Monday, June 20, 2016

សេវាកម្មអាហារូបត្ថម្ភ៖ ជំនួយសុវត្ថិភាពសម្រាប់កុមារងាយរងគ្រោះក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង

ដោយ អឺន យ៉ាំង ចុង និង ឌិន ដារ័ត្នតី

To read this post in English, please click here.

ទិដ្ឋភាពភូមិ៥ ដែលជាសង្កាត់ក្រីក្រមួយក្នុងទីក្រុង នៅជិតប្រទ្បាយ
លូបឹងត្របែកដែលនាំសំណល់នានា និងទឹកកខ្វក់ចេញពីទីក្រុង
© UNICEF Cambodia/2016/Antione Raab

នៅម៉ោងមិនទាន់៩ព្រឹកផង នៅលើផ្លូវដ៏តូចមួយនៅពីមុខផ្ទះ កុមារប៊ុនលី អាយុប្រាំមួយឆ្នាំម្នាក់ មានសភាពមមាញឹករួចទៅហើយ។ នៅថ្ងៃធម្មតា គឺមានតែជីតាគាត់ អង្គុយជក់បារីលើបង់ឈើមួយនៅម្ខាងផ្លូវពីមុខផ្ទះ ក្នុងពេលដែលប្អូនប្រុសគាត់ដើរចុះឡើងក្បែរនោះ។ ផ្ទុយទៅវិញ នៅថ្ងៃនេះ មានកុមារប្រមាណ២០នាក់ អាយុពី ៦ខែ ដល់៦ឆ្នាំ តម្រង់ជួររង់ចាំការពិនិត្យស្ថានភាពអាហារូបត្ថម្ភ ឬបើតាម អង្គការយូនីសេហ្វ ហៅថាការវាស់កម្ពស់ និងទម្ងន់កុមារ ដើម្បីកំណត់កុមារខ្វះអាហារូបត្ថម្ភក្នុងកម្រិតធ្ងន់ធ្ងរស្រួច (SAM)

នៅពីខាងមុខកន្លែងពិនិត្យកុមារ បុគ្គលិកមណ្ឌលសុខភាពម្នាក់កត់ត្រាព័ត៌មានពិស្តារអំពីកុមារម្នាក់ មុននឹងអនុញ្ញាតឲ្យពួកគេឈានឡើងលើជញ្ជីងមួយ និងបន្ទាប់មកវាស់កម្ពស់។ នៅពេលដែលការពិនិត្យនេះបានធ្វើរួចរាល់ហើយ កុមារម្នាក់ៗបានទទួលនំដែលមានរសជាតិឈ្ងុយឆ្ងាញ់មួយកញ្ចប់។ នៅពេលដែលកុមារខ្លះវិលត្រឡប់ទៅផ្ទះវិញជាមួយកញ្ចប់នំរបស់ខ្លួន កុមារជាច្រើននាក់ផ្សេងទៀត បានចូលមកឈរបន្តកន្ទុយគ្នា។



កុមារកំពុងរងចាំថ្លឹង និងវាស់កម្ពស់
© UNICEF Cambodia/2016/Antoine Raab

ប៊ុនលី រស់នៅក្នុងភូមិ៥ ដែលជាសហគមន៍ក្រីក្រមួយក្នុងទីក្រុង នៅភាគខាងត្បូងក្រុងភ្នំពេញ ប្រជាជនក្នុងសង្កាត់នេះ រស់នៅក្នុងផ្ទះតូចៗសង់ពីឈើ និងដំបូលស័ង្កសី។ ផ្ទះភាគច្រើនសង់ពីសសរឈើខ្ពស់ផុតពីដី ដែលទ្រផ្ទះពីលើប្រឡាយមួយខ្សែដែលមានសំរាមអណ្តែតពាសពេញ។


ប៊ុនលី (រូបឆ្វេងខាងមុខ) និងគ្រួសារគាត់
© UNICEF Cambodia/2016/Antoine Raab

គ្រួសាររបស់ប៊ុនលី រស់នៅក្នុងភូមិ៥នេះតាំងពីឆ្នាំ២០០២ មក។ ឪពុករបស់គាត់ គឺជាអ្នករើសអេតចាយ និងម្តាយ គឺជាអ្នកលក់ផ្លែឈើនៅតាមដងផ្លូវ។ គាត់បានឈប់លក់ប៉ុន្មានខែមុននេះ នៅពេលដែលគាត់មានកូនទីប្រាំមួយ។

កុមារនៅក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង ប្រឈមនឹងហានិភ័យខ្ពស់នៃកង្វះអាហារូបត្ថម្ភ ដែលប៉ះពាល់ដល់​​ការលូតលាស់ខាងរាងកាយ ខួរក្បាល និងប្រាជ្ញា។ មានការប៉ាន់ស្មានថា កុមារអាយុក្រោម ៥ឆ្នាំ ច្រើនជាង ៣៥% ដែលរស់នៅក្នុងសង្កាត់ក្រីក្រក្នុងទីក្រុង មានទម្ងន់មិនគ្រប់ ពោលគឺក្នុងចំណោមកុមារបីនាក់យ៉ាងហោចមាន១នាក់ខ្វះទម្ងន់។ អត្រានេះមានខ្ពស់ជាងតួលេខមធ្យមថ្នាក់ជាតិ ដែលមាន ២៤% ឬត្រូវជាម្នាក់ ក្នុងចំណោម កុមារបួននាក់។ កង្វះអាហារូបត្ថម្ភបង្កឲ្យកុមារប្រមាណ .៥០០នាក់ បាត់បង់ជីវិតជារៀងរាល់ឆ្នាំនៅកម្ពុជា។

អ្នកគ្រូ ឡុង សូផាត បុគ្គលិកមួយរូបនៃមណ្ឌលសុខភាពសហគមន៍ផ្សារដើមថ្កូវដែលនៅជិតនោះ បាននិយាយថានេះជាការពិនិត្យលើកទីបី ដែលយើងបានធ្វើនៅទីនេះ។មណ្ឌលនេះបានទទួលការឧបត្ថម្ភពីក្រសួងសុខាភិបាល ក្រោមភាពជាដៃគូជាមួយអង្គការយូនីសេហ្វ។ ការពិនិត្យកម្រិតអាហារូបត្ថម្ភ ដោយមណ្ឌលសុខភាពសហគមន៍ សម្រាប់កុមារក្រីក្រក្នុងទីក្រុងបានចាប់ផ្តើមនៅឆ្នាំ ២០១៤។

សូផាតបានបន្តថាយើងឃើញកុមារមានសុខភាពប្រសើរជាងមុន ប៉ុន្តែនៅតែមានការប្រឈមមួយចំនួន​​នៅឡើយ។គាត់បាននិយាយថា កង្វះចំណេះដឹងក្នុងចំណោមឪពុកម្តាយ អំពីការផ្តល់ចំណីអាហារឲ្យត្រឹមត្រូវ និងអត្តមានពួកគេពីផ្ទះ គឺជាបញ្ហាមួយដែលគាត់បានសង្កេតឃើញនៅក្នុងពេលគាត់មកទីនេះម្តងៗ។ឪពុកម្តាយនៅទីនេះពុំនៅផ្ទះទេ ដោយត្រូវចំណាយពេលភាគច្រើនរបស់ពួកគាត់ ដើម្បីធ្វើការជាប្រចាំ ហើយទុកឲ្យកូនៗនៅតែឯងក្នុងផ្ទះ។ ជាលទ្ធផល កូនៗលេងនៅកន្លែងដែលគ្មានអនាម័យ និងបរិភោគអាហារដែលគ្មានសុវត្ថិភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។

អ្នកគ្រូសូផា មានការបារម្ភអំពីការមិនសូវចូលរួមរបស់ឪពុកម្តាយក្នុងការពិនិត្យនៅថ្ងៃនេះ។ គាត់ពោលថា ឪពុកម្តាយជាច្រើនបានចូលរួមនៅក្នុងការពិនិត្យកុមារនៅក្នុងពេលដែលគាត់មកទីនេះកាលពី លើកមុន ដែលកាលនោះគាត់រហូតដល់អាចជជែកជាមួយឪពុកម្តាយទាំងនោះខ្លះ អំពីរបៀបផ្តល់ចំណីអាហារឲ្យបានត្រឹមត្រូវដល់កូនៗ និងការរៀបចំបបរដែលមានជីវជាតិគ្រប់គ្រាន់ផងដែរ។


អ្នកគ្រូ ឡុង សូផាត (ពាក់អាវពណ៌ផ្ទៃមេឃ) កំពុងសម្របសម្រួលនៅក្នុងការពិនិត្យកុមារ
© UNICEF Cambodia/2016/Antoine Raab

នៅមិនដល់បីជំហានពីទីកន្លែងពិនិត្យអាហារូបត្ថម្ភកុមារ ប៊ុនលី បានសង្កេតមើលសកម្មភាពនានាពីផ្ទះរបស់ខ្លួន។ ប៉ុន្មាននាទីក្រោយមក គាត់បានចូលមកទទួលការពិនិត្យផងដែរ។ ដោយមានទម្ងន់១២,៥គ.ក្រ និងកម្ពស់ ១០៥ . គាត់ត្រូវបានចាត់ទុកថា ស្ថិតក្នុងចំណោមកុមារដែលមានកម្ពស់ធម្មតា និងមានទម្ងន់សមស្រប​ ​តាមកម្រិតអាយុ។

ម្តាយប៊ុនលីបានពោលថា ការពិនិត្យនេះមានប្រយោជន៍ណាស់ ដោយសារកូនៗរបស់គាត់អាចទទួលបាន​​ចំណី​​អាហារបន្ថែម ដូចជានំ ដែលពួកគេបានទទួលក្នុងថ្ងៃនេះ។ គាត់បានពោលថា នំនេះបានជួយកូន​​របស់គាត់កើនទម្ងន់ ធៀបនឹងការពិនិត្យលើកមុន។ ម្តាយមួយរូបផ្សេងទៀត ដែលស្ថិតក្នុងចំណោមមនុស្ស ពេញវ័យមួយចំនួនតូច ដែលយើងបានជួបប្រទះក្នុងថ្ងៃនេះ ពោលថា ការពិនិត្យនេះបានបង្ហាញឲ្យឃើញកុមារនានាដែល​​មានសុខភាពមិនល្អ។ គាត់បានបន្ថែមថាខ្ញុំចាត់ទុកថានេះជាសកម្មភាពថែទាំមួយ។ ខ្ញុំមានអារម្មណ៍ថា មនុស្សដូចពួកយើងនេះ ដែលរស់នៅក្នុងសង្កាត់នេះ ត្រូវគេបំភ្លេចចោលបាត់ទៅហើយ។

ទោះជានៅកម្ពុជាមានអត្រាខ្ពស់នៃកុមារដែលខ្វះអាហារូបត្ថម្ភក៏ដោយ បញ្ហាកង្វះអាហារូបត្ថម្ភមិនត្រូវបានចាត់ជាជំងឺឡើយ ហើយការតាមដានការលូតលាស់របស់កុមារនៅតាមមណ្ឌលសុខភាពមិនមែនជាទម្លាប់អនុវត្តជាប្រចាំឡើយ។ ការពិនិត្យអាហារូបត្ថម្ភកុមារ ផ្តល់នូវជំនួយសុវត្ថិភាពសម្រាប់កុមារ ដោយបង្ហាញឲ្យឃើញកុមារដែលរងការប៉ះពាល់ពីកង្វះអាហារូបត្ថម្ភ និងផ្តល់ឲ្យពួកគេនូវអាហារដែលមានជីវជាតិបន្ថែម ព្រមទាំងណែនាំកុមារដែលមានបញ្ហាខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឲ្យស្វែងរកការព្យាបាលជាបន្ថែមនៅមណ្ឌលសុខភាពដែលនៅជិតៗផងដែរ។

លោក អាណូ ឡៃលូ អ្នកឯកទេសអាហារូបត្ថម្ភនៃអង្គការយូនីសេហ្វ បាននិយាយថាប៉ុន្តែនេះគ្រាន់តែជាដំណោះ​​ស្រាយ​​បណ្តោះអាសន្នមួយប៉ុណ្ណោះ។ យើងត្រូវការឲ្យមានវិធីដោះស្រាយដែលមានលក្ខណៈប្រព័ន្ធ និងសម្រាប់រយៈពេលវែងជាងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។ វេជ្ជបណ្ឌិត ឡៃលូ បានបន្ថែមថា វិធីសាស្រ្តដែលមាននិរន្តរភាពបែបនោះជាមួយលទ្ធផលជ្រាលជ្រៅ មិនត្រឹមតែពិនិត្យមើលបញ្ហាអាហារូបត្ថម្ភតែមួយមុខនោះឡើយ ប៉ុន្តែត្រូវពិនិត្យបញ្ហាដទៃទៀត ដែលមានសារៈសំខាន់ចំពោះការលូតលាស់ និងការអភិវឌ្ឍរបស់កុមារឲ្យបានសមស្រប ដោយធ្វើឲ្យប្រាកដថាកត្តានានាដែលបង្កឲ្យមានកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ ត្រូវបានដោះស្រាយតាំងពីដំណាក់កាលដំបូង។

លោកវេជ្ជបណ្ឌិត ឡៃលូ ពន្យល់ថាកុមារត្រូវការម្ហូបអាហារដែលមានជីវជាតិគ្រប់គ្រាន់ ទើបអាចលូតលាស់បាន​​សមស្រប។ ប៉ុន្តែ ពួកគេក៏ត្រូវការទឹកស្អាតដែលមានសុវត្ថិភាព បង្គ​​ន់អនាម័យ ការថែទាំសុខភាពបានល្អ និងការថែទាំពីឪពុកម្តាយឲ្យបានប្រសើរជាងមុនផងដែរ។ គ្រាន់តែដោះស្រាយបញ្ហាក្នុងផ្នែកមួយ នឹងមិនដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភបានឡើយ។

កម្មវិធីអភិវឌ្ឍកុមារតូចបែបពហុវិស័យ (IECD) របស់អង្គការយូនីសេហ្វ បានបង្កើតឡើង ដោយផ្អែកលើជំនឿនេះ ដោយបញ្ចូលបញ្ហាទឹកស្អាតនិងអនាម័យ អាហារូបត្ថម្ភ សុខភាព កិច្ចការពារកុមារ ការអប់រំកុមារតាំងពីនៅតូចៗ និងសមាសភាអភិវឌ្ឍន៍សហគមន៍ ដើម្បីធានាថា កុមារដែលងាយរងគ្រោះបំផុត បានទទួលការឧបត្ថម្ភ ដើម្បីលូតលាស់និងអភិវឌ្ឍន៍បានសមស្រប។ ព័ត៌មានបន្ថែមអំពីកម្មវិធី IECD របស់អង្គការយូនីសេហ្វ អាចរកឃើញនៅទីនេះ (link here)

No comments:

Post a Comment