Thursday, September 8, 2016

កំហុសអ្នកណា?

ដោយ​​ វ័ន្ត ច័ន្ទមករា

អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។

 

ង្គរវត្ត, សៀមរាបថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦
ក្រោយពីព្រះភិរុណបានប្រោះព្រំផែនពសុធាជោកជាំមក...

ខ្ញុំនិងមិត្តភក្តិបានបន្តដំណើររបស់យើងចេញពីប្រាសាទអង្គរវត្តវិញ តែស្រាប់តែពេលដល់ច្រកចេញប្រាង្គទី១ខ្ញុំបានពើបប្រទះនឹងទិដ្ឋភាពគួរឱ្យប្រេះបេះដូងមួយ...
នៅកៀនទ្វារមានក្មេងប្រុសតូចម្នាក់អាយុខ្ទង់៦ ៧ឆ្នាំ កំពុងអង្គុយចាំសុំទានភ្ញៀវទេសចរ។ គាត់គ្មានអាវពាក់ទេ តែមានខោកញ្ចាស់មួយជាប់ខ្លួន ហើយក្នុងដៃមានឱបទារកម្នាក់ដែលត្រូវបានរុំដណ្ដប់ដោយក្រមាដាច់រហែកមួយស្ទើរតែលេចខ្លួនចេញមកវិញ។ រាងកាយទារកនោះឡើងក្រហមរងាល ដែលខ្ញុំសន្និដ្ឋានថាទារកនេះទើបតែកើត។ ទារកនោះយំផង ស្រែកផងដោយសារតែសេចក្តីស្រេកឃ្លាន និងរងា។ ពេលឃើញដូចនេះ ខ្ញុំហាក់ដូចជាពិបាកភ្នែកមែនទែន ព្រោះមិនគួរណាក្មេងតូច និងទារកត្រូវរងទុក្ខបែបនេះទេ។ ខ្ញុំឈរមើលក្មេងនោះមួយស្របក់ ស្របពេលជាមួយគ្នានោះមានជនបរទេសពីរនាក់មកសួរក្មេងប្រុសនោះជាភាសាអង់គ្លេស ដូចនេះខ្ញុំក៏ជួយបកប្រែឱ្យគូសន្ទនា។
«ម៉ែប្អូនឯងនៅទីណា? ហេតុអ្វីមិនមើលប្អូន?»
«ម៉ែនៅផ្ទះ។ ម៉ែប្រើមកសុំលុយ...
»
ខ្ញុំឮបែបនោះ ខ្ញុំឡើងស្លុតចិត្ត។ [wait what? «ម៉ែប្រើមកសុំលុយ??»]

ក្រលេកទៅជនបរទេសទាំងពីរនាក់ មានប្រតិកម្មមិនខុសពីខ្ញុំប៉ុន្មានដែរ។

«នេះវាមិនមែនជាលើកដំបូងដែលកើតមានរូបភាពដូចនេះទេ ហើយកុំគាំទ្រអំពើនេះ។ ខ្ញុំសូមទោសដែលអ្នកទាំងពីរឃើញទិដ្ឋភាពបែបនេះនៅប្រទេសខ្ញុំ។»
«មិនអីទេ
! ពួកខ្ញុំក៏បានឆ្លងកាត់ទិដ្ឋភាពដូចនេះក្នុងប្រទេសរបស់ពួកខ្ញុំដែរ។ Bye!»

ទាំងពីរនាក់នោះក៏ដើរចេញ ទាំងទឹកមុខទទើសទទាល់ ហើយក៏មិនឱ្យប្រាក់ដល់ក្មេងដែរ។ ចំណែកខ្ញុំនៅអាណិតក្មេងទាំងពីរ ហើយនឹកខឹងអ្នកម៉ែរបស់គាត់នោះទៀត បន្ទាប់មកក៏ហុចលុយឱ្យគ្នា២០០០រៀល រួចក៏ដើរចេញ។

រឿងនេះធ្វើឱ្យខ្ញុំនៅមិនសុខ គេងមិនលក់។ សំណួរជាច្រើនចេញមកពេញក្បាល...

តើទារកហ្នឹងរស់បានយូរទេ? ចុះបងវាវិញ? បានបាយហូបឬអត់? បានទៅរៀនទេ? ម្តាយនោះធ្វើអ៊ីចឹងធ្វើអី្វ? មិនចេះអាណិតកូនៗទេឬ? អីក៏អន់ជាងសត្វតិរិច្ឆានទៀតនោះ? បង្កើតកូនហើយ ហេតុដូចម្ដេចមិនចិញ្ចឹមបីបាច់គ្នាឱ្យបានល្អ បែរជាយកគ្នាមកជាឧបករណ៍ទាក់ទាញឱ្យគេអាណិតដើម្បីសុំលុយបាន???? តើលុយវាសំខាន់ជាងសាច់ ជាងឈាម និងភ្នែកបើកភ្លឹះៗទាំងគូ ដែលចេញពីខ្លួនឯង??

តើជីវភាពគ្រួសារនោះមានភាពយ៉ាងដូចម្តេច បានជារុញម្តាយឪពុកចិញ្ចឹមកូនមិនរស់ ហើយបែរជាឱ្យគ្នាមកសុំទាន?
ចុះបើគ្រួសារនោះក្រមែន...តើពួកគេរងទុក្ខវេទនាពិបាកយ៉ាងណាទៅ??
ខ្ញុំមិនដឹងថាពួកគេជួបបញ្ហាអ្វីខ្លះទេ។ ម្តាយឪពុកមានជំងឺ? ម្តាយត្រូវបានគេធ្វើបាប? ឪពុករត់ចោល? គ្មានសាច់ញាតិពឹងពាក់អាស្រ័យ? ម្តាយឪពុកពិការ?ឬក៏អ្វីដែលខ្ញុំឃើញគ្រាន់តែជាឈុតឆាកល្ខោនដែលរៀបចំឡើងដោយម្តាយឪពុករបស់ក្មេងនោះដើម្បីរកលុយបានដោយងាយស្រួល? ម្តាយឪពុកបែរជាមិនខិតខំប្រកបរបររកស៊ីធ្វើការត្រឹមត្រូវ តែបែរជាលេងល្បែងស៊ីសង ផឹកស្រា ដេកស៊ីលើកម្លាំងកូន និងប្រាក់បានពីការសុំទាន?ឬនេះប្រហែលជាមានមេក្លោងប្រមូលមនុស្សជួលឱ្យសុំទានគេ ហើយកេងប្រវ័ញ្ចយកចំណេញលើកម្លាំងក្មេងនោះទៀត?

ឯណាទៅមនុស្សធម៌?
ឯណាទៅព្រហ្មវិហារធម៌របស់ម្តាយឪពុក?
តើធម៌ទាំងពីរនេះកប់ទៅក្រហែងណាទៅ?
តើលុយពិតជាម្ចាស់គ្រប់គ្រងជីវិតឬ?
កំហុសអ្នកណាបានជាមានទិដ្ឋភាពហ្នឹងកើតឡើង?

            ជាកំហុសរបស់ក្មេងនោះដែលចាប់កំណើតចំគ្រួសារបែបហ្នឹង?
            ជាកំហុសរបស់ម្តាយឪពុកដែលមិនចេះតស៊ូចិញ្ចឹមគ្រួសារ?
            ជាកំហុសរបស់ជីដូនជីតារបស់គ្រួសារនោះដែរមិនយកចិត្តទុកដាក់ណែនាំកូនចៅ?
           ជាកំហុសសង្គមដែលបង្កឱ្យមានអ្នកមាន អ្នកក្រ មានល្បែងពាលា មានគ្រឿងស្រវឹង មានអំពើកេងប្រវ័ញ្ច មានវិសមភាពជាពិសេសលើវិស័យអប់រំដល់គ្រប់ស្រទាប់នៃប្រជាជន?​

            ឬនេះជាកំហុសរបស់ទេវតា? ជាព្រហ្មលិខិត? ជាវាសនា? ជាកម្មផលរបស់ក្មេងនោះ?
ខ្ញុំនៅតែមិនយល់ទាល់តែសោះ...

ចុះហេតុអ្វីបានជាមនុស្សមួយចំនួនសម្រេចចិត្តមកសុំទាន? ហើយម្ដេចបានជាអ្នកខ្លះទៀតនោះយកការសុំទានជារបររកស៊ី? ក្រៅពីសេចក្ដីអាណិតអាសូរជនក្រីក្រ តើយើងអាចជួយពួកគាត់តាមរបៀបណាទៀត?
ខ្ញុំមិនដឹងថាត្រូវជួយក្មេងទាំងពីរនោះតាមរបៀបណាឱ្យសម ពីព្រោះថាលុយដែលបានឱ្យអាចជួយផ្គត់ផ្គង់ពួកគេបានមួយរយៈតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថានឹងមានសប្បុរសជនណាម្នាក់ ឬក៏អង្គការក្រៅរដ្ឋាភិបាលនឹងប្រមូលជួយជនទីទ័លក្រតាមរយៈ ការផ្តល់ការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្តល់ជាការថែទាំសុខភាព ជាលំនៅ ជាការផ្គត់ផ្គង់នានាដល់ពួកគេ។ ប្រសិនបើជាដូចនេះ ពួកគេនឹងមានសង្ឃឹមមួយកម្រិតក្នុងជីវិត។


យ៉ាងណាមិញ ខ្ញុំចង់បង្កើតភាពផ្លាស់ប្ដូរមួយ ដែលចាប់ចេញពីខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំជឿជាក់ថាអ្នកអានរបស់ខ្ញុំក៏អាចចាប់ផ្តើមជាមួយខ្ញុំបានដែរ។ វាអាចជាការបង្កើនចំណេះដឹងអ្នកនៅជុំវិញខ្លួនអោយយល់ដឹងច្បាស់ពីវិសមភាពរវាងអ្នកមាននិងអ្នកក្រ ឬជម្រុញអោយមនុស្សម្នាក់ៗបញ្ចេញគំនិតនិងផ្តោះប្តូរគំនិតជាមួយអ្នកដទៃ (. តាមការសរសេរប្លុក)លើសពីនេះទៅទៀតយើងអាចចូលរួមជាថវិកាដល់វិភាគទានជួយជនក្រីក្រតាមរយៈសមាគមនានា ហើយអាចជួយជាកម្លាំងស្ម័គ្រចិត្តក្នុងសហគមន៍ ឬកម្មវិធីនានាដើម្បីបង្ហាត់បង្រៀនចំណេះដឹង ឬវិជ្ជាជីវៈដូចជាការបង្ហាត់អាន សរសេរ ភាសាខ្មែរ និងអង់គ្លេសដល់ពួកគេជាដើម។ ចំពោះខ្លួនខ្ញុំផ្ទាល់ថ្វីត្បិតតែខ្ញុំគ្មានអ្វីជាដុំកំភួនសម្រាប់ចូលរួមជួយដល់ជនក្រីក្រក្នុងប្រទេស ខ្ញុំកំពុងខិតខំសិក្សាមុខជំនាញរបស់ខ្ញុំ ដើម្បីមានសមត្ថភាពបរិបូរជាគ្រូពេទ្យម្នាក់ចុះជួយប្រជាជនទីទ័លតាមតំបន់ដាច់ស្រយាល ហើយខ្ញុំនឹងបន្តសកម្មភាពស្ម័គ្រចិត្តរបស់ខ្ញុំជានិរន្តរ៍។


ចុះអ្នកវិញ? តើអ្នកប្តេជ្ញាចិត្តយ៉ាងណា? កុំអង្គុយបន្ទោសព្រេងវាសនា! អ្នកអាចកែប្រែអ្វីៗទាំងអស់នៅជុំវិញអ្នក ព្រោះរាល់ការផ្លាស់ប្ដូរទាំងអស់ចាប់ផ្ដើមពីអ្នកផ្ទាល់តែម្ដង!



 



No comments:

Post a Comment