលត្រលប់វិញ។ ឧទាហរណ៍ ក្នុងខេត្តរតនគិរី សិស្សដែលបានទទួលអាហារូបករណ៍របស់ក្រុមហ៊ុន Starwood ចំនួន៩៧% ដែលភាគច្រើនមានជីវភាពក្រីក្រជាងគេ បានបន្តការអប់រំរបស់ពួកគេ និងឈានទៅបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ។ បើធ្វើការប្រៀបធៀប អត្រាបោះបង់ចោលការសិក្សាថ្នាក់ជាតិនៅកម្រិតមធ្យមសិក្សាទុតិយភូមិគឺ ១៩,៤% ក្នុងឆ្នាំសិក្សា ២០១៦-២០១៧។

សម្រាប់ ប្អូនស្រីអ៊ីថុង ការគាំទ្រពីកម្មវិធីអាហារូបករណ៍នេះ បានជួយឱ្យនាងអាចបន្តការសិក្សា។ នាងនិយាយថា “អាហារូបករណ៍នេះ បានជួយឱ្យខ្ញុំមានប្រាក់ទិញសម្ភារសិក្សា ដូចជាសៀវភៅ និងសម្លៀកបំពាក់ជាដើម។ ខ្ញុំប្រើលុយនេះទិញម្ហូបអាហារ ដូចជាអង្ករ និងត្រីខ និងសម្រាប់មធ្យោបាយធ្វើដំណើរ។ ការគាំទ្រនេះក៏ជួយឱ្យខ្ញុំអាចផ្តោតការយកចិត្តទុកដាក់លើការរៀនសូត្រ ដោយមិនចាំបាច់ព្រួយបារម្ភពីអតីតកាលឡើយ”។

នាងបានបន្តទៀតថា “ពេលខ្ញុំគិតត្រឡប់ទៅពេលខ្ញុំរៀននៅឆ្នាំមុន ខ្ញុំតែងគិតពីការលំបាក។ នៅពេលខ្ញុំរៀនថ្នាក់ទី១០ គ្រួសារខ្ញុំគ្មានលុយឡើយ។ ខ្ញុំត្រូវដើរកាត់ព្រៃរកបេះបន្លែយកទៅលក់។ បន្ទាប់មក ខ្ញុំត្រូវដើរយ៉ាងឆ្ងាយទៅទីរួមខេត្ត ដើម្បីលក់បន្លែទាំងនោះ។ ខ្ញុំត្រូវធ្វើបែបនេះ ដើម្បីរស់”។

សូម្បីតែមានការគាំទ្រពីកម្មវិធីអាហារូបករណ៍ក៏ដោយ ប្អូនស្រីអ៊ីថុង ក៏នៅជួបប្រទះការលំបាកក្នុងជីវភាពប្រចាំថ្ងៃដែរ។ នាងនិយាយថា “ខ្ញុំក្រោករាល់ថ្ងៃនៅម៉ោង៤ព្រឹក ដើម្បីចម្អិនអាហារសម្រាប់បងប្អូនខ្ញុំ។ ខ្ញុំខ្ចីម៉ូតូគេជិះទៅសាលារៀននៅម៉ោង៧។ ខ្ញុំរៀននៅពេលរសៀល និងចុងសប្ដាហ៍ ហើយខ្ញុំក៏ត្រូវទៅធ្វើស្រែផងដែរ”។

នាយកសាលា គ្រូបង្រៀន និងសមាជិកសហគមន៍របស់ប្អូនស្រីអ៊ីថុង  បានបង្កើតគណៈកម្មការគ្រប់គ្រងអាហារូបករណ៍ ដើម្បីធានាថា ថវិការបស់កម្មវិធីអាហារូបករណ៍នេះពិតជាបានដល់ដៃសិស្ស ដែលកំពុងខ្វះខាតជាងគេពិតប្រាកដ។

លោកនាយកសាលារបស់ប្អូនស្រីបានមានប្រសាសន៍ថា “ក្នុងសាលារៀនរបស់យើងមានសិស្សចំនួន ៥៨នាក់ មកពីសហគមន៍ជនជាតិភាគតិច បានទទួលការគាំទ្រពីកម្មវិធីអាហារូបករណ៍ក្នុងឆ្នាំ២០១៧។ សម្រាប់ពួកគេ ប្រាក់នេះមានសារៈសំខាន់យ៉ាងខ្លាំង។ ប៉ុន្តែវាមិនមែនត្រឹមតែជាប្រាក់នោះទេ វាក៏ជាការទទួលស្គាល់ផងដែរ។ នៅពេលដែលអ្នកដឹងថា ការខិតខំប្រឹងប្រែងរបស់អ្នកត្រូវបានគេទទួលស្គាល់ និងការគាំទ្រពីសហគមន៍របស់អ្នក អ្នកមានមូលហេតុលើកទឹកចិត្តអ្នកឱ្យមករៀននៅសាលាបន្តទៀត”។

លោកនាយកបានសង្កេតឃើញថា “អត្រាអវត្តមានរបស់សិស្សមានការថយចុះ ដោយយើងគិតថាសិស្សទាំងនោះ មានភាពសប្បាយរីករាយជាងមុនក្នុងការមកសាលារៀន”។

នៅពេលសួរថាតើប្អូនស្រីអ៊ីថុង នឹងប្រាប់អ្វីទៅក្មេងស្រីដទៃទៀតដែលកំពុងជួបប្រទះការលំបាកដូចគាត់ ប្អូនស្រីបានផ្ដល់នូវគំនិតដ៏មានតម្លៃដូច្នេះថា “បើទោះបីជាអ្នកគ្មានលុយក៏ដោយ បើទោះបីជាហោប៉ៅអ្នកទទេស្អាតដូចខ្ញុំក៏ដោយ សូមកុំបោះបង់ការតស៊ូ។ សូមទៅរៀន។ កុំស្ដាប់អ្នកដទៃពេលគេនិយាយថាអ្នកគ្រាន់តែជាក្មេងស្រីម្នាក់ ពុំសូវមានតម្លៃ”។

“ខ្ញុំជឿថា យើងមានសមត្ថភាពជាច្រើន ប្រសិនបើយើងខិតខំប្រឹងប្រែង។ ដូច្នេះសូមទៅរៀន ហើយបន្តរៀនហើយរៀនទៀត”។

ប្អូនស្រីនង អ៊ី ថុង ឈរនៅមុខផ្ទះឈើរបស់គ្រួសារនាង។
ភូមិរបស់នាងមានជនជាតិ​ទំពួនចំនួ​ន ៣០០ គ្រួសារ​កំពុងរស់នៅ

© UNICEF Cambodia/2017/McCarthy

No comments:

Post a Comment