Wednesday, September 7, 2016

ធ្វើឲ្យត្រឹមត្រូវតាំងពីដំបូង៖ ការប្រមូលភស្តុតាង ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍកុមារតូចឲ្យមានប្រសិទ្ធភាព

ដោយ Iman Morooka

To read this post in English, please click here.

នៅម៉ោង​ត្រឹមតែ ៦.៣០ ព្រឹកសោះ ប៉ុន្តែ​សមាជិក​​ក្រុម​ការងារ​គម្រោង​ “សុខភាពខ្ញុំ”  កំពុង​តែ​មមាញឹកញាប់ដៃ ដើម្បី​ត្រៀម​បំពេញ​ការងារ​របស់ពួកគេ​ក្នុង​ថ្ងៃនេះ។ ធ្វើដំណើរ​ចេញពី​ការិយាល័យ​របស់ខ្លួន​នៅ​រដ្ឋបាល​ជលផល ក្រុមការងារ​បាន​លើក​ឧបករណ៍​សម្ភារ និង​គ្រឿងផ្គត់ផ្គង់​នានា​របស់ខ្លួន ដាក់ចូល​រម៉ក​កង់បីរបស់ខ្លួន ដើម្បី​ធ្វើដំណើរ​ទៅ​ភូមិ ដែល​ពួកគេ​នឹង​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ធ្វើការ​នៅ​ទីនោះ។

សមាជិក​ក្រុម​លើក​ឧបករណ៍​សម្ភារ​សម្រាប់​ចុះ​វាល ដាក់លើ​រម៉ក​កង់បី។
© 
UNICEF Cambodia/2016/ Iman Morooka

ក្រុម​ការងារ​មួយ ដែល​ដឹកនាំ​ដោយ​ លោកស្រី ឌី​ មឿនណារី ត្រូវ​ចុះទៅ​កាន់​ភូមិ ខ ឃុំ​ច្រាំងចំរេះ​២ ក្នុងរាជធានី​ភ្នំពេញ។ នៅ​​ពេល​ដែល​ពួកគេ​ទៅដល់ទីនេះ មាន​ម្តាយ និង​កូនៗ កំពុង​រង់ចាំ​ពួកគេ​ជាស្រេច។​

ក្រុម​ការងារ ដូចជា​ក្រុម​នេះ គឺជា​អ្នក​នៅជួរមុខគេ​នៃ​គម្រោង​រួម​គ្នា​ថ្មី មួយ​របស់​យូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ (IRD) និងរដ្ឋបាល​ជលផល ដើម្បី​ធ្វើការ​សិក្សា​ប្រៀបធៀប​លើ​កុមារនិង​ស្ត្រី​ដដែល ក្នុងរយៈពេល​៣ឆ្នាំ​។​ ពួកគេ​ធ្វើការ​ពិនិត្យតាមដាន​ស្ថានភាព​សុខភាព និង​អាហារូបត្ថម្ភ​របស់ស្រ្តីនិងកុមារ ហើយ​ប្រើប្រាស់​ទិន្នន័យ​នេះ ដើម្បី​កែសម្រួល​កម្មវិធីនានា ក្នុង​គោលបំណង​លើកកម្ពស់ការរស់រាន និង​ការអភិវឌ្ឍ​កុមារឲ្យ​កាន់​តែប្រសើរ​ជាងមុន។


ហេតុអ្វីបាន​ជា​ចាំបាច់ត្រូវមាន​ការ​សិក្សារ​ប្រៀប​ធៀប​ក្នុង​រយៈពេលមួយ?

ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​សម្រេច​នូវ​វឌ្ឍនភាព​សង្គមសេដ្ឋកិច្ច​គួរឲ្យ​កត់​សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​ ជាមួយ​នឹង​ការថយចុះ​នៃកម្រិត​ភាព​ក្រីក្រ បញ្ហាវិសមភាព​នៅ​តែ​មាន ហើយ​កុមារ​ជា​ច្រើន​នាក់ នៅ​តែមានការអភិវឌ្ឍ​យឺត​យ៉ាវ។ កុមារ​មកពី​គ្រួសារ​ក្រីក្រ និង​កុមារ​ក្នុង​សហគមន៍​ដាច់​ស្រយ៉ាល នៅ​តែ​ជួបប្រទះ​​បញ្ហា​ប្រឈម ក្នុង​ការ​លូតលាស់ប្រកបដោយសុខភាពល្អ។ អត្រា​កខ្វះអាហារូបត្ថម្ភ នៅ​តែមាន​កម្រិត​ខ្ពស់ ហើយ​ការទទួលបាន​សេវាសុខភាព ទឹកស្អាត និង​អនាម័យ ក៏​នៅ​មិនទាន់​មាន​សមធម៌។​

សមាជិក​របស់​ក្រុម​ការងារ​អង្កេត​សិក្សា​ប្រៀបធៀប និយាយ​ទៅ​កាន់​អ្នក​ស្រី
អិត ម៉ារី ដែល​មាន​កូនស្រី​អាយុ ៩ ខែ និង​បញ្ចូល​ព័ត៌មាន​ទៅ​ក្នុង​ឧបករណ៍
tablet

© 
UNICEF Cambodia/2016/ Iman Morooka

ការសិក្សា​ប្រៀបធៀបនេះ គឺជាការ​សិក្សា បែបជា​ការ​សង្កេតដោយប្រមូលទិន្នន័យផ្ទាល់។ មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​សួរសំណួរ​មួយចំនួន ហើយ​មួយរយៈពេល​ក្រោយមក មនុស្សដដែលនេះ​ នឹង​ត្រូវ​បាន​គេ​សួរ​សំណួរ​ដូចគ្នា​នេះ​ម្តងទៀត។ លោកវេជ្ជបណ្ឌិត Etienne Poirot ប្រធាន​ផ្នែកការរស់រាន និង​ការអភិវឌ្ឍ​កុមារ​របស់​យូនីសេហ្វ​កម្ពុជា បាន​ពន្យល់ថា “ការ​ធ្វើបែបនេះ​ផ្តល់​លទ្ធភាពឲ្យ​យើង​អាច​មើលឃើញ​ការ​ផ្លាស់ប្តូរ នៅ​កម្រិត​បុគ្គល​ម្នាក់ៗ ពោលគឺ​មិន​ត្រឹម​តែ​ការ​ផ្លាស់ប្តូរ​របស់​ប្រជាជនទាំងមូល​នោះទេ។ នេះ​គឺជា​ឧបករណ៍​ល្អបំផុត​របស់​យើង ដើម្បី​ស្វែងយល់ថាតើ​ប្រជាពលរដ្ឋ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាងណា និង​ថាតើ​យើង​គួរ​ដាក់អាទិភាពយ៉ាងដូចម្តេច​លើ​អន្តរាគមន៍​ពហុវិស័យ​របស់យើង​ ពាក់ព័ន្ធ​នឹង​វិស័យ​សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិង​អនាម័យ និង​ការអប់រំ។” លោក​បាន​បន្ថែម​ថា “ការសិក្សា​ប្រៀបធៀបនេះ អាច​ផ្តល់​ភាគទាន​ដ៏​មាន​តម្លៃ ដល់​ការ​ពង្រឹង​គោលនយោបាយជាតិក្នុង​វិស័យ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​កុមារតូច។”

តាមរយៈការ​ធ្វើការងារ​ជាមួយ​អ្នកស្ម័គ្រចិត្ត​​ទ្រទ្រង់​សុខភាព​ភូមិ ក្រុម​គោលដៅ​ត្រូវ​បាន​ជ្រើស​រើស​ក្នុង​រាជធានីខេត្ត​ចំនួន​៣ ដូចជា រាជធានី​ភ្នំពេញ​ ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី ដោយ​​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​កុមារ​អាយុក្រោម២ឆ្នាំ ម្តាយ​ពួកគេ ស្ត្រីក្នុងវ័យ​បន្តពូជ និង​ស្ត្រី​មាន​ផ្ទៃពោះ។ សមាជិក​ក្រុម​ការងារ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ បាន​ចុះ​​ប្រមូល​ព័ត៌មាន​ដើមគ្រានៅពេល​ដែល​គម្រោងនេះ​ត្រូវបាន​ប្រកាស​អនុវត្តកាលពីខែមីនា ឆ្នាំ២០១៦។ ពួកគេ​ធ្វើការ​ប្រមូល​ទិន្នន័យ​លំអិត ដែល​គ្រប​ដណ្តប់​លើ​ស្ថានភាព​សង្គមសេដ្ឋកិច្ច​របស់​គ្រួសារ ការអនុវត្ត​ពាក់ព័ន្ធ​នឹង​សុខភាព និង​របៀប​ផ្តល់អាហារដល់​កុមារ  ទឹកស្អាត និង​ស្ថានភាព​អនាម័យ ការអភិវឌ្ឍ​ខាង​ចំណេះដឹង​របស់​កុមារ និង​កម្រិត​ចំណេះដឹង​អំពី​សុខភាព។​

លោកស្រី ឌី ម៉ឿនណារី ប្រធានក្រុម ដើរមើល​តាម​តុការងារ នៅ​ទីតាំង​សិក្សា​ប្រៀបធៀប
​នៅទីវាល ដើម្បីផ្តល់​ការ​គាំទ្រ​ដល់​សមាជិក​ក្រុម​ការងាររបស់​លោកស្រី។

© 
UNICEF Cambodia/2016/ Iman Morooka

ថ្ងៃនេះគឺរយៈពេល៣ខែ ក្រោយ​ការអង្កេត​ប្រមូល​ទិន្នន័យ​ដើមគ្រា ក្រុម​ការងារ​របស់​លោកស្រី ណារី កំពុង​ចុះតាម​ដាន​បន្តក្នុង​ភូមិ ខ។ ក្នុង​ពេល​ចុះ​លើក​នេះ មាន​ការ​ថ្លឹងទម្ងន់ វាស់​កម្ពស់ និង​វាស់រង្វង់​ដើមដៃ​របស់​កុមារ ម្តាយ​របស់ពួកគេ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ក្រុម​ការងារ​ក៏​ធ្វើការ​ប្រមូល​សំណាកគំរូទឹកដែល​គ្រួសារ​ប្រើប្រាស់ បបរ​ដែល​កុមារ​ញ៉ាំ និង​សំណាកគំរូសំខាន់ៗ​ផ្សេងទៀត ទៅ​ធ្វើតេស្ត ក្នុង​មន្ទីរ​ពិសោធន៍​ផងដែរ។​

លោកស្រី ណារី បន្ត​ដើរពី​តុការងារមួយទៅ​តុការងារមួយទៀត ដើម្បី​ជួយ​ពន្យល់ និង​ឆ្លើយ​សំណួរ​នានា។​

លោកស្រី ណារី និយាយថា “ខ្ញុំរីករាយណាស់ដែល​បាន​ចូលរួម​ក្នុង​គម្រោងដែល​មាន​គោលបំណង​លើក​កម្ពស់​សេវាសុខភាពនិង​អាហារូបត្ថម្ភ​ ដើម្បី​ឲ្យ​កុមារ​អាច​មានសុខភាព​ល្អ​បែប​នេះ។ ខ្ញុំ​ក៏​សប្បាយចិត្ត​ផងដែរ នៅពេល​ដែល​ខ្ញុំ​ឃើញ​​កុមារ និង​ម្តាយ​ជា​ច្រើន​នាក់​បាន​ត្រលប់​មក​វិញ ព្រោះ​នេះមានន័យថា ពួកគេ​យល់ថា ការងារ​របស់យើងមានសារៈសំខាន់​ ហើយ​យើង​យកចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​កូន​របស់ពួកគេ។”

គម្រោងនេះមានគោលបំណង​ចម្បង​ប្រមូល​ទិន្នន័យ រៀនសូត្រ​ពី​ភស្តុតាងនានា និង​​កែសម្រួល​កម្មវិធីអភិវឌ្ឍ​កុមារតូច ប៉ុន្តែ​ទន្ទឹមគ្នា​នេះ​ ក៏ផ្តល់អត្ថប្រយោជន៍​ផ្សេងទៀត​​ផងដែរ។​

លោកស្រី ណារី ពន្យល់ថា “ការងារ​របស់ខ្ញុំ មាន​បំណង​ស្វែងរក​ដំណោះស្រាយ​ ចំពោះ​បញ្ហា​ ដែល​កើតផ្ទាល់នៅ​នឹង​មូលដ្ឋាន។ នៅពេល​ដែល​យើង​ជួប​កុមារ ឬ​ម្តាយ ដែល​មាន​បញ្ហា​អាហារូបត្ថម្ភធ្ងន់ធ្ងរ ខ្ញុំទំនាក់ទំនងទៅ​កាន់ការិយាល័យ​ភ្លាម ដើម្បី​ជូនដំណឹង​ដល់​យូនីសេហ្វ ឲ្យ​បញ្ជូន​កុមារ ឬ​ស្ត្រី​ទាំងនោះ ទៅរក​សេវា​ព្យាបាល។”

ការវាស់​រង្វង់​ដើមដៃ​របស់​ក្មេងស្រី​អាយុ ៩ ខែ (នេះ​ជា​រង្វាស់​មួយ
ដើម្បី​កំណត់​ពី​ស្ថានភាព​អាហារូបត្ថម្ភ​របស់​កុមារ)

© 
UNICEF Cambodia/2016/ Iman Morooka

នៅ​ពេល​​កុមារ​ណា​ម្នាក់​ត្រូវបាន​កំណត់ថា​ជា​កុមារ​មាន​បញ្ហា​អាហារូបត្ថម្ភ​​ធ្ងន់ធ្ងរ នឹង​មានការសរសេរ​គេនឹងរាយការណ៍ពិសេសមួយផ្ញើ​ទៅ​កាន់​អ្នក​គ្រប់គ្រង​គម្រោង​របស់​អង្គការ IRD និង​យូនីសេហ្វ។​

ការ​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​វែង​បែបនេះ ក៏​ជួប​នឹង​ការ​លំបាក​ផងដែរ។ លោក Sebastien Kagan ដែលជា​អ្នកសម្របសម្រួល​គម្រោង​ បាន​លើក​ឡើងថា បញ្ហា​ប្រឈម​ធំជាងគេនៅ​ទីក្រុង​ភ្នំពេញ គឺ​ការ​ស្វែងរក​ស្ត្រី និង​ស្ត្រី​ដែលមានកូននៅ​ពេល​ថ្ងៃ ព្រោះ​ជា​ពេល​ដែល​ពួកគេ​រវល់ធ្វើការងារ។ លោកបាន​និយាយថា មាន​​កុមារ​ប្រហែលជា​ពាក់កណ្តាល ដែល​បានមក​ទីតាំង​ធ្វើការ​សិក្សានៅ​តាម​ភូមិ​ក្នុង​រាជធានីភ្នំពេញ គឺ​ត្រូវបាន​ជីដូនជីតា អ្នក​ជិតខាង ឬ​សាច់ញាតិ​របស់​ពួកគេ​យកមក។​

នៅ​ក្នុង​ខេត្ត​ពីរ​ផ្សេងទៀតគឺ​ខេត្ត​ក្រចេះនិង​ខេត្ត​រតនគិរី ដែលភាគច្រើនជា​តំបន់ជនបទ ជារឿយៗ ក្រុម​ការងារ​មាន​ការ​លំបាក​ក្នុង​ការ​ចុះទៅតាម​ភូមិ​នានា ដោយសារតែ​ចម្ងាយផ្លូវ និង​ស្ថានភាព​ផ្លូវ​ ជាពិសេសក្នុង​រដូវវស្សា។​

ឧបករណ៍ Tablet ដែល​ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​ប្រមូលទិន្នន័យ។© UNICEF Cambodia/2016/ Iman Morooka

លោក Kagan លើកឡើងថា “យើង​ទូរស័ព្ទ​ទៅ​​អ្នក​ស្ម័គ្រចិត្ត​សុខភាព​ភូមិ ដើម្បី​សាកសួរ​ពី​ស្ថានភាពផ្លូវជាមុន។ ហើយ​ប្រសិនបើ​យើង​មិន​អាច​ទៅ​ថ្ងៃនោះទេ យើង​ត្រូវ​ប្តូរកាលវិភាគ ទៅ​កន្លែង​ផ្សេងវិញ។” លើសពីនេះ យើងមាន​ភូមិច្រើន​ដែល​ត្រូវ​ចុះទៅក្នុង​ខេត្ត​ក្រចេះនិង​ខេត្ត​រតនគិរី ដោយសារតែ​សហគមន៍​នៅទីនោះ​មាន​ចំនួន​ប្រជាជនតិច។​

ថ្ងៃនេះ អ្នកស្រី អិត ម៉ារី  ដែលមាន​កូនស្រីអាយុ៩ខែ ឈ្មោះ សាយ៉ាណា បាន​មក ដោយ​នាំ​ទាំង​កូនស្រីម្នាក់ទៀត​របស់គាត់ និង​ប្អូនស្រី​ដែល​កំពុង​មានផ្ទៃ​ពោះ​របស់គាត់​មកផងដែរ ដើម្បី​តាមដានបន្ត​ពី​ការ​អង្កេត​លើកមុន។​

គាត់បាននិយាយថា “ខ្ញុំ​សម្រេចចិត្ត​ចូលរួម​ក្នុង​គម្រោងនេះ ដោយសារតែ​គម្រោងនេះ​បាន​ផ្តល់​ប្រយោជន៍​ដល់ខ្ញុំ​ខ្លួនឯងផង និង​ដល់​កូន​របស់ខ្ញុំ​ផង។ គម្រោងនេះ​អាច​ធ្វើឲ្យ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​យើង​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន។"  អ្នកស្រី អិត រ៉ូយ៉ា ជាប្អូន ដែល​កំពុង​មាន​ផ្ទៃពោះ៦ខែ និង​មាន​កូន​ម្នាក់ទៀត​អាយុ៥ឆ្នាំ យល់ស្រប​ជាមួយ​នឹង​ការ​លើកឡើង​នេះ។ អ្នកស្រី រ៉ូយ៉ា លើកឡើង​ថា “ក្រុមការងារ​បានសួរ​យើង​ថាតើ​យើង​ផ្តល់​ចំណី​អ្វីខ្លះដល់​កូន​របស់យើង សួរពី​ការ​បំបៅ​កូន​ដោយ​ទឹកដោះម្តាយ និង​បញ្ហា​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​សុខភាព​របស់យើង។ នេះ​ជា​អ្វី​ដែល​ល្អ សម្រាប់​យើង ដោយសារតែ​យើង​អាច​ដឹង​កាន់តែ​ច្រើនជាងមុន។”

ក្រុម​ការងារ​ត្រូវ​ស្នាក់នៅ​នឹង​កន្លែង​ដែល​ចុះទៅ​នោះ រហូត​ដល់​បាន​ជួប​ម្តាយនិង​កុមារទាំងអស់ មានន័យថា ពួកគេ​ត្រូវ​នៅ​រហូតដល់​រសៀល។​ នៅពេល​សម្ភាស និង​វាស់វែង​ចប់សព្វគ្រប់ហើយ ក្រុម​ការងារ​ត្រូវ​ត្រលប់​ទៅ​ការិយាល័យ​វិញ ដើម្បី​រាយការណ៍​ពី​អ្វី​ដែល​បាន​ធ្វើទៅ​កាន់​អ្នក​សម្របសម្រួល​ការងារចុះសិក្សា។​ ពួកគេ​ចែករំលែក​បទពិសោធ ពិភាក្សា​ពីបញ្ហា​នានា និង​ធ្វើការ​កែតម្រូវ​របៀប​ធ្វើការងារ​របស់ពួកគេ នៅ​ពេល​ដែល​ពួកគេ​ប្រមូល​ព័ត៌មាន​លើកក្រោយទៀត។ លោក Kagan បញ្ជាក់ថា វាគឺជា​ដំណើរការ​រៀនសូត្រជាប់​ជានិច្ច។​

លោក Sebastien Kagan បង្ហាញពី​ឧបករណ៍​ដែល​ត្រូវ​ប្រើប្រាស់
ដើម្បី​វាស់វែង​ថាតើ​បបរ​បាន​ផ្តល់​ដល់​កុមារ ក្នុង​កម្រិត​ដូចៗ​គ្នា​ដែរឬទេ។

© UNICEF Cambodia/2016/ Iman Morooka

ក្រុម​ការងារបញ្ជូន​ព័ត៌មាន​ទាំងអស់ ដែល​ក្រុមចុះអង្កេតប្រមូលបាន​ក្នុង​ឧបករណ៍  tablets ទៅក្នុងប្រព័ន្ធ​ទិន្នន័យ​រួម។ ការ​ប្រើប្រាស់ឧបករណ៍ tablets ផ្តល់លទ្ធភាពឲ្យ​អ្នក​ស្រាវជ្រាវ​អាច​ពិនិត្យ​ឡើង​វិញ​លើ​ទិន្នន័យ នៅ​ចុងថ្ងៃនីមួយៗ និង​ផ្ទៀងផ្ទាត់​លើ​ភាពត្រឹមត្រូវ​របស់វា ដែល​នេះជាអ្វី​ដែល​គេ​មិន​អាច​ធ្វើបាន​ឡើយ ប្រសិនបើ​គេ​ប្រើប្រាស់​ការ​បញ្ចូល​ទិន្នន័យ​លើ​ក្រដាស។​

លោក Kagan លើកឡើងថា “ខ្ញុំប្រាប់​ក្រុម​ការងារថា នេះ​មិន​មែន​ត្រឹមតែ​ជា​ការ​ប្រមូល​ទិន្នន័យ សម្រាប់ស្រាវជ្រាវ ឬ​សរសេរ​សៀវភៅនោះទេ។ វាជាទិន្នន័យ ដែល​នឹង​នាំឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយសារតែ​ទិន្នន័យ​នេះ​នឹងត្រូវ​ប្រើប្រាស់ ដើម្បី​ធ្វើឲ្យសេវានានាកាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន។ ខ្ញុំ​គិត​ថា ដោយសារតែ​ពួកគេ​យល់បែបនេះ ទើបពួកគេ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការងាររបស់ពួកគេ​បែប​នេះ។”  
  

No comments:

Post a Comment