Thursday, March 1, 2018

វិធីសាស្ត្រថ្មី ដើម្បីផ្លាស់ប្ដូរជាវិជ្ជមានចំពោះសាលារៀនដែលសម្រេចបានលទ្ធផលទាប

To read this post in English, click here

ដោយ  Sarah Cowley 

កុមារចូលចិត្តអានសៀវភៅ នៅឯបណ្ណាល័យចល័តរបស់សាលា
©UNICEF Cambodia/2017/Bona Khoy

ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ខែមីនា ឆ្នាំ២០១៨៖ ការទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ មានសារៈសំខាន់យ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់កុមារគ្រប់រូប ហើយដើម្បីធ្វើបែបនេះបាន អ្នកឯកទេសវិស័យអប់រំ កំពុងនាំយកនូវសមាសភាពមួយនៃគោលគំនិត "សាលាគំរូក្នុងខេត្តគំរូ" ទៅអនុវត្តនៅតាមសាលារៀនដែលសម្រេចបានលទ្ធផលទាប។


មន្រ្តីអប់រំក្នុងខេត្តបន្ទាយមានជ័យ កំពុងធ្វើការងារជាមួយកម្មវិធីកែលម្អសាលារៀនថ្មីមួយ ដែលមានឈ្មោះថា សាលាគំរូក្នុងខេត្តគំរូ ដែលគាំទ្រគ្រឹះស្ថានសិក្សាឲ្យ ដំណើរការប្រកបដោយសមត្ថភាពខ្ពស់បំផុត ដើម្បីអាចផ្ដល់ឱកាសរៀនសូត្រល្អបំផុតដល់កុមារ។

ការគាំទ្រនេះទទួលបានការគាំទ្រពីអង្គការសេវាអ្នកស្ម័គ្រចិត្តនៅក្រៅប្រទេស (VSO) និងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព (CDPF) ដែលត្រូវបានអនុវត្តក្នុងគោលបំណងពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា។ CDPF គឺជាមូលនិធិដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប និង​ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) និងយូនីសេហ្វ ដែលចាប់ផ្ដើមក្នុងឆ្នាំ២០១១ ដោយ   សហការជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលដូចជា អង្គការ VSO និង អង្គការឃែរអន្តរជាតិ (CARE) ជាដើម។

គោលការណ៍គន្លឹះ៤នៃកម្មវិធីសាលាគំរូគឺ សិស្សរីករាយរៀនសូត្រ គ្រូពេញចិត្តបង្រៀន នាយកសាលារីករាយដឹកនាំ និងគ្រប់គ្រង ហើយមាតាបិតាសិស្ស និងសហគមន៍ចូលរួមផ្ដល់ការគាំទ្រយ៉ាងសកម្មដល់សាលា។

កម្មវិធីសាលាគំរូ មានគោលបំណងកសាងសមត្ថភាពមន្រ្តីអប់រំ និងបុគ្គលិកដែលកំពុងបំពេញការងារ ក្នុងការិយាល័យអប់រំស្រុក និងមន្ទីរអប់រំខេត្ត តាមរយៈការបណ្ដុះបណ្ដាល ការផ្តល់ប្រឹក្សាផ្ទាល់ និងការកែលម្អសម្ភាររូបវន្តក្នុងសាលារៀន ដើម្បីឲ្យការផ្ដល់សេវាអប់រំកាន់តែល្អប្រសើរជាងមុន។

នេះគឺជាអន្តរាគមន៍គោលនយោបាយដ៏សំខាន់មួយ បន្ទាប់ពីមានការវាយតម្លៃសាលារៀនធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយមន្ត្រីអប់រំក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញថា នៅក្នុងខេត្តនេះមានសាលារៀនសម្រេចបានលទ្ធផលទាបចំនួន១១៧។

ការវាយតម្លៃនេះបានរកឃើញពីអត្រាចូលរៀនទាប ការបណ្ដុះបណ្ដាលគ្រូមិនគ្រប់គ្រាន់ បុគ្គលិកខ្វះទឹកចិត្តធ្វើការងារ សម្ភាររូបវន្តនៅក្នុងសាលារៀននៅមានភាពអន់ថយ បញ្ហាបរិស្ថាន និងការខ្វះរចនាសម្ព័ន្ធគាំទ្រនៅថ្នាក់ស្រុក ដូចជាធនធានសម្រាប់កែលម្អសាលារៀននៅមានកម្រិតជាដើម។

ផលវិបាកដែលមិនអាចចៀសរួចបង្កដោយបញ្ហាទាំងនេះគឺ សាលារៀនសម្រេចបានលទ្ធផលទាប ដោយសិស្សមករៀនមានចំនួនតិច និងការផ្ដល់សេវាអប់រំពុំបានគ្រប់គ្រាន់។

ក្នុងចំណោមសាលារៀនដែលសម្រេចបានលទ្ធផលទាបទាំង១១៧ ក្នុងខេត្តបន្ទាយមានជ័យ មានសាលារៀនចំនួន៣៣ ត្រូវបានជ្រើសរើសដើម្បីកែលម្អក្នុងកម្មវិធីសាលារៀនគំរូនេះ។

លោក Ramil Sanchez បុគ្គលិកអង្គការ VSO បានផ្ដួចផ្ដើមអនុវត្តកម្មវិធីនេះ ដោយមានការគាំទ្រពេញទំហឹងពីមន្ទីរអប់រំខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៧។ កម្មវិធីសាលាគំរូ ត្រូវការធាតុចូលរួមគ្នាពីមន្ត្រីអប់រំខេត្ត នាយកសាលា និងសហគមន៍ទាំងមូល ទើបអាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព។

លោក Sanchez មានប្រសាសន៍ថា៖ "គោលបំណងជាបឋម គឺធានាយ៉ាងណាឲ្យសម្រេចបាននូវគោលការណ៍គន្លឹះទាំង៤នេះសិន ព្រោះវាជាមូលដ្ឋានគ្រឹះដើម្បីឲ្យសាលារៀនក្លាយជាកន្លែងដែលផ្ដល់នូវភាពសប្បាយរីករាយ និងសុខភាពល្អ និងធ្វើឲ្យកុមារចង់មករៀន។ អភិបាលកិច្ចល្អ គឺជាគន្លឹះ ដើម្បីសម្រេចគោលការណ៍ទាំងនេះ ដូច្នេះវាជាការសំខាន់ណាស់ ដែលត្រូវជួយកសាងទំនុកចិត្តរបស់ សាលា និងគាំទ្រឲ្យពួកគាត់មានការប្ដេជ្ញាចិត្តខ្ពស់។

ដើម្បីសម្រេចបានគោលដៅនេះ កន្លងមកមានការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីអប់រំខេត្ត មន្ត្រីអប់រំស្រុក និងនាយកសាលា ចាប់តាំងពីកម្មវិធីសាលាគំរូនេះប្រកាសឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៧។ ដំបូងឡើយការគាំទ្រនេះរួមមាន ការផ្ដល់ការបណ្ដុះបណ្ដាល ការចុះបង្ហាត់បង្ហាញនិងណែនាំរយៈពេល៥ខែ ដើម្បីបង្កើនចំណេះដឹងអំពីទ្រឹស្ដី និងពិសោធន៍ល្អៗជុំវិញវិស័យចំនួន៥ នៃការដឹកនាំ និងគ្រប់គ្រងសាលារៀន ដែលរួមមាន ការរៀបចំផែនការដើម្បីសម្រេចលទ្ធផល ការពិនិត្យតាមដាន និងការវាយតម្លៃ គណនេយ្យភាពសង្គម និងការដាក់អាទិភាពលើចំណាយថវិកា។

គោលបំណងសំខាន់ គឺធានាយ៉ាងណាឲ្យអ្នកចូលរួមអាចទទួលបានចំណេះដឹងកាន់តែប្រសើរ និងរៀនសូត្រពីពិសោធន៍ល្អៗ ដើម្បីយកទៅកែលម្អសេវាអប់រំនៅកន្លែងការងារពួកគេ។ ដើម្បីគាំទ្រពួកគាត់ឲ្យសម្រេចគោលដៅនេះ ទស្សនកិច្ចសិក្សាត្រូវបានរៀបចំសម្រាប់មន្រ្តីអប់រំទាំងនេះ ទៅកាន់សាលាបឋមសិក្សាវត្តបូព៌ ក្នុងខេត្តសៀមរាប និងសាលាជំនាន់ថ្មី ក្នុងខេត្តកំពង់ចាម ដែលសុទ្ធតែជាសាលាគំរូ កំពុងដំណើរដោយសមត្ថភាពខ្ពស់។

គោលការណ៍សាលាគំរូនេះ បានតម្រង់ទិសគណៈគ្រប់គ្រងសាលារៀនឲ្យត្រឡប់ទៅរកមូលដ្ឋានភាពនៃការអប់រំវិញ ដើម្បីធានាឲ្យមន្រ្តីអប់រំកែលម្អសមត្ថភាពគ្រប់គ្រងសាលារៀនជាមុនសិន ទើបអាចឈានទៅផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជាងមុនបាន។

ឧទាហរណ៍សាមញ្ញមួយគឺ ការធ្វើឲ្យបរិវេណសាលារៀនស្អាត ដើម្បីឲ្យកុមារអាចរៀនសូត្រ ក្នុងបរិស្ថានមួយដែលនាំមកនូវសុខភាពល្អ។

កុមារីអាយុ៣ឆ្នាំ កំពុងលេងនៅក្នុងកន្លែងក្មេងលេងកម្សាន្ត។ បរិក្ខារទាំងអស់ត្រូវបានរៀបចំដោយគណៈកម្មការសាលា ដែលធ្វើការពោរពេញដោយភាពច្នៃប្រឌិត និងការតាំងចិត្ត។
© UNICEF Cambodia/2017/Bona Khoy

លោក ចែម សំបូរ ប្រធានការិយាល័យអប់រំស្រុកបានមានប្រសាសន៍ថា៖ "យើងបានរៀនសូត្រច្រើនណាស់ពីដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធ [ទៅកាន់សាលាបឋមសិក្សាវត្តបូព៌ ក្នុងខេត្តសៀមរាប] ឧទាហរណ៍ដូចជា ការប្រើប្រាស់ជ័រផ្លាស្ទិកឡើងវិញ និងការរៀបចំកន្លែងទុកដាក់សំរាមឲ្យបានត្រឹមត្រូវជាដើម។

ឥឡូវនេះ យើងលើកទឹកចិត្តឲ្យអ្នកលក់ដូរចំណីក្នុងសាលាលែងលក់ទំនិញក្នុងថង់ផ្លាស្ទិក ដាក់ឲ្យមាន ធុងសំរាម និងរៀបចំកន្លែងទុកដាក់សំរាមសម្រាប់ពួកគេ។ ប្រការនេះអាចជួយរក្សាបរិស្ថានសាលាឲ្យស្អាត ហើយគ្រប់គ្នានៅក្នុងសាលាកាន់តែសប្បាយរីករាយជាងមុន។"​

បញ្ហាមួយ ក្នុងចំណោមបញ្ហាធំនានានៅក្នុងខេត្តនេះ គឺការដាច់ទំនាក់ទំនងរវាងសាលារៀន និងការិយាល័យអប់រំស្រុក ដែលធ្វើឲ្យនាយកសាលាខ្វះសាមគ្គីភាព និងពុំបានទទួលការគាំទ្រ និងឧបករណ៍ចាំបាច់នានា ដែលពួកគេអាចយកមកប្រើប្រាស់នៅពេលជួបបញ្ហា។

ដើម្បីជម្នះឧបសគ្គនេះ មន្ទីរអប់រំបានបង្កើតក្រុម Facebook Group សម្រាប់ជជែកពិភាក្សាគ្នា។ ក្រុម Facebook នេះបានធ្វើឲ្យមានទំនាក់ទំនង និងកិច្ចសន្ទនារវាងគ្នាដែលមិនធ្លាប់មានកន្លងមក។

លោក Sanchez មានប្រសាសន៍ថា "Facebook Group នេះ គឺជាបណ្ដាញផ្ដល់ការគាំទ្រដល់នាយកសាលា ហើយវាពិតជាបានផ្ដល់នូវការជំរុញទឹកចិត្តរវាងគ្នាជាច្រើន"។

“គេអាចចែករំលែកព័ត៌មានពីវគ្គបណ្ដុះបណ្ដាល និងព័ត៌មានផ្សេងទៀត ដូចជារូបថតជាដើមក្នុងក្រុមជជែកពិភាក្សានេះ។ វាបានជួយកសាងបណ្ដាញ និងទំនាក់ទំនងដ៏រឹងមាំជាមួយគ្រប់គ្នា ដែលចូលរួមក្នុងបណ្ដាញនេះ។ វាបានបង្ហាញយ៉ាងច្បាស់ថា ក្រុមនេះបានជួយកសាងសមត្ថភាព និងបង្កើនទំនុកចិត្តផងដែរ។”

លោក   Sanchez បានបន្ថែមទៀតថា៖ "អ្នកពិតជាអាចមើលឃើញពីការប្ដេជ្ញាចិត្តរបស់នាយកសាលានៅក្នុងក្រុមជជែកពិភាក្សានេះ"។

កិច្ចពិភាក្សាគ្នាបែបនេះ ក៏ផ្ដល់នូវការលើកទឹកចិត្តផងដែរ ដោយសារសាលារៀនអាចចែករំលែកភាពរីកចម្រើន និងគំនិតយោបល់នានា ហើយភាគីពាក់ព័ន្ធអាចទទួលបានព័ត៌មានថ្មីៗអំពីកិច្ចប្រជុំ និងព័ត៌មានដទៃទៀត។ កត្តានេះបានជួយឲ្យសាលារៀនដែលសម្រេចបានលទ្ធផលទាបទាំង៣៣ អាច កែលម្អក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ដែលជារយៈពេលអនុវត្តកម្មវិធីសាលាគំរូនេះ។

ការកសាងសមត្ថភាព និងទំនុកចិត្តរបស់នាយកសាលា ក៏បានជួយឲ្យពួកគេអនុវត្តវិធីសាស្រ្តប្រសើរជាងមុននៅក្នុងសាលារៀនពួកគេ កែលម្អសម្ភាររូបវន្ត និងធ្វើឲ្យការរៀនសូត្ររបស់សិស្សទទួលបាន លទ្ធផលល្អប្រសើរជាងមុន។

លោក ចែម សំបូរ ប្រធានការិយាល័យអប់រំស្រុក បានមានប្រសាសន៍ថា៖ "បន្ទាប់ពីវគ្គបណ្ដុះបណ្ដាល និងការប្រឹក្សាយោបល់ពីមន្ទីរអប់រំ និងអង្គការ VSO និងជាពិសេសអំពីភាពនៃការដឹកនាំ ខ្ញុំទទួលបានការលើកទឹកចិត្តយ៉ាងច្រើន និងបានធ្វើការផ្លាស់ប្ដូរនៅក្នុងការិយាល័យខ្ញុំ។ ការប្រាស្រ័យទាក់ទងមានភាពល្អប្រសើរជាងមុន គ្រប់គ្នាសប្បាយរីករាយ និងមានទឹកចិត្តបំពេញការងារ។"

ពាក់ព័ន្ធនឹងកម្មវិធីសាលាគំរូវិញ គាត់មានប្រសាសន៍ថា៖ "ក្នុងចំណោមសាលារៀនគោលដៅទាំង ១៧ នៅក្នុងស្រុកនេះ សាលារៀនទាំងអស់សុទ្ធតែមានការរីកចម្រើន។ បរិស្ថានក្នុងសាលារៀនស្អាតជាងមុន ហើយគ្រូបង្កើនការយកចិត្តទុកដាក់បង្រៀន ជាពិសេសនាយកសាលាតែម្ដង។"

សាលាបឋមសិក្សាសាមគ្គីមានជ័យ ក្នុងក្រុងប៉ោយប៉ែត ដែលស្ថិតនៅតាមបណ្ដោយព្រំដែន គឺជាសាលាដែលគេអាចមើលឃើញយ៉ាងច្បាស់អំពីលទ្ធផលបានពីកម្មវិធីសាលាគំរូ។ បរិស្ថានសាលាត្រូវបានកែលម្អឲ្យកាន់តែល្អប្រសើរជាងមុន តាមរយៈការបង្កើតឲ្យមានសួនបន្លែ បណ្ណាល័យចល័ត និងកន្លែងក្មេងលេងកំសាន្តសង់ពីសំរាមកែច្នៃឡើងវិញ។ ការកែលម្អផ្សេងទៀតរួមមាន របៀបបង្រៀនថ្មី ដូចជាថ្នាក់ចម្អិនអាហារ និងកិច្ចប្រជុំរវាងគ្រូ និងសហគមន៍ ដើម្បីពិភាក្សាអំពីរបៀបកែលម្អ ការផ្ដល់សេវាអប់រំឲ្យកាន់តែល្អប្រសើរ។

ជាលទ្ធផល អត្រាចូលរៀនរបស់សិស្សមានការកើនឡើង ហើយឥឡូវនេះ សិស្សក្នុងសាលារៀននេះ សុទ្ធតែមានចិត្តចង់រៀនសូត្រ ដោយសារតែបរិយាកាសសាលាមានភាពទាក់ទាញ។

ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីកម្មវិធីសាលាគំរូ ដើម្បីឲ្យមានការអនុវត្តកម្មវិធីនេះក្នុងទ្រង់ទ្រាយធំនៅសាលាដទៃ បច្ចុប្បន្នសៀវភៅមគ្គុទេសក៍ស្ដីពីការអនុវត្តកម្មវិធីសាលាគំរូ សម្រាប់មន្ត្រីអប់រំ កំពុងត្រូវបានបង្កើតទ្បើង។

គេសង្ឃឹមថា រាល់សាលារៀនដែលសម្រេចបានលទ្ធផលទាបក្នុងខេត្តបន្ទាយមានជ័យ នឹងត្រូវកែប្រែឲ្យក្លាយជាសាលាគំរូត្រឹមឆ្នាំ២០២១។ កម្មវិធីនេះ នឹងត្រូវពង្រីកការអនុវត្តនៅទូទាំងប្រទេស ដើម្បីឲ្យកុមារនៅកម្ពុជាទាំងអស់ ដែលកំពុងរៀនសូត្រក្នុងសាលារៀនសម្រេចបានលទ្ធផលទាប អាចរៀនសូត្របានក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព សន្តិសុខ និងមានបរិក្ខារសមស្រប៕

No comments:

Post a Comment