Thursday, August 11, 2016

ខ្ញុំគឺ...

ដោយ វ័ន្ត ច័ន្ទមករា

អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។

© វន ច័ន្ទមករា

«ខ្ញុំមិនដឹងថាត្រូវចាប់ផ្តើមពីណា ដើម្បីណែនាំខ្លួនខ្ញុំដល់អ្នកទាំងអស់គ្នាទេ ព្រោះថាការសរសេរនេះហាក់ដូចជាសរសេរអួតពីខ្លួន ឬក៏នែ៎ហែកកេរ្តិ៍ខ្លួន។ ខាងក្រោមខ្ញុំនឹងចាប់ផ្តើមពីប្រវត្តិរូបសង្ខេបយ៉ាងខ្លីបំផុត និងចុងក្រោយខ្ញុំនឹងបង្ហើបពីអាថ៌កំបាំងពីរបីរបស់ខ្ញុំប្រាប់ទាំងអស់គ្នា។ អ៊ីចឹង! សូមកុំទាន់អាលធុញ​​​​ទ្រាន់ ឬងោកងុយឡើយ!!»

ជម្រាបសួរមិត្តអ្នកអានទាំងអស់គ្នា!!

«វ័ន្ត» ក្នុងភាសាអង់គ្លេស មានសំនៀងដូច “one” (លេខ១) ហើយ«ច័ន្ទ»គឺជាថ្ងៃដែលគេស្អប់ជាងគេក្នុងចំណោមថ្ងៃទាំង៧ និង«មករា»ជាខែទីមួយ ដូចនេះឈ្មោះខ្ញុំគឺ វ័ន្ត ច័ន្ទមករា ដែលបានបង្កប់ទាំងថ្ងៃខែកំណើតខ្ញុំទៀត [ឡូយទេ?]។ អឺនែ៎...កុំចាញ់បោកខ្ញុំ... ហាហា សុំទោស! តាមពិតទៅខ្ញុំមិនមែនកើតចំថ្ងៃច័ន្ទ ទី១ ខែមករាល្អដូច្នេះទេ គឺចំថ្ងៃសៅរ៌ ទី១៨ ឯណោះវិញទេ។ ខ្ញុំកើតលើទឹកដីខេត្តកំពង់ឆ្នាំង ហើយបានផ្លាស់ទីលំនៅមកភ្នំពេញ៤ឆ្នាំប្លាយហើយ។ ឆ្នាំនេះខ្ញុំមានអាយុ ១៩ឆ្នាំ និងជានិស្សិតឆ្នាំទី២​ថ្នាក់បរិញ្ញាបត្រទន្តសាស្រ្ត នៃមហាវិទ្យាល័យទន្តវទនសាស្រ្ត របស់សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល [ជិតប្រឡងឆមាសទី២ទៀត មិនដឹងថារួចខ្លួនឡើងឆ្នាំទី៣ឬអត់ទេ!!]។

ក្រៅពីការសិក្សា ខ្ញុំមិនចូលចិត្តស្វែងយល់អ្វីៗនៅជុំវិញខ្លួនទេ មិនថាពីធម្មជាតិ ឬជីវភាពរស់នៅរបស់ប្រជាជន។ ពេលទំនេរ ខ្ញុំមិនគេងនៅផ្ទះ និងមិនonlineលើTumblrរាប់ម៉ោងឡើយ ប៉ុន្តែខ្ញុំចូលចិត្តអាន និងសរសេរ ហើយខ្ញុំមិនសូវត្រូវគ្នាជាមួយតន្ត្រី ការញ៉ាំ និងជាពិសេសគឺការដើរលេង។ ចំណែកនៅសាលា ខ្ញុំទៅរៀនទៀងទាត់ណាស់ដោយមិនហ៊ានអវត្តមានម៉ោងណា​មួយទេ និងពេលកំពុងសិក្សាខ្ញុំតែងតែស្តាប់ការពន្យល់របស់សាស្ត្រាចារ្យ, សួរសំណួរ និងកត់ត្រាជានិច្ច។ មិត្តរួមថ្នាក់ចូលចិត្តខ្ញុំណាស់ ពីព្រោះខ្ញុំតែងតែស្តាប់ពួកគេនិយាយប្រាប់រឿងផ្សេងៗ ហើយខ្ញុំជាមនុស្សរួសរាយរាក់ទាក់ និងចុះចំណោមជាមួយអ្នកដទៃ។ រីឯនៅផ្ទះ ខ្ញុំជាកូនល្អ និងជាប្អូនស្រីល្អម្នាក់។ ថ្វីត្បិតតែខ្ញុំមិនសូវចូលចិត្តចំអិនអាហារប៉ុន្មាន ខ្ញុំជួយសម្រួលការងារផ្ទះរបស់បងស្រីខ្ញុំ ដោយមិនឱ្យបងស្រីរបស់ខ្ញុំពិបាកនិយាយណែនាំច្រើនឡើយ ព្រោះខ្ញុំតែងក្រោកពីព្រលឹមធ្វើការងារផ្សេងៗ។ បងស្រី និងម៉ាក់មិនដែលស្តីបន្ទោសខ្ញុំទេ តែគាត់លួចសរសើរពីក្រោយខ្នងខ្ញុំថា «នែ៎! មករាចេះក្រោកពីព្រលឹម ហើយចេះទុកដាក់របស់របរវាក្នុងបន្ទប់។ ឥឡូវ វាដូចជាធំពេញក្រមុំគ្រប់លក្ខណ៍ហើយ យើងមិនបាច់ពិបាកឈឺក្បាលនិយាយដដែលៗណែនាំវាទេ។»

[ការពិតនោះគឺថា...នែ៎...សូមធ្វើឲ្យកថាខណ្ឌខាងលើមានន័យផ្ទុយភ្លាម បើសិនជាអ្នកចង់ដឹងពីការពិត!!!]

ចាប់តាំងពីប្រឡងបាក់ឌុបជាប់ខ្ញុំចូលចិត្តចំណាយពេលនៅម្នាក់ឯង ហើយធ្វើអី្វទៅតាមចិត្តចង់។ ក្រោយពីរៀនចប់ឆ្នាំទី១ ខ្ញុំចាប់ផ្តើមសង្កេតឃើញខ្លួនឯងចូលចិត្តការងារបម្រើសហគមន៍ ជាពិសេសគឺខាងវិស័យសុខាភិបាល។ ស្នាមញញឹម សេចក្តីថ្លែងអំណរគុណ ទំនុកចិត្ត និងក្តីសង្ឃឹមរបស់អ្នកភូមិ ធ្វើឱ្យខ្ញុំរីករាយនឹងជីវិតរបស់ខ្ញុំ ដោយសារតែខ្ញុំមិនមែនរស់សម្រាប់តែខ្លួនឯងទេ ថែមទាំងបម្រើប្រយោជន៍ជូនអ្នកដទៃផងដែរ។ ការណ៍ដែលខ្ញុំធ្វើដំណើរដល់តំបន់ផ្សេងៗ ជាពិសេសតំបន់ដាច់ស្រយាល បណ្តាលឱ្យខ្ញុំមានគំនិតប្លែកៗជាច្រើនអំពីជីវិត។ ជាក់ស្តែងពេលខ្លះខ្ញុំប្រៀបធៀបជីវិតនៅជនបទ និងនៅទីក្រុង ថាតើប្រជាជនទាំងសងខាង?អាចនឹងជួបបញ្ហាអ្វីខ្លះ បើសិនជាពួកគេប្តូរកន្លែងគ្នានៅ...។ តាមគំនិតខ្ញុំ, បើសិនជាយើងដើរទៅដល់ណាហើយ យើងគួរផ្តិតយកតថភាពផ្ទាល់មកចងក្រងទុកជាគំនិតពិចារណា ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានបទពិសោធន៍ប្លែកៗគ្នា យ៉ាងហោចណាស់យើងក៏បានភ្លក់ពីជីវិតអ្នកខ្លះបានពីរបីម៉ាត់ដែរ។

ថ្លែងពីបំណងទៅថ្ងៃអនាគតខ្ញុំវិញ គឺខ្ញុំចង់យកចិត្តទុកដាក់ជួយអ្នកដែលកំពុងត្រូវការជំនួយបំផុត ឬជនងាយរងគ្រោះ ឱ្យអស់ពីលទ្ធភាព និងសមត្ថភាពខ្ញុំផ្ទាល់។ រីឯការងារថ្ងៃអនាគត ខ្ញុំមិនសូវចូលចិត្តការងារក្នុងការិយាល័យ ឬយើងហៅជាភាសាសាមញ្ញថា«ការងារស្លាប់មួយកន្លែង»។ ផ្ទុយទៅវិញ ខ្ញុំប្រាថ្នាមើលក្នុងវិស័យទន្តសាស្ត្រ, ឧទាហរណ៍ដូចជាសាស្ត្រាចារ្យបម្រើខាងស្រាវជ្រាវ និងពាក់ព័ន្ធនឹងការងារចុះផ្ទាល់ជាមួយសហគមន៍, ឬជាសាស្ត្រចារ្យដែលនិស្សិតមិនធុញទ្រាន់ពេលសិក្សាជាមួយខ្ញុំ (ហាហា)។ ម្យ៉ាងទៀត ខ្ញុំមិនសូវខ្វល់ខ្វាយជាមួយគ្រួសារខ្ញុំប៉ុន្មានទេ, ខ្ញុំចង់មានឯករាជ្យភាពដ៏រីករាយចំពោះជីវិតខ្លួនឯង ចៀសជាងព្យាយាមធ្វើតែតាមបង្គាប់គ្រួសារ តែមិនមែនមានន័យថាខ្ញុំមិនគោរពពួកគាត់នោះទេ។

[ស្ងាត់!!...កុំប្រាប់អ្នកណាថាខ្ញុំចូលចិត្តសរសេរឲ្យសោះ! នេះគឺជាអាថ៌កំបាំងរវាងអ្នកនឹងខ្ញុំ!!]

[តើអ្នកឆ្ងល់ទេ ថាតើហេតុអ្វីបានជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីរឿងទាំងអស់នេះ? ហើយតើខ្ញុំធ្វើអ៊ីចឹងដើម្បីអី!!?]

ទាំងអស់នេះគឺជាខ្ញុំ ទោះបីជាខ្ញុំមិនមែនល្អគ្រប់ដប់។ ខ្ញុំពេញចិត្តនឹងអ្វីដែលជាខ្ញុំសព្វថ្ងៃ ខ្ញុំមានក្តីសុបិន និងកំពុងតែបំពេញវា ខ្ញុំចង់ធ្វើអី្វ ខ្ញុំធ្វើនឹងតាមចិត្ត ហើយខ្ញុំកំពុងព្យាយាមស្វែងរកអ្វីដែលជាទីស្រឡាញ់ និងជាទីសម្អប់នៃខ្លួនខ្ញុំ។ បទពិសោធន៍តិចតួចដែលខ្ញុំ​មាន អាចប្រែជាពាក្យពេចន៍ដើម្បីពិចារណាទាំងអស់គ្នាថា៖​

  • ទី១ ចូរស្រឡាញ់ខ្លួនយើង ទោះបីជាថ្ងៃខ្លះយើងមិនបានការ ឬក៏នៅថ្ងៃដែលយើងទទួលលទ្ធផលល្អពីផលដែលយើងសម្រេច។
  • ទី២ បើសិនជានៅពេលណាយើងគិតថាជីវិតអ្នកគ្មានន័យសម្រាប់ខ្លួន ចូរយើងរមែងគិតថាយើងនឹងអាចធ្វើអ្វីមួយសម្រាប់ឱ្យមនុស្សដែលគេចង់បន្តជីវិតរស់នៅដោយសេចក្តីអំណរ ដូចនេះយើងនឹងរីករាយជាមួយស្នាមញញឹមរបស់ពួកគេម្យ៉ាងដែរ។
  • ទី៣ ការព្យាយាមយល់ចិត្តខ្លួនឯងពិតជាផ្តល់សុខភាពល្អទាំងផ្លូវចិត្ត និងផ្លូវកាយ [តែត្រូវភា្ជប់សេចក្តីប្រុងប្រយ័ត្នប្រាណជានិច្ច]។ បើយើងចង់ធ្វើអ្វីមួយ ចូរធ្វើវាភ្លាមទៅ! នៅចាំអ្វីទៀត? បើមិនទើសចិត្តនឹងវា? ចង់គេង គេងទៅ! ចង់ដើរលេង ដើរទៅ! ចង់ប្រឡងជាប់ ខំរៀនទៅ! តើអ្នករស់បានយូរប៉ុន្មានទៀត? [អូ៎! កុំភ្លេចថាយើងត្រូវមានទំនួលខុសត្រូវគ្រប់អំពើដែលបានប្រព្រឹត្ត ហើយកុំគេងតែស្តាយក្រោយអី! វាអាក្រក់ណាស់ចំពោះសុខភាព។]
  • ចុងក្រោយ បើសិនជាយើងមិនពេញចិត្តចំណុចណាមួយរបស់យើង យើងអាចធ្វើការផ្លាស់ប្តូរ ឬទុកឱ្យនៅដដែល វាស្រេចតែចិត្តយើងនោះទេ។ [គិតគូរឱ្យបានវែងឆ្ងាយណា៎ ពីព្រោះយើងជាម្ចាស់នៃជីវិតនេះ, មិនមែនអ្នកដទៃណាម្នាក់ឡើយ។]


[និយាយលេងទេ LOL កុំយកគម្រូតាម!]

អរគុណដែលបានចំណាយពេលអាន!!
ដោយសេចក្តីរីករាយក្នុងការចែករំលែក,

ច័ន្ទមករា

11 comments:

  1. Amazingly written. To be honest, it is my first time reading a Khmer article that does not sound awkward. In addition to that, I want to applaud you on tackling such crtical and often overlooked issue that youths face at one point or another. It does my heart good to see somebody cares so much about education and is willing to share her experience to those who need it with style and elegance.

    I enjoyed reading this article very much, and I look forward to seeing more awesome content from you.


    Until next time, take care.

    ReplyDelete
    Replies
    1. Thanks!
      My next post is going to talk about education. so stay tuned.

      Delete
  2. ពិតជាពាក្យសម្ដីដ៏មានន័យមែន

    ReplyDelete
    Replies
    1. ហើយពូកែសរសេរមែន

      Delete
    2. នេះគ្រាន់តែជាការចាប់ផ្តើមមួយបន្ទាប់ពីខ្ញុំឈប់សរសេរជាង៥ឆ្នាំ។ អរគុណទាំងអស់គ្នាដែរសរសើរ ខ្ញុំនឹងខំប្រឹងប្រែងតទៅទៀត។
      ហើយកុំភ្លេចរកចំនុចដែលមិនចូលចិត្តពីគំនិតខ្ញុំផង ពីព្រោះយើងមានរឿងជាច្រើនទៀតត្រូវពិភាក្សាគ្នា។

      Delete
  3. Nice girl! Love ya. From your outside stomach sis

    ReplyDelete
  4. ពិតជាមានអត្ថន័យណាស់​ ��

    ReplyDelete
    Replies
    1. តើវាមានន័យជ្រៅជាងស្រាផែនដីទៀតឬ? LOL

      Delete
  5. This is a very fascinating article. The writer had shown how enjoyable she was while writing those paragraphs through the amusement. She made me feel good and attached to what i'm reading. Moreover, she shared what she had learned from her experiences which are even more interesting. Indeed, her advises given are really nice!

    ReplyDelete
    Replies
    1. Thank you for your interest in this article. I hope i will share a better content on my next posts.

      Have a nice day.

      Delete