Friday, October 28, 2016

នេះជាផ្នែកមួយនៃ«ខ្ញុំ»

ដោយ វ័ន្ត ច័ន្ទមករា

អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។



«ថ្ងៃដែលខ្ញុំបន់ឲ្យមកដល់នោះ ឥឡូវបានក្លាយជាការពិតហើយ! ៧សប្ដាហ៍នៃការហ្វឹកហាត់សរសេរដូចជាយូរមែនទែន ពីព្រោះខ្ញុំធុញថប់នឹងតម្រូវការឲ្យសរសេរអត្ថបទជារៀងរាល់អាទិត្យ និងការកែតម្រូវចុះឡើង។ »

ពេលខ្ញុំឃើញការផ្សព្វផ្សាយពីកម្មវិធីនេះដំបូង ខ្ញុំមិនដឹងថាខ្ញុំរំភើបឬយ៉ាងណាទេ ស្រាប់ចុចអានភ្លាមតែម្ដង។ អ្វីដែលកាន់តែធ្វើឱ្យបេះដូងរបស់ខ្ញុំពុះកញ្ជ្រោលទៀតនោះ គឺខ្ញុំអាចសរសេរជាភាសាខ្មែរបាន ដោយសារតែខ្ញុំគិតថានេះពិតជាឱកាសពិសេសសម្រាប់ដកដាវ «ភាសាខ្មែរ» របស់ខ្ញុំមកដុសខាត់សំលៀងសម្រាប់បង្ហាញគេឯងហើយ។ Email ដំបូងរបស់សុរីតា អ្នកសម្របសម្រួលកម្មវិធីសរសេរប្លុកសំទ្បេងយុវជន (VoY) ធ្វើឱ្យមិត្តភក្តិខ្ញុំច្រណែន ពីព្រោះពួកគែមិនត្រូវបានជ្រើសរើសក្នុងកម្មវិធីនេះ [LOL] ។ សប្បាយដែរ! ព្រោះវាជាលើកទីមួយរបស់ខ្ញុំដែលបានជាប់ក្នុងកម្មវិធីស្ម័គ្រចិត្តនេះ។ ខ្ញុំបាន email ទាក់ទងបេក្ខជនជាប់ទាំងអស់ រហូតដល់ពេលដែលពួកយើងបានជួបគ្នាផ្ទាល់លើកដំបូង...

នៅពេលខ្ញុំបានទៅដល់ការិយាល័យរបស់ UNICEF ដំបូង ពួកយើងបានជួបជុំគ្នាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកពីរឿងនេះរឿងនោះ ជាពិសេសយើងរកឃើញថាគ្មាននរណាម្នាក់ចូលចិត្តរឿងនយោបាយនោះទេ។ រហូតដល់ថ្ងៃជួបគ្នាចុងក្រោយដែលបានបងស្រីដារ័ត្នតី អ្នកសម្របសម្រួលកម្មវិធីម្នាក់ទៀត មកផ្ដែផ្ដាំឲ្យពួកយើងខិតខំសរសេរបន្ត និងកុំឱ្យខ្វល់ជាមួយ “haters” ។ បងស្រីនិយាយហើយ គាត់ក៏លាពួកយើង (ខ្ញុំវិញឡើងក្ដុកក្ដួលក្នុងឱរាដែរ)។

ថ្លែងពីការសរសេររបស់ខ្ញុំវិញ៖
កម្មវិធីសំទ្បេងយុវជនកម្ពុជាបានផ្តល់ឱកាសដល់ខ្ញុំក្នុងការបញ្ចេញមតិផ្ទាល់ខ្លួនលើរឿងនានា មិនថារឿងពាក់ព័ន្ធនឹងការសិក្សាឬរឿងផ្ទាល់ខ្លួនទេ។ ខ្ញុំសូមសារភាពថាខ្ញុំចូលចិត្តសរសេរអត្ថបទចេញពីបេះដូង និងរឿងរ៉ាវដែលខ្ញុំជួបប្រទះ ទោះបីជាពេលខ្លះខ្ញុំគួរតែសរសេរអត្ថបទទាក់ទងនឹងការស្រាវជ្រាវក៏ដោយ។ ម្យ៉ាងទៀតការហាត់សរសេរនេះខុសពីការសរសេរសំណេរនៅថ្នាក់វិទ្យាល័យ ដែលទាមទារឲ្យខ្ញុំសរសេរតាមគំរូ និងគំនិតតូចចង្អៀតហើយមានការដាក់កំហិត ដែលខ្ញុំគ្មានសិទ្ធិសម្រេចតាមការយល់ឃើញផ្ទាល់ខ្លួន (សាកតែសរសេរតាមខ្លួនឯងគិតមើល៍!? ខុសអត្រាកំណែ បានសូន្យឥឡូវហ្នឹង!) 

ចំពោះខ្ញុំផ្ទាល់ ការជួបជុំពិភាក្សាគ្នាពិតជាជួយជម្រុញការគិតរបស់ខ្ញុំឲ្យរីកចម្រើន និងបានជួយបើកភ្នែក ដឹកដៃខ្ញុំឲ្យឃើញពីជ្រុងនានានៃបញ្ហាដែលពួកយើងបានលើកទ្បើង ថាតើត្រូវជួយគ្នាសម្រេចសរសេរអត្ថបទបែបណា និងគួររើសប្រធានបទណាមួយដើម្បីទាក់ទាញអ្នកអាន ហើយថាតើគួរច្បិចចំណុចណាខ្លះមកដាក់បន្ថែម។ តែពេលមកដល់ផ្ទះវិញ ខ្ញុំរាងតប់ប្រមល់បន្តិច ដោយហេតុថាមិនដឹងគួរចាប់ផ្តើមពីណាទៅណា ផ្សំជាមួយសេចក្តីខ្ជិលច្រអូសទៀត ទើបបណ្ដាលឱ្យការងាររបស់ខ្ញុំមានភាពយឺតយ៉ាវ។ អ្វីដែលជាឧបសគ្គគឺ ខ្ញុំមិនចង់សរសេរពីអារម្មណ៍ (EMOTION) ពិតៗប៉ុន្មានទេ ឬក៏សរសេរអ្វីដែលខ្ញុំកំពុងជួបបញ្ហាជាមួយ។ នេះមកពីខ្ញុំគិតថាវាជារឿងផ្ទាល់ខ្លួន ហើយពេលសរសេររួច ខ្លាចគេបង្អាប់អ៊ីចេះថាអ៊ីចុះ។ ពេលជួបការលំបាកក្នុងការសរសេរ ខ្ញុំតែងតែទៅនិយាយជាមួយសុរីតា និងមិត្តភក្តិរួមការងារ។ ពួកគេផ្តល់យោបល់និងជួយលើកទឹកចិត្ត។ និយាយពីពេលផ្ញើគំរូអត្ថបទទៅ វាខុសស្រឡះពីពេលបានទទួលអត្ថបទវិញ។ អត្ថបទខ្លះដែលខ្ញុំបានសរសេរ អ្នកពិនិត្យមើលពុំយល់ មានពេលខ្លះខុសអក្ខរាវិរុទ្ធ ខុសដំណកឃ្លា ខុសវេយ្យាករណ៍ ពេលខ្លះសរសេរវែងពេក ឬខ្លីពេក ហើយមានពេលខ្លះទៀតគឺខ្ញុំត្រូវតែដាច់ចិត្តលុបៗៗៗៗៗ រួចសរសេរបន្ថែមជិតមួយទំព័រជំនួសអ្វីដែលតម្រូវឲ្យកែ។ ខ្ញុំយល់ថាកំណែលើអត្ថបទរបស់ខ្ញុំពេលខ្លះផ្ដល់អារម្មណ៍អវិជ្ជមានមកខ្ញុំ ព្រោះខ្ញុំជាអ្នកខិតខំចារ តែបែរតម្រូវឱ្យកែ លុបនេះ ថែមនោះ។ ផ្ទុយមកវិញមិត្តភក្តិរបស់ខ្ញុំបានណែនាំខ្ញុំវិញ ថាវាជាការប្រសើរមួយបើខ្ញុំព្យាយាមសរសេរដើម្បីឲ្យអ្នកអានយល់ ជៀសជាងយល់តែម្នាក់ឯង ខ្ញុំក៏ចាប់ផ្ដើមបើកចិត្តទទួលការកែលំអដោយក្ដីរីករាយ។

មកដល់ពេលនេះ អត្ថបទដែលអ្នកកំពុងអាននេះ ជាអត្ថបទចុងក្រោយរបស់ខ្ញុំនៅលើ blog របស់ UNICEF  ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំបានកែទម្លាប់អាក្រក់របស់ខ្ញុំមួយចំនួនក្នុងពេលហ្វឹកហាត់សរសេរនេះ ដូចជាទម្លាប់ស្អប់ ខ្ជិលសរសេរ និងទម្លាប់មិនចូលចិត្តគិតពិចារណា  ខ្ញុំសូមថ្លែងអំណរគុណដល់ UNICEF ដែលបានផ្តល់ឱកាសនេះ និងអ្នកទទួលខុសត្រូវក្នុងកម្មវិធី VoY ពិសេសគឺ បងស្រីដារ័ត្នតី និងសុរីតាដែលបានចូលរួមកែអត្ថបទរបស់ខ្ញុំ ព្រមទាំងមិត្តរួមការងារគឺ ស្រីណែត មុនីនាថ វត្តី និង រតនា ដែលបានចង្អុលបង្ហាញពីកង្វះខាតរបស់ខ្ញុំ និងជួយពិភាក្សាណែនាំជុំវិញការសរសេរ។ អ្នកទាំងអស់គ្នាពិតជាអ្នកនិពន្ធដ៏អស្ចារ្យ !! ខ្ញុំស្រឡាញ់ទាំងអស់គ្នា! 

តាមពិតទៅខ្ញុំរកឈប់សរសេរតាំងពីអត្ថបទទី៣ម្ដង និងទី៥ម្តង តែចេះតែមានការជម្រុញលើកទឹកចិត្តពីមិត្តជិតស្និទ្ធរបស់ខ្ញុំថាកុំឱ្យចុះចាញ់។ អរគុណមែនទែនណា! តាមរយៈការសរសេរអត្ថបទទាំង៦របស់ខ្ញុំ ខ្ញុំបានព្យាយាមយកឈ្នះខ្លួនឯងសម្បើមណាស់ទម្រាំមានពេលនេះ។ ខ្ញុំអរគុណពួកគេដែលបានជួយដាស់តឿនឲ្យខ្ញុំសរសេរ មិនឲ្យខ្ញុំចុះចាញ់ និងជួយគាំទ្រអាន ព្រមទាំងផ្លាស់ប្តូរមតិរិះគន់លើអត្ថបទរបស់ខ្ញុំ។ ខ្ញុំអាចបញ្ចប់ការងារនេះបានគឺដោយសារកម្លាំងជំនួយបន្ថែមពីអ្នកទាំងអស់គ្នា។ ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថាខ្ញុំនឹងយកបទពិសោធន៍ដែលទទួលបានពី VoY ទៅប្រើជាប្រយោជន៍ក្នុងការតែងនិពន្ធរបស់ខ្ញុំនាពេលអនាគត ហើយខ្ញុំរីករាយក្នុងការចែករំលែកវាជាមួយអ្នកដែលចូលចិត្តសរសេរទាំងឡាយ។

[ខ្សឹបៗប្រាប់ខ្លួនឯងឱ្យឮថា៖]
«មករា! ឯងធ្វើបានហើយ! អរគុណដែលបានខិតខំប្រឹងប្រែងសរសេរ! ឯងបានបញ្ចប់ការងាររបស់ឯងនៅVoY ហើយ! Congrats!»
ជាចុងក្រោយ អ្វីដែលខ្ញុំបានចែករំលែកតាមរយៈអត្ថបទក្រោមឈ្មោះខ្ញុំ ខ្ញុំរំពឹងថាវានឹងបម្រើសេចក្តីត្រូវការរបស់អ្នកអាន។ មនុស្សម្នាក់ៗតែងតែពើបប្រទះរឿងប្លែកៗគ្នាក្នុងជីវិតដែលរឿងនីមួយៗបង្កប់អត្ថន័យខ្លឹមសារប្លែកៗគ្នា ដូច្នេះយើងគួរគប្បីកត់ត្រារឿងរ៉ាវទាំងអស់នោះទុកសម្រាប់ចែករំលែកគ្នាទៅវិញទៅមកដើម្បីជាពន្លឺលម្អដងវិថីជីវិត៕

អរគុណដែលបានចំណាយពេលអាន!! 
ដោយសេចក្តីរីករាយក្នុងការចែករំលែក, 
ច័ន្ទមករា(AKA Blogger 01/01)

No comments:

Post a Comment