Tuesday, March 6, 2018

#វីរជនក្នុងវិស័យអប់រំ៖ ក្របខ័ណ្ឌអប់រំថ្មី ផ្លាស់ប្ដូរជាវិជ្ជមានដល់មន្រ្តីអប់រំ និងគុណភាពរៀនសូត្រសម្រាប់កុមារ

To read this post in English, click here.

ដោយ Sarah Cowley 


អ្នកគ្រូ តាប់ សាវី នាយិកាសាលាបឋមសិក្សាសាមគ្គីមានជ័យ
បានធ្វើការងារមិនខ្លាចនឿយហត់ដើម្បីកែប្រែសាលារៀននេះ
ពីកន្លែងភក់ជ្រាំគ្មានអ្នកណាចង់ទៅ "ឲ្យកា្លយជាសាលាគំរូបៃតង។
© UNICEF Cambodia/2017/Bona Khoy

ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ខែមីនា ឆ្នាំ២០១៨៖ ពេលយើងមកដល់សាលាបឋមសិក្សាសាមគ្គីមានជ័យ ក្នុងក្រុងប៉ោយប៉ែតនៅតាមបណ្ដោយព្រំដែន យើងបានទទួលស្វាគមន៍ដោយស្នាមញញឹមយ៉ាងកក់ក្ដៅ និងស្វាហាប់ ពីសំណាក់អ្នកគ្រូ តាប់ សាវី ដែលជានាយិកាសាលា។


អ្នកគ្រូ សាវី បាននាំយើងដើរមើលក្នុងសាលា ហើយយើងចាប់អារម្មណ៍ថាសាលានេះមានទីធ្លាបៃតង ស្ងប់ស្ងាត់ និងមានការរៀបចំបានយ៉ាងល្អ។

នៅក្នុងសាលាមានកន្លែងក្មេងលេងចំនួនពីរសម្រាប់ក្មេងអាយុខុសៗគ្នា និងមានសួនច្បារមានសណ្តាប់ធ្នាប់ និងបរិស្ថានស្អាតដោយមានការថែទាំយ៉ាងល្អ។

បរិស្ថាននេះគឺផ្ទុយគ្នាស្រឡះពីផ្លូវដីហុយទ្រលោម និងមានសំរាម ដែលយើងទើបតែដើរកាត់មុនចូលសាលា និងខុសពីស្ថានភាពរបស់សាលារៀននេះកាលពីប៉ុន្មានឆ្នាំមុន។

ការវាយតម្លៃការអប់រំដែលបានធ្វើកន្លងមក បានដាក់ពិន្ទុសាលាសាមគ្គីមានជ័យនេះថាជាសាលាមួយក្នុងចំណោមសាលាដែលសម្រេចបានលទ្ធផលទាបនៅក្នុងខេត្ត។

ក្រោយមក សាលារៀននេះត្រូវបានជ្រើសរើសជាសាលាគោលដៅនៃក្របខ័ណ្ឌកែលម្អសាលារៀនគំរូបែបថ្មី ដែលមានឈ្មោះថា សាលាគំរូក្នុងខេត្តគំរូ ។ [សូមចុចទីនេះដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសាលាគំរូក្នុងខេត្តគំរូ។]

អ្នកគ្រូ សាវី ធ្វើជានាយិកាសាលានេះអស់រយៈពេល៥ឆ្នាំ ហើយកាលពីមុនគាត់ក៏ជាគ្រូបង្រៀននៅក្នុងសាលារៀននេះផងដែរ។

គាត់បានប្រើគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួន ព័ត៌មានត្រឡប់បានពីសមាជិកសហគមន៍ បុគ្គលិក សិស្សានុសិស្ស ព្រមទាំងគោលការណ៍សាលាគំរូ ដើម្បីប្រែក្លាយមុខមាត់សាលារៀននេះឲ្យក្លាយជាសាលាគំរូ

ការប្ដេជ្ញាចិត្តយ៉ាងម៉ុតមាំរយៈពេលវែងរបស់អ្នកគ្រូ ដើម្បីកែលម្អបរិវេណសាលា និងផ្តល់សេវាអប់រំ ត្រូវបានស្ដែងចេញយ៉ាងច្បាស់។

ជាលទ្ធផល សាលាអាចផ្ដល់នូវការរៀនសូត្រប្រកបដោយគុណភាពខ្ពស់ដល់កុមារក្នុងមូលដ្ឋាន ជាមួយនឹងការផ្តោតអាទិភាពដល់កុមារក្រីក្រ ឬកុមាររស់នៅបែកពីឪពុកម្ដាយដោយសារការធ្វើចំណាកស្រុក

កម្មវិធីសាលាគំរូនេះ ជួយធ្វើឲ្យសាលារៀនមានគុណភាពប្រសើរជាងមុន តាមរយៈការពង្រឹងជំនាញរបស់មន្រ្តីអប់រំ ដោយជួយពួកគេកំណត់ចំណុចដៅឲ្យបានច្បាស់លាស់ និងដាក់ឲ្យអនុវត្តនូវវិធីសាស្ដ្រវាយតម្លៃ ដែលជួយសាលាឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពជាងមុន។

កម្មវិធីនេះត្រូវបានអនុវត្តនៅគ្រប់កម្រិតទាំងអស់ ដូចជាជាមួយ នាយកសាលា សិស្សានុសិស្ស មាតាបិតា និងសហគមន៍ រហូតដល់កម្រិតស្ថាប័នរបស់រដ្ឋាភិបាល។

កម្មវិធីនេះ កំពុងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា និងសហការយ៉ាងជិតស្និទជាមួយអង្គការមិនមែនរដ្ឋាភិបាលឈ្មោះ សេវាអ្នកស្ម័គ្រចិត្តក្រៅប្រទេស (VSO) តាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព (CDPF)។ មូលនិធិនេះមានគោលបំណងពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា។

CDPF គឺជាមូលនិធិភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) និងយូនីសេហ្វ ដែលបានចាប់ផ្ដើមក្នុងឆ្នាំ២០១១ ដោយសហការជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលដូចជា អង្គការ VSO និងអង្គការឃែរអន្តរជាតិ (CARE) ជាដើម។

តាមរយៈកម្មវិធីសាលាគំរូ អ្នកគ្រូ សាវី បានទទួលការបណ្ដុះបណ្ដាល និងការប្រឹក្សាយោបល់ ដែលរៀបចំជាពិសេសសម្រាប់នាយកសាលា ដើម្បីជួយពួកគេបង្កើនសមត្ថភាពគ្រប់គ្រងសាលាឲ្យកាន់តែប្រសើរ។

វិធីសាស្ត្របែបនេះក៏បានពង្រឹងទំនាក់ទំនងរវាងសាលា ជាមួយការិយាល័យអប់រំស្រុក និងមន្ទីរអប់រំខេត្តផងដែរ ហើយទំនាក់ទំនងល្អកាន់តែល្អបែបនេះ បានជួយកែលម្អសេវាអប់រំកាន់តែប្រសើរ។

តាមរយៈគំនិតផ្តួចផ្ដើមទាំងនេះ សាលាបឋមសិក្សាសាមគ្គីមានជ័យបានសម្រេចនូវលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។

ទីធ្លាសាលាបឋមសិក្សាសាមគ្គីមានជ័យស្អាត និងមានសណ្តាប់ធ្នាប់
©UNICEF Cambodia/2017/Bona Khoy

អ្នកគ្រូ សាវី បានបង្ហាញយើងនូវរូបថតសាលាកាលពីឆ្នាំ២០០៨ ដែលពេលនោះបរិវេណសាលា គឺជាវាលទំនាបដែលមានភក់ជាប្រចាំហើយងាយលិចទឹក ហើយមានពេលខ្លះទឹកលិចរហូតត្រឹមក្បាលជង្គង់ ដែលធ្វើឲ្យសិស្សមិនអាចមករៀនបាន។

បង្អួច និងទ្វារបន្ទប់រៀនគឺចំហ ដែលធ្វើឲ្យសិស្សងាយត្រូវខ្យល់ និងទឹកភ្លៀងសាចចូល នៅពេលមានភ្លៀងធ្លាក់នៅរដូវវស្សា និងទទួលរងកំដៅថ្ងៃដ៏ក្ដៅនៅរដូវប្រាំង។

ទីធ្លាសាលាក៏កខ្វក់ គ្មានសម្ភារសម្រាប់ក្មេងលេងឡើយ ហើយមានសំរាមរាយប៉ាយថែមទៀត។ លើសពីនេះ មាតាបិតាសិស្ស និងសហគមន៍មូលដ្ឋាន ក៏ពុំបានចូលរួមជាមួយសាលារៀនក្នុងសកម្មភាពនានាផងដែរ។

ជាមួយនឹងបរិយាកាសអវិជ្ជមានបែបនេះ វាមិនមែនជាការភ្ញាក់ផ្អើលនោះទេ ដែលក្នុងឆ្នាំ២០១០ មានកុមារត្រឹមតែ២០នាក់ប៉ុណ្ណោះ បានមករៀនក្នុងសាលានេះ។

អ្នកគ្រូ សាវី ដឹងថាគាត់ត្រូវធ្វើអ្វីម្យ៉ាង ដើម្បីឲ្យមានការផ្លាស់ប្ដូរវិជ្ជមានសម្រាប់កុមារនៅក្នុងសហគមន៍គាត់។

ការកែលម្អទី១ គឺត្រូវសង់ផ្លូវដើរក្រាលឥដ្ឋចាប់ពីច្រកចូលរហូតដល់បន្ទប់រៀន ដើម្បីឲ្យគ្រូ និងសិស្ស អាចដើរទៅថ្នាក់រៀននៅរដូវវស្សា ដោយសារសាលាងាយលិចលង់។

បន្ទាប់មក អ្នកគ្រូ សាវី បានកសាងទំនាក់ទំនងជាមួយសមាជិកសហគមន៍មូលដ្ឋាន ដោយគាត់បានអញ្ជើញពួកគេឲ្យមកទស្សនកិច្ចសាលាជាទៀងទាត់ ដើម្បីឲ្យពួកគេអាចមើលឃើញពីការលំបាកដែលសាលាកំពុងជួបប្រទះ។

ជាមួយនឹងការបង្កើនតម្លាភាព និងការចូលរួមរបស់សហគមន៍ អ្នកគ្រូ បានទទួលការបរិច្ចាគថវិកាមួយចំនួនសម្រាប់កែលម្អសាលា។

គាត់មានប្រសាសន៍ថា៖ “នៅពេលពួកគេឃើញសាលាត្រូវបានកែលម្អ ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេនិយាយថា គេមិនដែលគិតថាសាលា អាចមានស្ថានភាពដូចសព្វថ្ងៃឡើយ។”

បច្ចុប្បន្ន អ្នកគ្រូ សាវី តែងរៀបចំកិច្ចប្រជុំជាទៀងទាត់ជាមួយសមាជិកសហគមន៍ គ្រូបង្រៀន និងមាតាបិតាសិស្ស ដើម្បីប្រមូលគំនិតផ្លាស់ប្ដូរជាវិជ្ជមាន ដោយអ្នកគ្រូបានកត់ត្រាទុក និងយកទៅអនុវត្ត។

នេះគឺជាវិធីសាស្រ្តមួយ ក្នុងចំណោមវិធីសាស្រ្តជាច្រើនដែលគាត់ទទួលបានពីការបណ្ដុះបណ្ដាលក្នុងកម្មវិធីសាលាគំរូ កន្លងមក។ កម្មវិធីកែលម្អសាលារៀនបែបនេះ ជួយលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ ដូច្នេះសហគមន៍ទាំងមូលអាចជាចលករនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។

រាល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជួយកែប្រែគុណភាពរបស់សាលារៀន ហើយឥឡូវនេះសាលាមានសមត្ថភាពទទួលសិស្សរហូតដល់ ៤៥០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់ទី៦។

ការអភិវឌ្ឍដទៃទៀតរួមមាន៖ សកម្មភាពសហការគ្នារវាងសិស្ស និងគ្រូ ដូចជាសួនជីវចម្រុះដោយសិស្សមកពីតាមថ្នាក់ផ្សេងៗជាអ្នកដាំបន្លែ និងផ្កាចម្រុះ។

លើសពីនេះ ក៏មានបណ្ណាល័យចល័ត និងផ្ទះបាយចល័ត ដែលកុមារអាចរៀនសូត្រពីជំនាញបំណិនជីវិតសំខាន់ៗផងដែរ។ ផ្នែកមួយនៃទីធ្លាក្មេងលេង ត្រូវបានសាងសង់ដោយប្រើប្រាស់សម្ភារកែច្នៃពីសំរាម ដែលជាគំនិតផ្ដល់ដោយគ្រូឧទ្ទេសក្នុងកម្មវិធី សាលាគំរូ នេះ។

តាមរយៈការបណ្ដុះបណ្ដាល និងគោលការណ៍សាលាគំរូ បរិស្ថានក្នុងសាលាត្រូវបានកែលម្អឲ្យក្លាយជាសាលារៀនមួយដែលកុមារចង់មករៀន ជាលទ្ធផលមានការកើនឡើងយ៉ាងឆាប់រហ័សនូវការចុះឈ្មោះចូលរៀនរបស់កុមារ ហើយពួកគេនៅបន្តលេងកំសាន្ដក្នុងបរិវេណសួនកុមារនៅក្រៅម៉ោងសិក្សាផងដែរ។

អ្នកគ្រូ ហៀប សុធារី គ្រូបង្រៀននៅក្នុងសាលារៀននេះតាំងពីឆ្នាំ២០១១ បានមានប្រសាសន៍ថា៖ “កុមារចូលចិត្តសាលារៀននេះខ្លាំងណាស់ ជាពិសេសនៅពេលដែលពួកគេឃើញទីធ្លាសាលាស្អាត។”

សិស្សក៏ចូលចិត្តសាលារៀនក្រោមការដឹកនាំរបស់នាយិកា សាវីផងដែរ។ កុមារី គង់ វណ្ណា រៀនថ្នាក់ទី៦ ក្នុងសាលារៀននេះតាំងពីមត្តេយ្យសិក្សាមក បាននិយាយថា៖ “ខ្ញុំឃើញសាលាផ្លាស់ប្ដូរច្រើន ហើយខ្ញុំសប្បាយចិត្តពេលបានរៀននៅទីនេះ។”

មហិច្ឆតា និងការប្ដេជ្ញាចិត្តរបស់អ្នកគ្រូ សាវី បាននាំមកនូវការផ្លាស់ប្ដូរពិតប្រាកដ ប៉ុន្ដែគាត់មានសុបិនធំជាងនេះ។

គាត់មានបំណងពង្រីកសាលារៀននេះ ដើម្បីឲ្យកុមារកាន់តែច្រើននាក់ អាចទទួលបានសិទ្ធិជាមូលដ្ឋានរបស់ពួកគេក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងធ្វើយ៉ាងណាឲ្យសាលាបឋមសិក្សាសាមគ្គីមានជ័យ ក្លាយជាសាលាគំរូ ក្រោមគោលការណ៍កម្មវិធីសាលាគំរូ

គាត់មានប្រសាសន៍ថា៖ “ខ្ញុំនៅមានក្ដីសុបិនធំៗជាច្រើន ដូច្នេះយើងនឹងមិនឈប់ត្រឹមនេះទេ។ បើទោះជាការងារយើងដំណើរការទៅមុខយឺតយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្ដធ្វើការងារនោះជានិច្ច។”

No comments:

Post a Comment