Wednesday, February 28, 2018

អនុភាពនៃគំនិតវិជ្ជមាន៖ ការដាក់វិន័យបែបវិជ្ជមាន ជួយលើកកម្ពស់សាលារៀនជនបទនៅកម្ពុជាឲ្យប្រសើរទ្បើង

To read this post in English, click here

ដោយ Shruti Gogia និង Theavy Leng


លោកគ្រូ សុន សម្បត្តិ នាយកសាលាបឋមសិក្សាវត្តចេង
ថតរូបជាមួយកូនសិស្សថ្នាក់ទី២ ដល់ថ្នាក់ទី៥ 
© UNICEF Cambodia/2017/Shruti Gogia

ខេត្តបាត់ដំបង ប្រទេសកម្ពុជា ខែកក្កដា ឆ្នាំ២០១៧៖ វេលានេះគឺខែកក្កដា នៅក្នុងខេត្តបាត់ដំបង។ វា ចំរដូវវស្សានៅក្នុងប្រទេសកម្ពុជា។ នៅភូមិភាគពាយ័ព្យដែលជាតំបន់សម្បូរដីមានជីជាតិមួយនេះ វាលស្រែធំល្វឹងល្វើយ មើលទៅហាក់ដូចជាសមុទ្របៃតងឆ្ងាយដាច់កន្ទុយភ្នែក។ នៅក្បែវវាលស្រែ មានផ្លូវលំដីសម្រាប់ធ្វើដំណើរទៅកាន់ភូមិជនបទតូចៗ ដូចជាភូមិវត្តចេងជាដើម។ ភូមិនេះមានពលរដ្ឋរស់នៅប្រមាណ ៣៥០គ្រួសារ ហើយពួកគេភាគច្រើនធ្វើស្រែនៅជុំវិញភូមិ។ កូនៗពួកគេទៅរៀននៅសាលាបឋមសិក្សាវត្តចេង ដែលស្ថិតនៅចំកណ្តាលភូមិ នៅផ្លូវជាមួយនឹងផ្ទះដំបូលប្រក់ស្បូវតូចៗរបស់សិស្សទាំងនេះ ហើយមានដើមត្នោតខ្ពស់ៗដុះអមសងខាងផ្លូវផងដែរ។


សាលារៀនបឋមសិក្សាវត្តចេង មានបរិវេណគួរជាទីគយគន់៖ មានរបងស្អាតព័ទ្ធជុំវិញទីធ្លាសម្បូរដោយដើមឈើដែលបានថែទាំយ៉ាងល្អ។ នៅខាងក្រៅថ្នាក់រៀននីមួយៗមានធុងសម្រាម ដើម្បីធានាថាសិស្សទទួលបាននូវបរិយាកាសស្អាត។ សំទ្បេងកុមារ តែងបន្លឺចេញពីសាលា ដែលមានសិស្សប្រមាណ ៧៧០នាក់ ក្នុងនោះមានសិស្សស្រី ៣០០នាក់ ដោយសិស្សកំពុងសូត្រមេរៀនប្រចាំថ្ងៃដោយស្វាហាប់។

លោកគ្រូ សុន សម្បត្តិ នាយកសាលាវ័យ៣៩ឆ្នាំ បាននិយាយដោយមោទនភាពថា សាលាបឋមសិក្សានេះ បានជាប់ជាសាលាកុមារមេត្រីកម្រិតខ្ពស់កាលពីឆ្នាំមុននេះ។ សាលាកុមារមេត្រី ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងកែសម្រួលដោយរដ្ឋាភិបាលជាដៃគូឱ្យសមស្របទៅតាមបរិបទក្នុងប្រទេសរៀងៗខ្លួន ដោយមានន័យថា សាលារៀននេះមានបរិស្ថានអំណោយផលសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារគ្រប់រូប ពោលគឺមានការធានាសិទ្ធិរបស់កុមារក្នុងទទួលបាននូវបរិយាកាសដែលនាំមកនូវសុខភាពល្អ មានសុវត្ថិភាព និងអាចឱ្យពួកគេចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសាលារៀន។

កាលពីពេលថ្មីៗនេះ ថ្នាក់គ្រប់គ្រងរបស់សាលាវត្តចេង និងគ្រូបង្រៀនទាំងអស់ បានទទួលការបណ្តុះបណ្តាលអំពីវិធីប្រើប្រាស់ការដាក់វិន័យបែបវិជ្ជមាន និងប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀន ក្នុងវគ្គបណ្តុះបណ្តាលវិក្រិតការណ៍មួយ ដែលផ្តល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រពីយូនីសេហ្វ។

ការដាក់វិន័យបែបវិជ្ជមាន គឺជាផ្នែកមួយដ៏សំខាន់របស់សាលាកុមារមេត្រី។ ការដាក់វិន័យបែបវិជ្ជមាន បានក្លាយជាប្រធានបទដ៏សំខាន់មួយនៅកម្ពុជា បន្ទាប់ពីមានការធ្វើអង្កេតស្តីអំពីអំពើហិង្សាលើកុមារ រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៣ ហើយបានរកឃើញថា ក្នុងចំណោមកុមារអាយុក្រោម១៨នៅកម្ពុជា យ៉ាងហោចណាស់មានកុមារពាក់កណ្តាលទទួលរងអំពើហិង្សាផ្លូវកាយក្នុងទម្រង់ណាមួយ។ ការកើតទ្បើងញឹកញាប់នៃអំពើហិង្សាផ្លូវចិត្ត និងការទុកចោលមិនអើពើ ដែលកុមារម្នាក់ក្នុងចំណោម៤នាក់ បានជួបប្រទះ ក៏ជាការគួរព្រួយបារម្ភមួយផងដែរ។ កុមារបានលើកឡើងថាការដាក់ទណ្ឌកម្មនៅសាលារៀន ជារឿយៗប៉ះពាល់ដល់ផ្លូវកាយ ឬផ្លូវចិត្ត។

ជាការឆ្លើយតប ក្រសួងអប់រំ និងយូនីសេហ្វ បានរៀបចំកម្មវិធីបណ្តុះបណ្តាលពិសេសមួយ ដើម្បីបង្កើនការយល់ដឹងដល់គ្រូ និងថ្នាក់ដឹកនាំសាលារៀននៅកម្ពុជា អំពីវិសាលភាពនៃផលប៉ះពាល់អវិជ្ជមាន បង្កឡើងដោយអំពើហិង្សាលើកុមារ និងឱ្យពួកគេមានការយល់ដឹងពីទស្សនទាន ការដាក់វិន័យបែបវិជ្ជមាន។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យថ្នាក់ដឹកនាំសាលារៀន ដូចជា នាយក នាយករង និងគ្រូ នូវមធ្យោបាយ និងវិធីសាស្ត្រផ្សេងៗសម្រាប់គ្រប់គ្រងថ្នាក់រៀន ក្នុងគោលបំណងរក្សាឱ្យបាននូវទំនាក់ទំនងវិជ្ជមាន អហិង្សា ដោយចំហជាមួយកុមារ។

វគ្គបណ្តុះបណ្តាលសាកល្បង ត្រូវបានធ្វើឡើងក្នុងសាលាបឋមសិក្សាចំនួន១២ ក្នុងខេត្តគោលដៅចំនួន៣ (ខេត្តកំពត ព្រៃវែង និងបាត់ដំបង) ក្នុងឆ្នាំ២០១៥។ ផ្អែកលើភាពជោគជ័យនៃវគ្គសាកល្បង សាលារៀនចំនួន១៥០ទៀត ត្រូវបានបញ្ចូលក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ក្នុងឆ្នាំ២០១៦ ដោយក្នុងនោះមានសាលាបឋមសិក្សាវត្តចេងនេះផងដែរ។ មកដល់បច្ចុប្បន្ន មានគ្រូបឋមសិក្សាចំនួន ១.៦០០ នាក់ និងសិស្ស ៥១.០០០នាក់ បានទទួលអត្ថយោជន៍ពីមេរៀនអំពីការដាក់វិន័យបែបវិជ្ជមានទាំងនេះ។យូនីសេហ្វ ក៏ធ្វើការសិក្សាមួយផងដែរ ដើម្បីវាស់វែងលទ្ធផលចេញពីវគ្គបណ្តុះបណ្តាលនេះ ហើយការសិក្សាបានបង្ហាញលទ្ធផលគួរជាទីមោទន។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តចេង គឺជាសក្ខីភាពបញ្ជាក់ពីលទ្ធផលទាំងនេះ។

ចាប់តាំង លោកគ្រូ អ្នកគ្រូ ក្នុងសាលារៀននេះ បានទទួលវគ្គណ្តុះបណ្តាលអំពីវិធីសាស្ត្រថ្មីៗទាំងនេះ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនបានកើតទ្បើង។ តួលេខអាចបញ្ជាក់រឹតតែច្បាស់បន្ថែមអំពីលទ្ធផលទាំងនេះរួមមាន៖ សាលាបឋមសិក្សាវត្តចេង មានអត្រាវត្តមានសិស្ស និងអត្រាឡើងថ្នាក់ កើនឡើងខ្ពស់មិនធ្លាប់មាន និងមានអត្រាសិស្សបោះបង់ចោលការសិក្សាតិចជាងមុន។ លោកនាយក សុន សម្បត្តិ ពេញចិត្តយ៉ាងខ្លាំងនឹងវគ្គបណ្តុះបណ្តាលពីការដាក់វិន័យបែបវិជ្ជមាន ដោយបានលើកឡើងថា “អត្រាវត្តមានរបស់សិស្សកើនឡើងពី៩០ ទៅ៩៥ភាគរយ ហើយអត្រាបោះបង់ចោលការសិក្សាបានថយចុះពី៥គរយ មកនៅត្រឹមតែ២ភាគរយ ក្រោយពីវគ្គបណ្តុះបណ្តាលនេះ”។ គាត់និយាយថា “ខ្ញុំជឿថា កុមារមិនសូវខ្លាចពេលមកសាលារៀនដូចមុនឡើយ ហើយពួកគេមានភាពកក់ក្តៅជាមួយគ្រូពួកគេ ដោយសារមានការផ្លាស់ប្តូរជាវិជ្ជមាន ដែលយើងកំពុងអនុវត្ត។”

លោកគ្រូ វ៉ាត ផល្លី គ្រូបង្រៀនថ្នាក់ទី៥ បានលើកឡើងថា គោលការណ៍ដែលបានរៀនពីវគ្គបណ្តុះបណ្តាលនេះ ត្រូវបានយកមកអនុវត្តប្រាកដនៅក្នុងសាលា។ គាត់និយាយថា វគ្គបណ្តុះបណ្តាលនេះបានធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតជុំវិញវិធីសាស្ត្របង្រៀន។ យន្តការថ្មីៗ ដូចជាការរៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់ថ្នាក់រៀនរួមគ្នាវវាងសិស្ស និងគ្រូ ការគ្រប់គ្រងកំហឹង និងការចែករំលែកចំណេះដឹងតាមរយៈរឿងនិទាន និងកិច្ចពិភាក្សា គឺបានយកអនុវត្តជាក់ស្តែងនៅក្នុងសាលារៀននេះ។

លោកគ្រូ វ៉ាត ផល្លី និងសិស្សថ្នាក់ទី៥ របស់គាត់
ក្នុងសាលាបឋមសិក្សាវត្តចេង។
 ©UNICEF Cambodia/2017/Shruti Gogia

លោកគ្រូផល្លី និយាយថា “ពីមុននៅពេលកុមារធ្វើខុសនៅក្នុងថ្នាក់ គ្រូតែងប្រើប្រាស់វិធីសាស្ត្រធ្ងន់ៗ។ ក្រោយពីបានរៀនពីបច្ចេកទេសគ្រប់គ្រងកំហឹង តាមរយៈសៀវភៅណែនាំសម្រាប់គ្រូអំពីការដាក់វិន័យបែបវិជ្ជមាន ខ្ញុំអាចរំងាប់ចិត្ត និងប្រើសម្តីទន់ភ្លន់ ដើម្បីពិភាក្សាអំពីបញ្ហានានាជាមួយសិស្សរបស់ខ្ញុំនៅក្នុងស្មារតីវិជ្ជមាន។ ឥឡូវនេះ សិស្សលែងខ្លាចខ្ញុំទៀតហើយ ហើយពួកគេពិភាក្សាពីបញ្ហារបស់ពួកគេដោយចំហ។ ទោះបីគ្រូជាអ្នកទទួលបានការបណ្តុះបណ្តាលយ៉ាងណាក៏ដោយ តាមពិតគឺកុមារទៅវិញទេ ដែលជាអ្នកទទួលបានប្រយោជន៍ច្រើនជាងគេ។ ឥឡូវនេះខ្ញុំកំពុងធ្វើជាគំរូបែបវិជ្ជមានដល់សិស្សទាំងអស់របស់ខ្ញុំ។”

កុមារាអាយុ ១២ឆ្នាំ ប្រកបដោយទឹកមុខស្រស់ស្រាយ ឈ្មោះ រ៉ា សុភាណាំង គឺជាប្រធានក្រុមប្រឹក្សាកុមារប្រចាំសាលាបឋមសិក្សាវត្តចេងនេះ ដែលជាក្រុមទទួលខុសត្រូវថែទាំបរិស្ថានសាលា។ ប្អូនបានរៀបរាប់ពីបទបញ្ចាផ្ទៃក្នុងថ្មីមួយ ដែលបានបង្កើតឡើងរួមគ្នាដោយសិស្ស និងគ្រូ ហើយការអនុវត្តថ្មីនេះក៏បានផ្តល់ផលដល់ប្អូនពេលនៅផ្ទះផងដែរ។

ប្អូនបានប្រាប់ថា “យើងទាំងអស់គ្នាបានប្តេជ្ញារួមគ្នាថាត្រូវចោលសំរាម នៅក្នុងធុងសំរាម។ យើងមិនគួរចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យកង្វក់ដល់បរិស្ថានជុំវិញនោះឡើយ។ នៅផ្ទះខ្ញុំ យើងគ្មានធុងសំរាមទេ។ ដូច្នេះ ខ្ញុំបានសុំជីដូនឲ្យមានធុងសំរាម និងប្រាប់គាត់ពីសារៈសំខាន់របស់វា។ ឥឡូវនេះជីដូនខ្ញុំគាំទ្រខ្ញុំពេញទំហឹង ហើយយើងមានធុងសំរាមច្រើនប្រើប្រាស់នៅក្នុងផ្ទះរបស់យើង។”

អ្នកស្រី វេង អាយុ៥៥ឆ្នាំ គឺជាជីដូនរបស់សិស្សថ្នាក់ទី២ម្នាក់ នៅក្នុងសាលាបឋមសិក្សានេះ និងក៏ជាជីដូនរបស់កុមារម្នាក់ទៀតរៀននៅសាលាមធ្យមសិក្សាមួយ ក៏បានសង្កេតឃើញពីការផ្លាស់ប្តូរនៅក្នុងផ្ទះផងដែរ។ “ចៅខ្ញុំទាំងពីរនាក់ចូលចិត្តទៅរៀន ហើយចូលចិត្តគ្រូពួកគេ។ ពួកគេថែមទាំងរិះគន់លើករណីអំពើហិង្សានៅផ្ទះ ដោយសារតែគ្រូពួកគេ មិនប្រើវិធីសាស្រ្តហិង្សានៅសាលា។”

កុមារី កែវ ចាន់រី អាយុ១៤ឆ្នាំ សមាជិកម្នាក់ទៀតនៃក្រុមប្រឹក្សាកុមារនេះ ក៏បានលើកទ្បើងពីអត្ថប្រយោជន៍បានពីវគ្គបណ្តុះបណ្តាលនេះផងដែរ។ ប្អូននិយាយថា “គ្រូយើងបានពន្យល់ពីសារៈសំខាន់នៃការលាងដៃមុនញ៉ាំអាហារ ហើយឥឡូវយើងបានដាក់បទបញ្ជាផ្ទៃក្នុងរបស់ថ្នាក់រៀនថាត្រូវលាងដៃជាមួយសាប៊ូ។ ខ្ញុំក៏ប្រាប់សមាជិកគ្រួសារទាំងអស់នៅផ្ទះ ឲ្យលាងដៃនឹងសាប៊ូផងដែរ។ ខ្ញុំចង់ធ្វើជាពេទ្យភូមិនៅពេលខ្ញុំធំឡើង ដើម្បីជួយគ្រប់គ្នានៅក្នុងភូមិខ្ញុំឲ្យមានសុខភាពល្អ។ ការលាងដៃគឺជាជំហានដំបូង នាំមកនូវសុខភាពល្អ។”

លោកគ្រូ ផល្លី គ្រូបង្រៀនថ្នាក់ទី៥ ក៏បានប្រើប្រាស់បច្ចេកទេស និងបទពិសោធថ្មីៗរបស់គាត់នៅផ្ទះផងដែរ។ “កូនខ្ញុំនៅតូច ហើយធ្លាប់រត់លេងនៅតាមផ្លូវជាមួយក្មេងដទៃទៀត។ ពីមុនខ្ញុំធ្លាប់គំរាមទះកំផ្លៀងកូន បើវានៅតែទៅរត់លេងតាមផ្លូវទៀត។ ប៉ុន្តែកូននៅតែមិនស្តាប់ខ្ញុំ! ឥឡូវនេះខ្ញុំបង្ហាញរូបភាពគ្រោះថ្នាក់ចរចរណ៍នៅតាមផ្លូវ ឬនិទានរឿងអំពីសុវត្ថិភាពចរាចរណ៍។ គាត់ចាប់អារម្មណ៍ចំពោះរឿងនេះ ហើយបានយល់ថាគាត់មិនគួរលេងនៅតាមផ្លូវទៀតឡើយ។ ឥឡូវនេះ គាត់មានការប្រុងប្រយ័ត្នជាងមុន។”

លទ្ធផលដ៏ល្អៗទាំងនេះ បាននាំឲ្យមានការកំណត់គោលដៅប្រកបដោយមហិច្ឆតា សម្រាប់គម្រោងដាក់វិន័យបែបវិជ្ជមាននៅក្នុងឆ្នាំ២០១៧។ សាលាបឋមសិក្សាចំនួន ២២៩កន្លែងផ្សេងទៀតក្នុងខេត្តគោលដៅ នឹងទទួលបានការបណ្តុះបណ្តាលបែបនេះនៅមុនចុងខែវិច្ឆិកា ឆ្នាំ២០១៧។

ចំណុចផ្លាស់ប្តូរដ៏សាមញ្ញមួយ ប៉ុន្តែជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាងគេនៅក្នុងសាលាបឋមសិក្សាវត្តចេង គឺការជំនួស “រំពាត់ឈើ” ដែលបង្កឱ្យសិស្សភ័យខ្លាច។ លោកនាយក សម្បត្តិ និយាយថា “សិស្សយល់ថា ការប្រើប្រាស់រំពាត់ គឺបង្ហាញពីការដាក់ទោសដល់សិស្សសម្រាប់កំហុសនានា។ ឥឡូវនេះ លែងមានរំពាត់ឈើទៀតហើយ ប៉ុន្តែមានរំពាត់ធ្វើពីក្រដាស ហើយរំពាត់នេះត្រូវបានគ្រូប្រើប្រាស់សម្រាប់ចង្អុលបង្ហាញអក្សរនៅលើក្តារខៀន និងបង្រៀនកុមារពីមេរៀនថ្មីៗដែលមានតម្លៃ។”

ខណៈពេលដែលគ្រូបង្រៀននៅកម្ពុជា ប្រើប្រាស់វិធីសាស្រ្តដាក់វិន័យបែបវិជ្ជមានដ៏មានសារៈសំខាន់នេះ វាមិនត្រឹមតែអាចនាំឲ្យសម្រេចគោលគៅរយៈពេលខ្លីនៃការកាត់បន្ថយអំពើហិង្សានៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធផលលើសពីការអប់រំបែបប្រពៃណីដែលបង្រៀនតាមសៀវភៅ និងកំណត់ដោយការប្រឡង ពោលគឺដើម្បីឈានទៅសម្រេចគោលដៅដ៏សំខាន់មួយនៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារគ្រប់រូប ទាំងនៅសាលារៀន និងនៅផ្ទះ។

1 comment:

  1. សូមបញ្ជាក់ផង ការដាក់ពិន័យវិជ្ជមានដែលក្រសួងអប់រំណែនាំឱ្យប្រើប្រាស់ជាគោលការណ៍ មានអ្វីខ្លះ​ ព្រោះដូចជាមិនបានបញ្ជាក់។ សូមអរគុណ

    ReplyDelete