Tuesday, August 30, 2016

រឿងសេចក្តីស្រលាញ់លើសពីពិការភាព

ដោយ Patricia Chourio

To read this post in English, please click here.

អ្នកស្រី គឹម ជាម្តាយធម៌របស់សូរិយាជាងពីរឆ្នាំមកហើយ
© UNICEF Cambodia/2016/ Patricia Chourio

នៅ​ម៉ោង​ប្រមាណ២រសៀល ម្តាយធម៌បានដាស់សូរិយា*​ ឲ្យ​ភ្ញាក់ពី​ដំណេក។ ដល់ពេល​ដែល​សូរិយា​ត្រូវ​ញ៉ាំ​ចំណី​ពេលរសៀលហើយ។ ដំបូង សូរិយា​មាន​អារម្មណ៍រញ៉ាំរញ៉ូវ ប៉ុន្តែ​ក្រោយបាន​ឮ​សំទ្បេង​ដ៏ស្រទន់​របស់​ម្តាយធម៌ សូរិយា​ចាប់ផ្តើម​ញញឹម និង​ញ៉ាំចំណីពីក្នុង​ដប​ដាក់អាហារសម្រាប់​ទារក​។ សូរិយា​ចូលចិត្ត​អាហារ​ណាស់ ជាពិសេស ឆាបន្លែ និង​ស៊ុបល្ពៅ។ បើទោះបីជា​មាន​អាយុទើប​តែ៣ឆ្នាំ​ក៏ដោយ សូរិយាធ្លាប់​ជួបប្រទះ​នឹង​ភាពលំបាកវេទនាហួស​ប្រមាណ​ក្នុង​ជីវិត។ សូរិយា​កើតមក​ដោយ​មាន​បញ្ហា​ពិការខួរក្បាល ហើយ​ដោយសារតែ​ឪពុកម្តាយ​របស់គាត់​ពុំ​មានទំនុកចិត្ត​ថា​ខ្លួន​មានសមត្ថភាព​មើលថែទាំ​គាត់បាន គាត់ត្រូវបាន​គេ​យកមកបោះបង់ចោល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ តាំងតែពីពេល​គាត់​មាន​អាយុ​ប្រហែលជា៩ខែ​មកម្ល៉េះ។​

ដោយសារ​តែ​សភាព​ជំងឺ​របស់ខ្លួន សូរិយា​មិន​អាច​ដើរ និយាយ មើលឃើញ ឬ​ធ្វើ​សកម្មភាព ដូចក្មេង​ដែល​មាន​អាយុស្របាល​គាត់ផ្សេងទៀត​អាច​ធ្វើ​បាន​ឡើយ។ គាត់​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​អ្នកស្រី គឹម សារ៉េត និង​ប្តី​របស់គាត់ ប្រហែល​​រយៈពេល២ឆ្នាំ​ហើយ។
គ្រួសារ​នេះ​រស់នៅ​ក្នុង​ខេត្ត​សៀមរាប។ ប្តី​របស់​អ្នកស្រី សារ៉េត ជា​អ្នក​ដាំបន្លែលក់ ក្នុង​ភូមិ ដូច្នេះ​ផ្ទះ​របស់ពួកគេ​ព័ទ្ធជុំវិញ​ដោយ​សួនបន្លែដ៏ស្រស់ស្អាតនិង​ដើមឈើ​ខ្ពស់ៗ ជា​ម្លប់​ការពារកម្តៅថ្ងៃ​ដ៏សែន​ក្តៅ​នាពេល​ថ្ងៃ។​ ពួកគេ​មាន​កូន​បង្កើត​ពីរនាក់ កូន​ប្រុស​អាយុ២៣ឆ្នាំ ធ្វើការ​ជាអ្នក​រត់រម៉កកង់បីឲ្យ​សណ្ឋាគារធំមួយក្នុង​ខេត្តសៀមរាប និង​កូនស្រី​អាយុ១៤ឆ្នាំ រៀន​ថ្នាក់ទី៧ នៅ​វិទ្យាល័យមួយ។ ពួកគេ​បាន​មើលថែ​សូរិយារយៈពេល​ជិត២ឆ្នាំ​ហើយ។ សូរិយា​ ទទួលបាន​ក្តីស្រលាញ់យ៉ាង​​ខ្លាំង​ពី​សមាជិកផ្សេងទៀត​ក្នុង​​គ្រួសារ​នេះ។​

នៅពេល​ដែល​សូរិយា​ត្រូវបាន​គេ​យកមកបំបោះបង់ចោលដំបូង ផ្នែក​សង្គមកិច្ច​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ខិតខំ​ធ្វើការងារ​ដោយ​មិន​ខ្លាច​នឿយហត់ដើម្បី​តាមរកគ្រួសារ​របស់​គាត់។ អ្វីដែល​គួរឲ្យ​សោកស្តាយ សូរិយា​មិន​មែន​ជា​ករណី​កុមារ​ដែល​ត្រូវបាន​គេ​បោះបង់ចោល​ដំបូង ដែល​ដោះស្រាយ​ដោយ​ក្រុម​ការងារនេះឡើយ។ ចាប់តាំងពីពេល​ដែល​ផ្នែកនេះ​ត្រូវ​បាន​បង្កើតឡើង ក្នុង​ឆ្នាំ២០១០ ក្រុម​នេះ​បាន​ទទួល​ករណី​ឪពុកម្តាយទុកកូនចោល​នៅ​កន្លែង​រងចាំ​របស់​មន្ទីរពេទ្យ​ជា​ច្រើន​ករណី។ គ្រាន់តែក្នុង​ឆ្នាំ២០១៥ ផ្នែកនេះ​ត្រូវដោះស្រាយករណី​បំបោះបង់​កុមារ​ចោល​ចំនួន ២០​ ករណី។​

កន្លែងរង់ចាំនៅមន្ទីរពេទ្យអង្គរ ខេត្តសៀមរាប។ កុមារភាគច្រើនដែលត្រូវ​បាន​
បំបោះបង់ចោល ត្រូវបានទុកនៅកន្លែងនេះ។
© UNICEF Cambodia/2016/ Patricia Chourio


បើតាម​ការ​លើកឡើង​របស់​លោក សុខជា ​ប្រធាន​ផ្នែក​សង្គមកិច្ច​របស់​មន្ទីរពេទ្យ​នេះ មាន​កត្តា​ជា​ច្រើនបណ្តាលឲ្យ​គ្រួសារ​ទុក​កូនចោល​ឲ្យ​មន្ទីរពេទ្យ​ថែទាំ ដូចជាភាព​ក្រីក្រ បទដ្ឋានសង្គម (ឧទាហរណ៍ ប្រសិនបើ​កូន​កើតមក​ឥតខាន់ស្លា) កង្វះ​ព័ត៌មាន​អំពី​សេវាគាំទ្រ ដែលមាន​សម្រាប់​គ្រួសារ អំពើ​ហិង្សា ឬ​ជំនឿ​ដែលថា​កុមារ​ដែល​កើតមក​មាន​ពិការភាពនាំ​សំណាងអាក្រក់​មកដល់​ក្រុម​គ្រួសារ។​

ការព្រួយបារម្ភ​ដំបូង​របស់​ផ្នែក​សង្គមកិច្ច គឺ​ត្រូវ​ធានា​យ៉ាងណាឲ្យ​កុមារ​តូចៗ​ដែល​ត្រូវ​បាន​គេ​បោះបង់ចោល​មាន​សុវត្ថិភាព និង​ទទួលបាន​ការថែទាំ​សុខភាព ដែល​ពួកគេ​ត្រូវការ។ នៅ​ពេល​ស្ថានភាព​របស់​កុមារមានស្ថិរភាព ពួកគេ​ចាប់ផ្តើម​​ដំណើរការ​តាមដានរកគ្រួសារ ដែល​អាច​ប្រើពេល​រាប់ថ្ងៃ ឬរហូតដល់រាប់ខែ។ នៅពេល​ដែល​ក្រុម​ការងារនេះ​អាច​ទំនាក់ទំនង​ជាមួយ​នឹង​គ្រួសារ​បាន ពួកគេ​ផ្តល់​ប្រឹក្សានិង​ការគាំទ្រ ក្នុង​គោលបំណង​ឲ្យ​កុមារ​អាច​ទទួលបាន​ការ​ថែទាំ​ពី​គ្រួសារវិញ។​ គេអាច​ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​ច្រើន​លើក​ច្រើនសារ មុន​ពេល​ដែល​គ្រួសារ​មាន​ទំនុកចិត្ត​ទទួលយក​កូន​របស់ពួកគេ​វិញ។ ភ្នាក់ងារសង្គមកិច្ច​ត្រូវ​ធ្វើការងារ​យ៉ាងច្រើន ដើម្បី​ឲ្យ​កុមារ​បាន​ទៅ​នៅ​ជួបជុំ​ជាមួយ​គ្រួសារវិញ ពួកគេ​មិន​ត្រឹម​តែ​បំពេញភារកិច្ច​ក្នុងនាម​ជា​ភ្នាក់ងារសង្គមកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវធ្វើជា​ភ្នាក់ងារ​ស៊ើប​អង្កេត អ្នក​ផ្តល់​ប្រឹក្សា អ្នក​ដែល​គេ​អាច​ជឿទុកចិត្ត​បាន និង​មិត្តភក្តិ​របស់គ្រួសារ ដែល​ពួកគេ​ធ្វើការងារ​ជាមួយ​ទៀត​ផង។​

ដើម្បី​ផ្តល់ឲ្យ​គ្រួសារ​នូវ​ការគាំទ្រ​សង្គម​ដែល​គ្របដណ្តប់​លើ​គ្រប់​តម្រូវការ​ទាំងអស់ ក្នុង​ន័យ​​ឲ្យ​កុមារ​ទាំងនេះ​អាច​បន្ត​រស់នៅ​ជាមួយ​គ្រួសារ​របស់ខ្លួន​បាន​ជារៀងរហូត មន្ទីរពេទ្យ​នេះ​ធ្វើការងារ​ជាមួយ​នឹង​អង្គការ​កល្យាណមិត្ត ដែល​ជា​ដៃគូ​របស់កម្មវិធី​ដៃគូការពារ​កុមារ (3PC) របស់​យូនីសេហ្វក្នុង​ខេត្ត​សៀមរាប។ អង្គការនិង​មន្ទីរ​ពេទ្យនេះ ធ្វើការងារ​រួមគ្នាដើម្បី​ឆ្លើយតប​ចំពោះ​មូលហេតុ ដែលជាដើមចម​នាំឲ្យ​មាន​ការ​បោះបង់​កុមារ​ចោល និង​ផ្តល់​សេវាគាំទ្រ​ផ្សេងៗ ដើម្បី​ធានា​យ៉ាងណាឲ្យ​គ្រួសារ​មាន​អារម្មណ៍ថាបាន​ត្រៀម​ខ្លួន​រួចរាល់១០០ភាគរយ ដើម្បី​ទទួល​កូន​​ត្រលប់​មកវិញ។​

សេវាដែល​ផ្តល់​ឲ្យ​រួមមាន៖ ការ​ផ្តល់​ប្រឹក្សា ការ​ជួសជុល​កែលំអ​ផ្ទះ ការ​ឧបត្ថម្ភ​ស្បៀង​អាហារ និង​សម្ភារ​បណ្តោះអាសន្ន ការ​រកចំណូល ។ល។ ក្នុង​ករណី​ដែល​គ្រួសារ​នៅ​តែ​បដិសេធ ឬ​មិនទាន់​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ទទួល​យក​កូន​របស់ខ្លួន​ត្រលប់​ទៅវិញ អង្គការ​កល្យាណមិត្ត​យក​កូន​នេះទៅឲ្យ​គ្រួសារ​ណាមួយ ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវចិញ្ចឹមបណ្តោះអាសន្ន​សិន ដូច​ក្នុង​ករណី​សូរិយា​ជាដើម។​

ពេល​ដែល​សូរិយា​ស្ថិត​ក្នុង​ការ​ថែទាំ​​បណ្តោះអាសន្ន​ពី​ឪពុកម្តាយធម៌ អង្គការ​កល្យាណមិត្ត បន្ត​ធ្វើការងារ​ជាមួយ​នឹង​គ្រួសារ​បង្កើត និង​សាច់ញាតិ​របស់សូរិយា ដើម្បីរិះរកលទ្ធភាពឲ្យ​ពួកគេ​ទទួលយក​សូរិយា​ទៅចិញ្ចឹមវិញ។​

អង្គការ​កល្យាណមិត្ត ក៏​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គ្រួសារ​ដែល​ទទួលចិញ្ចឹម​កុមារ​ទាំងនេះ​ផង​ដែរដូចជាផ្តល់​ប្រឹក្សា ស្បៀងអាហារ និង​សម្ភារអនាម័យដល់​កុមារ​ដែល​កំពុងស្ថិត​ក្រោម​ការ​ថែទាំ​របស់ពួកគេ ការ​បណ្តុះ​បណ្តាល​អំពី​អនាម័យ អាហារូបត្ថម្ភ សិទ្ធិ​កុមារ ។ល។ ពួកគេ​ក៏​ភ្ជាប់​ទំនាក់ទំនង​គ្រួសារ​ឪពុកម្តាយធម៌នេះ​ជាមួយនឹង​អង្គការ​ផ្សេងទៀត ដែល​ផ្តល់​ការគាំទ្រ​ឯកទេស​បន្ថែម​ផងដែរ។ ក្នុង​ករណី​របស់​សូរិយា អង្គការ​កល្យាណមិត្ត បាន​សហការ​ជាមួយនឹង​ក្រុម​ចុះ​ផ្តល់​សេវារបស់អង្គការ​ Safe Haven ដើម្បី​ផ្តល់​សេវា​ព្យាបាល​ដោយចលនា ការបង្រៀន​ជំនាញ​លេង និង​ការ​បណ្តុះបណ្តាលអំពី​របៀបញ៉ាំ​អាហារ​ដល់​សូរិយានិង​គ្រួសារ​ឪពុកម្តាយធម៌​របស់គាត់។​

ម្តាយ​បង្កើត និង​សាច់ញាតិ​ផ្សេងទៀត​របស់​សូរិយា បាន​មកលេងគាត់​ច្រើន​ដងដែរ ចាប់​តាំងពីពេល​ដែល​គាត់​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​អ្នកស្រី សារ៉េត មក ប៉ុន្តែគួរឲ្យ​សោកស្តាយ គ្រួសារនេះ​នៅ​មិនទាន់​ត្រៀមខ្លួន​រួចរាល់ដើម្បី​ទទួលយក​គាត់ទៅវិញ​បាន។​ ខណៈពេល​ដែល​ករណី​បោះបង់កុមារចោលជារឿយៗ ជា​ករណី​ដែល​ពិបាក​នឹង​ឲ្យ​គ្រួសារ​ទទួល​យក​កូន​របស់​ខ្លួន​ត្រលប់​ទៅវិញបាន មន្ទីរ​ពេទ្យ​កុមារ​អង្គរនិង​អង្គការ​កល្យាណមិត្ត បាន​ធ្វើការ​រួម​គ្នា ដែលនាំឲ្យមានករណី​ទទួលយក​កូនត្រលប់ទៅវិញ​ដោយ​ជោគជ័យ​ជា​ច្រើន​ករណី​ ចាប់តាំង​ពី​ពេល​ដែល​ភាពជាដៃគូនេះ​ត្រូវ​បាន​បង្កើតឡើង ក្នុង​ឆ្នាំ២០១២មក។​

អង្គការ​កល្យាណ​មិត្ត បន្ត​ធ្វើការ​ជាមួយ​គ្រួសារ និង​សាច់ញាតិ​របស់​សូរិយា ដើម្បី​គាំទ្រ​ឲ្យ​ពួកគេ​ទទួលយក​សូរិយា​ទៅថែទាំ​វិញ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​នេះ សូរិយា បាន​ទទួល​ការ​ស្រលាញ់ ដោយឥតលក្ខខណ្ឌ និង​ការ​ថែទាំ​យកចិត្តទុកដាក់ពី​អ្នកស្រី សារ៉េត។ បើទោះបីជា​ការ​ថែទាំ​ សូរិយា ជាការងារ​ដ៏សែន​ពិបាក​នាពេល​ខ្លះ​ក៏ដោយ អ្នក​ស្រី​ សារ៉េត និយាយថា វាជា​អ្វី​ដែល​មាន​តម្លៃ​សម្រាប់គាត់។ គាត់និយាយថា “ពេលខ្លះ ខ្ញុំ​ហៅ​ឈ្មោះសូរីយា​ពី​បន្ទប់​មួយទៀត ហើយ​គាត់​ចំណាំ​សម្លេង​របស់ខ្ញុំ ហើយ​ខំ​ងើប​ក្បាល​ឡើង ហើយ​ខ្ញុំឃើញគាត់​រកមើលខ្ញុំ។ ចំណុចនេះ​ហើយ ដែល​ធ្វើឲ្យ​អ្វីៗ​ដែល​ខ្ញុំ​ធ្វើ​ទាំងអស់នេះ​មាន​តម្លៃ។ បេះដូង​របស់ខ្ញុំ​មានសេចក្តីសុខ នៅ​គ្រប់​ពេល​ដែលខ្ញុំឃើញគាត់។”

អ្នកស្រី គឹម សារ៉េត និងសូរិយា
© UNICEF Cambodia/2016/Patricia Chourio

យូនីសេហ្វ​ ធ្វើការងារ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិន​មែនរដ្ឋាភិបាល មក​ពី​បណ្តាញកម្មវិធី​ដៃគូ​ដើម្បីការពារ​កុមារ (3PC) ដើម្បីផ្តល់ឲ្យ​កុមារ​ដែល​ត្រូវបាន​គេ​បំបែក​ចេញពី​គ្រួសារ នូវ​ជម្រើស​ផ្សេង​ក្រៅពី​ការយក​កុមារ​ងាយ​រងគ្រោះ និង​កុមារ​ដែល​គេ​បោះបង់ចោល ទៅ​ដាក់ទៅតាម​មណ្ឌល ដែល​បន្ត​មាន​ការ​កើនឡើង។​

កុមារ​អាយុ​ក្រោម​៣ឆ្នាំ ត្រូវ​បាន​ចាត់ទុកថាជាអាទិភាព ដោយសារតែ​ការ​ស្រាវជ្រាវ​សកល​រាប់ទសវត្សរ៍​កន្លងមកនេះ​ បាន​បង្ហាញ​ពី​ផលប៉ះពាល់​ប្រកប​ដោយ​គ្រោះថ្នាក់​នៃ​ការ​រស់នៅ​ក្នុង​មណ្ឌលថែទាំ​មកលើ​កុមារ ក្នុង​រយៈពេល​សំខាន់​នៃ​ការ​អភិវឌ្ឍនេះ។ ដៃគូ​នានារបស់​យូនីសេហ្វ ក៏​ផ្តោត​អាទិភាព​​លើ​កុមារ​ពិការ ដូចជាសូរិយាជាដើម ដែល​ជារឿយៗ ស្ថិត​ក្នុង​ចំណោម​កុមារ​ដែល​ជួប​ការ​លំបាកជាងគេ​ក្នុង​សង្គម​ផងដែរ។​



*ឈ្មោះ​ត្រូវ​បាន​ប្តូរ ដើម្បី​ការពារ​អត្តសញ្ញាណ

No comments:

Post a Comment