Tuesday, March 6, 2018

ប្រែក្លាយពីរឿងមិនគួរនិយាយ ទៅជាការបង្កើនភាពអង់អាច តាមរយៈការរក្សាអនាម័យពេលមករដូវ និងការអប់រំ

To read this post in English, click here.

ដោយ Sarah Cowley


សិស្សស្រីថ្នាក់​ទី៦ កំពុង​សិក្សា​ក្នុង​ថ្នាក់​នៅ​
សាលា​បឋមសិក្សាស្នោ ឃ្លៃ ខេត្ត​កំពង់ធំ។

© UNICEF Cambodia/2017/Bona Khoy

ខេត្តកំពង់ធំ ប្រទេសកម្ពុជា ខែមីនា ឆ្នាំ២០១៨ ៖ បច្ចុប្បន្ន ស្ត្រីមករដូវជាមធ្យម ៤៥០ដងក្នុងមួយជីវិត ដែលសរុបទៅស្មើនឹងរយៈពេលប្រមាណ ៦ ទៅ ៧ឆ្នាំ។ ប៉ុន្តែការយល់ដឹងអំពីការរក្សាអនាម័យក្នុងពេលមករដូវនៅកម្ពុជា និងនៅកន្លែងដទៃទៀត នៅមានកម្រិតទាបនៅឡើយ ដោយសារភាគច្រើនចាត់ទុកការមករដូវ គឺជារឿងមិនគួរនិយាយ និងមិនសមរម្យសម្រាប់ពិភាក្សាដោយបើកចំហនោះទេ។


ការខ្វះចំណេះដឹងអំពីការរក្សាអនាម័យក្នុងពេលមករដូវ និងការខ្វះលទ្ធភាពទទួលបានសម្ភារឬបរិក្ខារ និងសេវាគាំទ្រ អាចជះឥទ្ធិពលអវិជ្ជមានលើការអប់រំ សុខភាព និងការចូលរួមដោយស្មើភាពរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យផ្សេងៗក្នុងសង្គម។

ឧទាហរណ៍ ការសិក្សាជាច្រើនបានបង្ហាញពីភាពពាក់ព័ន្ធគ្នារវាងការរក្សាអនាម័យមិនបានល្អក្នុងពេលមករដូវ និងការកើតមានជំងឺប្រព័ន្ធតម្រងនោម ឬជំងឺសុខភាពបន្តពូជ និងជំងឺផ្សេងទៀត។

នៅម៉ោងចេញលេង សិស្សស្រីនៅសាលាបឋមសិក្សាស្នោ ឃ្លៃ
នាំគ្នា​លាង​សម្អាតដៃ​ ទៅតាមមេរៀន​ពួកគេ​បាន​រៀនក្នុងថ្នាក់​
ដោយ​ប្រើប្រាស់​ទឹក​ស្អាតផ្តល់​ដោយកម្មវិធី​ទឹកស្អាត
និងអនាម័យ​តាមសាលារៀន។

© UNICEF Cambodia/2017/Bona Khoy


បច្ចុប្បន្ន មានសិស្សស្រីជាច្រើននាក់នៅកម្ពុជា មិនទាន់មានបង្គន់អនាម័យ និងកន្លែងលាងសម្អាតដៃគ្រប់គ្រាន់ដើម្បីរក្សាអនាម័យ និងភាពថ្លៃថ្នូរ។ ក្រោពីនេះពួកគេនៅខ្វះខាតសំឡីអនាម័យ សម្រាប់ផ្តល់ភាពងាយស្រួល និងការការពារខ្លួនក្នុងពេលរៀនពេញមួយថ្ងៃ និងខ្វះភាពឯកជនដើម្បីផ្លាស់ប្តូរ និងបោះចោលសំឡីអនាម័យនៅទ្បើយ។

ការមករដូវដោយគ្មានសម្ភារ និងបរិក្ខារសំខាន់ៗទាំងនេះ អាចបណ្តាលឲ្យក្មេងស្រីខកខានមិនបានមករៀន ឬបោះបង់ការសិក្សាចោលតែម្តង ហើយកត្តានេះធ្វើឲ្យពួកគេបាត់បង់សិទ្ធិមូលដ្ឋាន និងសមត្ថភាពសម្រេចបានសក្តានុពលពេញលេញរបស់ខ្លួនក្នុងឆាកជីវិត និងក្នុងសង្គម។

ការសិក្សាដែលធ្វើឡើងរួមគ្នាដោយអង្គការ Water Aid និងយូនីសេហ្វ នៅឆ្នាំ២០១៦ បានបង្ហាញថា ការខ្វះចំណេះដឹងអំពីការមករដូវ និងការរក្សាអនាម័យក្នុងពេលមករដូវ ធ្វើឲ្យក្មេងស្រីមិនអាចថែទាំសុខភាពរបស់ខ្លួន និងធ្វើឲ្យពួកគេភ័យខ្លាច និងព្រួយចិត្តថែមទៀតផង។

ការសិក្សាក៏បានរកឃើញថា សមាជិកគ្រួសារជាស្រ្តី គឺជាប្រភពផ្តល់ព័ត៌មានអំពីការមករដូវ ប៉ុន្តែគ្រូបង្រៀន និងមិត្តភក្តិ មិនមែនជាប្រភពផ្តល់ព័ត៌មានឡើយ។

ដើម្បីពន្លឿនសិទ្ធិស្មើភាពរបស់ក្មេងស្រីក្នុងការទទួលបានការអប់រំក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងអនាម័យ សាលាបឋមសិក្សាស្នោ ឃ្លៃក្នុងខេត្តកំពង់ធំ បាននិងកំពុងអនុវត្តសកម្មភាពថ្មីៗជាច្រើនពាក់ព័ន្ធនឹងការរក្សាអនាម័យក្នុងពេលមករដូវ ដើម្បីជួយឲ្យសិស្សស្រីអាចរៀបចំខ្លួនប្រាណក្នុងពេលមករដូវប្រកបដោយអនាម័យ និងភាពថ្លៃថ្នូរ។

វិធីសាស្រ្តរបស់សាលាបឋមសិក្សាស្នោ ឃ្លៃសម្រាប់ការរក្សាអនាម័យក្នុងពេលមករដូវរួមមាន ផែនការអប់រំដែលជំរុញការចូលរួមរបស់ក្មេងប្រុស និងក្មេងស្រីក្នុងការពិភាក្សាដោយចំហអំពីការរក្សាអនាម័យក្នុងពេលមករដូវ ដើម្បីឲ្យពួកគេយល់ដឹង និងមានការពិចារណាកាន់តែប្រសើរ។

សិស្ស​ស្រី​ថ្នាក់ទី៦ នៅ​សាលាបឋមសិក្សា​ស្នោ ឃ្លៃ ខេត្ត​កំពង់ធំ​
កំពុង​ត្រូវ​បានសម្ភាស​ដោយ​ក្រុមការងារ​របស់យូនីសេហ្វ

កិច្ច​ពិភាក្សា​​ផ្តោតសំខាន់​លើ​ការរក្សា​អនាម័យក្នុងពេល​មករដូវ​
នៅ​សាលារៀន បន្ទប់​ទឹក ភាពឯកជន ការ​លាងសម្អាតដៃ
ក្រុម​គាំទ្រ​សិស្ស និង​ផលប៉ះពាល់​របស់ក្រុម​នេះលើ​សិស្ស​
ផលប៉ះពាល់​នៃសៀវភៅ​ព័ត៌មាន​​ស្តីពី​ការលូតលាស់
និង​ការ​ប្រែប្រួល​រាងកាយ​លើ​សិស្ស គ្រួសារ
និង​សហគមន៍​របស់​ពួកគេ។
© UNICEF Cambodia/2017/Bona Khoy


ក្រៅពីនេះ ការបង្កើតឲ្យមានបរិក្ខារអនាម័យនៅក្នុងសាលារៀន បានជួយឲ្យក្មេងស្រីអាចរៀបចំខ្លួនកាន់តែប្រសើរក្នុងពេលមករដូវ និងផ្តោតអារម្មណ៍លើការសិក្សា។

សកម្មភាពដ៏ឈ្លាសវៃមួយរបស់សាលាបឋមសិក្សានេះ គឺការតម្រូវឲ្យសិស្សរៀនសូត្រអំពីសៀវភៅព័ត៌មានស្តីពីការលូតលាស់ និងការប្រែប្រួលរាងកាយ (Growth and Changes booklet)។

នាយិកាសាលាបឋមសិក្សាស្នោ ឃ្លៃ អ្នកគ្រូ ហ៊ឹម សុគន្ធា បានកត់សម្គាល់ពីសារៈសំខាន់នៃការបង្រៀនខ្លឹមសារក្នុងសៀវភៅនេះទៅដល់សិស្សទាំងពីរភេទរបស់គាត់។

អ្នកគ្រូបាននិយាយថា “សិស្សរៀនមេរៀនបំណិនជីវិត ហើយពួកគេនិយាយពីការរក្សាអនាម័យក្នុងពេលមករដូវ ហើយពួកគេរៀនសូត្រពីសៀវភៅព័ត៌មានស្តីពីការលូតលាស់ និងការប្រែប្រួលរាងកាយនេះ”។

អ្នកគ្រូ ឌឿន ឃីម បានបន្ថែមទៀតថា “ក្មេងស្រីយល់ដឹងកាន់តែច្រើនអំពីការប្រែប្រួលរាងកាយ ហើយពួកគេអាចត្រៀមខ្លួន និងរក្សាអនាម័យបានកាន់តែល្អ។ ពួកគេដឹងមុនពីការមករដូវរបស់ខ្លួន និងការប្រែប្រួលរាងកាយផ្សេងទៀត”។

សិស្សស្រីជាច្រើនក៏បានបញ្ជាក់ថា មានកុមារីតិចតួចប៉ុណ្ណោះត្រូវបានបង្រៀននៅផ្ទះអំពីការមករដូវ។ ពួកគេនិយាយថា សៀវភៅនេះបានជួយឲ្យពួកគេ និងគ្រួសារយល់ដឹងកាន់តែច្រើន។ អ្វីដែលសំខាន់គឺវាបានកាត់បន្ថយការយល់ដឹងខុសនានា។

ក្រៅពីនេះ គេក៏មើលឃើញយ៉ាងច្បាស់ពីលទ្ធផលបានពីការរៀនសូត្រចេញពីសៀវភៅនេះ មកលើសិស្សប្រុសផងដែរ។

សិស្ស​ប្រុស​ថ្នាក់ទី៦ នៅសាលាបឋមសិក្សាស្នោ ឃ្លៃ​​ កំពុង​ចូលរួមសម្ភាសន៍។
© UNICEF Cambodia/2017/Bona Khoy


អ្នកគ្រូឌឿន និយាយថា “ឥទ្បូវនេះលែងសូវមានការបង្អាប់ និងការឌឺដងទៀតហើយ។ វាក្លាយជារឿងធម្មតាសម្រាប់ក្មេងស្រី និងការមករដូវ។ ក្មេងប្រុស បាននិងកំពុងផ្លាស់ប្តូរឥរិយាបថចំពោះបញ្ហានេះ”។

សៀវភៅព័ត៌មាននេះត្រូវបានរៀបរៀងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយយូនីសេហ្វសាកលវិទ្យាល័យ Columbia និង UNFPA ដើម្បីផ្តល់ចំណេះដឹងដល់សិស្សស្តីពីការចម្រើនពេញវ័យ និងការរក្សាអនាម័យក្នុងពេលមករដូវនៅសាលារៀន។

ចាប់តាំងពីឆ្នាំ២០១៤មក តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដូចជាអង្គការ Rainwater Cambodia អង្គការ Muslim Aid និងអង្គការ BoRDA យូនីសេហ្វបានគាំទ្រនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីទ្បា ដើម្បីចែកចាយសៀវភៅនេះប្រមាណជិត ១៥០.០០០ ក្បាលដល់សាលាបឋមសិក្សាក្នុងខេត្តចំនួន១១។

សៀវភៅនេះផ្តល់ចំណេះដឹងស្តីពីការមករដូវ ការរក្សាអនាម័យក្នុងពេលមករដូវ និងបង្កើនការយល់ដឹងអំពីការប្រែប្រួលរាងកាយ និងផ្លូវចិត្តរបស់ក្មេងស្រីក្នុងពេលពេញវ័យ។ បច្ចុប្បន្ន សៀវភៅនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់សិស្សជាង ១២២.០០០ នាក់។

ជាពិសេសសៀវភៅនេះ ពន្យល់ពីរបៀបដែលក្មេងស្រីអាចរក្សាអនាម័យខ្លួនប្រាណក្នុងពេលមករដូវ រក្សាវដ្តរដូវឲ្យទៀងទាត់ និងរៀបចំខ្លួននៅពេលមករដូវដំបូង រួមនឹងខ្លឹមសារលម្អិតអំពីការយល់ដឹង មិនត្រឹមត្រូវ និងផ្តល់ចំណេះដឹងជាក់ស្តែងតាមរយៈការបង្ហាញនូវបទពិសោធរបស់ក្មេងស្រីពាក់ព័ន្ធនឹងវដ្តរដូវ។

ដើម្បីបំពេញបន្ថែមដល់ការអប់រំស្តីពីការរក្សាអនាម័យក្នុងពេលមករដូវ បរិក្ខារទឹកស្អាត និងអនាម័យនៅសាលារៀន ត្រូវបានបង្កើតឡើងទៅតាមស្តង់ដារសមស្រប ដោយមានផ្តល់ជាបន្ទប់ទឹកឯកជន និងដោយឡែក និងកន្លែងលាងសម្អាតដៃទំនើប និងធំទូលាយ។

បន្ទប់ទឹកដោយឡែកសម្រាប់ក្មេងប្រុស និងក្មេងស្រី ត្រូវបានរៀបំ ហើយបន្ទប់ទឹកនីមួយៗមានសោរចាក់ខាងក្នុង និងទ្វារបិទជិតដែលផ្តល់ភាពឯកជនពេញលេញ។

ក្មេងស្រីទទួលបានសំឡីអនាម័យដែលប្រើប្រាស់បានតែម្តង និងត្រូវបានដុតចោលក្នុងឡដើម្បីរក្សាអនាម័យ។ ក្រៅពីនេះ កន្លែងលាងលាងសម្អាតដៃ ក៏ត្រូវបានបំពាក់នៅខាងក្រៅថ្នាក់រៀនទាំងអស់ផងដែរ។

យោបល់ត្រឡប់ស្តីពីការរក្សាអនាម័យក្នុងពេលមករដូវ មានភាពវិជ្ជមាន ហើយសិស្សស្រីបានរៀបរាប់ថា ការគាំទ្របែបនេះមានភាពងាយស្រួល និងសមស្របសម្រាប់តម្រូវការរបស់ពួកគេ។

សាលារៀននេះបានបង្កើតក្រុមគាំទ្រក្មេងស្រី ដែលបាននិងកំពុងធ្វើប្រតិបត្តិការជាច្រើនឆ្នាំ។ ជារៀងរាល់ឆ្នាំ ប្រធានក្រុម និងសមាជិក៤នាក់ មកពីថ្នាក់ទី ៤ ៥ និងទី៦ ត្រូវបានជ្រើសរើសជាសមាជិកក្រុមពិគ្រោះយោបល់។

សកម្មភាពនេះបានផ្តល់ការគាំទ្របន្ថែមដល់សិស្សស្រីជាមិត្តរួមថ្នាក់ស្តីពីការមករដូវ ការរក្សាអនាម័យក្នុងពេលមករដូវ និងសុខភាពក្មេងស្រី ហើយក្រុមក៏បានរាយការណ៍ពីមតិយោបល់សំខាន់ៗដល់គ្រូបង្រៀនផងដែរ។ ចាប់តាំងពីការបង្កើតក្រុមនេះមក នាយិកាសាលា អ្នកគ្រូ ហ៊ឹម និយាយថា អត្រាបោះបង់ការសិក្សា និងអវត្តមានសិស្សបានធ្លាក់ចុះ។

អ្នកគ្រូបាននិយាយថា “ក្មេងស្រីអាចជួយគ្នាទៅវិញទៅមកតាមរយៈក្រុមពិគ្រោះយោបល់ ជាពិសេសនៅពេលពួកគេមករដូវ”។

សិស្សស្រីម្នាក់បាននិយាយថា “ប្រសិនបើក្មេងស្រីម្នាក់ឈឺក្បាល នាងប្រាកដជារៀនមិនកើតឡើយ។ ដូច្នេះ យើងជួយជូននាងទៅផ្ទះ និងជួយបង្រៀនអំពីកិច្ចការសាលានៅពេលក្រោយ។ ឥឡូវនេះ ក្មេងស្រីស្ទើរតែទាំងអស់អាចមករៀនបាន នៅពេលពួកគេមករដូវ”។

យូនីសេហ្វ កំពុងសហការជាមួយរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីតស៊ូមតិឲ្យដាក់បញ្ចូលការរក្សាអនាម័យក្នុងពេលមករដូវ ទៅក្នុងគោលការណ៍ណែនាំស្តីពីលក្ខខណ្ឌអប្បបរមាសម្រាប់កម្មវិធីទឹកស្អាត និងអនាម័យតាមសាលារៀន និងប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ (EMIS) ក៏ដូចជាកែសម្រួលកម្មវិធីសិក្សា និងគោលនយោបាយស្តីពីសុខភាពសិក្សា  ដោយផ្សព្វផ្សាយពីភាពជោគជ័យរបស់សាលាបឋមសិក្សាស្នោ ឃ្លៃ ដើម្បីយកទៅអនុវត្តនៅទូទាំងប្រទេស។

No comments:

Post a Comment