Saturday, April 7, 2018

ភ្នាក់ងារសង្គម ប្តេជ្ញាដោះស្រាយបញ្ហាអយុត្តិធម៌លើកុមារ

To read this article in English, click here

ដោយ Luka D'Amato

កញ្ញា ហេង សំណាង អង្គុយលេងជាមួយកុមារីម្នាក់
ដែលគាត់ជួយឱ្យបានជួបជុំម្តាយរបស់នាងវិញ។
© UNICEF Cambodia/2017/Luka D'Amato

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ខែធ្នូ ឆ្នាំ២០១៧ – ក្នុងពេលចម្រើនពេញវ័យ កញ្ញា ហេង សំណាង ចូលចិត្តភាពយន្តបែបស៊ើបអង្កេតលើឧក្រិដ្ឋកម្ម។ ភាពយន្តទាំងនេះបានជំរុញឲ្យនាងសិក្សាជំនាញចិត្តវិទ្យា ហើយបន្ទាប់មកបានក្លាយខ្លួនជាភ្នាក់ងារសង្គម។ ចំពោះសំណាង “ការស្រាវជ្រាវពីបទឧក្រិដ្ឋ” នៅក្នុងការងាររបស់នាង គឺសំដៅលើការជួយកុមារដែលជួបការលំបាក ឱ្យមានការរីកចម្រើន និងជួយផ្តល់សុវត្ថិភាពដល់ពួកគេពីគ្រោះថ្នាក់នានា។


សំណាងនិយាយថា “នៅក្នុងភាពយន្តស៊ើបអង្កេតបទឧក្រិដ្ឋ គេមិនស្គាល់ឃាតករទេ។ យើងមិនចង់ឱ្យឃាតករបន្តសម្លាប់មនុស្សទៀតទ្បើយ ដូច្នេះយើងត្រូវសង្កេតមើលអ្វីៗគ្រប់យ៉ាង។ អ្នកត្រូវនិយាយទៅកាន់សាក្សី និងត្រូវស្វែងរកស្នាមក្រយ៉ៅដៃ។”
នៅក្នុងការងាររបស់នាង នាងគឺជាមន្ត្រីស៊ើបអង្កេតផង និងជាភ្នាក់ងារសង្គមផង—នាងត្រូវយល់ពីអ្វីៗគ្រប់បែបយ៉ាង ត្រូវសួរសំណួរឱ្យចំចំណុច ធានាយ៉ាងណាឱ្យកុមារមានសុវត្ថិភាពពីអំពើហិង្សា និងត្រូវស្វែងរកឱកាសសម្រាប់អនាគតពួកគេ។

សំណាងបានពន្យល់ពីការងារនៃការកំណត់បញ្ហាដែលកុមារជួបប្រទះ និងការដោះស្រាយបញ្ហាទាំងនោះថា “ខ្ញុំពិនិត្យមើលថាតើ [ឪពុកម្តាយ] ផ្តល់ការថែទាំដល់កូនពួកគេបានល្អដែរឬទេ។ ខ្ញុំមើលថាតើកុមារបានញ៉ាំអាហារបីពេលក្នុងមួយថ្ងៃ បានទៅរៀន និងថាតើពួកគេមានពេលរៀនសូត្រនៅពេលពួកគេនៅផ្ទះដែរឬទេ។ ខ្ញុំត្រូវធានាថាគ្មានអំពើហិង្សាកើតឡើង។ ខ្ញុំជួបអ្នកជិតខាង ដើម្បីធានាថាពុំមានការរើសអើងកើតឡើង ហើយពុំមានការស្តីបន្ទោសដល់កុមារ ឬគ្រួសារឡើយ។”

ជារឿយៗ កុមាររស់នៅតាមមណ្ឌលតែងទទួលរងការមាក់ងាយពីសមាជិកសហគមន៍ ដូច្នេះហើយបានជាសំណាងខិតខំធានាយ៉ាងណា មិនឱ្យអ្នកជិតខាងមាក់ងាយកុមារទាំងនោះ ដោយសារតែរឿងរ៉ាវពីអតីតកាលរបស់ពួកគេ។

សំណាងកត់ត្រានៅពេលនាងសង្កេតមើល
គ្រួសារមួយកំពុងធ្វើការនៅក្រៅផ្ទះពួកគេ
 © UNICEF Cambodia/2017/Luka D'Amato

គោលដៅចម្បងមួយរបស់សំណាង គឺនាំកុមារដែលរស់នៅតាមមណ្ឌលថែទាំ ឱ្យត្រលប់ទៅរស់នៅជួបជុំគ្រួសាររបស់ពួកគេវិញ និងស្វែងរកគ្រួសារធម៌ឲ្យថែរក្សាកុមារដែលគ្មានគ្រួសារ។ ការធ្វើសមាហរណកម្មកុមារនេះ គឺមានការងារជាច្រើនត្រូវធ្វើ គឺនាងត្រូវនិយាយជាមួយកុមារ ឪពុកម្តាយ សមាជិកសហគមន៍ អាជ្ញាធរមូលដ្ឋាន មណ្ឌលថែទាំកុមារ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាថាកុមារទទួលបានអនាគតល្អបំផុត។
សំណាងបាននិយាយថា “ក្រោយពេលខ្ញុំឃើញថាគ្រួសាររបស់កុមារពុំមានបញ្ហាចោទអ្វីនោះទេ ខ្ញុំអាចជួយឱ្យកុមារត្រឡប់ទៅផ្ទះវិញបាន។ នេះគឺជាផ្នែកមួយនៃការងារដែលខ្ញុំចូលចិត្តបំផុត!”

ម្តាយកំពុងបង្រៀនកូនប្រុសពីជំនាញរបស់គាត់
ពីរបៀបផលិតកម្រាលជូតជើងសម្រាប់លក់

© UNICEF Cambodia/2017/Luka D'Amato 

ប៉ុន្តែដំណើរការទាំងនេះតម្រូវឱ្យមានការងារជាច្រើន។ សូម្បីតែនៅពេលកុមារបានត្រឡប់មកផ្ទះវិញក៏ដោយ ក៏ការងារនាងនៅមិនទាន់ចប់នៅឡើយ។ សំណាង ត្រូវតាមដានបន្តជាមួយនឹងគ្រួសារនេះឱ្យបានទៀងទាត់ យ៉ាងហោចណាស់រយៈពេល២ឆ្នាំ ដើម្បីធានាថាកុមារបានសុខសប្បាយ អាចធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ពួកគេបានល្អ កំពុងទទួលបានការគាំទ្រសម្រាប់អនាគតវិជ្ជមាន មិនមែនទទួលរងការរំលោភបំពាន។

សំណាងបានចុះទៅជួបគ្រួសារមួយដែលគាត់បានជួយឱ្យបានជួបជុំគ្នា។ គាត់ពិនិត្យមើលសមាជិកគ្រួសារនេះ ដើម្បីធានាថាសមាហរណកម្មរបស់ពួកគេដំណើរការទៅបានល្អ។ គ្រួសារនេះមានកូនស្រីពីរនាក់ និងម្តាយ ដោយឪពុកមិនបាននៅជាមួយពួកគេឡើយ។ គ្រួសារនេះមានជីវភាពក្រីក្រខ្លាំង ហើយម្តាយបានបញ្ជូនកូនទាំងពីរ ឱ្យទៅរស់នៅក្នុងមណ្ឌលថែទាំ។ ប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារត្រូវបង្ខំចិត្តបញ្ជូនកូនឱ្យទៅរស់នៅតាមមណ្ឌលថែទាំ ដោយសារតែពួកគេគិតថាកូនពួកគេអាចទទួលបានការថែទាំរយៈពេលវែងនៅមណ្ឌល ដែលជាឱកាសសម្រាប់កូនៗពួកគេទទួលបាននូវជីវិតល្អប្រសើរជាងមុន ជាពិសេសទទួលបានការអប់រំ។ ប៉ុន្តែការរស់នៅតាមមណ្ឌលរយៈពេលវែងបែបនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានមកលើការអភិវឌ្ឍរបស់កុមារ ដូច្នេះបានជាសំណាងខិតខំប្រឹងប្រែងធ្វើការងារយ៉ាងសកម្ម ដើម្បីឱ្យគ្រួសារអាចជួបជុំគ្នាវិញ។

សំណាងអង្គុយលើឥដ្ឋជាមួយកុមារីទាំងពីរនាក់ និងម្តាយពួកគេ។ ពួកគេសើចព្រមគ្នា នៅពេលដែលសំណាងប្រាប់ពួកគេឱ្យអង្គុយតាមសម្រួល។ កុមារីទាំងពីរ មើលទៅហាក់បីដូចជាសប្បាយចិត្ត និងមានទំនុកចិត្ត ពួកគេឱបសំណាងដោយក្តីស្រលាញ់។ សំណាងក៏ផ្តល់ភាពកក់ក្តៅទៅឱ្យពួកគេវិញផងដែរ ដែលនេះជាការបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ និងការជឿទុកចិត្តគ្នា ដែលពួកគេបានកសាងកន្លងមក។

ផ្ទះរបស់ពួកគេមានទំហំតូច មានតែមួយបន្ទប់សម្រាប់ឱ្យពួកគេគេងតែប៉ុណ្ណោះ។ បន្ទប់នេះគ្មានបង្អួច និងបន្ទប់ទឹកឡើយ ហើយមានរបស់របរប្រើប្រាស់ចាំបាច់មួយចំនួនតូចតែប៉ុណ្ណោះ។ នៅក្នុងបន្ទប់នេះមានធ្នើរមួយសម្រាប់ដាក់ប្រដាប់ប្រដាដាំស្លមួយចំនួន មានចង្ក្រានចល័ត កម្រាល និងសម្ភារសិក្សាមួយចំនួននៅជ្រុងម្ខាងបន្ទប់។ អ្នកនៅក្នុងបន្ទប់នេះគឺត្រូវអង្គុយនៅលើឥដ្ឋដោយផ្ទាល់តែម្តង។ បើទោះបីជាបន្ទប់នេះតូចក្តី ប៉ុន្តែវាមានភាពស្អាតបាតណាស់។ ស្នាដៃសិល្បៈ និងកិច្ចការសាលារៀនរបស់កុមារីទាំងពីរ ត្រូវបានប្រើប្រាស់សម្រាប់តុបតែងជញ្ជាំងបន្ទប់ ដែលជាការបន្ថែមភាពរស់រវើកនៃជីវិត ក្តីសង្ឃឹម និងមោទនភាពសម្រាប់ផ្ទះពួកគេ។

គ្រួសារនេះតុបតែងជញ្ជាំងផ្ទះដែលមានតែមួយបន្ទប់របស់ពួកគេ
ជាមួយរូបភាព និងរូបគំនូរ។ © UNICEF Cambodia/2017/Luka D'Amato 

ម្តាយ គឺជាកម្មការនីរោងចក្រ ដែលទទួលបានប្រាក់ខែតិចតួចតែប៉ុណ្ណោះ។ សំណាងនិយាយថា “ប្រាក់ខែនេះមិនគ្រប់គ្រាន់ឡើយ ប៉ុន្តែពួកគេអាចរស់បាន។ សាលារៀនរបស់ក្មេងស្រីទាំងពីរនាក់ បានឧបត្ថម្ភដល់ពួកគេនូវប្រាក់សម្រាប់ទិញឯកសណ្ឋាន សម្ភារសិក្សា និងថ្លៃរៀនគួរភាសារអង់គ្លេស។ ពួកគេរស់នៅក្នុងបន្ទប់តូចមួយ ប៉ុន្តែពួកគេរស់នៅដោយសប្បាយចិត្ត. . . ពួកគេសប្បាយចិត្ត ព្រោះតែពួកគេបានរស់នៅជាមួយម្តាយ។”

ក្រោយពេលដែលពួកគេមានភាពកក់ក្តៅជាមួយគ្នា សំណាងចាប់ផ្តើមរៀបរាប់ពីមូលហេតុដែលនាងនៅក្នុងបន្ទប់នោះជាមួយនឹងពួកគេ។ នាងនៅទីនោះគឺដើម្បីធានាថា កុមារីទាំងពីរនាក់មានសុវត្ថិភាព សប្បាយចិត្ត មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ បានទៅសាលារៀន និងត្រៀមរៀបចំខ្លួនសម្រាប់អនាគត។

សំណាងចំណាយពេលភាគច្រើនសម្លឹងមើលពួកគេ។ “ខ្ញុំសង្កេតមើលពួកគេច្រើនណាស់។ ប្រើសិនបើយើងមិនសង្កេតមើលពួកគេទេ យើងមិនអាចស្វែងរកបញ្ហាឃើញនោះឡើយ” នេះគឺជាសម្តីរបស់សំណាងខណៈពេលដែលនាងបំពេញតួនាទីជាអ្នកស៊ើបអង្កេតម្តងទៀត។ នាងសួរសំណួរទៅកាន់កុមារីទាំងពីរនាក់ និងម្តាយរបស់ពួកគេ ឱ្យពួកគេនិយាយគ្នាដោយសេរី។ ប៉ុន្តែ ពេលនោះនាងសង្កេតមើលរបៀបដែលកុមារីនិយាយ និងរបៀបដែលគ្រួសារនេះទំនាក់ទំនងគ្នាទៅវិញទៅមក ដោយនាងពិនិត្យស្វែងរកគន្លឹះផ្សេងៗ ដើម្បីព្យាយាមស្វែងយល់ពីសុខទុក្ខរបស់ពួកគេ។

សំណាងនិយាយថា “នៅពេលដែលខ្ញុំឃើញកុមារទាំងនេះ ខ្ញុំអាចយល់ពីពួកគេ។ ពេលខ្លះកុមារចង់លាក់ទុកព័ត៌មានខ្លះនៅក្នុងខ្លួនរបស់ពួកគេ ដូច្នេះខ្ញុំត្រូវចំណាយពេលច្រើនណាស់ ដើម្បីនិយាយជាមួយពួកគេ ជាពិសេសនិយាយអំពីជីវិតរស់នៅរបស់ពួកគេ”។
ការសន្ទនាកាន់តែមានសារៈសំខាន់ នៅពេលដែលគាត់សួរសំណួរអំពីជីវិតរស់នៅរបស់ពួកគេ។ ពួកគេនៅតែឆ្លើយតបមកវិញដោយសប្បាយចិត្ត និងប្រកបដោយភាពវិជ្ជមាន បើទោះបីជាបរិយាកាសហាក់បីដូចជាតានតឹងយ៉ាងណាក៏ដោយ។ វាបង្ហាញយ៉ាងច្បាស់ថា កុមារទាំងពីរនាក់នេះគឺនៅបន្តជួបការលំបាក ប៉ុន្តែពួកគេនៅតែញញឹម និងសើចសប្បាយជាមួយគ្នា ដែលនេះបង្ហាញពីចំណុចរឹងមាំរបស់ពួកគេ។

គ្រួសារនេះ ជាពិសេសកុមារីទាំងពីរ គឺជឿទុកចិត្តលើសំណាង។ បើទោះបីជាការចុះមកជួបពួកគេរបស់សំណាង ហាក់បីដូចជាមានសម្ពាធមកលើពួកគេក៏ដោយ ពួកគេនៅតែសប្បាយចិត្តដោយបានជួបសំណាង។ ជីវិតមិនងាយស្រួលនោះទេសម្រាប់គ្រួសារនេះ ប៉ុន្តែពួកគេកំពុងទទួលបានការគាំទ្រ។ កុមារីទាំងពីរនាក់ទទួលបានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ បានទៅរៀនទៀងទាត់ និងមានក្តីរីករាយ។ សំណាងហាក់បីដូចជាពេញចិត្តនឹងការរីកចម្រើនរបស់កុមារីទាំងពីរនាក់នេះណាស់។

នៅពេលសំណាងបានប្រមូលព័ត៌មានដែលនាងត្រូវការគ្រប់គ្រាន់ហើយ ជាពិសេសបន្ទាប់ពីនាងជឿជាក់ថានាងពិតជាបានយល់អំពីអ្វីដែលកុមារីទាំងពីរនាក់ទទួលបាន និងអ្វីដែលពួកគេត្រូវការ គាត់ចាប់ផ្តើមរៀបចំផែនការករណី តាមរយៈការនិយាយទៅកាន់ពួកគេអំពីអនាគត និងអ្វីដែលពួកគេចង់ធ្វើ។ កុមារីទាំងពីរនាក់នៅក្មេងនៅឡើយ ហើយពួកគេចង់ទៅរៀនបន្តទៀត។ ការលើកឡើងបែបនេះធ្វើឱ្យសំណាងញញឹម។

ខណៈពេលដែលពួកគេលាគ្នា ក្មេងស្រីទាំងពីរនាក់បានប្រគល់ឱ្យសំណាងនូវផ្ទាំងរូបភាពរបស់នាងតែម្តង ដែលពួកគេទាំងពីរនាក់បានគូរដោយខ្លួនឯង។ សំណាងភ្ញាក់ផ្អើល! ឥទ្ធិពលរបស់សំណាងមកលើជីវិតរបស់ក្មេងស្រីទាំងពីរនាក់នេះ បានផ្តល់នូវការលើកទឹកចិត្តដល់ពួកគេ ហើយនេះបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់នាងលើពួកគេ។ ពួកគេឱបគ្នា និងនិយាយលាគ្នា។

គ្រួសាររួមគ្នាពិភាក្សាពីជីវិតរបស់ពួកគេ។
© UNICEF Cambodia/2017/Luka D'Amato 

ការដាក់កុមារឱ្យរស់នៅរយៈពេលវែងក្នុងមណ្ឌល អាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគេ។ ដោយសារប្រជាពលរដ្ឋមានជំនឿជាទូទៅលើអត្ថប្រយោជន៍ដែលបានមកពីការបញ្ជូនកូនទៅរស់នៅតាមមណ្ឌលថែទាំ មានកុមារ៥នាក់ដែលកំពុងរស់នៅតាមមណ្ឌលថែទាំ មាន៤នាក់ទៅហើយយ៉ាងហោចណាស់ នៅមានឪពុក ឬម្តាយនៅរស់នៅទ្បើយ ពោលគឺបើមានការគាំទ្រសមស្របដល់ពួកគេ ឪពុកម្តាយទាំងនោះអាចមើលថែទាំកូនពួកគេដោយខ្លួនឯងបាន។ ការរស់នៅក្នុងមណ្ឌលថែទាំមិនត្រឹមតែបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍរយៈពេលវែងរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យពួកគេទទួលរងការរំលោភបំពាន និងការកេងប្រវ័ញ្ចជាច្រើនផងដែរ។

សំណាងនិយាយថា “ពេលខ្លះ មណ្ឌលទាំងនោះអាក្រក់ខ្លាំងណាស់។ ពួកគេទុកកុមារសម្រាប់ប្រកបអាជីវកម្មរបស់ពួកគេតែប៉ុណ្ណោះ។ ពួកគេទុកប្រាក់ដែលប្រមូលបាន ហើយមិនដែលជួយឱ្យកុមារអភិវឌ្ឍនោះឡើយ។”

កុមាររស់នៅក្នុងផ្ទះរបស់ពួកគេ ក៏អាចទទួលបានការសិក្សាដូចគ្នានឹងពេលដែលពួកគេរស់នៅក្នុងមណ្ឌលដែរ នេះបើតាមការលើកឡើងរបស់សំណាង ដែលជាការជំរះនូវការយល់ឃើញមិនត្រឹមត្រូវថា ការរស់នៅរយៈពេលវែងក្នុងមណ្ឌលថែទាំ ផ្តល់ជាប្រយោជន៍ដល់កុមារ។

សំណាងនិយាយថា “នៅពេលកុមាររស់នៅក្នុងផ្ទះ ពួកគេរស់នៅប្រកបដោយសេរីភាព។ ពួកគេអាចទៅរៀន និងលេងកំសាន្តជាមួយមិត្តភក្តិ។ ពួកគេទទួលបានភាពកក់ក្តៅពីម្តាយ និងសមាជិកគ្រួសាររបស់ពួកគេ។ នៅពេលពួកគេរស់នៅជាមួយគ្រួសារ ពួកគេមិនចាំបាច់មានអារម្មណ៍ភ័យខ្លាចឡើយ។”

តួនាទីសំខាន់របស់ភ្នាក់ងារសង្គម គឺត្រូវទាក់ទង និងវាយតម្លៃគ្រួសារ និងកុមារ ដើម្បីកំណត់រកហានិភ័យនានា ដើម្បីជួយគ្រួសារស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់ពួកគេ បញ្ជូនពួកគេទៅរកសេវាសង្គមកិច្ច និងចុងក្រោយជួយធ្វើឱ្យជីវិតរបស់កុមារមានភាពប្រសើរទ្បើង។ ការទទួលខុសត្រូវដ៏ធំធេង និងឥទ្ធិពលដែលភ្នាក់ងារសង្គមមានមកលើកុមារ ធ្វើឱ្យភ្នាក់ងារសង្គមទាំងនេះក្លាយជាការវិនិយោគដ៏សំខាន់ ដើម្បីអនាគតរបស់ប្រទេសកម្ពុជា។ ប៉ុន្តែនៅកម្ពុជា មានការខ្វះខាតចំនួនភ្នាក់ងារសង្គមជាច្រើន ហើយសំណាងត្រូវទទួលបន្ទុក៥០ករណីម្តងក្នុងខេត្តចំនួន១០ខុសៗគ្នា។ ជាមួយនឹងបន្ទុកការងារដ៏សែនលំបាកបែបនេះ ជាពិសេសគ្របដណ្តប់លើទីតាំងដ៏ធំ ភ្នាក់ងារសង្គម ត្រូវជួបប្រទះនឹងឧបសគ្គជាច្រើននៅក្នុងការងារបស់ខ្លួន។ ប៉ុន្តែចំពោះសំណាង ឧបសគ្គទាំងនេះពុំបានបញ្ឈប់នាងមិនឱ្យគាត់ធ្វើការងារនាងនោះឡើយ។

“ខ្ញុំចូលចិត្តការងាររបស់ខ្ញុំ។ ខ្ញុំចូលចិត្តកុមារ ហើយខ្ញុំចង់ឃើញពួកគេធំដឹងក្តីដោយល្អប្រសើរ។ ខ្ញុំចង់ឃើញកុមាររស់នៅដោយសប្បាយចិត្តជាមួយនឹងគ្រួសារពួកគេ។ យើងចាំបាច់ត្រូវស្វែងរកដំណោះស្រាយ និងមើលថែកុមារ។ យើងចាំបាច់ត្រូវសហការជាមួយនឹងមណ្ឌលថែទាំកុមារ ដើម្បីបញ្ជូនកុមារត្រឡប់ទៅកាន់គ្រួសារពួកគេវិញ។” នេះជាសំដីសំណាងបង្ហាញភាពចាំបាច់ដែលត្រូវធ្វើ ដើម្បីបន្តការតស៊ូក្នុងការផ្តល់កិច្ចការពារដល់កុមារ។

បន្ទាប់ពីធ្វើការងារជាភ្នាក់ងារសង្គមរយៈពេល២ឆ្នាំមក កម្លាំងចិត្តក្នុងការជួយកុមាររបស់សំណាង នៅតែមានសន្ទុះខ្លាំងក្លាដដែល។ ការងាររបស់គាត់គឺជាការងារដ៏លំបាក ប៉ុន្តែគាត់នៅបន្តតស៊ូដើម្បីកុមារ ដោយសប្បាយចិត្ត នៅពេលឃើញកុមាររស់នៅប្រកបដោយភាពរីករាយ។ នាងមិនចង់ឃើញមានបទល្មើសលើកុមារនៅតែបន្តកើតទ្បើងទៀតឡើយ ដូច្នេះគាត់ត្រូវតែបន្តធ្វើការងាររបស់គាត់ដើម្បីជួយដល់កុមារទាំងនេះ។

សំណាងកំពុងពិភាក្សាជាមួយគ្រួសារ កិច្ចសន្ទនាគ្នាហាក់បីដូចជាតានតឹង
ប៉ុន្តែពួកគេនៅតែរក្សាឥរិយាបទវិជ្ជមាន។
 © UNICEF Cambodia/2017/Luka D'Amato

No comments:

Post a Comment