Thursday, April 5, 2018

ពីអតីតកាលពោរពេញដោយបញ្ហា ទៅជាសិស្សជំនាញកែសម្ជស្ស

To read this article in English, click here.

ដោយ អង្គការមិត្តសំទ្បាញ់


កញ្ញា ដាវីន ក្នុងពេលបណ្តុះបណ្តាលជំនាញកែសម្ផស្ស
©Mith Samlanh/2017 

រាជធានីភ្នំពេញ ខែកញ្ញា ឆ្នាំ២០១៧ — កញ្ញាដាវីន* អាយុ ២២ឆ្នាំ កំពុងទទួលការបណ្តុះបណ្តាល ដើម្បីក្លាយជាជាងកែសម្ផស្សនៅក្នុងអង្គការមិត្តសំទ្បាញ់ ដែលជាអង្គការដៃគូរបស់យូនីសេហ្វ។ នាងបានធំដឹងក្តីនៅក្នុងតំបន់អនាធិបតេយ្យដែលញាំញីដោយគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ។ នាងរស់នៅទីនោះ ជាមួយឪពុកម្តាយ និងប្អូនស្រី ២នាក់ នៅក្នុងផ្ទះឈើមានមួយបន្ទប់ ដំបូលប្រក់ស័ង្កសី។ ម្តាយនាងលក់ខោអាវជជុះនៅផ្សារក្បែរនោះ ហើយឪពុកធ្វើជាកម្មករសំណង់។ ពួកគេទាំងពីរនាក់ទទួលបានចំណូលរវាងពី ១.៥០០០ ដល់ ២០.០០០ រៀល (៤ ទៅ ៥ដុល្លារក្នុង១ថ្ងៃ) ដែលត្រឹមតែអាចគ្រប់សម្រាប់ឲ្យកូនទៅរៀន និងចំណាយប្រចាំថ្ងៃតែប៉ុណ្ណោះ។


ដាវីន បានសេពគប់មិត្តភក្តិមិនល្អ ហើយពួកគេនាំនាងធ្វើរឿងអាក្រក់ជាច្រើន។ នាងចាប់ផ្តើមគេចសាលាជាញឹកញាប់។ នៅអាយុ ១៥ឆ្នាំ នាងឈប់រៀនតែម្តង។ ម្តាយដាវីនធ្លាក់ខ្លួនឈឺ ហើយមិនអាចទៅលក់ដូរបន្តទៀតបាន។ ការងារសំណង់របស់ឪពុកនាងក៏ពុំមានជាប់លាប់ ហើយគាត់ត្រូវរត់ម៉ូតូឌុប ដើម្បីរកចំណូលបន្ថែម។ ដោយការចំណាយលើការព្យាបាលសុខភាពកាន់តែខ្ពស់ទៅៗ ហើយមានអ្នករកចំណូលឱ្យគ្រួសារតែម្នាក់ផងនោះ គ្រួសារនេះជួបការលំបាកយ៉ាងខ្លាំង។

នៅពេលដាវីនអាយុ ១៦ឆ្នាំ នាងបានចាកចេញពីផ្ទះ។ មិនយូរប៉ុន្មាន នាងក៏ត្រូវនគរបាលចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន និងបញ្ជូនទៅពន្ធនាគាររយៈពេល២ឆ្នាំ។

នាងរំឭកពីអារម្មណ៍ពេលនោះថា “ខ្ញុំរកនឹកមិនឃើញថាគួរធ្វើអ្វីឡើយពេលនោះ! ខ្ញុំមិនគិតថាខ្ញុំត្រូវជាប់ពន្ធនាគារនោះទេ។ អ្វីដែលកើតទ្បើង បានធ្វើឲ្យខ្ញុំនឹកឃើញដល់គ្រួសារខ្ញុំ។ ខ្ញុំចាប់ផ្តើមនឹកឃើញវេលាទាំងអស់ ដែលខ្ញុំនៅជាមួយឪពុកម្តាយខ្ញុំ និងសម្តីពួកគាត់បានប្រាប់មុនពេលខ្ញុំចេញពីផ្ទះ។ បើខ្ញុំស្តាប់ពួកគាត់ពេលនោះ ខ្ញុំនឹងមិនជាប់ពន្ធនាគារឡើយ។” នាងសោកស្តាយចំពោះទង្វើរបស់នាង ហើយគិតថាជីវិតនាងនឹងមិនអាចល្អឡើងវិញទេ។

ប៉ុន្តែនៅពេលគ្រួសារនាងដឹងរឿងរ៉ាវរបស់នាង ពួកគេបានមកសួរសុខទុក្ខ។ ដាវីន និយាយថា “គឺពេលនោះហើយដែលខ្ញុំដឹងថា ពុំមានកន្លែងណាល្អជាងផ្ទះយើងឡើយ ហើយក៏ពុំមានអ្នកណាស្រលាញ់ខ្ញុំជាងគ្រួសាររបស់ខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ថាដូចកំពុងរស់នៅក្នុងឋាននរកអញ្ចឹង! ខ្ញុំដេកនៅកន្លែងរួមគ្នា ជាមួយមនុស្សយ៉ាងហោចណាស់ ៥០នាក់ទៀត នៅក្នុងបន្ទប់ងងឹតឈឹងជាមួយក្មេងស្រី និងស្ត្រីដទៃទៀត។ យើងពុំមានកន្លែងធំគ្រប់គ្រាន់សម្រាប់ដេកឡើយ។ ខ្ញុំនៅចាំបានថា នៅយប់មួយពេលខ្ញុំក្រោកទៅបង្គន់ ហើយពេលត្រឡប់មកវិញ ខ្ញុំពុំមានកន្លែងដេកទៅវិញឡើយ។ ក្រោយមក នាងចាប់ផ្តើមស៊ាំនឹងជីវិតនៅក្នុងពន្ធនាគារបន្តិចម្តងៗ។ នាងតែងអនុវត្តទៅតាមច្បាប់ទម្លាប់នៅទីនោះ និងតែងតែគោរពអនុរក្សពន្ធនាគារផងដែរ។

នៅ៦ខែមុនពេលនាងចេញពីពន្ធនាគារ អនុរក្សបានសួរនាងថាចង់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើជំនាញកែសម្ផស្សនៅក្នុងពន្ធនាគារដែរឬទេ។ កម្មវិធីបណ្តុះបណ្តាលនេះដំណើរការដោយអង្គការមិត្តសំទ្បាញ់ ដើម្បីជួយឱ្យទណ្ឌិតអាចធ្វើសមាហរណកម្មត្រឡប់ចូលក្នុងសង្គមវិញបាន។ ក្នុងកិច្ចប្រជុំជាមួយបុគ្គលិកអង្គការមិត្តសំទ្បាញ់ ដាវីនបានលើកដៃយ៉ាងលឿន ដើម្បីបានចូលរួមក្នុងកម្មវិធីនេះ។ នាងនិយាយថា “ខ្ញុំរំភើបរីករាយយ៉ាងខ្លាំង ដែលអ្នកជាប់ពន្ធនាគារដូចរូបខ្ញុំ អាចទទួលបានឱកាសបែបនេះ។”

នាងរៀន៤ម៉ោងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រ។ ដាវីនចាប់ផ្តើមនិយាយរៀបរាប់ពីក្តីសង្ឃឹម និងសុបិនរបស់នាងជាមួយនឹងគ្រូបង្ហាត់ ហើយពួកគេបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទជាមួយគ្នា។ ដាវីន និយាយថា “ពួកគាត់មិនត្រឹមតែជាគ្រូប៉ុណ្ណោះទេ ប៉ុន្តែជាគ្រួសាររបស់ខ្ញុំផងដែរ។ គ្រូខ្ញុំតែងតែលើកទឹកចិត្តឱ្យខ្ញុំដើរទៅមុខជានិច្ច និងមិនត្រូវអស់សង្ឃឹមឡើយ។ បើគ្មានពួកគាត់ទេ ខ្ញុំមិនដឹងថាធ្លាក់ទៅដល់ទីណាទេពេលនេះ!”

នៅពេលនាងចេញពីពន្ធនាគារ បុគ្គលិកអង្គការមិត្តសំទ្បាញ់ បានឲ្យសម្លៀកបំពាក់ថ្មីដល់ដាវីន។ នៅពេលនាងដើរចេញពីពន្ធនាគារ នាងឃើញឪពុកម្តាយរបស់នាងកំពុងរង់ចាំ។ នាងទម្លាក់ការបូបស្ពាយចោល ហើយរត់ទៅរកពួកគេ។ ដាវីនលុតជង្គង់ចុះ ហើយសុំខមាលទោសពីឪពុកនាង។ ពួកគេយំឱបគ្នា។ នាងនិយាយថា “ខ្ញុំមិនដឹងរៀបរាប់ពីអារម្មណ៍នៅពេលនោះយ៉ាងម៉េចទេ! ខ្ញុំគ្រាន់តែដឹងថា វាជាពេលដែលខ្ញុំសប្បាយចិត្តបំផុតក្នុងជីវិត។”

ដាវីន កំពុងរៀនពីរបៀបធ្វើក្រចក
©Mith Samlanh/2017 

ក្រោយមក ដាវីន ចំណាយពេល២ខែ ដើម្បីជួបសួរសុខទុក្ខសាច់ញាតិរបស់នាង នៅតាមបណ្តាខេត្ត មុននឹងបន្តវគ្គបណ្តុះបណ្តាលពីជំនាញកែសម្ផស្សជាមួយអង្គការមិត្តសំទ្បាញ់។ បច្ចុប្បន្ន នាងកំពុងរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ហើយស្គាល់មិត្តភក្តិថ្មីៗជាច្រើន។ នាងបានប្រាប់ពីពេលវេលានាងនៅអង្គការមិត្តសំទ្បាញ់ថា “ខ្ញុំចូលចិត្តចំណាយពេលនៅទីនោះ។ ខ្ញុំចូលចិត្តទៅទីនោះ ដោយសារខ្ញុំតែង ទទួលបាននូវភាពរីករាយជានិច្ច។ ខ្ញុំទទួលបានអាហារថ្ងៃត្រង់ឆ្ងាញ់ហូប ហើយខ្ញុំអាចចូលរួមលេង កីឡាជាច្រើន។ ជាពិសេស ខ្ញុំចូលចិត្តថ្នាក់បង្រៀនរាំ ដែលខ្ញុំពុំធ្លាប់បានធ្វើកន្លងមកឡើយ។”

គ្រូរបស់ដាវីន គឺអ្នកគ្រូសោភ័ណ បាននិយាយថា “ដាវីនគឺជាសិស្សរៀនឆាប់ចេះ ហើយរៀនលឿនជាងការរំពឹងទុក។ នាងរៀនពូកែក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។ នាងកម្រអវត្តមាន ឬមកយឺតណាស់ ហើយនាងគោរពបទបញ្ជា និងមនុស្សគ្រប់គ្នានៅទីនេះ”។

ដាវីនបានសន្យានឹងខ្លួនឯង និងគ្រួសារថានឹងមិនត្រឡប់ទៅរកជីវិតដូចពីមុនឡើយ។ នាងសង្ឃឹមថា នឹងមានការងារធ្វើនៅហាងកែសម្ផស្សណាមួយ ហើយចុងក្រោយអាចនឹងបើកហាងកែសម្ផស្សដោយខ្លួនឯង។ ដាវីននិយាយថា “ខ្ញុំសូមអរគុណដល់ការគាំទ្ររបស់អង្គការមិត្តសំទ្បាញ់មកលើរូបខ្ញុំ និងគ្រួសារ។ ពួកគាត់បានផ្តល់ឱកាសឱ្យខ្ញុំ និងជំនឿទុកចិត្តមកលើខ្ញុំ។”

នាងមានសារផ្តាំផ្ញើទៅដល់យុវជនដទៃទៀតថា “សូមគិតពីអនាគតអ្នក និងកុំខ្ជះខ្ជាយជីវិតអ្នក។ វាមិនទាន់យឺតពេលនោះទេ! អ្នកតែងតែអាចត្រឡប់មកវិញ និងកសាងអនាគតខ្លួន។ អ្នកនឹងមិនទទួលបានអ្វីទាល់តែសោះ បើសិនអ្នកចាកចេញពីគ្រួសារ ដើម្បីទៅប្រើគ្រឿងញៀននោះ។”

ដាវីន កំពុងរៀនជាមួយមិត្តភក្តិ
©Mith Samlanh/2017 

វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៧ ដែលកំពុងដំណើរការដោយអង្គការមិត្តសំទ្បាញ់ និងទទួលបានការគាំទ្រពីយូនីសេហ្វ ក្រោមកម្មវិធី 3PC (កម្មវិធីភាពជាដៃគូ ដើម្បីការពារកុមារ)។ គម្រោងនេះជួយបណ្តុះបណ្តាល និងអប់រំស្ត្រីវ័យក្មេងក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កើនសមត្ថភាពសម្រាប់រកការងារធ្វើ និងជួយឱ្យពួកគេទទួលបានការងារសមរម្យ និងអាចធ្វើសមាហរណកម្មក្នុងសង្គមវិញប្រកបដោយនិរន្តរភាព។ ជាមួយនឹងការគាំទ្រពីយូនីសេហ្វ អង្គការមិត្តសំទ្បាញ់កំពុងធ្វើឱ្យមានការផ្លាស់ប្តូរជីវិតស្ត្រីវ័យក្មេងជាច្រើននាក់ ដោយផ្តល់ឱ្យពួកគេនូវក្តីសង្ឃឹមសម្រាប់អនាគតកាន់តែប្រសើរ។

*ឈ្មោះត្រូវបានប្តូរដើម្បីការពារអត្តសញ្ញាណបុគ្គល

No comments:

Post a Comment