Tuesday, February 14, 2017

នាយកសាលាគំរូ ប្រាប់ពីយុទ្ធសាស្រ្តអភិវឌ្ឍសាលារៀនដោយជោគជ័យ

ដោយ ហេង ហាក់

លោកនាយក អាន និយាយទៅកាន់សិស្សានុសិស្សនៅវិទ្យាល័យពួកក្នុងខេត្តសៀមរាប
អំពីវិន័យមុនពេលចាប់ផ្តើមចូលរៀននៅពេលព្រឹក។
©UNICEF Cambodia/2016/Kimlong Meng

ជាធម្មតា លោកគ្រូអាយុ៤២ឆ្នាំ អាន លីមខេង តែងតែដើរតាមថ្នាក់រៀន ជជែកជាមួយលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ដើម្បីពិនិត្យមើលក្រែងមានអ្វីដែលគាត់អាចជួយបាន។

ក្នុងនាមលោកជានាយកសាលា លោកដឹងច្បាស់ពីការងាររបស់ខ្លួន ដូចជាជួយលើកកម្ពស់ការសិក្សា ការបង្រៀន ពង្រឹងវិន័យ និងអភិវឌ្ឍសាលារៀនជាដើម។

លោក លីមខេង បានក្លាយជានាយកវិទ្យាល័យពួក ដែលស្ថិតនៅក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១០។ លោក គឺជាអតីតគ្រូបង្រៀនមុខវិជ្ជាទស្សនវិទ្យាជាច្រើនឆ្នាំ។ ដូច្នេះ ការក្លាយជានាយកសាលាគឺជាការងារថ្មីសម្រាប់លោក និងមានឧបសគ្គមួយចំនួន។ លោក គ្រប់គ្រងសាលារៀនដោយរៀនសូត្រពីអតីតនាយកសាលាចាស់ និងមិត្តភ័ក្តក្នុងវិស័យអប់រំដូចគ្នា។


រហូតដល់ឆ្នាំ២០១១ ទើបលោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលពីរបៀបរៀបចំផែនការ និងគ្រប់គ្រងសាលារៀន។ វគ្គបណ្តុះបណ្តាលនោះ គឺជាផ្នែកមួយនៃកម្មវិធីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) ដែលជាមូលនិធិផ្តល់នូវជំនាញអនុវត្តដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដើម្បីពួកគេអាចផ្តល់បន្តនូវការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្ស។ មូលនិធិ CDPF នេះ ដឹកនាំអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប ទីភ្នាក់ងារស៊ុយអែតសម្រាប់អភិវឌ្ឍន៍អន្តរជាតិ និងយូនីសេហ្វ។

វគ្គបណ្តុះបណ្តាលនេះ គឺជាកម្មវិធីសិក្សាបង្កើនសមត្ថភាពសមស្របលើកដំបូងដែលលោកទទួលបាន។ គាត់យល់ថាវាមានប្រយោជន៍ និងងាយយកទៅអនុវត្តជាក់ស្តែងភ្លាមៗ។

លោកមានប្រសាសន៍ថា៖ “កាលពីមុន ការជំនាញគ្រប់គ្រងរបស់ខ្ញុំគឺស្ទើរតែសូន្យ។ ខ្ញុំរៀននិង  អនុវត្តក្នុងពេលតែមួយ។ វគ្គបណ្តុះបណ្តាលដែលខ្ញុំបានចូលរួម ជួយបង្កើនសមត្ថភាពខ្ញុំក្នុងការគ្រប់គ្រងសាលារៀន។ ខ្ញុំបានយល់ដឹងច្រើនពីភារកិច្ច និងទំនួលការទទួលខុសត្រូវរបស់ខ្ញុំ”។

មេរៀនការគ្រប់គ្រងសាលារៀនដែលលោកបានរៀនរួមមាន ការរៀបចំផែនការនិងបទបញ្ជាផ្ទៃក្នុង គោលការលើកចិត្តសិស្សនិងគ្រូបង្រៀន និងទំនាក់ទំនងជាមួយនឹងមាតាបិតាសិស្ស និងសហគមន៍។

លោកនាយកថ្លែងដូច្នេះថា៖ “ជាឧទាហរណ៍ ខ្ញុំបានរៀនពីរបៀបធ្វើកិច្ចតែងការបង្រៀន។ វាធ្វើឲ្យខ្ញុំងាយស្រួលពិនិត្យនិងកែសម្រួលកិច្ចតែងការបង្រៀនរបស់លោកគ្រូអ្នកគ្រូខ្ញុំឱ្យបានប្រសើរឡើង”។

លោកក៏បានបង្កើតទំនាក់ទំនងជាមួយមាតាបិតានិងអាណាព្យាបាលសិស្ស ដើម្បីប្រាប់ពួកគាត់ពីបទបញ្ជាផ្ទៃក្នុងនិងការរៀនសូត្ររបស់កូនៗគាត់ ព្រមទាំងទទួលយកនូវមតិយោបល់ដើម្បីកែលម្អសាលាឲ្យកាន់តែល្អប្រសើរផងដែរ។  ពួកគេជួបគ្នាយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ និងប្រាប់លេខទូរស័ព្ទគ្នាទៅវិញទៅមក ដើម្បីអាចទាក់ទងគ្នាអំពីការសិក្សារបស់សិស្ស។

លទ្ធផលមួយក្នុងចំណោមលទ្ធផលជាច្រើនដែលកើតចេញពីទំនាក់ទំនងរវាងលោកគ្រូ អ្នកគ្រូ និងមាតាបិតា គឺការរៀបចំឲ្យមានការបង្រៀនបំប៉នសម្រាប់សិស្សខ្សោយរយៈពេលមួយខែមុនពេលប្រលងបញ្ចប់ឆ្នាំសិក្សា។ លោកគ្រូ អ្នកគ្រូ និងមាតាបិតា សិស្សមានក្តីបារម្ភអំពីសិស្សមួយចំនួនដែលមិនអាចប្រលងកើត និងតម្រូវឱ្យមានការគាំទ្រពីសាលារៀន។

លោកនាយកក៏បានបង្កើតគណៈកម្មការទ្រទ្រង់សាលា (SSC) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងព្រះសង្ឃ ដើម្បីពិនិត្យមើលតម្រូវការអភិវឌ្ឍសាលារៀន។ អភិបាលស្រុក និងព្រះចៅអធិការវត្តជាអ្នកដឹកនាំគណៈកម្មការនេះ ហើយមានតួនាទីកៀងគរធនធានសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា។

លោកសួម ម៉ៅ មានអាយុ៦១ឆ្នាំ ហើយជាប្រធានគណៈកម្មការទ្រទ្រង់សាលានេះ។

លោកបានសង្កេតឃើញថា លោកនាយក អាន លីមខេង និងលោកគ្រូ អ្នកគ្រូ មានការតាំងចិត្តខ្ពស់និងមានផែនការត្រឹមត្រូវក្នុងការអភិវឌ្ឍសាលា។ ប្រការនេះបានលើកទឹកចិត្តគាត់ឲ្យចូលរួមជាមួយនឹងគណៈកម្មការនេះ និងជួយគាំទ្រដល់លោកគ្រូ អ្នកគ្រូ ក្នុងគោលបំណងផ្តល់ការអប់រំកាន់តែល្អដល់សិស្សានុសិស្ស។

លោកមានប្រសាសន៍ថា៖ “សាលារៀននេះមានគណៈកម្មការទ្រទ្រង់សាលាដ៏គួរឲ្យទុកចិត្តសម្រាប់ចាត់ចែងប្រាក់ឧបត្ថម្ភប្រកបដោយតម្លាភាព និងត្រឹមត្រូវ។ យើងអាចធ្វើជាគំរូល្អដល់អ្នកផ្សេង ក្នុងការផ្តល់សេវាដ៏មានទំនុកចិត្តដល់សិស្សានុសិស្ស និងឪពុកម្តាយ”។

គណៈកម្មការទ្រទ្រង់សាលាបានបង្កើតទំនាក់ទំនងល្អ និងបែងចែកជំនួយដែលទទួលបានពីសប្បុរសជននៅក្នុងនិងក្រៅប្រទេស ដើម្បីយកទៅអភិវឌ្ឍបរិស្ថានសាលា។ រហូតមកដល់ពេលនេះ គ្រឿងបរិក្ខារសាលារៀនជាច្រើនត្រូវបានកសាងឡើង រាប់បញ្ចូលទាំងអគារសិក្សា បណ្ណាល័យ និងសួនច្បារជាដើម។

លោកលីមខេងយល់ឃើញថា៖ “បរិស្ថានសាលារៀនស្រស់ស្អាត គឺជាធាតុដ៏សំខាន់ដែលទាក់ទាញសិស្សឲ្យមករៀន។ សោភ័ណភាពសាលាល្អ ធ្វើឱ្យពួកគេចង់នៅសាលា។ បើប្រៀបធៀបទៅនឹង៧ឆ្នាំមុន វាខុសគ្នាឆ្ងាយណាស់!”។

លោក ស៊ុយ សង្វាត ជាគ្រូបង្រៀនមុខវិជ្ជារូបវិទ្យាបានយល់ស្របដូចនាយករបស់លោកដែរ ដោយលោកសង្កេតឃើញថា សាលារៀនឥឡូវមើលទៅស្រស់បំព្រងនិងមានអនាម័យល្អ ដោយមានបរិស្ថានបៃតង និងអាគារល្អ។ លោកបានបន្ថែមថា អ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍បំផុតនោះគឺជំនាញរបស់លោកនាយក ក្នុងការបង្កើតសាមគ្គីភាព ដើម្បីធ្វើការរួមគ្នាដើម្បី និងសម្រេចគោលបំណងរួមមួយ។

លោកគ្រូសង្វាតមានប្រសាសន៍ថា៖ “លោកនាយកចេះស្វែងយល់ ស្តាប់ និងរៀនសូត្រពីលោកគ្រូអ្នកគ្រូ និងបង្កើតនូវស្មារតីផ្ទៃក្នុងសាលារៀនបានល្អ បង្កើតសាមគ្គីភាព និងលើកកម្ពស់ការយោគយល់អត់ឱនឲ្យគ្នា ដោយគ្មានប្រកាន់បក្សពួក និងមិនឲ្យបែកបាក់ផ្ទៃក្នុង។ លោកនាយកធ្វើការងារជាក្រុម ហើយធ្វើការសម្រេចចិត្តជារួមដោយផ្អែកលើមតិយោបល់ពីអ្នករាល់គ្នា”។

ការផ្លាស់ប្តូរវិជ្ជមានទាំងឡាយនៅសាលានេះបានធ្វើឲ្យលោកលីមខេង និងវិទ្យាល័យពួក មានការទទួលស្គាល់ពីសាលារៀនផ្សេងៗនៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០១៤ គាត់ទទួលបាន “ពានរង្វាន់វិទ្យាល័យគំរូ” ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សិស្សានុសិស្សរបស់គាត់ទទួលបានលទ្ធផលសិក្សាប្រសើរជាងមុន។ ជាក់ស្តែងកាលពីឆ្នាំ២០១៥ សិស្សសាលារបស់លោកចំនួន២នាក់ជាប់និទ្ទេសA នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលជានិទ្ទេសល្អបំផុតនៅក្នុងប្រព័ន្ធអប់រំជាតិ។

ដោយមើលឃើញពីការអភិវឌ្ឍទាំងឡាយរបស់សាលារៀនបែបនេះ លោក លីមខេង ជឿជាក់លើចំណេះដឹង និងការអនុវត្តជាក់ស្តែង ដែលលោកទទួលបានពីវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍វិស័យអប់រំ (CDPF) ហើយលោកមានបំណងចង់សិក្សាបន្ថែមទៀត និងបន្តលើកកម្ពស់ស្តង់ដារអប់រំឱ្យកាន់តែប្រសើរឡើង។

1 comment:

  1. សូមសរសើរលោកនាយកខ្លាំងណាស់

    ReplyDelete