Wednesday, September 7, 2016

ការគាំទ្រសុខភាពចល័ត ផ្តល់សេវាសំខាន់ៗដល់ស្ត្រីនិងកុមារតាមសហគមន៍ដាច់ស្រយាល

ដោយ Iman Morooka

To read this post in English, please click here.


មណ្ឌល​សហគមន៍ ក្នុង​ភូមិ​ភ្នំ​កុកឡាក់ ជាកន្លែង​បុគ្គលិក​មណ្ឌលសុខភាព​ចុះផ្តល់
​សេវាសុខភាព​ចម្រុះ​ដល់​ប្រជាពលរដ្ឋ។

© UNICEF Canada/2016/Raab

ព្រលឹមស្រាងៗ ក្នុង​ភូមិ​ភ្នំកុកឡាក់ ដែល​ជាភូមិ​តូច​មួយ នៅ​ក្នុង​ខេត្ត​រតនគិរី នៅប៉ែកសាន​នៃ​ប្រទេស​កម្ពុជា មាន​កុមារ ស្ត្រីជាម្តាយ ស្រ្តី​មានផ្ទៃពោះ និង​ជីដូន​រាប់សិបនាក់ បាន​មកជួបជុំគ្នា ក្នុង​មណ្ឌល​សហគមន៍ ដែលជាផ្ទះឈើ​មាន​សរសរ​ផុត​ពីដី បែរ​មុខ​​ទៅ​រក​ទន្លេ​សេសាន។ ថ្ងៃនេះ គឺជា​ថ្ងៃ​មួយដ៏សំខាន់។ បុគ្គលិក​ជំនាញ មកពី​មណ្ឌល​សុខភាពដែល​នៅ​ជិត​បំផុត នឹង​មកដល់​បន្តិចទៀត ដើម្បី​ផ្តល់​សេវាសុខភាព​សាមញ្ញៗ ប៉ុន្តែ​មានសារៈសំខាន់ ដោយសារ​តែ​វា​ជា​ការផ្តល់​សេវា​ថែទាំចាំបាច់​ដល់​កសិករ ដែល​រស់នៅ​ក្នុង​សហគមន៍​ដាច់ស្រយាល​មួយ​នេះ។​

ភូមិ​ភ្នំ​កុក​ឡាក់ មាន​ប្រជាពលរដ្ឋ​ប្រមាណជា ៦០០នាក់ ភាគច្រើនជា​ក្រុម​ជនជាតិភាគតិច​ឡាវ។ ពួកគេ​ពឹងអាស្រ័យ​លើ​ការ​បង្កបង្កើនផល​ដំណាំ​នានាដូចជា សណ្តែក ស្រូវ និង​ដំឡូងមី សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​។ ដោយសារតែ​ផ្លូវពិបាកនិង​ពុំ​មាន​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ដែល​មានតម្លៃ​សមរម្យ ធ្វើឲ្យ​ចំងាយ​ផ្លូវ​ប្រមាណជា ១៣គីឡូម៉ែត្រ រវាង​សហគមន៍​តូច​មួយ​​នេះទៅមណ្ឌលសុខភាព​ ក្លាយ​ជា​បញ្ហា​ប្រឈម​មួយសម្រាប់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ។

អ្នកស្រី មិន ណាវី វ័យ ២៨ឆ្នាំ ដែល​មាន​កូន ៣នាក់ និយាយថា “ខ្ញុំ​ពិបាក​នឹង​ទៅ​មណ្ឌល​សុខភាព​ណាស់ ដូច្នេះ​វាជាការល្អណាស់ ដែល​បុគ្គលិក​សុខាភិបាល​មកផ្តល់​សេវា​ដល់​យើង​ដល់ទីកន្លែង​បែប​នេះ។ ប្រសិនបើ​ពួកគេ​មិនមក​រក​យើង​នោះទេ ខ្ញុំ​ត្រូវ​ទៅ​មណ្ឌលសុខភាព ប៉ុន្តែ​ខ្ញុំ​ទៅ តែ​នៅ​ពេល​ដែល​ខ្ញុំ​មាន​លុយសម្រាប់​ធ្វើដំណើរ​តែ​ប៉ុណ្ណោះ។” ការ​ជួលម៉ូតូឌុបឲ្យ​ជូនទៅ​មណ្ឌលសុខភាព​ត្រូវអស់ចំណាយ​ប្រហែលជាពីរបី​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់គ្រួសារនានាដូចជា គ្រួសារ​របស់ណាវី លុយ​ចំនួន​ប៉ុណ្ណេះ គឺជា​ចំនួន​មួយ​ដ៏ច្រើន។ នៅរដូវ​វស្សា ប្រជាពលរដ្ឋ​អាច​ត្រូវ​ចំណាយពេលមួយ​ម៉ោង ដើម្បី​ទៅ​ដល់​មណ្ឌល​សុខភាព។

ជាការ​ជួយសម្រួល​ដល់​គ្រួសារ​នានាដូចជា គ្រួសារ​របស់ណាវីជាដើម មន្ទីរសុខាភិបាលខេត្ត ដោយ​មាន​ការគាំទ្រ​ពី​អង្គការ​យូនីសេហ្វ បាន​បញ្ជូន​ក្រុម​ផ្តល់​សេវាសុខភាព​ចល័ត​ឲ្យ​ចុះ​ទៅ​តាម​សហគមន៍​ដាច់ស្រយាលរៀងរាល់ពីរខែ​ម្តង។ ក្នុង​ស្រុក​វឿនសៃ ដែលគ្របដណ្តប់​លើ​ភូមិ​ភ្នំ​កុកឡាក់ មាន​ក្រុម​ការងារ​ចំនួនពីរ​ ចុះផ្តល់​សេវា​ដល់ភូមិ​ដាច់ស្រយាល​ចំនួន ១៧ភូមិ។​

យូនីសេហ្វ​ ផ្តល់​នូវ​សម្ភារផ្គត់ផ្គង់​ជាសំខាន់ៗ ដូចជា វ៉ាក់សាំងនិង​ឧបករណ៍​សម្រាប់ទុក​វ៉ាក់សាំង ក៏ដូចជា​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​រ៉ាប់រង​លើ​ចំណាយ​សម្រាប់​ការ​ធ្វើដំណើរ​របស់​បុគ្គលិក​សុខាភិបាល និង​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។​

សេវាទាំងនេះ​ មានសារៈសំខាន់​ សម្រាប់​ស្ត្រី និង​កុមារ​ងាយរងគ្រោះ ក្នុង​ខេត្ត​រតនគិរី។ ស្រប​ពេល​ដែល​លទ្ធផល​សុខភាព​របស់ស្ត្រីមានផ្ទៃពោះ និង​ទារកទើប​កើត ក្នុង​ខេត្ត​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាងមុន ដូចជា ក្នុង​ឆ្នាំ២០១៤ មានស្ត្រី ៥៤% សម្រាល​កូន​នៅ​មូលដ្ឋាន​សុខាភិបាល​ជាមួយ​នឹង​ឆ្មប​ជំនាញ បើ​ធៀប​ជាមួយនឹង​ ៣៨ភាគរយ ក្នុង​ឆ្នាំ២០១០ ខេត្តនេះ​នៅ​តែស្ថិត​ក្រោម​អត្រាមធ្យម​ថ្នាក់​ជាតិ ក្នុង​ផ្នែក​ជា​ច្រើន។ ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ទទួលបាន​ការ​ពិនិត្យ​ផ្ទៃពោះ​ ៤ដងតាមការណែនាំ មានត្រឹមតែ ៤៨ភាគរយ​ប៉ុណ្ណោះ ពោលគឺ​ស្ថិត​ក្រោម​អត្រា​មធ្យម​ថ្នាក់ជាតិដែលមានកម្រិត​ ៧៦ភាគរយ។ ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ប្រើប្រាស់​សេវា​ពិនិត្យ​ផ្ទៃពោះ មិន​សូវញឹកញាប់​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ធម្មតា​នោះដែរ ហើយ​ទារកទើបកើត​មិន​សូវ​ជា​បាន​ទទួល​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កញ្រ្ជឹល​ឡើយ (៥៦ភាគរយ ក្នុង​ឆ្នាំ២០១៤ បើ​ធៀប​នឹង​អត្រា ៧៨ភាគរយ សម្រាប់​ប្រទេស​ទាំងមូល)។ ស្ត្រី​មាន​ផ្ទៃពោះ​ជិត​ពាក់កណ្តាល ក្នុង​ខេត្ត​រតនគិរី នៅ​សម្រាលកូន ដោយ​គ្មាន​ឆ្មប​ជំនាញ​នៅ​ឡើយ។​

ក្រុម​ចុះផ្តល់សេវា​សុខភាព​​ចល័ត គឺជា​កាស​ដ៏សំខាន់​មួយ ដើម្បីឲ្យ​គ្រួសារ​ទាំង​នេះ​អាច​ទទួល​បាន​ការថែទាំ​សុខភាព ដែល​ការពារ​ពួកគេ​ពី​ការ​ឈឺថ្កាត់​មិនចាំបាច់នានា និង​ឲ្យ​ពួកគេ​ផ្លាស់​ប្តូរ​ដំណើរជីវិតកាន់តែ​ប្រសើរ​ជាងមុន។​

ម្តាយ​និង​កូន មកជួបជុំ​គ្នា​ក្នុង​មណ្ឌល​សហគមន៍​ក្នុង​ភូមិ ដើម្បី​ទទួល​បាន​សេវា
​ពី​សកម្មភាពចុះ​ផ្តល់​សេវាសុខភាព​ចម្រុះ។

© UNICEF Canada/2016/Raab

ក្រោយ​ពេល​ដែល​បុគ្គលិក​ចុះផ្តល់សេវា​មកដល់​ភូមិ​ភ្នំកុកឡាក់​ភ្លាម ពួកគេ​ចាប់ផ្តើម​រួសរាន់​រៀបចំ​កន្លែង​ធ្វើការ ហើយ​ត្រឹម​ម៉ោង ៨.៣០ នាទី​ព្រឹក មណ្ឌលសុខភាព​បណ្តោះអាសន្ន​នេះ​មាន​សំទ្បេង​កងរំពង​របស់​កុមារនិង​មនុស្ស​ពេញវ័យ​ជា​ច្រើន​នាក់។ ក្រុម​ការងារនេះ​ធ្វើការ​បែងចែក​បន្ទប់​ដែល​មានតែមួយ​ក្នុង​ផ្ទះបុរាណសសរឈើនេះជា​ផ្នែក​តូចៗ ដោយ​ផ្នែក​នីមួយៗ​ផ្តល់​សេវា​ផ្សេងៗ​គ្នា ដូចជា វ៉ាក់សាំង​បង្ការ​ជំងឺ​ដែល​អាច​បង្ការ​បានដូចជា ជំងឺ​គ្រុន​ស្វិត​ដៃជើង ជំងឺរបេង ជំងឺ​កញ្រ្ជឹល និង​ជំងឺ​តេតាណូសជាដើម ការ​ផ្តល់​វីតាមីន​អា​បន្ថែម និង​ថ្នាំ​ទម្លាក់​ព្រូន​ សម្រាប់​កុមារ ការ​ថែទាំ​ផ្ទៃពោះ និង​ការ​បង្កើន​ការយល់ដឹងអំពី​សុខភាព និង​អាហារូបត្ថម្ភ។​

ពេល​ដែល​ពួកគេ​រង់ចាំ​ជួប​បុគ្គលិក​សុខភាព ម៉ែៗ និង​ជីដូន បានទទួល​​សារអប់រំ​ពី​អ្នក​ស្ម័គ្រចិត្ត​ក្រុម​ទ្រទ្រង់​សុខភាពភូមិ អំពី​សុខភាព អាហារូបត្ថម្ភ និង​អនាម័យ។ លោកគោក ដាង គឺជា​អ្នក​ស្ម័គ្រចិត្ត​ម្នាក់ ក្នុង​ភូមិ​ភ្នំកុកឡាក់នេះ។ គាត់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជា​ប្រចាំពី​មណ្ឌលសុខភាព​ពីរបៀប​បង្កើន​ការ​យល់ដឹង និង​ផ្តល់​ដំបូន្មាន​ដល់​ប្រជាពលរដ្ឋ។​

អ្នក​ស្រី​ មិន ណាវី ដែល​ទើប​តែ​នឹង​សម្រាល​កូនទី៣របស់គាត់ បាន​ចូលរួម​ក្នុង​ថ្នាក់​បង្កើន​ការយល់ដឹង​បែបនេះ ពេល​ដែល​នាង​មាន​ផ្ទៃពោះ។ នាង​ក៏បាន​ទទួល​ការ​ពិនិត្យ​ថែទាំ​ផ្ទៃពោះ ៤ដង​ផងដែរ។ នាង​ពន្យល់ថា “ខ្ញុំ​រៀនចេះច្រើន​ណាស់​ពី​ថ្នាក់​បង្កើន​ការយ​ល់ដឹងទាំងនេះ ដូចជា ប្រភេទ​អាហារ​ផ្សេងៗ ដែល​កុមារ​ចាំបាច់​ត្រូវ​ញ៉ាំ ដឹងថា​គ្រឿង​ស្រវឹង ការជក់បារី និង​ការ​ធ្វើការធ្ងន់ គឺ​មិន​ល្អ​ឡើយ ក្នុង​កំឡុង​ពេល​មានផ្ទៃពោះ និង​យល់ពីសារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ និង​ការ​ចាក់​វ៉ាក់សាំង​ ឲ្យ​កុមារ។”

នៅពេល​ដល់​វេន​របស់ខ្លួន កុមារ​ ម្តាយ និង​ស្ត្រី​មាន​ផ្ទៃពោះ​ នាំគ្នា​ទៅ​កាន់​តុចុះឈ្មោះ។ នៅ​ទីនោះ ពួកគេ​បង្ហាញ​ប័ណ្ណសុខភាព​ពណ៌​លឿង​របស់ពួកគេ ហើយ​បុគ្គលិក​បញ្ចូល​ព័ត៌មាន ទៅ​ក្នុង​សៀវភៅ​កត់ត្រា​របស់ខ្លួន។ បន្ទាប់មក​ ពួកគេ​ទៅ​ជ្រុងផ្នែក​ចាក់វ៉ាក់សាំង ដែល​នៅទីនោះ​កុមារ​ទទួល​បាន​ថ្នាំ​បង្ការនិង​វ៉ាក់សាំងការ​ពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង រលាកថ្លើម​បេ ​រលាកស្រោមខួរ ​ស្រឡទែន ស្អូច ខាន់ស្លាក់ ក្អក​មាន់ និង​តេតាណូស។ ពួកគេ​ក៏​ទទួលបាន​វីតាមីនអា និង​ថ្នាំ​ទម្លាក់​ព្រូន​ផងដែរ។ ស្ត្រី​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺតេតាណូស។ នៅ​ជ្រុង​មួយទៀត​នៃ​បន្ទប់ ខាងក្រោយ​វាំងនន​ចម្រុះ​ពណ៌ ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​សេវា​ពិនិត្យ​ផ្ទៃពោះពី​ឆ្មប​មណ្ឌល​សុខភាពដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ។​

ណាវី និយាយថា “នៅពេល​ដែល​ខ្ញុំសម្រាលកូនដំបូង ខ្ញុំ​មិនដឹងពីសារៈសំខាន់​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ ការ​បំបៅកូន​ដោយ​ទឹកដោះម្តាយ ឬ​អាហារ​បន្ថែម​ ឬ​ការ​រក្សា​ទារកនៅ​កន្លែង​កក់ក្តៅ​ឡើយ។ ប៉ុន្តែ ក្រោយ​ពី​ក្រុម​ផ្តល់​សេវាសុខភាព​បានចុះមក ខ្ញុំ​ដឹងថាត្រូវ​ធ្វើ​រឿងទាំងនេះ ចំពោះ​កូនប្រុសទីពីរ​របស់ខ្ញុំ ហើយ​ខ្ញុំ​ឃើញថា វាមាន​សុខភាព​ល្អ និង​មាន​កម្លាំងខ្លាំង​ជាង​កូន​មុនៗ។”

កូនទើបកើត​របស់​ណាវី ទទួល​បាន​វ៉ាក់សាំង ក្នុង​ពេល​មាន​ការ​ចុះផ្តល់​សេវា​ក្នុង​ភូមិ
© UNICEF Canada/2016/Raab 

ក្នុង​ពេល​ទៅ​ទទួល​សេវា​ថែទាំ​ផ្ទៃពោះ ណាវី​ ដឹងពី​​ប្រភេទ​អាហារ​ដែល​ល្អ និង​របៀប​ថែទាំ​សុខភាព ក្នុងពេល​មាន​ផ្ទៃពោះ និង​សារៈសំខាន់​នៃ​ការ​ពិនិត្យ​សុខភាព។ កូន​តូចរបស់នាង (ដែល​ពេលនេះ​មាន​អាយុ ៤ ឆ្នាំ) បាន​ទទួល​សេវាសុខភាព​ក្នុង​កញ្ចប់អប្បបរមា ហើយ​កូនទើប​កើត​របស់នាង​ បាន​ទទួល​វ៉ាក់សាំង ពេល​ដែល​ក្រុម​ការងារ​ចុះ​មក​នៅ​ថ្ងៃនេះ។​

លោក គោក ដាង ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ក្រុម​ទ្រទ្រង់សុខភាពភូមិ ជាអ្នក​ផ្តល់ព័ត៌មានឲ្យ​ម៉ែៗ ដូចជា ណាវី ជាដើម ដឹង​ពីពេល​ដែល​បុគ្គលិក​សុខភាព​ចុះ​មកភូមិ​របស់ពួកគេ តាមរយៈការ​ប្រកូកប្រកាស​ក្នុង​ភូមិ ពីរបីថ្ងៃ​មុន​ពេល​មាន​ការ​ចុះផ្តល់​សេវា​សុខភាព​នេះ។ គាត់​និយាយថា “ខ្ញុំ​ធ្វើការងារនេះ ដោយសារតែ​ខ្ញុំ​ចង់​ជួយភូមិ​របស់ខ្ញុំ។ នៅពេល​ដែល​ប្រជាពលរដ្ឋ​ពុំ​មាន​សុខភាពល្អ ពួកគេ​បាត់បង់ប្រាក់ចំណូល។ សុខភាព​​គឺជា​អាយុ​ជីវិត។​”

ផ្អៀង សុប៉ុន ម្តាយ​វ័យ ២៨ឆ្នាំ បាន​ធ្វើដំណើរ​មក​មណ្ឌល​សហគមន៍​នេះ ដើម្បីឲ្យ​កូន​ប្រុសតូច​អាយុ ២ ខែ​របស់នាង អាច​ទទួលបាន​វ៉ាក់សាំង​ការពារ​ត្រឹមត្រូវ។ នាង​ពន្យល់ថា “នៅ​ពេល​ដែល​ខ្ញុំ​មាន​ផ្ទៃពោះ ខ្ញុំ​ទៅ​ពិនិត្យផ្ទៃពោះ​លើសពី ៥ដង។ ខ្ញុំសម្រាលកូននេះ​នៅ​មណ្ឌល​សុខភាព។ យើងខ្ចីលុយ​ពី​អ្នក​ជិតខាង ជួល​ម៉ូតូឌុប​ឲ្យ​ដឹកមក​មណ្ឌលនេះ។ យើង​ធ្វើ​បែបនេះ ដោយសារតែ​វា​មាន​សុវត្ថិភាពនៅ​ពេល​សម្រាល​កូន​ជាមួយ​ឆ្មបជំនាញ។ នេះ​ជា​អ្វី​ដែល​បុគ្គលិកសុខភាព និង​អ្នក​ស្ម័គ្រចិត្ត​សុខភាពភូមិ​ បង្រៀន​យើង​កន្លងមក។”

ស្ត្រី​មានផ្ទៃពោះទទួលបាន​ការ​ការយល់ដឹង​អំពី​ការ​ពិនិត្យផ្ទៃពោះ ពីក្រុមកាងារ
ចុះផ្តល់​សេវាសុខភាព​ចម្រុះ​ ក្នុង​ភូមិភ្នំគោកឡាក់ ខេត្តរតនគិរី។ 

© UNICEF Canada/2016/Raab
 


1 comment:

  1. ជាអត្ថបទមួយដ៏ល្អ។

    ReplyDelete