Wednesday, January 31, 2018

ផលប៉ះពាល់នៃការធ្វើចំណាកស្រុកមកលើកុមារ ដែលឪពុកម្តាយទុកចោល

To read this post in English, click here

ដោយ Frederick Howard


កុមារីបុប្ផាអាយុ៤ឆ្នាំ និងបងប្រុសនាងអាយុ៦ឆ្នាំ ឈ្មោះសុភ័ ដើរទៅសាលារៀន
ក្នុងខេត្តសៀមរាប។ ©UNICEF Cambodia/2017/Bona Khoy



ខេត្តសៀមរាប ប្រទេសកម្ពុជា ខែកញ្ញា ឆ្នាំ២០១៧ –  ឃុំមុខប៉ែន គឺជាឃុំជនបទមួយនៅក្នុងខេត្តសៀមរាប ដែលសម្បូរទៅដោយវាលស្រែ ជាទីរមណីយដ្ឋានទាក់ទាញដល់ទេសចរទាំងទ្បាយ។


នៅក្នុងឃុំនេះមានគ្រួសារមួយ ដែលជីវិតរស់នៅរបស់ពួកគេត្រូវបានប្រែប្រួលទាំងស្រុង ដោយសារការធ្វើចំណាកស្រុក។ កុមារីបុប្ផាអាយុ៤ឆ្នាំ និងបងប្រុសរបស់នាងឈ្មោះសុភ័គ កំពុងលេងនៅក្នុងបរិវេណផ្ទះបែបខ្មែរបុរាណតូចមួយ សង់ពីឈើ ដោយមានផ្ទះបាយនៅកណ្តាលវាល និងកន្លែងទទួលភ្ញៀវដែលជាកន្លេងដេកផងដែរ។

នៅខាងក្រៅផ្ទះនេះ មានទីវាលតូចមួយ ដែលមានសំរាមច្រើន និងមានសត្វមាន់ និងឆ្កែកំពុងដើរកកាយ។

ក្មេងៗទាំងអស់ត្រូវបានថែរក្សាដោយជីដូនម្នាក់ឈ្មោះទ្រព្យ ដោយសារឪពុកម្តាយ និងមីងពូពួកគេបានធ្វើចំណាកស្រុកទៅប្រទេសថៃ។ ការធ្វើចំណាកស្រុកទៅធ្វើការនៅថៃ គឺជាជម្រើសរបស់ពលរដ្ឋកម្ពុជាជាច្រើន ដើម្បីស្វែងរកចំណូល និងអនាគតប្រសើរជាងមុន។

ដោយគ្មានប្រភពចំណូលនៅភូមិកំណើត ឪពុកម្តាយរបស់បុប្ផា និងសុភ័គ បានចាកចេញពីគ្រួសារទៅស្វែងរកការងារធ្វើកាលពី២ឆ្នាំមុន ដូចគ្នានឹងពលរដ្ឋប្រមាណ ៥៣.០០០នាក់ ដទៃទៀត នៅក្នុងខេត្តសៀមរាប ដែលត្រូវបានរាយការណ៍ថាបានចាកចេញពីស្រុកកំណើត ដើម្បីរកការងារធ្វើកាលពីឆ្នាំ២០១៤។

ឪពុកម្តាយពួកគេ រកបានការងារក្នុងវិស័យសំណង់ ដែលជាការងារទទួលប្រាក់ឈ្នួលទាប និងស្ថានភាពការងារមានគ្រោះថ្នាក់។

ក្នុងរយៈពេល២ឆ្នាំធ្វើការងារឆ្ងាយពីផ្ទះ ឪពុកម្តាយពួកគេអាចត្រឡប់មកផ្ទះវិញបានតែម្តងគត់ ក្នុងឱកាសចូលឆ្នាំខ្មែរ នាខែមេសា ឆ្នាំ២០១៧។ ពួកគេអាចផ្តល់ឱ្យក្រុមគ្រួសារតែប្រាក់បន្តិចបន្តួចប៉ុណ្ណោះ។

កូនៗត្រូវរស់នៅក្នុងជីវិតសាមញ្ញជាមួយនឹងជីដូនពួកគេ។ ពួកគេម្នាក់ៗត្រូវការប្រាក់បន្តិចបន្តួចជារៀងរាល់ថ្ងៃ ដើម្បីទិញម្ហូប ដូចជាអង្ករ និងសាច់ រួមទាំងបង់ប្រាក់ក្រៅផ្លូវការនៅសាលារៀនទៀតផង។

ដោយសារខ្លួនជាអ្នកមើលថែក្មេងទាំងពីរពេញម៉ោងតែម្នាក់ឯង យាយទ្រព្យ មិនអាចទៅធ្វើការងារដទៃទៀតបានឡើយ ហើយពឹងផ្អែកតែលើប្រាក់ដែលឪពុកម្តាយក្មេងៗផ្ញើឱ្យគាត់ពីប្រទេសថៃប៉ុណ្ណោះ។

ជារឿយៗក្នុងស្ថានភាពបែបនេះ ទំនួលខុសត្រូវក្នុងការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស គឺនៅមានកម្រិត ដោយក្រុមប្រឹក្សាឃុំពុំទាន់មានសមត្ថភាព និងការយល់ដឹង ដើម្បីឆ្លើយតបចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក រួមទាំងការគាំពារដល់កុមារដែលឪពុកម្តាយទុកចោល។

យាយទ្រព្យបាននិយាយថា “ពេលខ្លះក្មេងៗអង្គុយមើលទៅទិសខាងលិច។ ពួកគេធ្លាប់សួរថាឪពុកម្តាយគេទៅណា! ខ្ញុំឆ្លើយថាទៅថៃ ហើយចង្អុលទៅទិសនោះ។ ពួកគេពិតជានឹកឪពុកម្តាយគេខ្លាំងណាស់!”

គាត់បន្ថែមទៀតថា “វាពិតជាមិនត្រឹមត្រូវទេដែលឪពុកម្តាយនៅឆ្ងាយពីកូនបែបនេះ! ទាំងអស់គ្នាគួររស់នៅជុំគ្នាដោយរីករាយ។”

យាយទ្រព្យក៏កំពុងមើលថែប្អូនប្រុសគាត់ ដែលពិការផ្នែកសតិបញ្ញាផងដែរ។ ស្ថានភាពនេះក៏ជាបន្ទុក បន្ថែមមកលើហិរញ្ញវត្ថុគ្រួសារនេះ និងបានកំហិតលទ្ធភាពរបស់គាត់ក្នុងការផ្តល់ឱ្យក្មេងៗទាំងពីរនូវអាហារមានជីវជាតិគ្រប់គ្រាន់។

មានថ្ងៃខ្លះ គាត់មិនមានលុយទិញអង្ករសម្រាប់គ្រួសារ ហើយគាត់ត្រូវខ្ចីលុយពីអ្នកភូមិដទៃទៀត។ គាត់ត្រូវជំពាក់បំណុលគេរហូតដល់ទទួលបានប្រាក់ផ្ញើមកពីថៃ ទើបអាចសងគេរួច។

សុខភាពក៏ជាការព្រួយបារម្មណ៍ធ្ងន់ធ្ងរសម្រាប់យាយទ្រព្យ និងក្មេងទាំងពីរនាក់ផងដែរ។ ដោយគ្រួសារនេះកំពុងជួបការលំបាកលើការចាយវានានារួចទៅហើយ ពួកគេពិតជាមិនអាចចាយបន្ថែមលើថ្លៃថែទាំសុខភាព និងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាពនោះទេ។

គ្រួសារនេះក៏មិនបានចុះឈ្មោះក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រឡើយ ដូច្នេះពួកគេពុំមានសិទ្ធិទទួលបានការថែទាំសុខភាព ដោយមិនគិតថ្លៃនោះឡើយ។

យាយទ្រព្យបានពន្យល់ថា បើទោះជាជួបការលំបាកយ៉ាងនេះក៏ដោយ ក្មេងៗមានជីវភាពគ្រាន់បើជាងមុន ដោយសារឪពុកម្តាយពួកគេបានធ្វើចំណាកស្រុក។ គាត់និយាយថា “ពួកគេមានអាហារហូបឆ្ងាញ់ជាងមុន។ ឥឡូវនេះយើងមានប្រាក់ច្រើនជាងមុន សម្រាប់ទិញម្ហូប  បើធៀបនឹងឪពុកម្តាយពួកគេនៅផ្ទះគ្មានការងារធ្វើ។”

ផលវិជ្ជមានផ្ទាល់មកលើកុមារបានពីការធ្វើចំណាកស្រុក គឺកំណើនប្រាក់ចំណូល
គ្រួសារ តាមរយៈការផ្ញើប្រាក់មកផ្ទះ ដូចករណីគ្រួសារយាយទ្រព។ កំណើនប្រាក់ចំណូល នាំឱ្យមានការផ្តល់របបអាហារកាន់តែប្រសើរជាងមុន។

ទិន្នន័យឃុំឆ្នាំ២០១៤ បានបង្ហាញថាមានមនុស្សពេញវ័យជាងកន្លះលាននាក់ បានធ្វើចំណាកស្រុកចេញពីប្រទេសកម្ពុជាទៅប្រទេសជិតខាងក្នុងឆ្នាំ២០១៤ ដោយហេតុផលសេដ្ឋកិច្ច។

មានកត្តាជាច្រើនដែលប៉ះពាល់កុមារ មិនថាចំពោះគ្រួសារចំណាកស្រុកជាមួយកូន ឬទុកកូននៅផ្ទះនោះទេ។ កត្តាទាំងនេះរួមមាន ស្ថានភាពជីវភាពរបស់ឪពុកម្តាយនៅកន្លែងថ្មី អាយុរបស់កុមារ និងសេវានានាអាចទទួលបាន ដូចជាសេវាអប់រំ និងសេវាថែទាំសុខភាពសម្រាប់កុមារធ្វើចំណាកស្រុកជាដើម។

ដោយសារកុមារីបុប្ផា និងកុមារាសុភ័គ នៅរស់នៅជាមួយជីដូននៅក្នុងភូមិកំណើត ពួកគេអាចចូលរៀនបាន ដោយចំណាយជាមួយប្រាក់ដែលឪពុកម្តាយគេផ្ញើមក។

នៅសាលារៀនវិញ កុមារទាំងពីរបានទទួលអង្ករឧបត្ថម្ភ ពីកម្មវិធីស្បៀងអាហារពិភពលោក។ កម្មវិធីនេះបានផ្តល់អង្ករ១០គីឡូក្រាម ក្នុង១ខែ និងអាហារដល់ពួកគេហូបក្នុងសាលារៀនផ្ទាល់តែម្តង។ ប៉ុន្តែក្រៅពីជំនួយនេះ ពួកគេពុំមានការគាំទ្រណាទៀតទ្បើយសម្រាប់គ្រួសារទាំងមូល។

ការធ្វើចំណាកស្រុករបស់ឪពុកម្តាយ និងការសម្រេចចិត្តទុកកូនទាំងពីរឱ្យនៅប្រទេសកម្ពុជា បានជួយធ្វើឲ្យជីវភាពពួកគេមានភាពប្រសើរជាងមុន។ ប៉ុន្តែការលើកកម្ពស់ជីវភាពបែបនេះ ពុំអាចកាត់កងជាមួយផលប៉ះពាល់អវិជ្ជមាននៃការធ្វើចំណាក មកលើកុមារទាំងពីរនាក់នោះឡើយ។

របាយការណ៍រៀបចំឡើងដោយយូនីសេហ្វកាលពីពេលថ្មីៗនេះ ស្តីពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកមកលើកុមារនៅកម្ពុជាបានរកឃើញថា នៅខាងក្រៅរាជធានីភ្នំពេញ សេវានានាដែលផ្តល់ដល់គ្រួសារងាយរងគ្រោះ គឺនៅមានកម្រិតនៅទ្បើយ។

តាមរយៈសម្ភាសន៍ជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ
របាយការណ៍នេះបានរកឃើញថា ការធ្វើចំណាកស្រុក និងបញ្ហាសង្គមដែលកើតឡើងពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកនៅក្នុងសហគមន៍ មិនមែនជាបញ្ហាអាទិភាពរបស់អាជ្ញាធរមូលដ្ឋានឡើយ។

របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យមានការកែសម្រួលកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រឡើងវិញ ដើម្បីឱ្យគេអាចធ្វើបច្ចុប្បន្នភាពបញ្ជីគ្រួសារក្រីក្រឱ្យបានទៀងទាត់ និងញឹកញាប់ជាងមុន ដូច្នេះ ប្រជាពលរដ្ឋកាន់តែច្រើនគ្រួសារបន្ថែមទៀត អាចទទួលបានសេវាសង្គម។ លើសពីនេះ ការបង្កើនយន្តការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវបានលើកឡើងជាអនុសាសន៍មួយផងដែរ ដើម្បីជួយកំណត់អត្តសញ្ញាណកុមារដែលងាយរងគ្រោះ រាប់បញ្ចូលទាំងកុមារដែលត្រូវបានឪពុកម្តាយធ្វើចំណាកស្រុកហើយទុកចោលនៅផ្ទះ ដើម្បីផ្តល់ការគាំទ្រដល់ពួកគេ ឬបញ្ជូនពួកគេទៅរកសេវាដែលពាក់ព័ន្ធ។

ការផ្លាស់ប្តូរទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋជនងាយរងគ្រោះ ដូចជា យាយទ្រព្យ និងកុមារីបុប្ផា និងកុមារាសុភ័គជាដើម។

ដើម្បីឱ្យអត្ថប្រយោជន៍ទាំងនេះក្លាយជាការពិត ចាំបាច់ត្រូវតែមានការពង្រឹងសកម្មភាពនៅថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ ដើម្បីធានាយ៉ាងណាឱ្យពលរដ្ឋដែលត្រូវការសេវា អាចមានភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈទាំងនេះ។

No comments:

Post a Comment