Saturday, April 22, 2017

ចិញ្ចឹមជាកូនធម៌ ដើម្បីអនាគតប្រសើរ៖ កុមារងាយរងគ្រោះទទួលបានជម្រកសុវត្ថិភាពជាមួយឪពុកម្តាយធម៌

ដោយ Buthdy Sem


កុមារីនីតា* កំពុងលេង​ប្រដាប់​លេង​ដែល​នាង​ចូលចិត្តជាមួយ​ឳពុកធម៌​របស់នាង​ឈ្មោះសូរិយា 
© UNICEF Cambodia/2016/Buthdy Sem

គ្រួសារមួយកំពុងធ្វើការងារចិញ្ចឹមជីវិតដូចធម្មតានៅក្នុងភូមិជនបទបែបប្រពៃណីមួយនៅក្នុងប្រទេសកម្ពុជា។ ដូចគ្នានឹងអ្នកជិតខាងដែរ ពួកគាត់មានការងារផ្ទះ មានកូនត្រូវទៅរៀន និងត្រូវរកលុយផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែ គ្រួសារនេះគឺខុសពីគ្រួសារជាច្រើនទៀតនៅក្នុងសហគមន៍។ កុមារក្នុងគ្រួសារនេះ គឺជាកុមារដែលធ្លាប់ទទួលរងទុក្ខលំបាក ធ្លាប់រងការកេងប្រវ័ញ្ចផ្លូវភេទ និងការគំរាមកំហែងហិង្សា។ តែពេលនេះពួកគេកំពុងរស់នៅដោយរីករាយនិងមានសុវត្ថិភាព ក្រោមការថែទាំដោយយកចិត្តទុកដាក់របស់អ្នកដទៃដែលមិនជាប់សាច់ញាតិជាមួយពួកគេ។


អ្នកស្រី សូណា* កំពុងពរកុមារីនីតា* អាយុ១ឆ្នាំ ដាក់លើត្រកៀកគាត់ ហើរដើរចុះតាមជណ្តើរផ្ទះឈើមកស្វាគមន៍ កញ្ញាសារ៉ន ភ្នាក់ងារសង្គមកិច្ច មកពីអង្គការកុមាររីករាយ ដែលជាអង្គការមិនមែនរដ្ឋាភិបាលទទួលបានការគាំទ្រពីយូនីសេហ្វ។

អ្នកស្រី សូណា និងប្តីគាត់ឈ្មោះសូរិយា* បានចិញ្ចឹមនីតា និងបងប្អូនប្រាំនាក់របស់នាងជាកូនធម៌ចាប់តាំងពីខែមករា ឆ្នាំ២០១៦ មកម្ល៉េះ។ សូណា និងសូរិយា ក៏មានកូនប្រុសបង្កើតម្នាក់អាយុ៤ឆ្នាំផងដែរ។

កូនៗដទៃទៀតទៅរៀន ហើយសូរិយាដែលជាឪពុកធម៌ កំពុងធ្វើការងារក្នុងសួនបន្លែខាងក្រោយផ្ទះ។ នាងតូច នីតា ស្លៀកពាក់ស្អាតបាត និងមានលាបម៉្សៅត្រជាក់លើថ្ពាល់ ជើង និងដៃរបស់នាងផង។ នៅពេលដែលម្តាយធម៌របស់នាងប្រាប់ឲ្យនីតាសំពះ នាងលើកដៃតូចទាំងពីររបស់នាងផ្គុំគ្នាហើយសំពះតាមបែបប្រពៃណីខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវដែលជាភ្នាក់ងារសង្គមកិច្ច។

ក្មេងៗត្រលប់មកពី​សាលាមត្តេយ្យ​វិញ​តាម​ម៉ូតូ​ឪពុកធម៌​របស់​ពួកគេ
© UNICEF Cambodia/2016/Buthdy Sem

អ្នកស្រី សូណា ឲ្យនីតាញ៉ាំចេកស្ងោរជាអាហារពេលព្រឹក។ បន្ទាប់ពីញ៉ាំរួច កុមារីតូចនេះលេងប្រដាប់លេងរបស់នាង នៅលើគ្រែឈើ។ នាងចូលចិត្តលេងដុំប្លក់ គ្រឿងសម្រាប់ផ្គុំភ្ជាប់គ្នា និងកូនតុកត្តាកង់គូរូជ័រជាងគេ។ នីតាមានសុខភាពល្អ និងធ្វើចលនារស់រវើក នៅពេលនាងលេង។

កញ្ញា សារ៉ន និយាយថា “នីតាស្គមណាស់ នៅពេលដែលនាងមករស់នៅជាមួយនឹងឪពុកម្តាយធម៌នាងដំបូង។ ប៉ុន្តែនាងឡើងបានមួយគីឡូនៅរយៈពេល៦ខែ ក្រោយពេលនាងមកដល់ ហើយឥឡូវនេះនាងមានសុខភាពល្អណាស់ ហើយចូលចិត្តញ៉ាំអាហារទៀតផង។”

នៅម៉ោង ៩.៣០ នាទីព្រឹក អ្នកស្រីសូណា ដើរទិញម្ហូប ហើយ សូរិយា បញ្ចប់ការងារសួនបន្លែរបស់គាត់ ដើម្បីមកមើលនីតាវិញម្តង។

គាត់លេងសប្បាយជាមួយកូនតូចនេះ រហូតដល់ពេលម្តាយធម៌របស់នាងត្រលប់មកពីដើរផ្សារវិញ។ នីតាហាក់បីដូចជាចូលចិត្ត និងមានទំនាក់ទំនងល្អជាមួយសូរិយា នៅពេលដែលនាងលេងពុកចង្ការ និងទះទ្រូងរបស់គាត់យ៉ាងសប្បាយ។ បន្ទាប់ពីមកពីផ្សារវិញ សូណា ផ្តល់ចាហួយមួយដុំតូចដល់នីតា ដែលជាចំណីដែលនាងចូលចិត្តខ្លាំង។

សូរិយានៅបន្តមើល នីតា ពេលសូណារៀបចំអាហារថ្ងៃត្រង់ សម្រាប់កូនទាំង៧នាក់ដទៃទៀត។

កូនៗទាំងអស់ លើកលែងតែនីតាចេញដែលនៅក្មេងពេក សុទ្ធតែទៅរៀននៅសាលារដ្ឋ នៅជិតនោះ។

នៅម៉ោង ១០.៣០ ព្រឹក បងៗពីរនាក់របស់នីតាបានត្រលប់មកពីសាលាមត្តេយ្យវិញ ជាមួយសូរិយា។

“យើងត្រលប់មកពីសាលាវិញហើយ!” ពួកគេស្រែកសប្បាយ នៅពេលដែលពួកគេលោតចុះពីម៉ូតូរបស់សូរិយា និងជម្រាបសួរម្តាយធម៌ និងភ្នាក់ងារសង្គមកិច្ច ដែលចុះមកសួរសុខទុក្ខពួកគេ។

មិនយូរប៉ុន្មាន មានក្មេងប្រុសតូចៗពីរនាក់ដទៃក្នុងភូមិ ក៏បានមកចូលរួមលេងជាមួយពួកគេដែរ។

កូនធម៌និងកូនប្រុសបង្កើតក៏ដូចជាក្មេងៗក្នុងសហគមន៍នេះ មានទំនាក់ទំនងគ្នាយ៉ាងល្អ ដោយសារតែពួកគេលេងជាមួយគ្នា ញ៉ាំអាហារជាមួយគ្នា និងទៅរៀនជាមួយគ្នា។


ក្មេងៗ​ជួយ​ឪពុក​ម្តាយ​ធម៌​របស់ពួកគេ បេះស្ពៃ នៅពេល​​ពួកគេ​​​ទំនេរ​។
© UNICEF Cambodia/2016/Buthdy Sem

 “យើងសប្បាយចិត្តខ្លាំងណាស់ដែលបានទទួលយកក្មេងទាំង៦នាក់នេះមកចិញ្ចឹម ដោយសារតែយើងមានឱកាសផ្តល់ការថែទាំបានល្អដល់កុមារងាយរងគ្រោះទាំងនេះ ព្រោះយើងទាំងពីរនាក់ក៏ធ្លាប់ជាកុមារកំព្រាដែរ។” នេះជាសម្តីរបស់សូណានិងសូរិយា បង្ហាញពីកត្តាជំរុញទឹកចិត្តពិតប្រាកដឲ្យសម្រេចចិត្តយកកុមារទាំងនេះមកធ្វើជាកូនចិញ្ចឹម។

អ្នកស្រីសូណា បានទទួលដីនិងផ្ទះពីឪពុកធម៌របស់គាត់ ហើយគាត់ចង់យកគំរូតាមឪពុកធម៌គាត់ និងប្រព្រឹត្តអំពើល្អស្រដៀងគ្នានេះចំពោះមនុស្សដទៃទៀត។

អង្គការកុមាររីករាយ ចាប់ផ្តើមធ្វើការងារដំបូងជាមួយកុមារក្នុងឆ្នាំ២០១៣ នៅពេលអង្គការនេះទទួលព័ត៌មានពីពួកគេ តាមរយៈទូរស័ព្ទទាន់ហេតុការណ៍របស់ខ្លួន។ ឪពុកបង្កើតរបស់កុមារទាំងនេះផឹកស្រាស្រវឹង ហើយបានវាយដំពួកគេ និងម្តាយពួកគេពេលពួកគេរស់នៅផ្ទះជួល។ ការវាយដំនេះបានធ្វើឲ្យម្តាយនិងបងម្នាក់របស់នីតា រងរបួសធ្ងន់ធ្ងរ។ នគរបាលបានចាប់ខ្លួនឪពុកនោះដាក់ពន្ធនាគារ។

ពេលកំពុងជាប់ពន្ធនាគារក្នុងឆ្នាំ២០១៤ បុរសជាឪពុកបានវាយដំទណ្ឌិតផ្សេងទៀត ដែលនាំឲ្យគាត់ត្រូវបន្ថែមជាប់ពន្ធនាគារមួយឆ្នាំទៀត។ គាត់នឹងត្រូវគេដោះលែងឲ្យមានសេរីភាពក្នុងខែធ្នូ ឆ្នាំ២០១៦នេះ។

កញ្ញា សារ៉ន ដែលជាភ្នាក់ងារសង្គមកិច្ចបានលើកឡើងថា ម្តាយបង្កើតរបស់កុមារទាំងនេះ គឺជាជនប្រមឹក ដែលតែងទាញចំណេញពីកូនៗរបស់ខ្លួន ដោយឲ្យពួកគេដើរសុំទានតាមផ្សារក្នុងក្រុងបាត់ដំបង។

កុមារទាំងនេះពុំបានទទួលការអប់រំឬការថែទាំត្រឹមត្រូវក្នុងរយៈពេលខ្មៅងងឹតនេះឡើយ។ កញ្ញា សារ៉ន និយាយថា ការពុំបានទទួលការមើលថែទាំដិតដល់ពីម្តាយបង្កើត គួបផ្សំ និងការរស់នៅឡូកឡំជាមួយនឹងកុមារអនាថាផ្សេងទៀត រួមទាំងអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នករកស៊ីផ្លូវភេទតាមផ្លូវផងនោះ ធ្វើឲ្យកុមារទាំងនេះត្រូវប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ដូចជា ការកេងប្រវ័ញ្ចផ្លូវភេទ ការប្រើបំពានគ្រឿងញៀន និងគ្រោះថ្នាក់ក្លាយជាក្មេងទំនើងជាដើម។

អង្គការកុមាររីករាយធ្វើការងារជាមួយនឹងម្តាយរបស់ពួកគេ តាមរយៈកម្មវិធីចុះផ្តល់សេវានិងបានផ្តល់ការគាំទ្រជាអាហារជារៀងរាល់ខែ ក៏ដូចជាផ្តល់ប្រឹក្សា ដើម្បីជួយឲ្យគាត់បញ្ឈប់ការប្រើបំពាននូវគ្រឿងស្រវឹង។

គួរឲ្យសោកស្តាយ ម្តាយរបស់កុមារទាំងនេះមិនអាចជំនះបញ្ហាញៀនស្រានេះបាន ហើយគាត់ធ្លាក់ខ្លួនឈឺធ្ងន់ នៅដើមខែកក្កដា ឆ្នាំ២០១៥។ សុខភាពរបស់គាត់ធ្លាក់ចុះដុនដាបបន្តិចម្តងៗ និងបានបាត់បង់ជីវិត នៅដើមខែមករា ឆ្នាំ២០១៦។

មិនដល់មួយខែចាប់ពីម្តាយរបស់កុមារទាំងនេះស្លាប់ ពួកគេត្រូវបានយកមកដាក់ឲ្យស្ថិតក្រោមការថែទាំពីឪពុកម្តាយធម៌បច្ចុប្បន្នរបស់ពួកគេនេះ។ កម្មវិធីអន្តរាគមន៍នានា ដូចជា ការគាំទ្រពីគ្រួសារធម៌ ដោយមានការពិនិត្យតាមដានយ៉ាងហ្មត់ចត់ពីភ្នាក់ងារសង្គមកិច្ចដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ គឺជាវិធានការដ៏មានសារៈសំខាន់ ដើម្បីធានាយ៉ាងណាឲ្យកុមារដែលងាយរងគ្រោះអាចទទួលបានការការពារ និងការគាំទ្រ ក្នុងផ្ទះជាទីស្រលាញ់បែបនេះ។

ការទទួលបានការថែទាំជំនួសតាមគ្រួសារទាន់ពេលវេលាបែបនេះ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីការពារកុមារដែលពុំបានទទួលការថែទាំផ្ទាល់ពីឪពុកម្តាយរបស់ពួកគេ មិនឲ្យទទួលរងគ្រោះថ្នាក់ក្នុងទម្រង់ផ្សេងទៀត ក៏ដូចជាការពារមិនឲ្យមានការយកពួកគេទៅដាក់តាមមណ្ឌលថែទាំ ដែលបានក្លាយជានិន្នាការគួរឲ្យព្រួយបារម្ភ និងដែលកំពុងតែមានការកើនឡើងក្នុងប្រទេសកម្ពុជា។

ជាការសំខាន់ណាស់ ដែលគេត្រូវយកកុមារដែលនៅតូចដូចជានីតានេះជាដើម ទៅដាក់ក្រោមការថែទាំតាមគ្រួសារ ដោយសារតែមានការស្រាវជ្រាវរាប់ទសវត្សរ៍ក្នុងសកលលោកកន្លងមកបានបង្ហាញថា ការរស់នៅតាមមណ្ឌលថែទាំអាចបង្កគ្រោះថ្នាក់ដល់ការអភិវឌ្ឍសង្គម កាយសម្បទា បញ្ញាស្មារតី និងផ្លូវចិត្តរបស់កុមារ។ វាក៏អាចមានផលប៉ះពាល់រយៈពេលវែងមកលើជីវិតពេលពេញវ័យរបស់ពួកគេផងដែរ ហើយផលប៉ះពាល់បែបនេះរឹតតែធ្ងន់ធ្ងរទៅទៀត សម្រាប់កុមារអាយុក្រោម៣ឆ្នាំ ដែលជាដំណាក់កាលសំខាន់នៃការអភិវឌ្ឍសមត្ថភាពស្រូបយកចំណេះដឹង។

កញ្ញា សារ៉ន និយាយថា៖ “សុខុមាលភាពផ្លូវចិត្តរបស់កុមារមានភាពល្អប្រសើរនៅពេលពួកគេរស់នៅក្នុងបរិយាកាសបែបគ្រួសារ។ កុមារទាំងនេះក៏បានជួយដល់សកម្មភាពប្រចាំថ្ងៃរបស់ឪពុកម្តាយធម៌របស់ពួកគេផងដែរ ហើយពួកគេរឹតតែទទួលបានបំណិនជីវិតកាន់តែប្រសើរថែមទៀតនៅក្នុងដំណើរការនេះ។ ឪពុកម្តាយធម៌តែងមានក្តីសណ្តោសប្រណី ជួយឧបត្ថម្ភគាំទ្រ និងចាត់ទុកកុមារទាំងនេះដូចកូនបង្កើតរបស់ពួកគេដែរ។”

ជាផ្នែកមួយនៃការគាំទ្រដល់ការធ្វើសមាហរណកម្មកុមារងាយរងគ្រោះ ដែលកំពុងទទួលបានការថែទាំជំនួស គ្រួសារនេះទទួលបានការឧបត្ថម្ភជាស្បៀង សម្លៀកបំពាក់ កង់ ផលិតផលសម្រាប់អនាម័យផ្ទាល់ខ្លួន និងសេវាថែទាំសុខភាពនានា ពីអង្គការកុមាររីករាយ។ អង្គការនេះនឹងបន្តវាយតម្លៃលើស្ថានភាពរបស់កុមារទាំងនេះ គ្រួសារដែលទទួលចិញ្ចឹមពួកគេ ក៏ដូចជាគ្រួសារបង្កើតរបស់ពួកគេ ហើយការវាយតម្លៃលំអិតបែបនេះនឹងត្រូវប្រើប្រាស់ ដើម្បីរៀបចំផែនការរកកន្លែងឲ្យពួកគេរស់នៅជាអចិន្ត្រៃយ៍។

យូនីសេហ្វកំពុងធ្វើការងារ ដើម្បីពង្រឹងប្រព័ន្ធការពារកុមារថ្នាក់ជាតិរបស់ប្រទេសកម្ពុជា ដើម្បីឲ្យកុមារដែលងាយរងគ្រោះបំផុតក្នុងប្រទេសនេះ អាចទទួលបានការការពារកាន់តែប្រសើរពីអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច។ គោលដៅនេះអាចសម្រេចទៅបាន តាមរយៈកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកម្មវិធីភាពជាដៃគូដើម្បីការពារកុមារ (ដែលហៅថា 3 PC)។ គំនិតផ្តួចផ្តើមនេះរាប់បញ្ចូលទាំងការធ្វើសមាហរណកម្មកុមារដែលកំពុងរស់នៅតាមមណ្ឌលថែទាំឬដែលរស់នៅបែកពីឪពុកម្តាយរបស់ពួកគេក្នុងទម្រង់ផ្សេងទៀត ដើម្បីឲ្យពួកគេអាចទទួលបានការថែទាំក្នុងគ្រួសារនិងសហគមន៍។

*ឈ្មោះទាំងអស់ត្រូវបានប្តូរ ដើម្បីការពារអត្តសញ្ញាណរបស់បុគ្គល ដែលបានរៀបរាប់ក្នុងរឿងនេះ។

No comments:

Post a Comment