Thursday, February 23, 2017

កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អាហារូបត្ថម្ភដើម្បីកសាងអនាគតកាន់តែប្រសើរ សម្រាប់មាតានិងទារក

To read this post in English, click here

ដោយ  Noémi de Verneuil និង Arnaud Laillou

អ្នកស្រីណាន់ចា និងប្តីឈ្មោះ នាក ឆ្លើយសំណួររបស់អ្នក​ប្រមូលទិន្នន័យ។
©UNICEF កម្ពុជា​/២០១៦/Verneuil

ខេត្តរតនគិរី និងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ខែវិច្ឆិកា ឆ្នាំ២០១៦ – ក្នុងពេលព្រឹកព្រលឹម នៅភូមិកាឡៃ២ អ្នកស្រី ណាន់ចា អាយុ២៨ ឆ្នាំ រួមជាមួយស្វាមីឈ្មោះ នាក និងកូនប្រុសអាយុ៣ខែ ឈ្មោះ ស៊ីណា បានមកដល់កន្លែងណាត់ជួបមួយ។

ស៊ីណា គឺជាកូនប្រុសទីបីរបស់ពួកគាត់ ហើយគេមានសុខភាពល្អ រស់រវើក និងកំពុងក្រឡេកមើលអ្វីៗនៅជុំវិញខ្លួន។ អ្នកស្រីណាន់ចា មកកាន់ទីនេះដើម្បីតាមដានសុខភាពរបស់គាត់ និងកូន។ ការណាត់ជួបនេះ គឺជាផ្នែកមួយនៃគម្រោង “សុខភាពខ្ញុំ”។


គម្រោងនេះគឺការអភិវឌ្ឍរួមថ្មីមួយរវាងយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) និងរដ្ឋបាលជលផលរបស់រាជរដ្ឋាភិបាលកម្ពុជា។

ស្ថាប័នទាំងនេះបានចូលរួមសិក្សាលើកុមារ និងស្រ្តីមានផ្ទៃពោះជាង ៤.០០០ នាក់ក្នុងខេត្តក្រចេះ រតនគិរី និងទីក្រុងភ្នំពេញ ដែលរួមមានការពិនិត្យតាមដានសុខភាព អាហារូបត្ថម្ភ និងលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យរបស់ពួកគេ។ ក្នុងការសិក្សានេះ យូនីសេហ្វ និងដៃគូក្នុងប្រទេសរបស់ខ្លួន នឹងកែសម្រួលកម្មវិធីដើម្បីលើកកម្ពស់អត្រារស់រាន និងការអភិវឌ្ឍរបស់កុមារ។

ដូចគ្រួសារផ្សេងទៀតក្នុងភូមិដែរ អ្នកស្រីណាន់ចា និងលោកនាក បានសម្រេចចិត្តចូលរូមក្នុងគម្រោងនេះកាលពី៣ខែមុន។ លោកនាក និយាយថា “យើងមិនបានខាតពេលវេលារបស់យើងឡើយ។ ខ្ញុំមិនដឹងជាពន្យល់យ៉ាងណានោះទេ។ ខ្ញុំគ្រាន់តែចង់និយាយថា វាល្អសម្រាប់សុខភាពប្រពន្ធនិងគ្រួសារខ្ញុំ”។

“ពីមុនខ្ញុំបារម្ភថា ប្រពន្ធខ្ញុំអាចប្រឈមនឹងហានិភ័យនៅពេលសម្រាលកូន។ ក្រោយពីចូលរួមក្នុងគម្រោងនេះ ខ្ញុំមិនសូវបារម្ភដូចមុនទ្បើយ”។

អ្នកស្រីណាន់ចា ត្រូវបានពិនិត្យកាលពី៣ខែមុន នៅពេលគាត់កំពុងពរពោះ។ យោងតាមការថ្លឹងទម្ងន់ កម្ពស់ និងនៅបរិវេណពាក់កណ្តាលស្មា (MUAC) អ្នកស្រីណាន់ចា ត្រូវបានរកឃើញថាខ្វះអាហារូបត្ថម្ភ ព្រោះរង្វាស់ MUAC របស់គាត់គឺតិចជាង២៣ សង់ទីម៉ែត្រ។

ជាផ្នែកមួយនៃគម្រោងនេះ អ្នកស្រីណាន់ចា ទទួលបាននំសម្រាប់ជាអាហារបន្ថែមជីវជាតិ ដើម្បីជួយឲ្យគាត់ឡើងទម្ងន់ខ្លះ។

អ្នកស្រាវជ្រាវគម្រោង Aleth Som និយាយថា “ណាន់ចា ខ្វះអាហារូបត្ថម្ភ នៅពេលយើងជួបគាត់ក្នុងជំហានដំបូងនៃការសិក្សារបស់យើងនៅខេត្តរតនគិរី”។

“ហើយយើងក៏រកឃើញថា ស្រ្តីមានផ្ទៃពោះជាច្រើនខ្វះអាហារូបត្ថម្ភ នៅក្នុងតំបន់គោលដៅក្នុងខេត្ត ៣ (ជាង ២០%)។ នំដែលជាអាហាបន្ថែមជីវជាតិនេះ ត្រូវបានអភិវឌ្ឍសម្រាប់ស្រ្តីមានផ្ទៃពោះដែលត្រូវការ ។ នំនេះសម្បូរដោយសារធាតុចិញ្ចឹមសំខាន់ៗ និងត្រូវបានបង្កើតឡើងជាពិសេសដើម្បីតម្រូវនឹងទម្លាប់បរិភោគក្នុងមូលដ្ឋាន”។

នំនេះផ្សំពីត្រី អង្ករ សណ្តែក និងមីក្រូសារជាតិផ្សេងទៀត ហើយវាជាអាហារបន្ថែមសម្រាប់ស្រ្តីមានផ្ទៃពោះ ដូចជាអ្នកស្រីណាន់ចា។ គាត់និយាយថា “នំនេះឆ្ងាញ់ មានរសជាតិផ្អែម និងមិនធំក្លិនត្រីខ្លាំងពេកទេ”។

អ្នកប្រមូលទិន្នន័យ​កាន់​កញ្ចប់នំត្រី​ ៖ ពីរកញ្ចប់មាន​នំ ២០ ដុំ។
©UNICEF កម្ពុជា​/២០១៦/Verneuil

បច្ចុប្បន្ននេះ កូនរបស់អ្នកស្រីណាន់ចា ត្រូវបានពិនិត្យដោយក្រុមការងារ ដើម្បីធានាថា កង្វះអាហារូបត្ថម្ភក្នុងពេលមានផ្ទៃពោះ មិនបង្កផលប៉ះពាល់អវិជ្ជមានលើកូនរបស់គាត់។

កូនគាត់ មានទម្ងន់៣គីឡូក្រាមនៅពេលកើត និងបច្ចុប្បន្នមានទម្ងន់ ៥,៣ គីឡូក្រាម ហើយរង្វាស់អាហារូបត្ថម្ភរបស់របស់គាត់មានលក្ខណៈធម្មតាសម្រាប់ទារកនៅវ័យនេះ។
លោកនាក និយាយថា “នៅពេលខ្ញុំឃើញកូនលូតលាស់ ខ្ញុំសប្បាយចិត្តខ្លាំង ណាស់”។

ដោយសារតែការពិនិត្យតាមដានបន្តលើទម្ងន់ និងទំហំ MUAC របស់អ្នកស្រីណាន់ចា ក្រុមការងារអាចផ្តល់ដំបូន្មានល្អៗដល់គាត់ និងលើកទឹកចិត្តឲ្យគាត់បន្តញ៉ាំសារធាតុចិញ្ចឹមសំខាន់ៗ ដូចជានំត្រី ដែលអាចផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់បង្កើនទម្ងន់ក្នុងពេលបំបៅកូន។

អ្នកប្រមូលទិន្នន័យ វាស់​ MUAC របស់កូនអ្នកស្រីណាន់ចា។
©UNICEF កម្ពុជា​/២០១៦/Verneuil

សម្រាប់ស្ត្រីផ្សេងទៀត ការរក្សាសុខភាព និងស្ថានភាពអាហារូបត្ថម្ភល្អប្រសើរក្នុងអំឡុងពេលនិងក្រោយពេលមានផ្ទៃពោះគឺជាបញ្ហាប្រឈមកាន់តែធំ។

ប្អូនស្រីរ៉ូមាស់វី គឺជនជាតិដើមភាគតិចចារ៉ាយ មានអាយុ១៩ឆ្នាំ។ នាងទើបសម្រាលកូនបានមួយខែកន្លះ ប៉ុន្តែកូនរបស់គាត់មានទម្ងន់ស្រាលដែលទាមទារឲ្យ មានការពិនិត្យយ៉ាងយកចិត្តទុកដាក់។

ដោយសារតែស្ថានភាពអាហារូបត្ថម្ភរបស់នាង ប្រធានក្រុមការងារបានផ្តល់នំត្រីដល់ រ៉ូមាស់វី ក្នុងពេលពរពោះ។

ខុសពីអ្នកស្រីណាន់ចា រ៉ូមាស់ មិនបានញ៉ាំនំនេះទៀងទាត់ទៅតាមការណែនាំឡើយ ព្រោះវាជាការលំបាកសម្រាប់គាត់។

រ៉ូម៉ាស់បាននិយាយថា “ការមានផ្ទៃពោះជាការលំបាក។ ខ្ញុំដាំដំឡូងមី និងត្រូវជូតសម្អាតផ្ទះ ប៉ុន្តែខ្ញុំតែងមានអារម្មណ៍អស់កម្លាំង និងត្រូវការសម្រាកច្រើន និងមិនអាចញ៉ាំនំត្រីបានច្រើនឡើយ។ ខ្ញុំមិនចូលចិត្តរសជាតិរបស់វាទេ។ ដូច្នេះ ខ្ញុំមិនញ៉ាំវាញឹកញាប់ឡើយ ទោះបីជាវាជួយខ្ញុំឲ្យមានកម្លាំងក៏ដោយ”។

អ្នកស្រាវជ្រាវ Ahlet Som (ឆ្វេង) និង​បុគ្គលិក​សុខភាពភូមិ (ស្តាំ) 
ពិភាក្សា​ពី​បញ្ហា​សុខភាព​ជាមួយ រ៉ូមាស់វី (កណ្តាល)។ 
©UNICEF កម្ពុជា​/២០១៦/Verneuil

សូម្បីតែអ្នករស់នៅទីប្រជុំជនក្នុងឃុំជ័យជំនះ ស្រុកបានលុង ក៏មិនអាចថាមិនខ្វះ អាហារូបត្ថម្ភដែរទ្បើយ។ ប្អូនស្រីថាវី អាយុ២៤ ឆ្នាំ មានផ្ទៃពោះជាលើកដំបូង។ គាត់ក៏មានបញ្ហាកង្វះអាហារូបត្ថម្ភដែរ និងទទួលបាននំត្រីយកទៅញ៉ាំ។

“ខ្ញុំបានចូលរួមក្នុងគម្រោងនេះ ដោយសារតែមនុស្សជាច្រើន រួមទាំងមេភូមិ និយាយថា វាល្អ។ ខ្ញុំបានទៅកាន់មណ្ឌលសុខភាពរាល់ខែ”។

“ពួកគេបានណែនាំឲ្យខ្ញុំញ៉ាំបន្លែច្រើន ប៉ុន្តែនៅពេលខ្ញុំទៅពិនិត្យសុខភាពនៅគម្រោង សុខភាពខ្ញុំ ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំខ្វះអាហារូបត្ថម្ភ។ ដូច្នេះពួកគេបានផ្តល់នំត្រីជាអាហារបន្ថែម”។

ស្វាមី និងម្តាយក្មេករបស់ ថាវី ក៏បានជំរុញឲ្យនាងញ៉ាំនំត្រីស្ទើរតែរាល់ថ្ងៃដែរ។
“ខ្ញុំចូលចិត្តនំត្រី។ វាធ្វើឲ្យខ្ញុំស្រេកទឹក។ ដូច្នេះ ខ្ញុំញ៉ាំទឹកបានច្រើន។ ខ្ញុំយល់ថា នំត្រីមានវីតាមីនជាច្រើន។ ដូច្នេះខ្ញុំក៏ញ៉ាំវា ព្រោះវាល្អសម្រាប់សុខភាពខ្ញុំ”។

“ពីមុន ខ្ញុំមិនឃ្លានអាហារទេ ប៉ុន្តែក្រោយពីញ៉ាំនំត្រីនេះ ខ្ញុំញ៉ាំអាហារបានច្រើន”។

ថាវី នឹងសម្រាលកូនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ នាងគ្រោងនឹងញ៉ាំនំត្រីឲ្យបានពីរសប្តាហ៍ទៀតដើម្បីឲ្យមានកម្លាំងមុនពេលសម្រាល ហើយគាត់ចង់បន្តញ៉ាំនំនេះក្រោយពេលសម្រាល។

ថាវី (ឆ្វេង) ឆ្លើយ​សំណួរ​របស់អ្នកស្រាវជ្រាវ Ahlet Som នៅផ្ទះរបស់គាត់​ក្នុងស្រុក​បានលុង។
©UNICEF កម្ពុជា/២០១៦/Verneuil

ដោយសារតែការគាំទ្ររបស់គណៈកម្មាធិការជាតិយូនីសេហ្វ នៅអូស្រ្តាលី កាណាដា ហុងកុង និងកូរ៉េខាងត្បូង គម្រោង “សុខភាពខ្ញុំ” អាចជំរុញឲ្យប្រជាជនជាង ៥.០០០ គ្រួសារក្នុងខេត្តបី (ក្រចេះ រតនគិរី និងទីក្រុងភ្នំពេញ) ចូលរួម។

វិធីសាស្រ្តនេះបានផ្តល់លទ្ធភាពឲ្យស្រ្តីមានផ្ទៃពោះរាប់ពាន់នាក់ ទទួលបានការថែទាំសុខភាពដែលមានគុណភាព និងអាហារូបត្ថម្ភ និងការណែនាំស្តីពីអនាម័យ និងសេវាដែលកំពុងផ្តល់នូវការចាប់ផ្តើមកាន់តែល្អប្រសើរសម្រាប់ជីវិតទារកដែលមិនទាន់សម្រាល។

No comments:

Post a Comment