Thursday, February 23, 2017

ប្រយុទ្ធនឹងបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវបំផុត ក្នុងសហគមន៍ងាយរងគ្រោះក្នុងទីក្រុងភ្នំពេញ

To read this post in English, click here

ដោយ ខៀវ ផារិន និង Arnaud Laillou

កុមារី យិន សីហា អាយុ១៥ខែ​​ ស្ថិតក្នុង​រង្វង់ដៃ​​ម្តាយ​ឈ្មោះ សុខ ជា។ សីហា បាន​ធូរស្បើយ​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​បំផុត​ ក្រោយ​ពីទទួលបាន​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​​អាហារជាឱសថ ក្នុងទម្រង់​ជានំដែលមានសារជាតិអាហារូបត្ថម្ភ។
©UNICEF កម្ពុជា/២០១៦/ខៀវ



ខែតុលា ឆ្នាំ២០១៦ ទីក្រុងភ្នំពេញ៖ កុមារីសីហា មានអាយុ១៥ខែ។ នាងរស់នៅជាមួយម្តាយឈ្មោះ សុខ ជា ក្នុងខ្ទមបណ្តែតទឹកមានបន្ទប់តែមួយ ដែលស្ថិតលើដងទន្លេសាបនាទីក្រុងភ្នំពេញ។ កន្លែងនោះជាសហគមន៍សំណង់អនាធិបតេយ្យមួយក្នុងទីក្រុងភ្នំពេញ។ នៅពេលឃើញសីហា ញញឹមនិងលេងជាមួយក្មេងអាយុ១ឆ្នាំម្នាក់ទៀតដែលរស់នៅជិតគ្នា គេសឹងតែមិនជឿថា នេះគឺជាកុមារីសីហាដដែល ដែលកាលពីមួយខែមុននេះ ប្រឹងត្រដររស់ និងត្រូវការការព្យាបាលបន្ទាន់។


ជាសំណាងល្អ កុមារីនេះត្រូវបានទទួលការយកចិត្តទុកដាក់ពីអ្នកស្ម័គ្រចិត្តសុខភាពភូមិឈ្មោះ ទិត្យ សុធា ដែលគាត់មានតួនាទីកំណត់អត្តសញ្ញាណកុមារខ្វះអាហារូបត្ថម្ភក្នុងសហគមន៍នេះ និងបញ្ជូនពួកគេទៅទទួលសេវាព្យាបាល រួមទាំងតាមដានបន្តលើស្រ្តី និងកុមារដែលកំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ដើម្បីឲ្យពួកគេអាចទទួលប្រយោជន៍ ពីការគាំទ្រដែលមានផ្តល់ជូន។

សុធា បានជួបម្តាយសីហា និងបានជំរុញឲ្យនាងនាំកូនស្រីទៅពិនិត្យសុខភាពជាមួយបុគ្គលិកមណ្ឌលសុខភាពនៅជិតនោះ ក្នុងអំឡុងវគ្គពិនិត្យអាហារូបត្ថម្ភដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងមានការគាំទ្រពីយូនីសេហ្វ។ សីហា ឈឺញឹកញាប់ ដោយឧស្សាហ៍គ្រុនក្តៅ និងរាករូស។ សុធា និយាយថា “ក្នុងនាមជាអ្នកស្ម័គ្រចិត្ត ខ្ញុំស្គាល់គ្រួសារជាច្រើនដែលមានកូនខ្វះអាហារូបត្ថម្ភ។ ការចុះទៅជួបគ្រួសារនៅតាមផ្ទះ អាចឲ្យខ្ញុំប្រាប់ពួកគេឲ្យទៅរកសេវាល្អប្រសើរ នៅពេលមានការផ្តល់សេវាទាំងនោះតាមភូមិ ឬនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ”។

នៅកន្លែងពិនិត្យ សីហា ត្រូវបានរកឃើញថាមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរដោយបុគ្គលិកសុខភាពដែលមានការបណ្តុះបណ្តាល និងទាមទារឲ្យមានការព្យាបាលពិសេស។ គេសង្ស័យថា កង្វះរបបអាហារ ដូចជា ការផ្តល់តែបាយជាប្រភពសារធាតុចិញ្ចឹមតែមួយមុខ គឺជាមូលហេតុនៃបញ្ហាកង្វះអាហារូបត្ថម្ភនេះ ហើយវាក៏ ជាបញ្ហាដែលកើតមានលើកុមារជាច្រើនផ្សេងទៀតក្នុងគ្រួសារក្រីក្រ ដែលរស់នៅក្នុងស្ថានភាពគ្មានសុខភាពស្រដៀងគ្នានេះ។

ដូចប្រជាជនកម្ពុជាក្រីក្រជាច្រើនទៀតដែរ ម្តាយរបស់ សីហា មិនបានដឹងពីតម្រូវការអាហារូបត្ថម្ភរបស់កូន និងអ្វីដែលកូនត្រូវការដើម្បីលូតលាស់ឡើយ។ នាងមិនបានដឹងថា អាហារដែលគាត់ផ្តល់ឲ្យកូន កំពុងបង្អាក់ការលូតលាស់ និងការអភិវឌ្ឍរបស់កូន និងគំរាមកំហែងដល់អាយុជីវិតកូនឡើយ។

បន្ទាប់ពីកូននាងត្រូវបានធ្វើរកឃើញថាមានកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ នាង ត្រូវបានគេណែនាំឲ្យជួបជាមួយបុគ្គលិកសុខភាព ដើម្បីនាំកូនទៅមន្ទីរពេទ្យកុមារជាតិក្នុងទីក្រុងភ្នំពេញដើម្បីទទួលការព្យាបាល។ នៅទីនោះ សីហា ទទួលបានអាហារព្យាបាលសម្រាប់យកទៅផ្ទះដែលអភិវឌ្ឍនិងសាកល្បងដោយយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD)។ អាហារព្យាបាលនោះគឺ នំត្រី។

នំត្រី ជានំសម្រាប់ព្យាបាល ដែលត្រូវបានវេចខ្ចប់ថ្មីទៅតាមការសាកល្បងនៅមូលដ្ឋាន។
©UNICEF កម្ពុជា/២០១៦/Laillou



នំសម្រាប់ព្យាបាលនេះ ត្រូវបានបង្កើតឡើងដោយតម្រូវទៅតាមរបបអាហាររបស់ប្រជាជនកម្ពុជា ដើម្បីបង្កើនភាពអាចទទួលយកបាន និងនៅបន្តទទួលការព្យាបាល។ កុមារដែលទទួលបាននំព្យាបាលថ្មីនេះ ត្រូវបានពិនិត្យរាល់ខែដោយបុគ្គលិកមន្ទីរពេទ្យ ដើម្បីតាមដានការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ពួកគេ។ គេរំពឹងថានឹងអាចដឹងលទ្ធផលចុងក្រោយនៃការសិក្សាជាបន្តបន្ទាប់ស្តីពីប្រសិទ្ធភាពរបស់ផលិតផលអាហារសម្រាប់ព្យាបាលថ្មីនេះនៅចុងឆ្នាំនេះ។

កុមារីសីហា ស្ថិតក្នុងចំណោមកុមារ ២០៦នាក់ ដែលត្រូវបានព្យាបាល ឬស្ថិតក្រោមការព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរក្នុងអំឡុងបីត្រីមាសដំបូងនៃឆ្នាំ ២០១៦ នៅមន្ទីរពេទ្យកុមារជាតិក្នុងទីក្រុងភ្នំពេញ។

សម្រាប់អ្នកម្តាយ សុខ ជា ម្តាយរបស់សីហា គាត់ពេញចិត្តនឹងលទ្ធផល។ នាង និយាយដោយក្តីរីករាយថា “ឥទ្បូវកូនខ្ញុំបានធូរស្រាលច្រើន និងឡើងទម្ងន់ទៀតផង ដោយសារតែនំត្រីដែលទទួលបានពីមន្ទីរពេទ្យ។ នៅមន្ទីរពេទ្យ ពួកគេបានបង្រៀនខ្ញុំពីសារៈសំខាន់នៃការត្រឡប់មកពិនិត្យតាមដាន ៣ លើកទៀត ដើម្បីតាមដានភាពរីកចម្រើនរបស់ សីហា និងទទួលបាននំសម្រាប់ព្យាបាលនេះបន្ថែមទៀត”។

សីហា ចូលចិត្តញ៉ាំនំនេះណាស់ និងមានសុខភាពប្រសើរបន្ទាប់ពីការពិនិត្យតាមដាននីមួយៗ ៖ ក្រោយការពិនិត្យលើកទីមួយ សីហា អាចវាឬលូនបានជាលើកដំបូង។ ពីរសប្តាហ៍ក្រោយមក សីហា អាចធ្វើចលនាដោយសេរី និងលេងជាមួយកុមារផ្សេងទៀត។ អ្នកម្តាយ ជា ប្តេជ្ញាថានឹងបញ្ចប់ការព្យាបាលបន្តដោយសារតែលទ្ធផលល្អប្រសើរទាំងនេះ។

នាងនិយាយថា “ខ្ញុំឃើញថា កូនខ្ញុំបានធូរស្រាលច្រើនព្រោះ សីហា ចាប់ផ្តើមញ៉ាំច្រើនជាងមុន។ ខ្ញុំមិនចង់ឲ្យ សីហា ឈឺម្តងទៀតឡើយ។ ខ្ញុំចង់ឲ្យកូនជាពីជំងឺនេះ។ ឥឡូវនេះ សីហា ឡើងទម្ងន់ និងញ៉ាំបានច្រើន។ ខ្ញុំពិតជារីករាយណាស់”។

អ្នកស្ម័គ្រចិត្តយូនីសេហ្វ (ឆ្វេង) កំពុងប្រមូលទិន្នន័យសម្រាប់ការសិក្សាតាមមូលដ្ឋានស្តីពីភាពអាចទទួលយកបាននៃរសជាតិ និងការវេចខ្ចប់នំត្រី កាលពីខែឧសភា ឆ្នាំ២០១៦ ក្នុងខេត្តរតនគិរី តាមរយៈការសម្ភាសកុមារ និងឪពុកម្តាយរបស់ពួកគេ។
©UNICEF កម្ពុជា/២០១៦/Morooka




ដោយមានជំនួយពីគណៈកម្មាធិការជាតិរបស់យូនីសេហ្វប្រចាំប្រទេសអូស្រ្តាលី កាណាដា ក្រុងហុងកុង និងកូរ៉េខាងត្បូង វគ្គពិនិត្យអាហារូបត្ថម្ភដែលផ្តោតលើមហាជន ត្រូវបានរៀបចំឡើងក្នុងក្រុងភ្នំពេញចំនួន ៣លើក នៅឆ្នាំ២០១៥ និង ២លើក នៅឆ្នាំ២០១៦ ដោយបានពិនិត្យកុមារ ៥ពាន់នាក់ក្នុងមួយលើកៗ។

អន្តរាគមន៍ទាំងនេះបូករួមនឹងសេវាផ្សេងទៀត បានផ្តល់លទ្ធភាពឲ្យកុមារជាង ៤ពាន់នាក់ ទទួលបានការព្យាបាលនៅឆ្នាំ២០១៥ ហើយកុមារកាន់តែច្រើននឹងទទួលបានការព្យាបាលនៅចុងឆ្នាំ២០១៦។

ការបង្កើតពិធីសារ និងគោលការណ៍ណែនាំក្នុងប្រទេសសម្រាប់ការព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ កំពុងជួយដល់កុមារបញ្ចប់ការព្យាបាលរបស់ខ្លួន និងជាដាច់ពីជំងឺនេះ ដោយនឹងផ្តល់គុណប្រយោជន៍ពេលវែងលើការអភិវឌ្ឍរាងកាយ និងប្រាជ្ញាស្មារតីរបស់ពួកគេ។

កុមារម្នាក់ៗដែលទទួលបានសេវានិងការព្យាបាល នឹងជួយឲ្យកម្ពុជាឈានទៅសម្រេចបានការលុបបំបាត់ផលប៉ះពាល់អវិជ្ជមាន ពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ និងបង្កើតអនាគតល្អប្រសើរសម្រាប់កុមារគ្រប់រូប។

1 comment: