Thursday, March 29, 2018

វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ឆ្លើយតបនឹងកង្វះសារធាតុអ៊ីយ៉ូដក្នុងអំបិល

To read this article in English, click here

ដោយ អ៊ុន សំអឿន និង Arnaud Laillou

លោក វណ្ណៈ និងកូនប្រុសរបស់គាត់កំពុងកាន់កញ្ចប់​អំបិល​ថ្មី​
បន្ទាប់​ពីការធ្វើតេស្ត៍លើការផលិតអំបិលប្រចាំថ្ងៃរបស់ខ្លួនរួចមក
©UNICEF Cambodia/Laillou

ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ខែកក្តដា ឆ្នាំ២០១៧ – ផលវិបាកនៃអាហារកង្វះសារធាតុអ៊ីយ៉ូដក្នុងចំណីអាហារ ត្រូវបានគេដឹងច្បាស់ជាទូទៅនៅក្នុងប្រទេសកម្ពុជា។ ការទទួលយកជាតិអ៊ីយ៉ូដ គ្រប់គ្រាន់ក្នុងកំឡុងពេលមានផ្ទៃពោះ ពេលបំបៅដោះកូន និងពេលកុមារនៅវ័យតូច គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍខួរក្បាលដ៏ល្អបំផុតសម្រាប់ទារកក្នុងផ្ទៃ និងសម្រាប់កុមារអាយុពី៦ខែដល់ ២ឆ្នាំ។


ការមិនបានទទួលសារធាតុអ៊ីយ៉ូដឲ្យបានគ្រប់គ្រាន់ អាចនាំឲ្យទៅរកពិការភាពសតិបញ្ញា និងជំងឺពកក។ បើទោះបីប្រទេសកម្ពុជា សម្រេចបានតាមគោលដៅបញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិលជាទូទៅនៅក្នុងឆ្នាំ ២០១០ ក៏ដោយ ស្ថានភាពនេះបានដើរថយក្រោយក្នុងកម្រិតគួរឲ្យព្រួយបារម្ភ។

ការវិភាគថ្មីមួយដឹកនាំដោយរដ្ឋាភិបាលនាពេលថ្មីៗនេះ បានបង្ហាញថា ក្នុងចំណោមសំណាកគំរូអំបិលចំនួន១០មុខ ដែលបានប្រមូលពីទីផ្សារក្នុងប្រទេសកម្ពុជាមកធ្វើតេស្ត មានសំណាកគំរូអំបិលតែ១មុខប៉ុណ្ណោះ មានសារធាតុអ៊ីយ៉ូដក្នុងបរិមាណគ្រប់គ្រាន់។

ការវិភាគក៏បង្ហាញផងដែរថា ស្ត្រីមានផ្ទៃពោះនិងស្ត្រីពុំមានផ្ទៃពោះ ប្រមាណជា ៣០% មានកំហាប់សារធាតុអ៊ីយ៉ូដក្នុងទឹកនោមទាបជាង ៥០µg ក្នុងមួយលីត្រ ដែលនេះជាកម្រិតអប្បបរមា។ កត្តានេះធ្វើឲ្យកុមារប្រឈមនឹងការបាត់បង់ IQ រហូតដល់១៣ពិន្ទុ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍពេញមួយជីវិតរបស់ពួកគេ។ បញ្ហានេះក៏ធ្វើឲ្យប៉ះពាល់ដល់គោលដៅជាតិ ក្នុងការបង្កើនគុណភាពអប់រំរបស់ប្រជាពលរដ្ឋផងដែរ។

ដោយហេតុនេះ វាចាំបាច់ណាស់ត្រូវមានយុទ្ធសាស្រ្តថ្មីៗ ដើម្បីឆ្លើយតបចំពោះវិបត្តិសុខភាពសាធារណៈដ៏ស្រួចស្រាវនេះ ក៏ដូចជា ដើម្បីបង្កើនការញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិលនៅប្រទេសកម្ពុជា។

យូនីសេហ្វកម្ពុជា មានការប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីសម្រេចនូវការបញ្ចូលសារធាតុអ៊ីយ៉ូដក្នុងអំបិលទូទៅ ដោយការងារនេះបានចាប់ផ្តើមតាំងពីទស្សវត្សរ៍២០០០ មកម្ល៉េះ។ ដោយសារស្ថានភាពកាន់តែអាក្រក់ទៅៗ កាលពីខែឧសភា ឆ្នាំ២០១៦ យូនីសេហ្វ បានគាំទ្រទីប្រឹក្សាអន្តរជាតិម្នាក់ ឲ្យមកសហការ ជាមួយអនុគណៈកម្មការជាតិគ្រប់គ្រងបញ្ហាកង្វះសារធាតុអ៊ីយ៉ូដរបស់ប្រទេសកម្ពុជា ដើម្បីវិភាគពីបញ្ហាប្រឈមទាំងនេះ និងរៀបចំគោលការណ៍ណែនាំស្តីពីការផលិត ការពិនិត្យតាមដាន ការត្រួតពិនិត្យ  និងធានាគុណភាព។

ដំណោះស្រាយមួយ ដែលត្រូវបានស្នើឡើង គឺការប្រើប្រាស់ នូវឧបករណ៍តូចមួយឈ្មោះ “នីមបល (Nimble)” ជាម៉ាស៊ីនបញ្ចូលសារធាតុអ៊ីយ៉ូដ ដែលផលិតឡើងសម្រាប់អ្នកផលិតអំបិលខ្នាតតូច និងខ្នាតមធ្យម។ “ ឧបករណ៍នីមបលនេះ ត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់នៅតាមតំបន់ពុំមានអគ្គីសនីប្រើប្រាស់ ជាពិសេសសម្រាប់អ្នកដែលមានបំណងបញ្ចូលសារធាតុអ៊ីយ៉ូដក្នុងអំបិលក្នុងបរិមាណតិចតួចជាប្រចាំ ដើម្បីបំពេញទៅតាមតម្រូវការសហគមន៍មូលដ្ឋានរបស់ពួកគេ។” នេះបើតាមការលើកឡើងរបស់លោក Lorenzo Locatteli-Rossi ដែលជាស្ថាបនិកម្នាក់របស់ម៉ាស៊ីននេះ។ លក្ខណៈវិនិច្ឆ័យនេះ គឺសមស្របបំផុតសម្រាប់អ្នកផលិតអំបិលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលផលិតអំបិលក្នុងទ្រង់ទ្រាយតូចនៅតាមតំបន់ដាច់ស្រយាល ហើយកំពុងជួបការលំបាកលើតម្លៃថ្លៃនៃបណ្តាញអគ្គីសនី។

ជាមួយការគាំទ្រថវិកាពី USAID យូនីសេហ្វ អាចវិនិយោគលើម៉ាស៊ីននីមបលនេះចំនួន៦គ្រឿងហើយបានលក់ទៅឲ្យអ្នកស្ងោរអំបិលនៅតាមមូលដ្ឋាន ឬអ្នកវេចខ្ចប់អំបិល តាមរយៈក្រសួងផែនការ។ អ្នកទិញ កំពុងទូទាត់ឲ្យក្រសួងផែនការវិញ តាមរយៈការបង់រំលួសប្រចាំខែ។

 អ្នកស្ងោរអំបិលម្នាក់ ដែលវិនិយោគលើឧបករណ៍នេះគឺ លោក តេង វណ្ណៈ នៅភូមិកណ្តុរដុំ ក្នុងខេត្តកំពង់ស្ពឺ។ លោកពន្យល់ថា “ខ្ញុំផលិតអំបិលស្ងោរពី ៨០០ ទៅ ១០០០ គីឡូក្រាម សម្រាប់លក់ ដោយក្នុង១គីឡូ លក់បានពី ៧៥០ ទៅ ៨០០ រៀល(0,២០ ដុល្លារ)។

“ខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិល ហើយខ្ញុំក៏ពេញចិត្តនឹងឧបករណ៍ថ្មីនេះ ដោយសារតែឧបករណ៍របស់ខ្ញុំឡើងច្រេះចាប់ និងចាស់ប្រើការលែងកើតទៅហើយ។ គម្រោងនេះផ្តល់លទ្ធភាពឲ្យខ្ញុំអាចទិញឧបករណ៍ថ្មីនេះ និងទូទាត់សងវិញជាប្រចាំខែ។ ឧបករណ៍នេះ ក៏ងាយស្រួលប្រើប្រាស់ ហើយខ្ញុំក៏អាចផលិតអំបិលកាន់តែច្រើនជាងមុនផងដែរ”។

ឧបករណ៍នីមបល  និងស្ថាបនិកម្នាក់។
 Lorenzo Locatteli-Rossi; ©UNICEF Cambodia/Laillou

យូនីសេហ្វ ក៏ចែកកញ្ចប់ធ្វើតេស្តត្រួតពិនិត្យគុណភាព ដើម្បីឲ្យអ្នកផលិតអាចធ្វើការតាមដានគុណភាពអំបិលដែលខ្លួនលក់ជាប្រចាំថ្ងៃផងដែរ។ 

លោក វណ្ណៈ ពន្យល់ថា “ទៅតាមការស្នើសុំរបស់ក្រសួងឧស្សាហកម្ម ខ្ញុំបានផ្លាស់ប្តូររបៀបវេចខ្ចប់របស់ខ្ញុំ ដូច្នេះអំបិលម៉ាកតោពីរ ដែលជាម៉ាកយីហោរបស់ខ្ញុំ ត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោ ដែលមានគុណភាពអាចជឿទុកចិត្តបាន។ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងជួយផ្សព្វផ្សាយឲ្យក្រុមហ៊ុននានា ដែលកំពុងអនុវត្តតាមកម្មវិធីនេះដូចជាក្រុមហ៊ុនរបស់ខ្ញុំដោយកំពុងគោរពទៅតាមបទដ្ឋានស្តីពីការបញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិល។ ជាការសំខាន់ណាស់ ដែលយើងត្រូវលុបបំបាត់អ្នកផលិតមិនត្រឹមត្រូវចោល។”

លោក កុយ រិទ្ធីយ៉ា ជាអាជីវករវេចខ្ចប់អំបិលនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏បានដឹងពីបញ្ហាប្រឈមពាក់ព័ន្ធជាមួយនឹងការបញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិល នៅប្រទេសកម្ពុជាផងដែរ។ គាត់ពឹងផ្អែកទៅលើការទិញអំបិលពីអ្នកស្ងោរអំបិល និងសហគមន៍បញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិល ក្នុងខេត្តកំពត និងខេត្តកែប ដែលគាត់សង្កេតឃើញថា គុណភាពអំបិលបន្តធ្លាក់ចុះជាបន្តបន្ទាប់។ ពីមុនគាត់បានបញ្ចូលសារធាតុអ៊ីយ៉ូដដោយដៃមួយ តាមរយៈការ បាញ់សារធាតុអ៊ីយ៉ូដទៅក្នុងអំបិល មុនពេលវេចខ្ចប់។ ប៉ុន្តេកាលពីដើមឆ្នាំ ២០១៧ គាត់បានទិញឧបករណ៍នីមបលនេះ ដោយប្រើប្រាស់មូលនិធិវិលជុំរបស់យូនីសេហ្វ និងក្រសួងផែនការ។

លោក រិទ្ធីយ៉ា មានប្រសាសន៍ថា “រាជរដ្ឋាភិបាលបានប្រាប់ខ្ញុំថា ការអនុវត្តរបស់ខ្ញុំនេះ មិនសមស្របសម្រាប់ការចុះបញ្ជី នាពេលអនាគតឡើយ ដូច្នេះខ្ញុំបានសម្រេចចិត្តវិនិយោគលើឧបករណ៍នីមបលនេះ។ លទ្ធភាពបង់រំលួសប្រចាំខែ គឺជាការលើកទឹកចិត្តដ៏មានប្រយោជន៍យ៉ាងខ្លាំង។ ខ្ញុំបានធ្វើការកែសម្រួលម៉ាស៊ីននីមបលនេះតិចតួចបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តណាស់ជាមួយនឹងឧបករណ៍ថ្មីដែលយូនីសេហ្វកំពុងផ្សព្វផ្សាយជំរុញឲ្យប្រើប្រាស់នេះ។ ឥឡូវនេះ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ ដើម្បីឲ្យអ្នកផលិតអំបិលទាំងអស់អាចផ្គត់ផ្គង់អំបិលក្នុងកម្រិតស្តង់ដារដូចៗគ្នា”។

យូនីសេហ្វ និងក្រសួងពាក់ព័ន្ធ ក៏កំពុងធ្វើការងាររួមគ្នា ដើម្បីរៀបចំជាដំណើរការផ្តល់វិញ្ញាបនបត្រឲ្យបានកាន់តែសមស្រប ជូនដល់អាជីវករផលិតអំបិល និងអ្នកវេចខ្ចប់អំបិល ដើម្បីធានាឲ្យមានការប្រកួតប្រជែងគ្នាដោយស្មើភាព។ ឯកឧត្តម ចម ប្រសិដ្ឋ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបន្តបង្ហាញពីការគាំទ្ររបស់ឯកឧត្តម តាមរយៈការចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ជាតិជាមួយអាជីវករផលិតអំបិលកាលពីចុងឆ្នាំ២០១៦។ ឯកឧត្តមបានបញ្ជាក់ថា ស្ថានភាពកង្វះសារធាតុអ៊ីយ៉ូដនៅកម្ពុជា មានសភាពធ្ងន់ធ្ងរ និងកើតឡើងម្តងហើយម្តងទៀត បើទោះបីជាមានការខិតខំធ្វើការងារនេះជាច្រើនឆ្នាំក៏ដោយ។ នាពេលអនាគត រាជរដ្ឋាភិបាលនឹងជំនះដោះស្រាយនូវ ចំណុចខ្វះខាតទាំងនោះ  ហើយត្រូវលុបបំបាត់បញ្ហាកង្វះសារធាតុអ៊ីយ៉ូដនេះឲ្យបាន។

ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិជាច្រើនរបស់យូនីសេហ្វ ដូចជានៅប្រទេសកូរ៉េ កាណាដា និងហុងកុង និងជាពិសេសជាមួយការគាំទ្ររបស់ USAID យូនីសេហ្វបានចាប់ផ្តើមការងារបញ្ចូលសារធាតុ អ៊ីយ៉ូដទៅក្នុងអំបិលដ៏មានសារៈសំខាន់របស់ខ្លួនឡើងវិញតាមរយៈកិច្ចសហការជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ផ្លូវដែលត្រូវដើរទៅមុខទៀតពិតជានៅវែងឆ្ងាយ ប៉ុន្តែជាមួយនឹងគំនិតច្នៃប្រឌិតសាមញ្ញៗ ដូចជាឧបករណ៍នីមបលនេះជាដើម យូនីសេហ្វអាចបន្តការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួនក្នុងការសម្រេចឲ្យបាននូវគោលដៅនៃការបញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិលទូទៅ ដើម្បីការពារជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែច្រើននាក់ ពីផលលំបាកមិនចាំបាច់នានាដែលបង្គដោយកង្វះសារធាតុអ៊ីយ៉ូដ។

តំណាងយូនីសេហ្វ ប្រចាំប្រទេសកម្ពុជាលោកស្រី  Debora Comini 
និងទេសរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម​និងសិប្បកម្ម 
លោក ចម ប្រសិដ្ឋ កំពុងពិភាក្សាពីយុទ្ធ​សាស្រ្ត 
ដើម្បី​ឆ្លើយតបចំពោះបញ្ហាកង្វះសារធាតុអ៊ីយ៉ូដ​ក្នុងអំបិល 
©UNICEF Cambodia/Laillou


អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយ កាលពីពេលថ្មីៗអំពីបញ្ហាកង្វះសារធាតុអ៊ីយ៉ូដ នៅក្នុងប្រទេសកម្ពុជា

VOA: http://www.voanews.com/a/salt-iodization-cambodia-public-health/3801896.html 
New York Times: https://www.nytimes.com/2017/05/15/health/tsunami-japan-cambodia-iodine-defiency.html?smid=tw-nytimes&smtyp=cur 

No comments:

Post a Comment