Tuesday, June 13, 2017

អាហារូបករណ៍ជួយសិស្សក្រីក្រឲ្យនៅបន្តរៀនបាន

ដោយ ហេង ហាក់

បន្ទាប់ពីទទួលបានអាហារូបករណ៍នៅឆ្នាំ២០១៥ ស្រីម៉ៅ(រូបស្តាំ)
បានចូលរៀនដោយមានសម្ភារសិ​ក្សា​គ្រប់​គ្រាន់​។
UNICEF/2017/Sokchanlina Lim

ខែមិថុនា ភ្នំពេញ ប្រទេសកម្ពុជា៖ អស់រយៈពេលជិត៤ឆ្នាំមកហើយដែលប្អូនស្រី ភន ស្រីម៉ៅ គ្មានឯកសណ្ឋានសមរម្យស្លៀកពាក់ និងសម្ភារសិក្សាគ្រប់គ្រាន់ប្រើប្រាស់ទ្បើយ។
ស្ថានភាពហរិញ្ញវត្ថុគ្រួសារនាងហ៊ុមព័ទ្ធដោយបំណុល ដោយឪពុកម្តាយនាងបានខ្ចីគេយកមកឲ្យនាងបានទៅរៀន។


ប៉ុន្តែក្រោយពីបានទទួលអាហារូបករណ៍នៅឆ្នាំ២០១៥មក ស្រីម៉ៅដែលមានអាយុ១២ឆ្នាំ បានដើរទៅរៀនដោយក្តីសប្បាយរីករាយ ជាមួយនឹងឯកសណ្ឋាន និងសម្ភារសិក្សាគ្រប់គ្រាន់ដែលនាងត្រូវការ ដើម្បីបន្តការសិក្សារបស់នាង។

ស្រីម៉ៅបាននិយាយថា៖ “ខ្ញុំសប្បាយចិត្តណាស់ដែលបានទទួលអាហារូបករណ៍នេះ ព្រោះ ឥឡូវនេះខ្ញុំមានប្រាក់ទៅរៀន ទិញសម្លៀកបំពាក់ សៀវភៅ ប៊ិច និងកាបូប”។

នាងបន្ថែមថា៖ “ខ្ញុំមានសម្ភារសិក្សាច្រើនជាងពេលណាៗទាំងអស់។ អាហារូបករណ៍នេះជួយសម្រាលបន្ទុកថវិកា ដែលខ្ញុំជួបការលំបាកខ្លាំងកាលពីពេលមុន”។

អាហារូបករណ៍នេះគឺជាផ្នែកមួយនៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) ដែលជួយបង្កើនសមត្ថភាពដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគ្រប់គ្រងកម្មវិធីអាហារូបករណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្រអាចបន្តការសិក្សាបាន។

នៅឆ្នាំសិក្សាឆ្នាំ២០១៥-២០១៦ មានសិស្សានុសិស្សប្រមាណ ១៦០.០០០នាក់ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ បានទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាល។

ស្រីម៉ៅទទួលបានថវិកា៦០ដុល្លារសហរដ្ឋអាមរិកក្នុងមួយឆ្នាំសិក្សា។ នាងគឺជាសិស្សម្នាក់ក្នុងចំណោមមិត្តរួមថ្នាក់៣នាក់ ដែលបានទទួលអាហារូបករណ៍នេះ កាលពីពួកគេរៀននៅថ្នាក់ទី៤។

ឥឡូវនេះនាងរៀននៅថ្នាក់ទី៥ ប៉ុន្តែនាងនៅចងចាំគ្រាដែលគ្រូរបស់នាងបានសួរទៅកាន់សិស្សក្រីក្រឲ្យលើកដៃប្រសិនពួកគេចង់បានអាហារូបករណ៍។ ស្រីម៉ៅបានលើកដៃដោយគ្មានស្ទាក់ស្ទើរបន្តិចទ្បើយ។

នាងនិយាយថា៖ “ខ្ញុំបានលើកដៃ ហើយគ្រូសម្ភាសខ្ញុំ។ ខ្ញុំបានប្រាប់គ្រូពីការលំបាករបស់ខ្ញុំ ហើយចុងក្រោយខ្ញុំក៏បានទទួលអាហារូបករណ៍”។

ពេលទៅរៀនស្រីម៉ៅ ចាយអស់ ២.០០០រៀលក្នុងមួយថ្ងៃ។ កាលនាងរៀននៅថ្នាក់ទី៣ គ្រួសារនាងមានលទ្ធភាពបង់ថ្លៃតែសម្រាប់សាលារៀនភាសាអង់គ្លេសឲ្យនាងតែប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មាន នាងត្រូវឈប់រៀន ដោយសារគ្មានប្រាក់ ២០.០០០រៀលបន្ថែមសម្រាប់ បង់ថ្លៃរៀនសម្រាប់ថ្នាក់មុខវិជ្ជាដទៃ។

បច្ចុប្បន្ននេះ ស្រីម៉ៅនិងម្តាយនាងមិនសូវបារម្ភពីការចំណាយលើការសិស្សបស់នាងខ្លាំងពេកទេ ហើយនាងក៏មិនដែលអវត្តមានមកសាលារៀននោះដែរ។

ទោះបីជាអាហារូបករណ៍នេះ មិនបានបំពេញតម្រូវការរបស់ស្រីម៉ៅបានគ្រប់គ្រាន់ក៏ដោយ ក៏វាជួយសម្រួលការលំបាករបស់គ្រួសារនាងបានមួយកម្រិតដែរ។

ម្តាយស្រីម៉ៅ គឺលោកស្រីលាស់ ប៉ុក អាយុ៥៥ឆ្នាំបាននិយាយថា អាហារូបករណ៍នេះ ជួយលើកទឹកចិត្តកូនស្រីគាត់ឲ្យខិតខំរៀនកាន់តែខ្លាំងឡើង។

គាត់និយាយទាំងអួលដើមកថា៖ “ខ្ញុំយកលុយអាហារូបករណ៍នេះទៅទិញឯកសណ្ឋាន និងសម្ភារសិក្សា ហើយក្រៅពីនោះខ្ញុំទុកឲ្យកូនទៅរៀនរាល់ថ្ងៃ”។

គាត់បន្ថែមថា៖ “នាងតែងតែទៅសាលានិងខំរៀនណាស់ ទោះបីជាយើងក្រីក្រ និងគ្មានម្ហូបអាហារហូបចុកគ្រប់គ្រាន់នៅពេលខ្លះក៏ដោយ”។

ស្រីម៉ៅគឺជាកូនពៅក្នុងចំណោមបងប្អូន២នាក់។ ឪពុកនាងធ្វើការជាសន្តិសុខ ហើយម្តាយនាងធ្វើការជាកម្មកររោងចក្រកាត់ដេរក្នុងរាជធានីភ្នំពេញ។

ពេលមកពីសាលារៀនវិញ នាងមើលថែក្មួយស្រីអាយុ១ឆ្នាំ និងដាំស្លសម្រាប់គ្រួសារ។ ក្រៅពីនោះនាងធ្វើការងារផ្ទះ និងការងារសាលាផងដែរ។

ស្រីម៉ៅប្រឹងប្រែងរៀនណាស់ ដើម្បីសម្រេចគោលបំណងអនាគត ដោយចង់ក្លាយជាពេទ្យធ្មេញដ៏ល្អម្នាក់ និងអាចជួយសម្រាលបន្ទុកឪពុកម្តាយនាង។

លោក សាត បរមី គ្រូបង្រៀនរបស់ស្រីម៉ៅ បានឱ្យដឹងថានាងគឺជាសិស្សឆ្នើមម្នាក់ក្នុងចំណោមសិស្សឆ្នើមផ្សេងទៀតនៅក្នុងថ្នាក់។

លោកមានប្រសាសន៍ថា៖ “នាងជាសិស្សល្អនិងឆ្លាត។ អាហារូបករណ៍នេះគឺល្អ ហើយមានប្រយោជន៍សម្រាប់សិស្សក្រីក្រ ដើម្បីបានបន្តការសិក្សា។ ដូច្នេះបើមានសិស្សកាន់តែច្រើនទទួលបានអាហារូបករណ៍ នោះវាកាន់តែល្អប្រសើរ”។

លោក ឃុត មុនី នាយកសាលាបឋមសិក្សាភ្នំពេញថ្មីបានមានប្រសាសន៍ថា សាលាលោក មានគម្រោងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រចាប់តាំងពីឆ្នាំ២០១៥មកម៉្លេះ។

លោកបន្តថា មានសិស្សក្រីក្រច្រើនណាស់។ ដូច្នេះ សាលាត្រូវតែធ្វើការពិនិត្យ និងជ្រើសរើសយ៉ាងហ្មត់ចត់ ដើម្បីសម្រិតសម្រាំងយកតែសិស្សដែលក្រីក្រលំបាកបំផុត។ កត្តាវិនិច្ឆ័យមួយទៀតគឺសិស្សត្រូវមានប្រវត្តិសិក្សាល្អ និងពិន្ទុខ្ពស់។

បច្ចុប្បន្នមានសិស្សចំនួន៨១នាក់នៅសាលានេះ រាប់ទាំងស្រីម៉ៅ បាននឹងកំពុងទទួលបានការគាំទ្រថវិកានៃអាហារូបករណ៍នេះ។

លោកនាយកមានប្រសាសន៍ថា៖ “បន្ទាប់ពីទទួលបានអាហារូបករណ៍ ស្ថានភាពសិស្សមានការរីកចម្រើនច្រើនជាងមុន ហើយវត្តមាននិងលទ្ធផលនៃការសិក្សារបស់ពួកគេក៏មានភាពល្អប្រសើរច្រើន”។

មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) គឺជាមូលនិធិដែលមានការឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ជាច្រើន និងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារស៊ុយអែតសម្រាប់ការអភិវឌ្ឍអន្តរជាតិ (SIDA) និងយូនីសេហ្វ (UNICEF)។

No comments:

Post a Comment