Saturday, August 20, 2016

ត្រៀមអ្វីខ្លះហើយសម្រាប់ដំណើរទៅឧត្តមសិក្សា?

ដោយ​​ វ័ន្ត ច័ន្ទមករា

អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។

“អ្នកជានាយនាវាជីវិតអ្នក អ្នកអាចបញ្ជាវាបានទៅគ្រប់ទិសទីដើម្បីឆ្ពោះទៅ
រកគោលដៅរបស់អ្នកគ្មានទៅណាដែលអ្នកទៅមិនដល់នោះទេ"
អ្នកខ្លះនិយាយថាពេលប្រឡងទី១២ជាប់ ពួកគេនឹងមានសេរីភាព និងមានពេលសប្បាយរីករាយច្រើនជាងពេលនៅរៀនវិទ្យាល័យ ដោយសារតែពួកគេគិតថា គេនឹងលែងខ្វល់ខ្វាយជាមួយការធ្វើលំហាត់គណិតវិទ្យាទៀតហើយ លែងពិបាកទន្ទេញឆ្នាំនានាក្នុងប្រវត្តិវិទ្យាទៀតហើយ លែងពិបាកសូត្រឈ្មោះសារធាតុគីមីសរីរាង្គទៀតហើយ។ ចំណែកខ្លះវិញគិតថាពេលជិតចប់វិទ្យាល័យ គេនឹងឈានដល់ទំព័រថ្មីមួយទៀតនៃជីវិតដែលគេត្រូវរៀនដើរដោយខ្លួនឯង ពោលគឺការទទួលខុសត្រូវរាល់ការសម្រេចចិត្តរបស់ខ្លួន ជាពិសេសនោះគឺការសម្រេចចិត្តរៀនបន្តជំនាញនៅថ្នាក់ឧត្តម។

ខ្ញុំសង្កេតឃើញថាក្នុងការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តម ទាំងយុវជនដែលដឹងថាខ្លួនចង់រៀនមុខវិជ្ជាអ្វីពិតប្រាកដ និង យុវជនដែលពុំដឹងថាខ្លួនចង់រៀនអ្វីមួយ គឺកំពុងជួបប្រទះក្នុងបញ្ហាជ្រើសរើសនេះដូចគ្នា។
កាលបើបុគ្គលដឹងថាខ្លួនមានគោលបំណងណាមួយសម្រាប់ថ្ងៃអនាគត នោះគេកំពុងតែមានកូនចិត្តដ៏ពុះកញ្រ្ជោលជាច្រើន ដើម្បីសម្រេចសេចក្តីប្រាថ្នារៀងៗខ្លួន។ ផ្ទុយទៅវិញ ការសន្សំមហិច្ឆតានេះ នឹងពុំប្រព្រឹត្តដោយរលូនឡើយ បើពួកគេគ្មានគម្រោងការ និងការត្រួសត្រាយផ្លូវច្បាស់លាស់សម្រាប់ឈានឆ្ពោះរកគោលដៅ។ម្យ៉ាងទៀត កង្វះការលើកទឹកចិត្តដល់យុវជនចំពោះមុខជំនាញដែលពួកគេពេញចិត្ត នឹងបំបាក់ទឹកចិត្តពួកគេ រហូតពេលខ្លះអាចរុញច្រានពួកគេឈានដល់ការបោះបង់បំណងនោះចោលថែមទៀតផង។ ឧទាហរណ៍ជាក់ស្តែងដែលកើតចំពោះរូបខ្ញុំផ្ទាល់៖ កាលពីមុនខ្ញុំចង់ក្លាយជាវិស្វករបរិស្ថានម្នាក់ តែខ្ញុំមិនដឹងថាគួរចូលរៀនសាលាណាមួយ មិនដឹងថាសាលាទាមទារអ្វីខ្លះពីនិស្សិត មិនប្រាកដថាតើនឹងជួបឧបសគ្គអ្វីខ្លះពេលសិក្សា មិនច្បាស់ថាទៅរកការងារឯណា ហើយថែមទាំងគ្មានអ្នកជួយណែនាំ និងត្រូវបានអ្នកដទៃ (ពិសេសគឺគ្រួសារ) មិនបានឱ្យតម្លៃលើជំនាញនេះ។ ដូចនេះខ្ញុំក៏អស់សង្ឃឹមលើសេចក្តីប្រាថ្នា ហើយក៏សម្រេចចិត្តបោះបង់វាចោល។

ដោយឡែកចំពោះបុគ្គលដែលពុំមានក្តីស្រមៃពីការងារអនាគតរបស់ខ្លួន ហាក់បីដូចជាពួកគេពុំស្គាល់ខ្លួនឯង ឬពុំចំណាយពេលស្វែងយល់ពីចំណុចខ្លាំង និងខ្សោយខ្លួនទាល់តែសោះ។ ខ្ញុំយល់ថាបញ្ហានេះជួនអាចបណ្តាលរួមផ្សំមកពីសេចក្តីភ្លើតភ្លើន សប្បាយភ្លេចខ្លួន ឈ្លក់វង្វេងហួសហេតុក្នុងភ្លើងពណ៌ទំនើបនៃសង្គមស៊ីវិល័យបច្ចេកវិទ្យា។ ការណ៍នេះទៀតសោត នាំឱ្យខ្លួនចំណាយពេលវេលាជាង១២ឆ្នាំចោល គ្រាន់តែរៀនៗ ដើម្បីបង្គ្រប់កិច្ច ត្បិតខ្លួនមិនចាប់អារម្មណ៍ជាមួយបម្លាស់ប្តូរនៃបរិបទសង្គមដែលកំពុងអភិវឌ្ឍ។ ម្យ៉ាងទៀតអ្នកខ្លះរៀនពូកែគួរសម តែមិនសូវចូលរួមប្រឡូកនឹងសង្គមច្រើន ឬមិនទាន់បានសាកល្បងរៀនវិជា្ជជីវៈផ្សេងៗដែលវិទ្យាល័យមិនបង្រៀន ឬផ្តល់តម្លៃ ដូចជាការគូរគំនូរ លេងឧបករណ៍តន្រ្តី ថតរូប វីដេអូ លេងកីឡា --​ ដូច្នេះពួកគេមិនដឹងថាខ្លួនឯងស្រឡាញ់អ្វីឱ្យប្រាកដ។

អូខេ! តាមពិតទៅខ្ញុំក៏មិនខុសពីអ្នកប៉ុន្មានដែរ ខ្ញុំក៏ធ្លាប់ពិបាកចិត្តនឹងរឿងរើសជំនាញរៀនដូចគ្នា! [គ្នាយើងបាត់! LOL]
ខ្ញុំគ្រាន់តែចង់បង្ហាញកត្តាមួយចំនួនដែលអាចជះឥទ្ធិពលដល់ការជ្រើសរើសមុខជំនាញសិក្សារបស់យុវជនយើងតែប៉ុណ្ណោះ តែចំណុចពិសេសដែលខ្ញុំចង់ទាញចេញពីអត្ថបទនេះ គឺការក្រើនរំ​​ឭកដល់យុវជនឱ្យត្រៀមខ្លួនឱ្យហើយមុននឹងសម្រេចចិត្តជ្រើសរើសជំនាញ។

តើយើងគួរធ្វើយ៉ាងណាដើម្បីជម្នះឧបសគ្គទាំងអស់នេះបាន?

ឥឡូវយើងដឹងថាយើងចង់រៀនមុខវិជ្ជាអ្វី?​ [មានចម្លើយទេ?? បើអត់ក៏គ្មានបញ្ហាដែរ!]
ទាំងកំឡុងពេលរៀនវិទ្យាល័យនិងទាំងជិតចប់ យើងគួរតែខ្នះខ្នែងស្រាវជ្រាវព័ត៌មានខ្លះៗជុំវិញមុខវិជ្ជាថ្នាក់ឧត្តមទាំងលើ Internet និងមនុស្សនៅជុំវិញខ្លួន ពីទីផ្សារការងាររបស់វា ពីអាហារូបករណ៍។ល។ ចូរកុំភ្លេចប្រើFacebookរបស់អ្នកដោយវៃឆ្លាត គឺដោយគ្រាន់ចុចlikeលើទំព័រដែលផ្តល់ព័ត៌មានដល់សិស្សនិស្សិត ដូចជា អាឡាដាំង WEduShare ជាដើមដើម្បីទទួលបានព័ត៌មាននានាស្តីពីការសិក្សា។

ម្យ៉ាងទៀតឥឡូវនេះកាន់តែងាយស្រួលក្នុងការស្វែងរកព័ត៌មាន ដោយសារកម្មវិធីមួយចំនួនបានរៀបចំឡើងដើម្បីជួយយុវជនក្នុងបញ្ហានេះ ជាក់ស្តែងដូចជា កម្មវិធីពិព័រណ៍ជំនាញសិក្សា និងការងារ (M&C Fair) ដូចនេះយើងគួរចូលរួមកម្មវិធីបែបហ្នឹងៗ។ ខ្ញុំដឹងថាវាមិនងាយស្រួលទេដើម្បីចង់ជម្នះបំណងគ្រួសារ តែអ្វីដែលយើងអាចធ្វើបានគឺលើកហេតុផល និងគម្រោងស្តីពីការសិក្សារបស់យើងពន្យល់ប្រាប់ពួកគាត់ឱ្យបានក្បោះក្បាយ ដើម្បីប្ដូរយកទំនុកចិត្តមកវិញ។ បើសិនជាមានបញ្ហាសេដ្ឋកិច្ច ខំរៀនឱ្យពូកែ យកនិទ្ទេសល្អៗ ហើយដាក់អាហារូបករណ៍ទាំងក្នុងស្រុក និងក្រៅស្រុក។

[ចុះអ្នកវិញ? តើអ្នកចង់រៀនអ្វី? តើមានគោលការណ៍យ៉ាងណាដែរក្នុងការរើសមុខវិជ្ជាសិក្សា? មានគម្រោងឬនៅ? តើអ្នកធ្វើសម្រេចចិត្តដោយខ្លួនឯង ឬគ្រួសារជាអ្នកសម្រេចឱ្យ?]

ឃើញអញ្ចឹងហ្អេ៎! តើគួរធ្វើដូចម្តេចទៅចំពោះគ្នាយើងដែលមិនទាន់មានផែនការច្បាស់លាស់? នៅចាំអីទៀត? ចាប់ផ្តើមគិតបណ្តើរៗទៅ កុំឲ្យខកការណ៍ធំទាន់។ គួរតែចាំក្នុងចិត្តជានិច្ចថា «ពេលវេលាជាមាសប្រាក់»!!

[សំណាងមិនមែនចេះតែកើតដោយខ្លួនឯងនោះទេ តែយើងជាអ្នកកាន់ចង្កូតបញ្ជានាវាជីវិតយើង ដូច្នេះយើងមិនចេះតែរសាត់អណ្តែតៗទៅតាមខ្យល់ដោយមិនដឹងគោលដៅច្បាស់លាស់នោះឡើយ។]

សំណាងល្អណា៎ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងឡាយ!!
ជូនពរអ្នកប្រឡងជាប់ទាំងអស់គ្នា! [ហើយកុំភ្លេចថា សុខភាពល្អទើបអាចសម្រេចរាល់កិច្ចការទាំងពួង!]

បំណងល្អពី Blogger 01/01

សូមអរគុណ!! 

1 comment:

  1. As a university student who has (fortunately) passed the national exams, I'm glad to see posts like this popping up, because when I was a senior in high school, I had hoped for some guidance, but I found none and was left to made a decision based on very limited resources. Keep going Blogger 01/01, even if I don't personally benefit from it, I'm sure someone else will appreciate it.

    ReplyDelete