Tuesday, June 14, 2016

ការថែទាំកុមារនៅតាមគ្រួសារ និងសហគមន៍៖ កិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ក្តីស្រទ្បាញ់ដល់កុមារដែលងាយរងគ្រោះ

ដោយ អ៊ីម៉ាន ម៉ារូកា

To read this post in English, please click here.

កុមារប៊ុនលី* ទើបភ្ញាក់ពីដេកថ្ងៃ។ គាត់​នៅ​ងងុយគេងនិងមួម៉ៅនៅឡើយ ប៉ុន្តែជាបណ្តើរៗគាត់ចាប់ផ្តើមធ្វើសកម្មភាពទម្លាប់របស់គាត់។ ម្តាយចិញ្ចឹមរបស់គាត់លុបលាងមុខឲ្យគាត់ លាបម្សៅកូនក្មេងខ្លះៗលើមុខនិងដងខ្លួនគាត់ ដើម្បី​ធ្វើឲ្យស្បែកគាត់រលោង និងស្លៀកពាក់ឲ្យគាត់។ បន្ទាប់មកពួកគេអង្គុយលើគ្រែមួយ​នៅ​​ត្រង់​មាត់​ច្រក​ចូល​ផ្ទះ និង​បើក​សៀវភៅមើលរូបគំនូរសត្វ។
ប៊ុនលី (ឈ្មោះប្តូរ) និងម្តាយចិញ្ចឹមរបស់គាត់អង្គុយនៅត្រង់​ច្រក​​ចូលផ្ទះរបស់
ពួកគាត់ ដោយសម្លឹកមើលរូបសត្វនៅក្នុងសៀវភៅ
 © UNICEF Cambodia/2015/Antoine Raab 

អ្នកស្រី ធាវី* ដែលជាម្តាយចិញ្ចឹមរបស់ប៊ុនលីបានសួរថា “ឯងប្រាប់ម៉ាក់បានទេ នេះជាអ្វី?”។ ប៊ុនលីឆ្លើយ “ឆ្មា”។ ធាវី សួរ​គាត់​បន្ថែម ដោយចង្អុលទៅរូបគំនូរមួយផ្សេងទៀត។ ប៊ុនលី បន្តឆ្លើយប្រាប់ឈ្មោះរូបសត្វនានាក្នុងសៀវភៅ “គោ! ត្រី!។

អ្នកស្រី ធាវី ពោលថា “គាត់រៀនបានច្រើន​ណាស់ គិត​ ​តាំងពីខ្ញុំបានចាប់ផ្តើមមើលថែគាត់តាំង​ពីកាល​មួយ​ឆ្នាំមកនេះ”។ គាត់ចេះច្រើនណាស់។ គាត់​អាច​ជម្រាបសួរមនុស្សម្នា អញ្ជើញភ្ញៀវញ៉ាំ​បាយ​ថ្ងៃ ឬបាយល្ងាចជាមួយយើងនិងអ្វីៗជា​ច្រើន​ទៀត។”


ប៊ុនលី ដែលឥឡូវនេះមានអាយុ ៣ឆ្នាំ បានចាប់ផ្តើមខ្សែជីវិតដ៏លំបាក ដែល​ កុមារដទៃពុំធ្លាប់ជួបប្រទះ។ គាត់​ត្រូវបែកចេញពីផ្ទះតាំងពីគាត់ទើបមាន​អាយុ ២ខែ ដោយអ្នកជួញដូរមនុស្ស ដែលចង់ប្រើប្រាស់​គាត់ដើម្បីទាក់ទាញការអាណិតអាសូរពីអ្នកដំណើរ​ទាំងឡាយ ក្នុងពេលសុំទាននៅតាមដងផ្លូវក្នុងទីក្រុង​បាងកក។

ជាសំណាងល្អ ប៊ុនលី ត្រូវបានសង្រ្គោះ ប៉ុន្តែគ្មានអ្នកណាដឹងថាតើឪពុកម្តាយគាត់រស់នៅឯណាឡើយ។ គាត់​ត្រូវបានដាក់នៅក្រោមថែទាំក្នុងគ្រួសារមួយ រហូតមានអាយុ ២ឆ្នាំ។ ជាមួយការឧបត្ថម្ភពីអង្គការមិនមែន​រដ្ឋាភិ​បាលមួយ ឈ្មោះ”កុមាររីករាយ” គាត់ត្រូវបានដាក់ក្រោមការថែទាំរបស់អ្នកស្រីធាវី ដើម្បីអាចមានអ្នកថែរក្សាគាត់ ក្រោម​បរិយាកាសនៃការ​ថែទាំក្នុងគ្រួសារអ្នកស្រី។ ធាវី គឺជាស្រ្តីមេម៉ាយ ដែលមានកូនប្រុសម្នាក់អាយុ១៦ឆ្នាំ។

កុមាររីករាយ គឺជាសមាជិកនៃកម្មវិធីភាពជាដៃគូក្រោមការឧបត្ថម្ភពីអង្គការយូនីសេហ្វ សម្រាប់គាំពារកុមារ ដែល​ហៅកាត់ថា 3PC។ បណ្តាញដៃគូនេះមានគោលដៅជួយពង្រឹងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ និងឆ្លើយតបទៅ​នឹងបញ្ហានានាក្នុងកិច្ចការពារកុមារ។ ជាផ្នែកមួយនៃសកម្មភាពរបស់ខ្លួន ភាពជាដៃគូនេះឧបត្ថម្ភដល់ការ​ធ្វើសមា​ហរ​ណ​កម្ម​កុមារទៅក្នុងការថែទាំតាមគ្រួសារ ជាមួយគ្រួសារដើមរបស់ខ្លួន ឬការថែទាំក្នុងគ្រួសារដទៃ និង​តាម​សហគមន៍។ កុមាររីករាយ ជួយកុមារដូចជា ប៊ុនលី ដែលពុំមានសាច់ញាតជិតស្និទ្ធ ឬការថែទាំពីគ្រួសារ ដោយ​ដាក់ពួកគេ​នៅក្នុងការថែទាំរបស់គ្រួសារនានាដែលទទួលបន្ទុកជាអ្នកចិញ្ចឹមបីបាច់ថែរក្សា។​

ថ្ងៃនេះ បុគ្គលិកសង្គមកិច្ចនៃអង្គការមិនមែនរដ្ឋាភិបាលនេះ ឈ្មោះ ទិត សុធារី បានមកពិនិត្យ​មើលស្ថាន​ភាព​របស់ប៊ុនលី។ អ្នកស្រី ធាវី ពោលថា ជាញឹកញាប់គាត់សុំយោបល់ណែនាំពីអ្នកស្រីសុធារី អំពីសុខភាពនិងការ​សិក្សា​របស់ប៊ុនលី។ អង្គការនេះ​គាំទ្រដល់គ្រួសារនេះ ទាំងខាងហិរញ្ញវត្ថុនិងតាមរយៈជំនួយក្រៅពីប្រាក់កាស ដូចជា សម្លៀក​បំពាក់ និងថ្នាំសង្កូវសម្រាប់​កុមារតូចនេះ។

អ្នកស្រី​ ធាវី និយាយថា “នៅពេលខ្ញុំឃើញគាត់ដំបូង គាត់មានអាការៈស្លេកស្លាំងនិងមិននិយាយស្តី។ គាត់ហើម​ពោះ។ ប្រហែលជាគាត់ពុំបានទទួលការយកចិត្តទុកដាក់ឲ្យសមជាទារកឡើយ។ ប្រហែលជាគាត់ពុំបានទទួលការ​ថែទាំ​គ្រប់​គ្រាន់ ឬគាត់ត្រូវគេទុកចោលឲ្យនៅតែឯង”។ ឥឡូវនេះ គាត់មានសុខភាពល្អជាងមុនឆ្ងាយណាស់ ទោះបី​គាត់​នៅមាន​បញ្ហាក្នុងការរំលាយអាហារនៅឡើយក៏ដោយ។ គាត់ចាប់ផ្តើមសើចកាន់តែច្រើន ហើយគាត់ចូល​ចិត្ត​លេង​ជាមួយកូនប្រុសខ្ញុំ។”

ការស្រាវជ្រាវលើពិភពលោកជាច្រើនទសវត្សរ៍បានបង្ហាញថា ជីវភាពរស់នៅក្រោមការថែទាំតាម​មណ្ឌលថែទាំ ​​អាចបង្កគ្រោះថ្នាក់ចំពោះការវិវត្តខាងផ្នែកសង្គម ផ្លូវកាយ បញ្ហា និងស្មារតីរបស់កុមារ ដោយអាចមានផល​ប៉ះពាល់​រយៈពេល​វែង​មកលើការរស់នៅរបស់ពួកគេនៅពេលពេញវ័យ។ នេះជាករណីកើតមានជាក់ស្តែង​ចំពោះ​កុមារ​ដែល​មានអាយុតិចជាង៣ឆ្នាំ។

បន្ថែមលើការឧបត្ថម្ភដល់គ្រួសារដែលទទួលបន្ទុកថែទាំ អង្គការកុមាររីករាយ ផ្តល់ការឧបត្ថម្ភដទៃទៀតជា ការថែ​ទាំតាមសហគមន៍ដល់កុមារ ដែលគេហៅថា “ផ្ទះរួម”។ អ្នកស្រីសុធារី ពន្យល់ថា ទោះបីគំរូនេះមិន​សមស្រប​សម្រាប់កុមារ​តូចៗ ដូចប៊ុនលីក៏ដោយ តែត្រូវបានអនុវត្តសម្រាប់កុមារធំជាងនេះ ដែលមិនត្រូវការនូវ​ការថែទាំ​មួយ​ទល់មួយ។

“ផ្ទះរួម” ផ្តល់ការថែទាំសម្រាប់កុមារដែលគ្មានសមាជិកគ្រួសារជិតស្និទ្ធ ឬសាច់ញាត ដែលអាចថែទាំ​ពួក​គេ។ ករណីបែបនេះមានដូចជាគ្រួសារអ្នកស្រី កាន់ សាអាន។ អ្នកស្រីសាអាន មានកូនពីរនាក់ ហើយ​បច្ចុប្បន្ន ​​ទទួល​បន្ទុកថែទាំកុមារាចំនួនប្រាំមួយនាក់ ដែលកាលពីពីរឆ្នាំមុនបានរស់នៅក្នុងការថែទាំ​តាម​មណ្ឌល។ អង្គការកុមាររីករាយ ផ្តល់ឲ្យអ្នកស្រីសាអាននិងក្មេងប្រុសទាំងប្រាំមួយនាក់ដែលគាត់ថែទាំ នូវការ​គាំទ្រ​ហិរញ្ញវត្ថុ និង​សម្ភារនានា ក៏ដូចជាការប្រឹក្សាយោបល់ផងដែរ។

អ្នកស្រី សុធារី បានធ្វើដំណើរទៅផ្ទះដែលគ្រួសារនោះរស់នៅ គឺជាផ្ទះខ្មែរដែលសង់តាមប្រពៃណីលើសសរខ្ពស់​ផុត​ពី​ដី។ គាត់បានមកដល់តាំងពីព្រលឹម គ្រួសារនេះកំពុងជាប់រវល់ចម្អិនអាហារសម្រាប់ពេលព្រឹក និងធ្វើកិច្ចការ​ដទៃ​ទៀត​នៅ​ក្នុងផ្ទះ។ កុមារខ្លះជួយអ្នកស្រី សាអាន និងប្អូនស្រីគាត់នៅក្នុងផ្ទះបាយ ចំណែកកុមារដទៃទៀត ហាល​​សម្លៀកបំពាក់​ដែលទើបបោកគក់រួច។ កុមារម្នាក់កំពុងឲ្យចំណីមាន់ជាងដប់ក្បាល នៅក្នុងទ្រុងធំមួយខាង​ក្រោយ​ផ្ទះ។ ក្រោយពីបង្ហើយ​កិច្ចការរបស់ខ្លួននៅជុំវិញផ្ទះ ពួកគេបន្តធ្វើសកម្មភាពរីករាយជាងមុន ដូចជា​ផាត់ពណ៌គំនូរក្នុងសៀវ​ភៅ និងមើលទូរទស្សន៍។ កុមារនៅជិតខាងដែលដើរកាត់ទីនេះ តែងចូលមក​លេង​ជាមួយកុមារទាំងនេះដោយគ្មានការ​រារាំង​ឡើយ។


បុគ្គលិកសង្គមកិច្ចនៃអង្គការ​កុមាររីករាយ(ខាងស្តាំ)មក​សួរ​សុខទុក្ខ
គ្រួសារអ្នកស្រីសាអាន ដោយ​នាំ​មកជាមួយនូវសន្លឹក​រូប​គំនូរ​ផាត់ពណ៌
និង​ខ្មៅដៃ​ពណ៌សម្រាប់កុមារាទាំង​នេះ​ផងដែរ
 © UNICEF Cambodia/2015/Antoine Raab

អ្នកស្រីសាអាន ពោលដោយញញឹមថា “ខ្ញុំមានបងប្អូនបង្កើតតែពីរនាក់ និងកូនបង្កើតពីរនាក់ ដូច្នេះវាមិនមែន​ជា​​បន្ទុកធ្ងន់ធ្ងរសម្រាប់ខ្ញុំក្នុងការថែទាំក្មេងៗច្រើនថែមទៀតនោះទេ។ ជាការច្បាស់ណាស់ថា កុមារាទាំងប្រាំមួយ​នាក់​នេះ​​មានការគោរព និងស្រឡាញ់អ្នកស្រីសាអានជាខ្លាំង។ គាត់ណែនាំពួកគេដោយទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ នៅពេល​ពួកគេធ្វើកិច្ចការនានាប្រចាំថ្ងៃ។ “ពួកគេជាក្មេងល្អ ដូច្នេះខ្ញុំពុំមានការលំបាកចិញ្ចឹមពួកគេឡើយ។ តាម​ធម្មតា ពួកគេរវល់​​ធ្វើកិច្ចការសាលា ទៅរៀនគូររូប ជួយកិច្ចការផ្ទះ ឬ ទៅចំការរបស់គ្រួសារនេះ​នៅថ្ងៃចុង​សប្តាហ៍។”

អ្នកស្រី សុធារី ពន្យល់ថា កុមារដែលធំធាត់​នៅ​ក្នុងបរិយាកាសសហគមន៍ អាចបាន​ទទួល​ការថែទាំបានល្អជាង និងពុំចាំបាច់​ត្រូវ​​ប្រឈមនឹងការមាក់ងាយឡើយ ដូច​កុមារ​ដែលស្ថិតក្រោមការថែទាំតាមមណ្ឌល​កុមារកំព្រាឡើយ។ គាត់ពោលថា “ពួកគេ​អាចរ៉ាប់រង​ការទទួលខុសត្រូវចំពោះខ្លួនឯង​បានល្អជាង និង​មានសេរីភាពជាងកុមារ​​ដែល​ធំធាត់នៅ​ក្នុងមណ្ឌល។ កុមារនៅតាម​មណ្ឌលកុមារ​កំព្រា ពុំហៅអ្នកថែទាំរបស់ខ្លួន​ថា“ម៉ាក់”ឡើយ ប៉ុន្តែកុមារដែលស្ថិតក្នុងការ​ថែ​ទាំ​​តាម​គ្រួសារហៅអ្នកថែទាំរបស់ខ្លួន​ថា​”ម៉ាក់”។


អ្នកស្រីសាអាន (ខាងស្តាំ) រៀបចំអាហារថ្ងៃត្រង់ជាមួយប្អូនស្រីរបស់គាត់
និងកុមារាពីរនាក់ក្នុងចំណោមកុមារាដែលគាត់ថែទាំ
© UNICEF Cambodia/2015/Antoine Raab

អង្គការមិនមែនរដ្ឋាភិបាលនឹងបន្តធ្វើសមាហរណកម្មកុមារទៅក្នុងគ្រួសាររបស់ពួកគេ ឬទៅក្នុងជម្រើស​ ថែ​ទាំជំនួសនៅក្នុងសហគមន៍។ ដំណោះស្រាយនានាដូចជា ការថែទាំតាមគ្រួសារ ឬផ្ទះរួម ជាមួយការទំនុកបម្រុង​ជិតស្និទ្ធ​ពី​បុគ្គលិកសង្គមកិច្ច គឺជាប្រការចាំបាច់ដើម្បីធានាថា កុមាដែលងាយរងគ្រោះបានទទួលកិច្ចការពារ និង​ការឧបត្ថម្ភនៅក្នុង​បរិយាកាសប្រកបដោយភាពកក់ក្តៅ។

អង្គការយូនីសេហ្វ បន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានិងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីធ្វើសមា​ហ​រ​ណ​កម្មកុមារជាច្រើនថែមទៀតដែលស្ថិតនៅក្នុងការថែទាំតាមមណ្ឌលនានាទៅក្នុងគ្រួសារនិងក្នុងការថែទាំ​តាម​សហ​គមន៍​ឡើងវិញ។ កិច្ចការនេះ មានជាអាទិ៍ ការឧបត្ថម្ភដល់កិច្ចប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់​រដ្ឋា​ភិបាល ក្នុងការដឹកនាំ និងត្រួតពិនិត្យមណ្ឌលថែទាំកុមារ នៅទូទាំងប្រទេស ការគាំទ្រដល់កិច្ចប្រឹងប្រែងផ្តល់ការថែទាំ​តាម​សហគមន៍ និង​ការទប់ស្កាត់ការបំបែកដោយមិនចាំបាច់នូវកុមារពីគ្រួសាររបស់ពួកគេ ដោយបង្កើនការយល់​ដឹង និងជួយគ្រួសារដែល​ងាយ​រងគ្រោះនានា។


*ឈ្មោះត្រូវបានប្តូរ ដើម្បីការពារអត្តសញ្ញាណ
*រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅធ្វើសមាហរណកម្មនូវកុមារ ៣០% ដែលកំពុងកំពុងរស់នៅក្នុងមណ្ឌល​ថែទាំនានា ទៅក្នុងគ្រួសារនិងសហគមន៍វិញឲ្យបានមុនឆ្នាំ២០១៨។

No comments:

Post a Comment