Friday, June 23, 2017

សួនបន្លែជួយជំរុញការរៀនសូត្ររបស់សិស្សដោយជោគជ័យ

ដោយ ហេង ហាក់

លោក ទូច ជ្រាង ប្រធានភូមិនិងជាប្រធានគណៈកម្មការទ្រទ្រង់សាលា ណែនាំសិស្សានុសិស្សពីការដាំដុះ​បន្លែនៅសា​លាប​ឋមសិក្សា​ចាង​រ៉ាក្នុងខេត្តរតនគិរី។©UNICEF/2017/Lim Sokchanlina

ខែមិថុនា ឆ្នាំ២០១៧, រតនគិរី ប្រទេសកម្ពុជា៖ គំនិតផ្តួចផ្តើមជំរុញទឹកចិត្តជាច្រើន ដូចជាការផ្តល់ម្ហូបអាហារធ្វើពីបន្លែយកពីសួនបសរីរាង្គធម្មជាតិរបស់សាលា និងការផ្តល់បរិក្ខារអនាម័យថ្មី កំពុងជួយបង្កើនអត្រាចុះឈ្មោះចូលរៀនរបស់សិស្សានុសិស្សជនជាតិដើមភាគតិចនៅខេត្តរតនគិរីនៃភូមិភាគឦសាន។

លោក ទូច ជ្រាង ជាប្រធានភូមិចាងរ៉ា និងជាប្រធានគណៈកម្មការទ្រទ្រង់សាលា (SSC) នៅបឋមសិក្សាចាងរ៉ា បាននិយាយថា ការរីកចម្រើនទទួលបានជោគជ័យ ដោយសារមានសកម្មភាពជួយជ្រោមជ្រែងដ៏សកម្មរបស់គណៈកម្មការទ្រទ្រង់សាលា។ 

គណៈកម្មការ បាននឹងកំពុងខិតខំបំពេញការងារយ៉ាងខ្លាំងក្លា ដើម្បីកែលម្អស្ថានភាពសាលារៀន និងបង្កើនការយល់ដឹងពីសារៈសំខាន់នៃការអប់រំនៅក្នុងសហគមន៍ជនជាតិដើមភាគតិចទំពួន។

 លោក ទូច ជ្រាង បាននិយាយថា៖ “គណៈកម្មការទ្រទ្រង់សាលារៀនយើងរឹងមាំ និងធានាផ្តល់អាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ដល់សិស្សានុសិស្ស។ ដូច្នេះសិស្សចូលចិត្តមករៀន”។

លោកបន្តថា៖ “យើងយកចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថានសាលា និងអាហារូបត្ថម្ភ។ ការធ្វើបែបនេះធ្វើឲ្យចំនួនសិស្សចុះឈ្មោះចូលរៀន កើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ”។ 

លោកក៏សង្កេតឃើញមានការផ្លាស់ប្តូរវិជ្ជមានជាច្រើននៅក្នុងសហគមន៍របស់គាត់ ចាប់តាំងពីសាលារៀននេះត្រូវបានសាងសង់ជាលើកដំបូងកាលពីឆ្នាំ២០០៥។

លោកបានឲ្យដឹងថា៖ “មុនឆ្នាំ២០០៥ ភូមិខ្ញុំគ្មានសាលារៀនទេ ពីព្រោះតំបន់នេះនៅដាច់ ស្រយាលណាស់ ហើយគ្មានការអភិវឌ្ឍអ្វីឡើយ។ ប៉ុន្តែឥឡូវនេះ វាខុសពីមុនឆ្ងាយណាស់”។

លោកជ្រាង បានចាប់ផ្តើមការងារជាគ្រូបង្រៀនស្ម័គ្រចិត្ត។ គណៈកម្មការទ្រទ្រង់សាលារៀននេះ មានសមាជិកចំនួន៨រូប ដែលមានតំណាងជាអាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសិក្សា។ គណៈកម្មការនេះធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងតំណាងចាស់ទុំនៅក្នុងសហគមន៍។ 

លោកជ្រាង បាននិយាយថា លោកបានពន្យល់ពីតម្លៃនៃការអប់រំទៅដល់មាតាបិតាសិស្ស ដែលជាហេតុធ្វើឲ្យពួកគេបានយល់បន្តិចម្តងៗ និងបញ្ជូនកូនៗឲ្យទៅសាលារៀនតាមការណែនាំរបស់លោក។ 

នៅមុនពេលចាប់ផ្តើមឆ្នាំសិក្សានីមួយៗ គាត់តែងតែប្រកាសប្រាប់អ្នកភូមិតាមមេក្រូឲ្យយកកូនៗទៅចុះឈ្មោះចូលរៀន។ 

លោកបញ្ជាក់ថា៖ “ពីមុនប្រជាសហគមន៍អត់យល់ទេ តែឥឡូវនេះពួកគេបានយល់ដឹងពីសារៈសំខាន់នៃការអប់រំ ហើយបញ្ជូនកូនៗឱ្យទៅរៀន»។ 

ទោះជាយ៉ាងនេះក្តី ក៏នៅមានឧបសគ្គមួយចំនួនទៀតដែរ។ កង្វះខាតមធ្យោបាយធ្វើដំណើរ ភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់ឪពុកម្តាយ គឺជាមូលហេតុចម្បងៗដែលបណ្តាលឲ្យចំនួនសិស្សអវត្តមាន និងបោះបង់ចោលការសិក្សាកើនឡើង។ 

ប្រធានគណៈកម្មការទ្រងទ្រង់សាលារៀនរូបនេះបានឲ្យដឹងថា សិស្សមួយចំនួនត្រូវធ្វើដំណើរចម្ងាយជាង១០គីឡូម៉ែត្រមកសាលារៀន។ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏សំខាន់នេះ គណៈកម្មការទ្រទ្រង់សាលា បានផ្តល់កង់ដល់សិស្សានុសិស្សដែលមានទីលំនៅឆ្ងាយពីសាលា។ បន្ថែមពីនេះ គណៈកម្មការទ្រទ្រង់សាលា ក៏បានឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សដែលខ្វះខាតថវិកាផងដែរ។

លើសពីនេះ គណៈកម្មការទ្រទ្រង់សាលាក៏តាមដានចំនួនវត្តមានគ្រូនិងសិស្សផងដែរ ហើយរាយការណ៍ទៅនាយកសាលា នៅពេលលទ្ធផលការងារនិងវត្តមានរបស់ពួកគេធ្លាក់ចុះ។ 

គណៈកម្មការនេះក៏ទូរស័ព្ទ និងទៅជួបសួរនាំសិស្សដែលអវត្តមានញឹកញាប់ ដើម្បីបានដឹងពីមូលហេតុឬការប្រឈមនានា និងជួយផ្តល់ការទំនុកបម្រុងដល់ពួកគេជាដើម។
លោកជ្រាងមានប្រសាសន៍ថា៖ “យើងលើកទឹកចិត្តសិស្សដែលរស់នៅឆ្ងាយពីសាលារៀនឲ្យមកសាលា”។

លោកបានបន្ថែមថា ”ខ្ញុំបង្រៀនគេពីការអប់រំ ហើយលើកទឹកចិត្តសិស្សានុសិស្សឲ្យចូលចិត្តការសិក្សា និងជំនះឧបសគ្គនៃការសិក្សាទាំងឡាយ។ នេះគឺជាការងារដែលយើងកំពុងតែធ្វើ”។ 

លោកជ្រាង ត្រូវបានអង្គការឃែរអន្តរជាតិនៅកម្ពុជា  អញ្ជើញឲ្យចូលរួមសិក្ខាសាលារយៈពេល២ថ្ងៃ នៅខេត្តកំពតកាលពីដើមឆ្នាំ២០១៦។ 

សិក្ខាសាលានោះ បានផ្តល់ឱកាសដ៏មានតម្លៃដល់គាត់ក្នុងការផ្លាស់ប្តូរពិសោធន៍ ជាមួយលោកគ្រូអ្នកគ្រូ និងមន្រ្តីអប់រំផ្សេងៗទៀតនៅទូទាំងប្រទេស ដើម្បីបានរៀនសូត្រពីរបៀបគ្រប់គ្រងគណៈកម្មការទ្រទ្រង់សាលា និងកិច្ចសហការណ៍ជាមួយសហគមន៍ ដើម្បីអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព។

សិក្ខាសាលា គឺបានគាំទ្រដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF)។ មូលនិធិនេះមានការឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ជាច្រើន និងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារស៊ុយអែតសម្រាប់ការអភិវឌ្ឍអន្តរជាតិ (SIDA) និងយូនីសេហ្វ (UNICEF)។ 

លោកជ្រាងបានយកចំណេះដឹងដែលគាត់បានរៀនសូត្រ ទៅអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពរៀនសូត្រទូទៅនៅសាលាបឋមសិក្សាចាងរ៉ា។ 

បន្លែជាច្រើនប្រភេទ ត្រូវបានដាំបន្ថែមនៅក្នុងសួនបន្លែរបស់សាលា រួចយកទៅចម្អិនធ្វើជាអាហារពេលព្រឹក សម្រាប់បង្កើនអាហារូបត្ថម្ភដល់សិស្សានុសិស្ស ហើយដោយសារមូលហេតុនេះ ទើបធ្វើឲ្យសិស្សមានបញ្ញានិងរាងកាយល្អប្រសើរក្នុងការរៀនសូត្រ។  

លើសពីនេះ ស្តង់ដារអនាម័យសាលាក៏មានភាពល្អប្រសើរ ដោយមានបង្គន់អនាម័យ និងកន្លែងលាងសម្អាតដៃនឹងសាប៊ូ ព្រមទាំងមានការកែលម្អបរិស្ថានសាលាជាច្រើនទៀតផងដែរ។ 

លោកជ្រាង បានមានប្រសាសន៍ថា ការអភិវឌ្ឍទាំងនេះបាននឹងកំពុងធ្វើឲ្យសាលាមានកេរ្តិ៍ឈ្មោះកាន់តែល្អ ដែលជាលទ្ធផលធ្វើឲ្យចំនួនសិស្សចុះឈ្មោះចូលរៀនកាន់តែកើនឡើងផងដែរ។

លោក គុណ សម្បត្តិ នាយកសាលាបឋមសិក្សាចាងរ៉ាបានបញ្ជាក់ថា លោកបានកត់សម្គាល់ឃើញការចុះឈ្មោះចូលរៀនរបស់សិស្ស មានការកើនឡើងច្រើនជាងមុន ដោយកើនពី ៣៥៣នាក់ កាលពីឆ្នាំសិក្សា២០១៥ ទៅ ៤០៣នាក់ នៅឆ្នាំសិក្សា២០១៦។ 

លោកសម្បត្តិមានប្រសាសន៍ថា៖ “លោកជ្រាង និងគណៈកម្មការទ្រងទ្រង់សាលា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយឲ្យសិស្សចុះឈ្មោះចូលរៀន និងរៃអង្គាសប្រាក់ពីសហគមន៍និងម្ចាស់ជំនួយ យកមកអភិវឌ្ឍសាលា”។ 

លោកសម្បត្តិបានបន្ថែមថា “ពួកគាត់ជំរុញឲ្យអ្នកមានទ្រព្យធននៅក្នុងសហគមន៍បរិច្ចាគប្រាក់សម្រាប់ផលប្រយោជន៍រួម”។

កាលពីដើមឆ្នាំ២០១៦ លោកសម្បត្តិក៏បានចូលរួមវគ្គបណ្តុះបណ្តាលមួយដែលមានរយៈពេល២០ថ្ងៃផងដែរក្នុងខេត្តកំពង់ចាម ដែលគាំទ្រដោយមូលនិធិ CDPF។ 

វគ្គបណ្តុះបណ្តាលនោះផ្តោតជាសំខាន់លើការបង្រៀន ជំនាញរដ្ឋបាល និងទំនាក់ទំនងជាមួយសហគមន៍។ 

សមត្ថភាពក្នុងការគ្រប់គ្រងសាលារបស់លោកសម្បត្តិ កាន់តែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយលោកក៏បានចែករំលែកចំណេះដឹងទាំងនេះដល់លោកគ្រូអ្នកគ្រូ ដែលជាហេតុធ្វើឲ្យពួកគាត់អាចបង្កើនគុណភាពបង្រៀនរបស់ពួកគាត់ និងលើកកម្ពស់ការកែលម្អសាលារៀនទាំងមូលផងដែរ។


លោកសម្បត្តិមានប្រសាសន៍ថា៖ “ឥឡូវនេះសហគមន៍បានយល់ថា ពួកគាត់ត្រូវការចំណេះដឹង”។ 

លោកបន្ថែមថា “ពួកគាត់ជំរុញឲ្យកូនចៅបន្តការសិក្សា។ ប្រសិនបើកូនៗពួកគាត់គ្មានចំណេះដឹងទេ នោះពួកគេងាយនឹងចាញ់បោកគេណាស់”។

ចំពោះលោកជ្រាងវិញ ការរីកចម្រើនក្នុងវិស័យអប់រំនេះបាននាំមកនូវ មោទនភាពយ៉ាងខ្លាំងដល់សាលានិងសហគមន៍ ពិសេសក្នុងចំណោមជនជាតិដើមភាគតិចទំពួនពួកគាត់តែម្តង។ 

លោកបន្ថែមថា៖ “ខ្ញុំធ្វើការងារនេះ ពីព្រោះខ្ញុំចង់ឲ្យជនជាតិដើមភាគតិចមានចំណេះដឹងខ្ពង់ខ្ពស់ដូចពលរដ្ឋខ្មែរទូទៅដែរ។ កត្តានេះវានឹងនាំឲ្យមានការអភិវឌ្ឍ និងធ្វើឲ្យជីវភាពរបស់យើងកាន់តែល្អប្រសើរទ្បើងផងដែរ”។ 

No comments:

Post a Comment