Thursday, February 16, 2017

កសាងសមត្ថភាពសម្រាប់ការសិក្សាដ៏ប្រសើរ

ដោយ ហេង​ ហាក់

អ្នកស្រី ម៉ាចា សូសេហ្វ ពិភាក្សាពីរបៀបអនុវត្តប្រព័ន្ធផែនការ និងគ្រប់គ្រងជាមួយអាជ្ញាធរដែនដី និងមន្ត្រីអប់រំនៅក្នុងខេត្តក្រចេះ។
©UNICEF Cambodia/2016/Kimlong Meng

មន្ត្រីអប់រំជនជាតិហូឡង់កំពុងប្រើប្រាស់បទពិសោធរយៈពេល៣៩ឆ្នាំរបស់ខ្លួន គាំទ្រដល់មន្ត្រីអប់រំកម្ពុជា ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងនិងផែនការអប់រំ ដើម្បីនាំមកនូវការអប់រំដ៏ប្រសើរសម្រាប់កុមារកម្ពុជាគ្រប់រូប។

ក្រោយពីធ្វើជាគ្រូបង្រៀន ទីប្រឹក្សា និងជានាយកសាលាអស់រយៈពេលជិត៤០ឆ្នាំមក អ្នកជំនាញផ្នែកវិស័យអប់រំរូបនេះ បានចាប់អារម្មណ៍លើការងារស្ម័គ្រចិត្ត ហើយបាននាំរូបគាត់ឱ្យមកបំពេញការងារនៅប្រទេសកម្ពុជា។


ក្នុងវ័យ៦០ឆ្នាំ អ្នកស្រី ម៉ាចា សូសីហ្វ មានចំណាប់អារម្មណ៍ថា គាត់តែងតែមានចំណង់ចំណូលចិត្តធ្វើការនៅប្រទេសកំពុងអភិវឌ្ឍន៍ បន្ទាប់ពីបានធ្វើដំណើរជាច្រើននៅជុំវិញពិភពលោក និងបានឃើញកុមារជាច្រើនពុំបានការសិក្សា ស្របពេលដែលកុមារដទៃក្នុង ប្រទេសអភិវឌ្ឍន៍មានសិទ្ធិមូលដ្ឋានទទួលបាន។

គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ បានចែងថា “កុមារា និងកុមារី” គ្រប់រូបនៅលើពិភពលោកគួរទទួលបានការអប់រំដូចៗគ្នា និងប្រកបដោយគុណភាពនៅថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ”។

អ្នកស្រីម៉ាចា បានមកប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីទទួលបានតួនាទីនៅអង្គការVSO នៅក្នុងខេត្តក្រចេះដែលស្ថិតនៅចម្ងាយប្រមាណ២៥០គីឡូម៉ែតភាគឦសាននៃប្រទេសកម្ពុជា។ អង្គការ VSO គឺជាដៃគូអនុវត្តមួយក្នុងចំណោមដៃគូជាច្រើននៃកម្មវិធីអភិវឌ្ឍសមត្ថភាព និងពង្រឹងប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជាតាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF)។

មូលនិធិនេះ កំពុងត្រូវបានអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រពីសហភាពអ៊ឺរ៉ុប ទីភ្នាក់ងារស៊ុយអែតសម្រាប់អភិវឌ្ឍន៍អន្តរជាតិ និងយូនីសេហ្វ។ ក្នុងតួនាទីជាទីប្រឹក្សាគ្រប់គ្រងការអប់រំគាំទ្រដល់មន្ត្រីថ្នាក់ស្រុកនិងខេត្ត  អ្នកស្រីម៉ាចា ធ្វើការជាមួយប្រធានមន្ទីរអប់រំខេត្ត និងប្រធានការិយាល័យអប់រំស្រុកចំនួនប្រាំមួយនៅក្នុងខេត្តក្រចេះ។

អ្នកស្រីម៉ាចាមានប្រសាសន៍ថា៖ “ខ្ញុំចូលចិត្តទីនេះ ព្រោះពលរដ្ឋមានភាពរួសរាយរាក់ទាក់។ ពួកគេចំណាយពេលពន្យល់ពីវប្បធម៌របស់គេដល់ខ្ញុំ។ ពួកគេមកជួបខ្ញុំដោយភាពរីករាយ។ ខ្ញុំមានអារម្មណ៍ថាទុកចិត្តនៅទីនេះ”។

ការងាររបស់អ្នកស្រីគឺកសាងសមត្ថភាពមន្ត្រីអប់រំស្រុកនិងខេត្ត រួមទាំងនាយកសាលា និងបុគ្គលិកអប់រំសំខាន់ៗមួយចំនួនទៀត។ អ្នកស្រីរៀបចំសិក្ខាសាលាដើម្បីលើកកម្ពស់ជំនាញរៀបចំផែនការនិងគ្រប់គ្រង ព្រមទាំងផ្តល់ប្រឹក្សាដល់មន្ត្រីទាំងនោះពីរបៀបរៀបចំផែនការអនុវត្ត និងប្រតិបត្តិរបស់សាលារៀនទៅតាមគោលបំណងជាក់លាក់។
អ្នកស្រីក៏បានបណ្តុះបណ្តាលមន្ត្រីអប់រំពីរបៀបកំណត់ និងស្វែងយល់ពីភាពខ្លាំង និងភាពខ្សោយរបស់ពួកគេផងដែរ។ គិតមកត្រឹមរយៈពេល៥ខែចុងក្រោយនេះ អ្នកស្រីម៉ាចាបានបណ្តុះបណ្តាលនាយកសាលាចំនួន២៤៨នាក់ ព្រមទាំងបានបង្រៀនមន្ត្រីអប់រំស្រុកពីរបៀបគាំទ្រដល់នាយកសាលាតាមរយៈការបង្កើតផែនការអភិវឌ្ឍន៍សាលារៀនថែមទៀតផង។

អ្នកស្រីមានប្រសាសន៍ថា៖ “ដើម្បីធ្វើឱ្យផែនការមានប្រសិទ្ធភាព យើងត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់។ យើងពិភាក្សាគ្នាច្រើនពីរបៀបធ្វើឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធផ្សេងៗ ព្រោះការធ្វើផែនការត្រូវការអ្នកចូលរួមច្រើន គឺមិនមែនធ្វើតែម្នាក់ឯងនោះឡើយ។ អ្នកត្រូវតែធ្វើដោយមានអ្នកពាក់ព័ន្ធ និងមនុស្សសំខាន់ៗដទៃ”។
អ្នកស្រីបានបន្តថា នាយកសាលាជាច្រើនដែលគាត់បានធ្វើការជាមួយ គឺខ្នះខែ្នងបង្កើតផែនការអភិវឌ្ឍសាលារៀនប្រកបដោយប្រសិទ្ធភាព។ អ្នកស្រីបានបន្ថែមថា ផែនការទាំងនេះត្រូវធ្វើឱ្យរួចរាល់មុនពេលចាប់ផ្តើមបវេសនកាលថ្មីនៅខែកញ្ញា ដើម្បីធ្វើការអនុវត្តប្រព្រឹត្តដោយរលូន។

គាត់បានបន្តទៀតថា៖ “ខ្ញុំសង្ឃឹមថាពួកគាត់អាចបង្កើតផែនការអភិវឌ្ឍសាលាបានយ៉ាងល្អនៅឆ្នាំសិក្សាក្រោយនេះ ព្រោះខ្ញុំគាំទ្រពួកគាត់កន្លងមក ហើយនៅពេលនេះដល់ពេលគាត់ត្រូវបង្កើតនិងអនុវត្តផែនការនោះដោយខ្លួនឯង”។

កាលពីឆ្នាំមុន អ្នកស្រីបានឲ្យដឹងថា មានតែស្រុកមួយគត់ដែលបានរៀបចំផែនការអភិវឌ្ឍន៍ ប៉ុន្តែក្រោយពីវគ្គបណ្តុះបណ្តាលបញ្ចប់ មានស្រុកជាច្រើនបានរៀបចំនិងអនុវត្តផែនការសកម្មភាព។ អ្នកស្រីបានបន្ថែមថា ឥឡូវនេះពួកគាត់បានយល់កាន់តែច្បាស់ពីរបៀបធ្វើនិងអនុវត្តផែនការអភិវឌ្ឍន៍។ នៅពេលផែនការត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព ស្តង់ដារអប់រំនឹងត្រូវបានលើកកម្ពស់ ហើយសិស្សានុសិស្សក៏នឹងទទួលបានធនធានល្អជាងមុន ហើយការបង្រៀនក៏ប្រសើរដែរ។

អ្នកស្រីបានមានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាពណាស់ ដែលបានគាំទ្រក្នុងការពង្រឹងសមត្ថភាពនាយកសាលាបឋមសិក្សាស្ទើរតែទាំងអស់ក្នុងខេត្តក្រចេះ”។

លោក មាស វីរតល៍ ប្រធានការិយាល័យផែនការខេត្ត ដែលអង្គុយធ្វើការក្នុងបន្ទប់ជាមួយអ្នកស្រី ម៉ាចា បានសម្តែងការពេញចិត្តចំពោះការផ្តល់ប្រឹក្សា និងការបណ្តុះបណ្តាលរបស់អ្នកស្រី។ គាត់មានប្រសាសន៍ថា វាបានជួយកសាងសមត្ថភាពដល់មន្រ្តីអប់រំក្នុងខេត្តរបស់គាត់។

លោកមាស វីរតល៍ មានប្រសាសន៍ថា៖ “មេរៀនរបស់អ្នកស្រីម៉ាចាក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងអនុវត្តផែនការ ការប្រើប្រាស់ថវិការដ្ឋប្រកបដោយប្រសិទ្ធភាព ហើយនិងមេរៀនពីការពិនិត្យ និងតាមដាន គឺមានសារៈសំខាន់ណាស់។ អ្នកស្រីបានជួយការងារជាច្រើនរបស់ខ្ញុំ។ អ្នកស្រីបានផ្តល់នូវបទពិសោធដល់ខ្ញុំតាមរយៈការងារស្ម័គ្រចិត្តរបស់គាត់។ អ្នកស្រីពិតជាបានជួយគាំទ្រច្រើន ហើយក៏ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ផងដែរ”។

អ្នកស្រីម៉ាចា បានកំណត់បញ្ហាប្រឈមរបស់គាត់រហូតដល់ឆ្នាំចុងក្រោយ។ ក្នុងចំណោមបញ្ហាប្រឈមទាំងនោះ អ្នកស្រីបាននិយាយថា លោកគ្រូអ្នកគ្រូដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល គឺពិតជាត្រូវការការគាំទ្រយ៉ាងខ្លាំងពីក្រសួងអប់រំ ដើម្បីបំពេញការងាររបស់ពួកគាត់ឲ្យបានកាន់តែល្អប្រសើរ។

អ្នកស្រីបញ្ជាក់ថា៖ “លោកគ្រូ អ្នកគ្រូមួយចំនួនកំពុងធ្វើការងារដោយជំនាញមានកម្រិត។ ពួកគេទទួលបានប្រាក់ខែតិចតួច ដែលជាហេតុធ្វើឱ្យពួកគេត្រូវមានការងារទីពីរ។ នោះគឺជារឿងមួយដែលគួរឱ្យសោកស្តាយ ព្រោះពួកគាត់គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់បង្កើនចំណេះដឹងផ្ទាល់ខ្លួនក្នុងវិស័យអប់រំ ហើយក៏ខ្វះថវិកាសម្រាប់យកទៅធ្វើការងារឱ្យចំទិសដៅផងដែរ”។

អ្នកស្រីក៏បានលើកទ្បើងពីការប្រើប្រាស់ពេលវេលានិងធនធានថា៖ “មន្រ្តីអប់រំមូលដ្ឋានពុំសូវ ចេះប្រើប្រាស់កុំព្យូទ័រធ្វើការលើឯកសាររបស់ខ្លួន។ ពួកគាត់ចូលចិត្តប្រើប្រាស់ឯកសារសរសេរដោយដៃ ជាក្រដាស បើទោះបីជាគាត់មានកុំព្យូទ័រមានភ្ជាប់អ៊ីនធើណេតក៏ដោយ ក៏ពួកគាត់មិនប្រើប្រាស់វាសម្រាប់ធ្វើការដែរ”។

ឆ្នាំក្រោយ អ្នកស្រីម៉ាចាមានគម្រោងធ្វើដំណើរក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។ បន្ទាប់ពីនោះ អ្នកស្រីនឹងសម្លឹងមើលតួនាទីអភិវឌ្ឍន៍ផ្សេងទៀត ហើយប្រហែលនឹងត្រលប់មកធ្វើការងារក្នុងប្រទេសកម្ពុជាម្តងទៀត។

No comments:

Post a Comment