Friday, September 1, 2017

ការដាក់វិន័យបែបវិជ្ជមាន នាំមកនូវការផ្លាស់ប្តូរនៅតាមសាលារៀននៅកម្ពុជា

To read this post in English, click here

ដោយ Miho Yoshikawa 

© UNICEF Cambodia/2016/Fani Llaurado
កុមារី នុយ វិសិទ្ធ រង្សី អង្គុយនៅតុរបស់នាងក្នុងសាលាបឋមសិក្សាវត្តស្ទឹង ក្នុងខេត្តកំពត


  ខេត្តកំពត ប្រទេសកម្ពុជា ខែកញ្ញា ឆ្នាំ២០១៧ - ក្នុងវ័យ៩ឆ្នាំ កុមារី នុយ វិសិទ្ធរង្សី គឺជាឧទាហរណ៍ដ៏ល្អបំផុត អំពីកុមាររីករាយ ដែលចម្រើនពេញវ័យនៅក្នុងភូមិករដ៏សែនស្រស់បំព្រង។ រង្សី រស់នៅក្នុងភូមិតូចមួយគឺភូមិឈើទាល ក្នុងខេត្តកំពត ដែលហ៊ុំព័ទ្ធដោយវាលស្រែស្រស់បំព្រង សម្បូរដើមដូង និងមានភ្នំរដិបរដុបជាច្រើន។

  នាងរស់នៅជាមួយឪពុកម្តាយនិងប្អូនៗ ក្នុងផ្ទះតូចមួយ នៅជិតសាលាបឋមសិក្សាវត្តស្ទឹងនេះតែម្តង។ ជាធម្មតា រង្សី ក្រោកពីដំណេកនៅម៉ោងប្រហែលជា ៥.៣០ នាទី ព្រឹក ស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្រួសារ និងដើរទៅសាលាដែលនៅក្បែរនោះ។ ជាមួយកែវភ្នែកដ៏ស្រស់ថ្លា នាងនិយាយដោយសុទិដ្ឋិនិយមអំពីពេលវេលារបស់ នាង នៅសាលារៀនថា “ខ្ញុំចូលចិត្តទៅសាលារៀន។ ខ្ញុំចូលចិត្តរៀន ជាពិសេសមុខវិជ្ជាគណិតវិទ្យា”។

  ប៉ុន្តែស្ថានភាពមិនមែនចេះតែល្អប្រសើរបែបនេះឡើយនាពេលកន្លងមក។ មានសិស្សច្រើននៅក្នុងសាលាបឋមសិក្សាវត្តស្ទឹងនេះកន្លងមក មិនចូលចិត្តរៀនដូច រង្សី នាពេលនេះឡើយ។

អ្នកគ្រូ រី សុខុន បាននិយាយថា “សិស្សជាច្រើនធ្លាប់អវត្តមានពីសាលា។ សិស្សហាក់បីដូចជាខ្លាចគ្រូ ហើយពួកគេមិនចង់រៀនចង់សូត្រឡើយ”។ អ្នកគ្រូ សុខុន ធ្វើជាគ្រូបង្រៀនបឋមសិក្សាអស់រយៈពេលជាង ២០ ឆ្នាំហើយ ហើយបច្ចុប្បន្ន គាត់បង្រៀនសិស្សថ្នាក់ទី ១ ដល់ទី ៦។

“ខ្ញុំធ្លាប់ន្ទោសសិស្សពីឥរិយាបថមិនល្អរបស់ពួកគេ។ ឧទាហរណ៍ នៅពេលដែលពួកគេមិនស្តាប់ខ្ញុំ ឬលេងច្រើនក្នុងថ្នាក់ជាដើម។ ខ្ញុំមិនដឹងពីរបៀបគ្រប់គ្រងថ្នាក់រៀន ឬពីអ្វីដែលត្រូវធ្វើឡើយ ក្រៅតែពីបន្ទោសសិស្ស។”

នៅក្នុងប្រទេសកម្ពុជា គ្រូមួយចំនួនប្រើប្រាស់វិធីសាស្រ្តបែបហិង្សា ជាពាក្យសម្តី និងដោយប្រើកម្លាំងបាយ ដើម្បីដាក់វិន័យលើសិស្ស និងគ្រប់គ្រងថ្នាក់រៀនរបស់ខ្លួន។

          អំពើហិង្សាលើកុមារតាមទម្រង់ផ្សេងៗ គឺជាការព្រួយបារម្ភដ៏ធ្ងន់ធ្ងរមួយ ដែលកើតមាននៅទូទាំងប្រទេស។ របាយការណ៍នៃការអង្កេតអំពើហិង្សាលើកុមារ (CVACS) ដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០១៣ បានបង្ហាញថាក្នុងចំណោមកុមារ២នាក់ មាន១នាក់ ធ្លាប់ទទួលរងអំពើហិង្សាលើរាងកាយ មុនពេលពួកគេមានអាយុ១៨ឆ្នាំ្។ នេះរួមមានករណីវាយដំ ទាត់ធាក់ និងទះកំភ្លៀងធ្ងន់ធ្ងរ ដែលត្រូវបានចងក្រងទុកជាឯកសារកន្លងមកជាដើម។

អំពើហិង្សា កើតឡើងក្នុងច្រើនទម្រង់ ឧទាហរណ៍ អំពើហិង្សាផ្លូវចិត្ត ដូចជា ការស្រែកគំហក ការបន្ទោស និងការគំរាមកំហែងជាដើម។ ក្នុងចំណោមកុមារ៤នាក់នៅក្នុងប្រទេសកម្ពុជា មាន១នាក់ ធ្លាប់ទទួលរងអំពើហិង្សាផ្លូវចិត្តប្រភេទនេះ មុនពេលពួកគេអាយុបាន១៨ឆ្នាំ។

អំពើហិង្សាលើកុមារជាទង្វើមិនត្រឹមត្រូវ ហើយអាចមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងជាច្រើនលើសុខុមាលភាពកុមារ ដែលមិនត្រឹមតែបង្កផលប៉ះពាល់ដល់កុមារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រទេសទាំងមូលផងដែរ។ អំពើហិង្សាដែលទទួលរងនៅវ័យកុមារ ជារឿយៗបង្កឲ្យមានបញ្ហាឥរិយាបថ ផ្លូវចិត្តនិងផ្លូវកាយយ៉ាងច្រើន នៅពេលកុមារក្លាយជាក្មេងជំទង់ និងមនុស្សពេញវ័យ។

គួរឲ្យសោកស្តាយ បើតាមរបាយការណ៍នៃការអង្កេតអំពើហិង្សាលើកុមារនៅកម្ពុជា បានរកឃើញថា នៅមជ្ឈដ្ឋានខាងក្រៅផ្ទះ គ្រូគឺជាអ្នកប្រព្រឹត្តអំពើហិង្សាញឹកញាប់ជាងគេលើកុមារនៅកម្ពុជា។ អំពើហិង្សាបន្ទុចបង្អាក់ការសម្រេចគោលបំណងនៃការអប់រំ និងជាកត្តាកំហិតលើលទ្ធភាពរៀនសូត្ររបស់កុមារ ដោយហេតុថាអំពើហិង្សាធ្វើឲ្យពួកគេមិនសប្បាយចិត្ត ឬធ្វើឲ្យពួកគេមានការភ័យខ្លាច។ អំពើហិង្សាក៏មានផលប៉ះពាល់លើវត្តមាន និងអត្រាបញ្ចប់ការសិក្សារបស់កុមារផងដែរ។

ដើម្បីកាត់បន្ថយអំពើហិង្សាលើកុមារនៅតាមសាលារៀន ក្រសួងអប់រំយុវជន និងកីឡា កំពុងជំរុញឲ្យមានការអនុវត្តគោលវិធីមួយ ដែលហៅថា “ការដាក់វិន័យបែបវិជ្ជមាន” ក្នុងន័យជួយតម្រង់ឥរិយាបថរបស់កុមារ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍជារួមរបស់កុមារ និងការបង្កើតទំនាក់ទំនងវិជ្ជមានរវាងគ្រូ និងសិស្ស។ គោលវិធីនេះជួយគ្រូក្នុងការគ្រប់គ្រងថ្នាក់រៀនឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការគ្រប់គ្រងកំហឹងរបស់ខ្លួន ការស្តាប់កុមារនិយាយ ការផ្តល់ការណែនាំឲ្យបានច្បាស់លាស់អំពីឥរិយាបថដែលអាចទទួលយកបាន និងការលើកទឹកចិត្តឲ្យកុមាររៀនសូត្រ ជៀសជាងប្រើប្រាស់អំពើហិង្សា ដើម្បីបង្ខំឲ្យកុមាររៀន។

© UNICEF Cambodia/2016/Fani Llaurado
អ្នកគ្រូ រី សុខុន អាយុ ៤៣ ឆ្នាំ បង្រៀនសិស្សថ្នាក់ទី ១ ដល់ ៦ នៃសាលាបឋមសិក្សា វត្តស្ទឹង​ក្នុងខេត្តកំពត


ជាមួយនឹងការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីយូនីសេហ្វ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាលវិក្រឹតការស្តីពីការដាក់វិន័យបែបវិជ្ជមាន និងប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀន។ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ មានការផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូ និងនាយកសាលាមកពីសាលាបឋមសិក្សាចំនួន ១៧២ ក្នុងខេត្តចំនួន ៣ គឺខេត្តកំពត បាត់ដំបង និងព្រៃវែង។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីគ្រូចំនួន ១.៦០៨នាក់ និងនាយកសាលាចំនួន ២៦៥ នាក់ ហើយបានផ្តល់ផលវិជ្ជមានដល់សិស្សប្រមាណ ៥១.០០០នាក់។

វគ្គបណ្តុះបណ្តាលនេះបានជួយឲ្យគ្រូនៅសាលាបឋមសិក្សាវត្តស្ទឹង យល់ពីអត្ថន័យនៃអំពើហិង្សា និងពីផលប៉ះពាល់របស់វាលើសុខុមាលភាពកុមារទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ គ្រូក៏បានចាប់ផ្តើមប្រើប្រាស់វិធីសាស្រ្តនេះ  ដើម្បីដាក់វិន័យលើសិស្ស និងគ្រប់គ្រងថ្នាក់រៀនតាមបែបវិជ្ជមាន ជំនួសឲ្យការប្រើប្រាស់អំពើហិង្សា ហើយគោលវិធីបែបនេះបានជួយបង្កើតនូវទំនាក់ទំនងកាន់តែល្អរវាងសិស្ស និងគ្រូផងដែរ។

ឧទាហរណ៍ សិស្សនិងគ្រូចេះបង្កើតបទបញ្ជាផ្ទៃក្នុងរួមគ្នាសម្រាប់ថ្នាក់រៀន ដែលកំណត់យ៉ាងច្បាស់ពីឥរិយាបថ ដែលចាត់ទុកថាសមស្រប និងមិនសមស្របនៅក្នុងថ្នាក់រៀន។ សិស្សច្រើនតែអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងនេះ នៅពេល ដែលពួកគេមានឱកាសចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំការបង្កើតបទបញ្ជាផ្ទៃក្នុងទាំងនេះ ជាមួយនឹងគ្រូៗរបស់ពួកគេ។

អ្នកគ្រូ សុខុន បានឲ្យដឹងថា “ការបណ្តុះបណ្តាលនេះធ្វើឲ្យមានភាពខុសប្លែកយ៉ាងធំធេង នៅក្នុងសាលារៀនរបស់ខ្ញុំ” ។

លោកស្រីបានបន្ថែមទៀតថា “ទំនាក់ទំនងសិស្ស និងគ្រូមានភាពល្អប្រសើរជាងមុនគួរឲ្យកត់សម្គាល់ មិនត្រឹមតែក្នុងថ្នាក់រៀនរបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងក្នុងសាលារៀនទាំងមូលផងដែរ។ គ្រូម្នាក់ៗចាប់ផ្តើមប្រើប្រាស់ការដាក់វិន័យបែបវិជ្ជមាន ក្នុងសាលារៀន។ ខ្ញុំគិតថា ខ្ញុំទទួលបានការគោរពច្រើនជាងមុនពីសិស្សរបស់ខ្ញុំ”។

បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាល អ្នកគ្រូ សុខុន បានចាប់ផ្តើមស្តាប់សិស្សរបស់គាត់ច្រើនជាងមុន ដោយសារឥឡូវនេះគាត់ជឿថា អ្វីដែលសំខាន់គឺត្រូវយល់ និងឆ្លើយតបចំពោះតម្រូវការផ្សេងៗរបស់សិស្សម្នាក់ៗ។ បច្ចុប្បន្ននេះ អ្នកគ្រូឧស្សាហ៍ប្រើប្រាស់ពាក្យពេចន៍វិជ្ជមានពេលនិយាយជាមួយសិស្ស ដូចជាសរសើរពីលទ្ធផលដែលពួកគេសម្រេចបានជាដើម។

ជាលទ្ធផលសិស្សកាន់តែទទួលបានភាពកក់ក្តៅនៅក្នុងសាលារៀន      និងកាន់តែមានភាពងាយស្រួលក្នុងការ    ប្រាស្រ័យទាក់ទងជាមួយនឹងគ្រូរបស់ពួកគេ។ បន្ទាប់ពីគាត់បានអនុវត្តគោលវិធី “ដាក់វិន័យបែបវិជ្ជមាន” រួចមក លោកស្រី សុខុន បានកត់សម្គាល់ឃើញថា សិស្សចាប់ផ្តើមមករកគាត់កាន់តែញឹកញាប់ជាងមុន ហើយពួកគេជាច្រើននាក់ បានសុំឲ្យលោកស្រីជួយដោះស្រាយបញ្ហាផ្ទាល់ខ្លួន។

កុមារី រង្សី សរសើរគ្រូរបស់នាងមិនដាច់ពីមាត់។

នាងនិយាយថា”ខ្ញុំចូលចិត្តអ្នកគ្រូរបស់ខ្ញុំ [គឺអ្នកគ្រូ រី សុខុន]។ គាត់ចេះជួយយកអាសា និងទុក្ខធុរសិស្សគ្រប់ៗគ្នា។ ប្រសិនបើសិស្សមិនយល់ ហើយសួរសំណួរអ្វីមួយ គាត់មិនប្រើអំពើហិង្សាឡើយ ហើយគាត់ពន្យល់ដោយអត់ធ្មត់ រហូតទាល់តែសិស្សយល់”។

វគ្គបណ្តុះបណ្តាលនេះ ក៏បានផ្តល់លទ្ធផលវិជ្ជមានផងដែរ ដល់ទំនាក់ទំនងរវាងសិស្ស និងសិស្សឲ្យកាន់តែមាន ល្អប្រសើរជាងមុន។ លោក សម សេដ្ឋា នាយកសាលាបឋមសិក្សានេះ បាននិយាយថា គាត់កត់សម្គាល់ឃើញមានការផ្លាស់ប្តូរប្រកបដោយសុទិដ្ឋិនិយមជាច្រើន ទាំងលើសិស្ស ទាំងគ្រូ។ គាត់បាននិយាយថានៅពេល ដែលគ្រូឈប់ប្រើប្រាស់វិធីសាស្ត្រដាក់វិន័យហិង្សា សិស្សក៏ឈប់ទាស់គ្នាផងដែរ។

លើសពីនេះ សិស្សកាន់តែមានទំនុកចិត្តថែមទៀត ក្នុងការសិក្សារបស់ពួកគេ។ ចាប់តាំងពីមានការបណ្តុះបណ្តាលនេះរួចមក លទ្ធផលសិក្សារបស់សិស្សក៏កាន់តែល្អប្រសើរជាងមុន ហើយសិស្សកាន់តែច្រើននាក់មករៀនទៀងទាត់ ដោយសារតែមានការផ្លាស់ប្តូរប្រកបដោយលក្ខណៈស្ថាបនា នៅក្នុងសាលារៀនទាំងមូល។

អ្នកគ្រូ សុខុន បាននិយាយថា “សិស្សទទួលបានការលើកទឹកចិត្តពីគ្រូ ហើយពួកគេលែងអវត្តមានពីថ្នាក់ទៀតហើយ។ សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្ញុំ ធ្វើកិច្ចការផ្ទះញឹកញាប់ជាងមុន។ ហើយឥឡូវនេះ ពួកគេហាក់បី ដូចជាចូលចិត្តរៀនសូត្រជាងមុន។”

© UNICEF Cambodia/2016/Fani Llaurado
សិស្សថ្នាក់ទី១ ចូលចិត្តឆ្លើយសំណួររបស់គ្រូ នៅសាលាបឋមសិក្សាវត្តស្ទឹង

ដោយសារតែកម្មវិធីនេះទទួលបានជោគជ័យ ក្រសួងអប់រំយុវជន និងកីឡា នឹងពង្រីកវគ្គបណ្តុះបណ្តាលវិក្រឹតការនេះដល់សាលាបឋមសិក្សាប្រមាណជា ៨០០ សាលា ក្នុងខេត្តដទៃទៀតមុនបំណាច់ឆ្នាំ២០១៨ ខាងមុខ។ តាមរយៈការតស៊ូមតិដ៏ខ្លាំងក្លាពីយូនីសេហ្វ វគ្គបណ្តុះបណ្តាលអំពីការដាក់វិន័យបែបវិជ្ជមាននេះ ក៏នឹងត្រូវបញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូផងដែរ។ យូនីសេហ្វក៏សង្ឃឹមថា កម្មវិធីនេះនឹងត្រូវពង្រីកបន្ថែមទៀត ដើម្បីបញ្ចូលសាលាមត្តេយ្យ និងសាលាមធ្យមសិក្សា នាពេលអនាគតដ៏ខ្លី ខាងមុខនេះ។

No comments:

Post a Comment