Monday, February 19, 2018

ការជួយកុមារឲ្យលូតលាស់៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ កំពុងជួយកុមារឲ្យសម្រេចបានសក្តានុពលរបស់ខ្លួន

To read this post in English, click here

ដោយ Maria Svensson

អ្នកស្រី យ៉ាំ សុខ និងគ្រួសារ បានទទួលផលប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់។
ពីខាងឆ្វេង៖ កុមារា ណន សាន អាយុ៤ឆ្នាំ ទារក ណន សំណាង អាយុ១០ខែ
ម្តាយ
យ៉ាំ សុខ និងកុមារី ណន វណ្ណនី អាយុ៨ឆ្នាំ។
©UNICEF Cambodia/2017/Maria Svensson

ខេត្តសៀមរាប ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧៖ អ្នកស្រីយ៉ាំ សុខ និងគ្រួសារ រស់នៅក្នុងភូមិតូចមួយ ក្នុងឃុំមានជ័យ ដោយត្រូវ ធ្វើដំណើរ ៣០នាទី តាមរថយន្តពីទីរួមខេត្តសៀមរាប។ ផ្ទះពួកគេ គឺជាផ្ទះជនបទបែបខ្មែរបុរាណ មានកំរាលឈើ និងជញ្ជាំងស្លឹកត្នោត។ កូន៣នាក់ ក្នុងចំណោមកូនទាំងអស់៤នាក់របស់គាត់ កំពុងអង្គុយនៅជិត អ្នកស្រី យ៉ាំ សុខ នៅលើរានហាលតូចមួយ នៅពេលក្រុមការងារយូនីសេហ្វធ្វើដំណើរទៅដល់ផ្ទះគាត់។


កុមារា ណន សាន អាយុ៤ឆ្នាំ ចូលចិត្តលេង ប៉ុន្តែនៅអោបដៃរហូត នៅពេលឃើញក្រុមការងារយើង ដែលជាមនុស្សប្លែកមុខទៅដល់។ ចំណែកទារកតូច ណន សំណាង អាយុ១០ខែវិញ កំពុងដេកយ៉ាងស្រួលនៅលើភ្លៅម្តាយ ។ ពួកគេទាំង២នាក់ គឺជាសមាជិកក្មេងជាងរបស់គ្រួសារនេះ ហើយក៏ជាមូលហេតុដែលនាំឱ្យក្រុមការងារយើងចុះមកជួបគ្រួសារនេះ ដោយសារពួកគេបានចុះឈ្មោះក្នុងគម្រោងសាកល្បងនៃការឧបត្ថម្ភសាច់ប្រាក់។ គម្រោងនេះមានគោលបំណងលើកកម្ពស់ស្ថានភាពសុខភាព និងអាហារូបត្ថម្ភកុមារអាយុក្រោម៥ឆ្នាំ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា។

អ្នកស្រី យ៉ាំ សុខ រស់នៅជាមួយគ្រួសារនៅក្នុងភូមិមួយក្នុងខេត្តសៀមរាប។
©UNICEF Cambodia/2017/Maria Svensson

លោក មុត ណន ប្តីរបស់អ្នកស្រី យ៉ាំ សុខ គឺជាអ្នកនេសាទ។ អ្នកស្រី យ៉ាំ សុខ តែងយកត្រីដែលប្តីរកបានទៅលក់នៅផ្សារក្នុងភូមិ។ របរលក់ត្រីនេះបានចំណូលរវាងពី ២.៥ ដល់ ៣.៧៥ ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែវាពុំគ្រប់គ្រាន់សម្រាប់ទិញម្ហូប និងចំណាយលើសេវាថែទាំសុខភាពរបស់កូនៗឡើយ។ មានថ្ងៃខ្លះ គ្រួសារនេះពុំមានបាយហូបគ្រប់គ្រាន់ទេ ទោះបីជាអ្នកជិតខាងឧស្សាហ៍ឲ្យចែកបាយឲ្យពួកគេយ៉ាងណាក៏ដោយ។

អ្នកស្រី យ៉ាំ សុខ បានប្រាប់យើងថា “ខ្ញុំព្យាយាមទៅផ្សារលក់ត្រីដែលប្តីរបស់ខ្ញុំរកបាន។ ប៉ុន្តែខ្ញុំពុំអាចរកប្រាក់បានគ្រប់គ្រាន់ឡើយ។ ក្នុងគ្រួសារយើងមានសមាជិកច្រើន ហើយខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេដើម្បីដោះស្រាយបញ្ហានេះ! កូនៗខ្ញុំតែងតែឈឺ ហើយខ្ញុំក៏ពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅមន្ទីរពេទ្យឡើយ”។

ដោយសារសុខភាពមិនល្អ កុមារា ណន សន អាយុ៤ឆ្នាំ ពុំបានចូលរៀននៅសាលាមត្តេយ្យឡើយ ដែលធ្វើឲ្យប្អូនខកខានមិនបានទទួលអត្ថប្រយោជន៍ពីការអប់រំកុមារតូចមានសារៈសំខាន់ខ្លាំងដល់ការកសាងមូលដ្ឋានរឹងមាំ សម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់កុមារ។

ការខ្វះអាហារូបត្ថម្ភ គឺជាបញ្ហាធ្ងន់ធ្ងរនៅកម្ពុជា ហើយក៏ជាមូលហេតុនៃករណីមរណភាពកុមារ ១ភាគ៣ ក្នុងចំណោមករណីមរណភាពកុមារសរុបក្នុងប្រទេសនេះផងដែរ។ ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំសរុប មានប្រមាណ ១ភាគ៣ មានបញ្ហាក្រិសក្រិន (កម្ពស់ទាបពេក បើធៀបនឹងអាយុកុមារ) ហើយក្នុងចំណោម ៤នាក់ មានម្នាក់ខ្វះទម្ងន់។ បញ្ហាក្រិសក្រិន អាចប៉ះពាល់ធ្ងន់ធ្ងរលើការអភិវឌ្ឍបញ្ហា ស្មារតី និងកាយសម្បទារបស់កុមារ ដែលជាកត្តារារាំងពួកគេមិនឱ្យអភិវឌ្ឍពេញលេញបាន។

ដើម្បីលប់បំបាត់បញ្ហាខ្វះអាហារូបត្ថម្ភនេះ ការពិនិត្យសុខភាពកុមារទៀងទាត់ គឺជាការងារចាំបាច់។ ការផ្តល់ឱ្យកុមារ និងស្ត្រីមានផ្ទៃពោះ នូវអាហារសម្បូរជីវជាតិ និងការថែទាំសុខភាពប្រកបដោយគុណភាព អាចផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដែលអាចឲ្យកុមារលូតលាស់ និងរស់នៅប្រកបដោយសុខភាពល្អ។ ទោះជាយ៉ាងនេះក្តី ដោយសារឧបសគ្គមួយចំនួនដូចជា ការរកប្រាក់ចំណូលបានទាបជាដើម បាននាំឲ្យគ្រួសារក្រីក្រនៅកម្ពុជា ប្រើប្រាស់សេវាសុខភាព និងអាហារូបត្ថម្ភ តិចតួបចំផុត។

ជាការឆ្លើយតប គម្រោងឧបត្ថមសាច់ប្រាក់សាកល្បងនៅកម្ពុជា ត្រូវបានប្រកាសអនុវត្តក្នុងឃុំចំនួន៨ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គម្រោងនេះមានគោលបំណងបង្កើនការប្រើប្រាស់សេវាសុខភាព និងអាហារូបត្ថម្ភជាមូលដ្ឋានដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ។ គម្រោងនេះផ្តល់ប្រាក់បន្តិចបន្តួចដោយឥតលក្ខខណ្ឌដល់អ្នកចូលរួមម្នាក់ៗ និងមានរៀបចំជាវគ្គអប់រំបង្កើនការយល់ដឹងអំពីបញ្ហាសុខភាព និងអាហារូបត្ថម្ភ។ អ្នកចូលរួមក្នុងគម្រោងនេះ ក៏ទទួលបានជំនួយសង្គមបន្តិចបន្តួចបន្ថែមទៀតផងដែរ តាមរយៈការពិនិត្យសុខភាពក្នុងអំឡុងពេល និងក្រោយពេលមានផ្ទៃពោះ និងការនាំកូនទៅចាក់វ៉ាក់សាំង ឬតាមដានការលូតលាស់របស់ពួកគេ ឬតាមរយៈការចូលរួមក្នុងកិច្ចប្រជុំបង្កើនការយល់ដឹង។

គម្រោងនេះកំពុងត្រូវបានអនុវត្តដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានការគាំទ្របច្ចេកទេសពីយូនីសេហ្វ។

កាលពីខែឧសភា ឆ្នាំ២០១៦ មានការផ្តល់សាច់ប្រាក់ជាលើកដំបូង ហើយគិតមកត្រឹមខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជិត ៧០០គ្រួសារ បានទទួលផលប្រយោជន៍ពីកម្មវិធីនេះ នៅក្នុងនោះមានកុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៨៣៤នាក់ និងស្ត្រីមានផ្ទៃពោះចំនួន ៦១នាក់។ ក្តីសង្ឃឹមបន្ត គឺបទពិសោធទទួលបានពីគម្រោងសាកល្បងនេះ នឹងផ្តល់ជាព័ត៌មានសម្រាប់ការរៀបចំកម្មវិធីធំជាងនេះ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាតិ។

សម្រាប់អ្នកស្រី យ៉ាំ សុខ និងគ្រួសារ ការឧបត្ថម្ភសាច់ប្រាក់នេះមានឥទ្ធិពលវិជ្ជមានមកលើជីវិតរបស់ពួកគាត់៖ “ឥលូវនេះ សុខភាពកូនខ្ញុំ មានភាពប្រសើរជាងមុន។ ប្រាក់បានពីកម្មវិធីនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ព្យាបាលពួកគេ”។

អ្នកស្រី យ៉ាំ សុខ ក៏ប្រើប្រាក់នេះដើម្បីទិញម្ហូបសម្រាប់គ្រួសារដូចជា អង្ករ សាច់គោ និងស៊ុតជាដើម។ ប្រាក់មួយចំនួន ក៏ត្រូវបានចំណាយទិញសៀវភៅសិក្សា និងឯកសណ្ឋានឱ្យកូនធំផងដែរ។ គាត់បានពន្យល់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ក៏បានបង្កើនចំណេះដឹងរបស់គាត់ពីសុខភាពផងដែរ។ នៅមុនពេលចែកប្រាក់ម្តងៗ មានការរៀបចំកិច្ចប្រជុំអប់រំ ផ្តល់ព័ត៌មានអំពីប្រធានបទនានា ដូចជាអាហារូបត្ថម្ភកុមារ ទឹក អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន សុខភាពមាតា និងកុមារ និងការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន។

“បន្ទាប់ពីទទួលបានចំណេះដឹងពីកិច្ចប្រជុំទាំងនេះ ខ្ញុំបានផ្លាស់ប្តូរឥរិយាបទរបស់ខ្ញុំ។ ឥលូវនេះ ខ្ញុំតែងយកកូនទៅចាក់វ៉ាក់សាំង និងទៅមណ្ឌលសុខភាពនៅពេលពួកគេឈឺ។ ខ្ញុំក៏ដូររបបអាហារផងដែរ។ ពីមុនខ្ញុំតែងតែចៀនសាច់គោ ឬត្រី។ ឥលូវនេះយើងហូបសម្លបន្លែ ដែលសម្បូរជីវជាតិវិញ។ អ្នកស្រី យ៉ាំ សុខ ក៏បានប្រាប់យើងផងដែរថា គាត់ត្រូវបានលើកទឹកចិត្តឱ្យចុះសំបុត្រកំណើតឱ្យកូនៗរបស់គាត់ ហើយគាត់ និងកូនៗក៏រៀនចេះផងដែរថាត្រូវលាងដៃនឹងសាប៊ូជានិច្ច មុខពេលចម្អិន និងបរិភោគអាហារ។

អ្នកស្រី សូរី គឺជាជនបង្គោលឃុំមានជ័យ
ដែល
កំពុងធ្វើការងារជាមួយគម្រោងឧបត្ថម្ភសាច់ប្រាក់សាកល្បងនេះ។

©UNICEF Cambodia/2017/Maria Svensson

អ្នកស្រី សូរី គឺជាជនបង្គោលឃុំម្នាក់ ក្នុងចំណោមជនបង្គោលឃុំទាំង៣នាក់ សម្រាប់គម្រោងឧបត្ថម្ភសាច់ប្រាក់សាកល្បងក្នុងឃុំមានជ័យនេះ។ គាត់បានប្រាប់យើងថា គម្រោងសាកល្បងនេះ បានផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ទាំងមូល។ ឥលូវនេះ មានឪពុកម្តាយកាន់តែច្រើន យល់ដឹងអំពីការចាក់វ៉ាក់សាំង និងតែងតែនាំកូនទៅទទួលវ៉ាក់សាំង ដូចអ្នកស្រី យ៉ាំ សុខ បានធ្វើកន្លងមក។ ពួកគេក៏នាំកូនទៅមណ្ឌលសុខភាព ដើម្បីពិនិត្យតាមដានការលូតលាស់ និងការអភិវឌ្ឍរបស់ពួកគេផងដែរ។ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ និងកិច្ចប្រជុំអប់រំ ស្ត្រីមានផ្ទៃពោះត្រូវបានលើកទឹកចិត្តឱ្យទៅមណ្ឌលសុខភាព ដើម្បីសម្រាលកូន ពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាពក្រោយសម្រាល។

អ្នកស្រី យ៉ាំ សុខ ក៏បានលើកឡើងពីលទ្ធផលមួយផ្សេងទៀតមកលើគ្រួសារគាត់ ដែលទទួលបានប្រាក់បន្ថែមនេះថា៖ ដោយសារខ្លួនអ្នកស្រីផ្ទាល់ពុំមានឱកាសទៅរៀនកាលគាត់នៅក្មេង គាត់មានចិត្តត្រេកអរយ៉ាងខ្លាំង ដោយសារតែគាត់អាចរ៉ាប់រងចំណាយសម្រាប់ការសិក្សារបស់កូនៗគាត់ ដូចជាការទិញនំចំណី ឯកសណ្ឋាន និងសម្ភារសិក្សាជាដើម។

“បើគ្មានការឧបត្ថម្ភសាច់ប្រាក់នេះទេ កូនៗខ្ញុំខ្លះគ្មានឱកាសបានទៅរៀនឡើយ”។

No comments:

Post a Comment