Tuesday, May 31, 2016

១៤ឆ្នាំ កន្លងផុត ៖ កុមារកម្ពុជាដែលបានអង្គុយទល់មុខមេដឹកនាំពិភពលោក

To read this post in English, please click here.

យើងបានជួបពិភាក្សាជាមួយប្អូនស្រី ឡាយ រតនា ដែលកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៧ បានធ្វើជាតំណាង កុមារកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិសេសមួយឈ្មោះថា “ពិភពលោកល្អសម្រាប់កុមារ” នៅក្នុងសម័យប្រជុំពេញអង្គ នៃ​មហាសន្និបាតអង្គការ​សហប្រជាជាតិនាទីក្រុងញូវយក។

ឆ្នាំ២០០៧៖ ឡាយ រតនា (អង្គុយកណ្តាល ពាក់អាវកាក់) នៅក្នុងវគ្គពិភាក្សា
ជាក្រុមនៅទីស្នាក់ការ កណ្តាលនៃអង្គការយូនីសេហ្វ ជាមួយតំណាងកុមារ
ដទៃទៀតនៅក្នុងកិច្ចប្រជុំ “ពិភពលោកល្អ​សម្រាប់កុមារ +៥ 
រូបថតដោយ ឡាយ រតនា

១.   តើប្អូនអាចណែនាំខ្លួនឲ្យយើងស្គាល់បានទេ?

ខ្ញុំឈ្មោះ ទ្បាយ រតនា មានអាយុ២៦ឆ្នាំ។ ខ្ញុំរស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែខ្ញុំមានស្រុកកំណើតនៅខេត្ត តាកែវ។

កាលពីខ្ញុំនៅវ័យជំទង់ ខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំក្លឹបកុមារនៅខេត្តតាកែវ។ ខ្ញុំបានបន្តការសិក្សាថ្នាក់មធ្យម​សិក្សាក្នុងក្រុងភ្នំពេញ និងបានចាប់ផ្តើមស្ម័គ្រចិត្តជាអ្នកដឹកនាំក្រុមទ្រគាំទ្រកុមារនៅក្នុងអង្គការមិន​មែនរដ្ឋាភិបាលមួយឈ្មោះថា អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (NGO CRC)។ ក្រោយពីបាន បញ្ចប់ថ្នាក់​មធ្យម​សិក្សា ខ្ញុំបានទទួលអាហារូបករណ៍ទៅសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅសកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។

ខ្ញុំនៅតែបន្តធ្វើការជាអ្នកស្ម័គ្រចិត្ត ស្របពេលកំពុងសិក្សានៅសកលវិទ្យាល័យ។ ខ្ញុំក៏បានធ្វើការក្រៅម៉ោងជាអ្នកអានព័ត៌មានវិទ្យុ នៅ BBC World Service Trust ផងដែរ។ ក្រោយពីបញ្ចប់ការសិក្សានៅសកល​វិទ្យាល័យ ខ្ញុំបានធ្វើការជាបុគ្គលិកផ្នែកទំនាក់ទំនងព័ត៌មាន នៅអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញមួយឈ្មោះថា សន្តិភាពនិងអភិវឌ្ឍន៍ ដោយធ្វើការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ ថ្មីៗនេះ ខ្ញុំបានទទួលអាហារូបករណ៍ ទៅសិក្សាផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយសកលនៅប្រទេសអូស្រ្តាលី ហើយឥឡូវនេះខ្ញុំកំពុងសិក្សាវគ្គ​ភាសាអង់​គ្លេសរយៈពេលខ្លីមួយនៅក្នុងក្រុងភ្នំពេញ។

២.   តើមានអ្វីជំរុញចិត្តប្អូន ឲ្យចូលរួមក្នុង ”កិច្ចប្រជុំពិភពលោកល្អសម្រាប់កុមារ” នៅក្នុងសម័យប្រជុំពេញអង្គ របស់អង្គការសហប្រជាជាតិ?

កាលពីឆ្នាំ២០០២ នៅពេលខ្ញុំអាយុ១២ឆ្នាំ ប្រធានក្លឹបកុមារនៅខេត្តតាកែវបាន​ប្រាប់​​​ខ្ញុំថា ខ្ញុំនឹងបានទទួលការឧបត្ថម្ភពីអង្គការយូនីសេហ្វ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំមួយដែលមាន​ឈ្មោះថា “ពិភពលោកល្អសម្រាប់កុមារ” នៅក្នុងក្រុងញូវយក ដើម្បីធ្វើជាតំណាងឲ្យកុមារកម្ពុជា។ នោះគឺ​ជា​កិច្ច​ប្រជុំ​ពិសេសមួយ នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលរៀបចំឡើងសម្រាប់តែ​កុមារ និង​ចូលរួមដោយកុមារ។ មេដឹកនាំពិភពលោក មន្រ្តីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល និង​ជា​លើកដំបូងក្នុងប្រវត្តិសាស្រ្តនៃអង្គការសហប្រជាជាតិ ដែលមានតំណាងកុមារច្រើនជាង ៦០០នាក់ បានចូលរួម​នៅ​ក្នុងសម័យប្រជុំនោះ។

ខ្ញុំគឺជាកុមារតែម្នាក់គត់ ដែលបាននាំយកបញ្ហាកុមារពីកម្ពុជា ទៅចែករំលែកជាមួយកុមារនៅទូទាំងពិភព​លោក។ ខ្ញុំ​បានបង្ហាញពីបញ្ហារបស់យើង យោបល់ និងអនុសាសន៍ ដល់រដ្ឋាភិបាលនានានៅក្នុងអង្គការ​សហប្រជា​ជាតិ។ មុនពេលខ្ញុំចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក នាយកអង្គការយូនីសេហ្វប្រចាំនៅ​កម្ពុជា បាន​អញ្ជើញខ្ញុំឲ្យស្វែងយល់ពីអង្គការនេះ និងបានចែករំលែកខ្ញុំនូវព័ត៌មានខ្លះៗអំពីអង្គការសហប្រ​ជា​ជាតិ និងសម័យប្រជុំមហាសន្និបាតនោះ។

នៅឆ្នាំ ២០០៧ មានសម័យប្រជុំតាមដានពិសេសមួយទៀតនៅអង្គការសហប្រជាជាតិ ដែលមានឈ្មោះថា “ពិភព​លោកល្អសម្រាប់កុមារ +៥”។ វាត្រូវបានរៀបចំទ្បើងរយៈពេលប្រាំឆ្នាំក្រោយពីកិច្ចប្រជុំលើកទីមួយ ដែលអ្នកចូលរួមដដែលបានមកចូលរួមជាថ្មីម្តងទៀត ដើម្បីចែករំលែកព័ត៌មានអំពីការអនុវត្តអនុសាសន៍ របស់យើង សមិទ្ធផល និង​ឧបសគ្គនានា។

នៅពេលនោះ ខ្ញុំមានអារម្មណ៍ដូចឡើងឋានព្រះច័ន្ទអញ្ចឹង។ ខ្ញុំមានមោទនភាពក្រៃលែង ដែលបានក្លាយជា​តំណាងឲ្យកុមារ ដើម្បីចែករំលែកអំពីបញ្ហារបស់យើងជាមួយពិភពលោក។ កុមារ​មួយចំនួនតូច មកពីប្រទេសផ្សេងៗទៀត បានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលរបស់ខ្លួន និងពីអង្គការមិនមែនរដ្ឋាភិបាល។ ទោះបីរូបខ្ញុំជាកុមារតែម្នាក់គត់មកពីកម្ពុជាក៏ដោយ ខ្ញុំសូមថ្លែងអំណរ​គុណ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូនីសេហ្វ ក្នុងការធ្វើជួយគាំទ្រឲ្យសម្លេងរបស់កុមារកម្ពុជា បានឮដល់អង្គការ​សហប្រជាជាតិ។

៣.   តើការចូលរួមរបស់ប្អូនក្នុងនាមជាតំណាងកុមារកម្ពុជានៅក្នុងកិច្ចប្រជុំ ”ពិភពលោកល្អ សម្រាប់កុមារ” បានលទ្ធផលអ្វីខ្លះដែរ?

ខ្ញុំបានបង្ហាញដល់រដ្ឋាភិបាលប្រទេសខ្ញុំនូវបញ្ហានិងសំណូមពរនានារបស់កុមារ។ អនុសាសន៍ទាំងនោះ​ត្រូវ​បានដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់រដ្ឋាភិបាល និងផែនការការងាររបស់អង្គការមិនមែន​រដ្ឋា​ភិបាល។ នៅពេលខ្ញុំត្រឡប់មកពីទីក្រុងញូវយកវិញ ខ្ញុំបានដើរតួជាអ្នកនាំសារ។ ខ្ញុំបានចែករំលែក​គ្រប់​ព័ត៌មានអំពីអ្វីដែលបានកើតឡើងនៅក្នុងកិច្ចប្រជុំពិសេសនៃមហាសន្និបាត របស់អង្គការ​សហ​ប្រជាជាតិ និងលទ្ធផលនានានៃកិច្ចប្រជុំនោះ ជាមួយនឹងក្លឹបកុមារ និងបណ្តាញកុមារដទៃទៀត។ ខ្ញុំក៏បាន​ចូលរួមនៅក្នុងសន្និសីទសារព័ត៌មានផងដែរ នៅពេលដែលខ្ញុំបានត្រឡប់មកកម្ពុជាវិញ ដើម្បីចែករំលែក​បទពិសោធរបស់ខ្ញុំនៅក្នុងប្រទេស។

តំណាងកុមារនៅក្នុងទីស្នាក់ការ កណ្តាលអង្គការសហប្រជាជាតិ
ក្នុងកិច្ច “ពិភពលោកល្អសម្រាប់កុមារ +៥” ដែលបាន​ធ្វើឡើងនៅឆ្នាំ ២០០៧
រូបថតដោយ ឡាយ រតនា

៤.   តើប្អូនបានរៀនសូត្រអ្វីខ្លះពីបទពិសោធនេះ?

បើគ្មានការឧបត្ថម្ភពីអង្គការយូនីសេហ្វទេនោះ ម្លេះខ្ញុំពុំមានឱកាសដើម្បីចេញទៅស្វែង​យល់ ពីពិភពលោក ខាងក្រៅឡើយ ក្នុងនាមជាកុមារម្នាក់ទ្បើយ។ ខ្ញុំក៏នឹងពុំមានឱកាសដើម្បីបង្ហាញសក្តានុពល និង​ភាព​ក្លាហានរបស់ខ្ញុំ ជាតំណាងកុមារមកពីកម្ពុជាដែរ។ វាគឺជាឱកាសដ៏អស្ចារ្យមួយដើម្បីពង្រីកចំណេះ​ដឹង​ទូទៅរបស់ខ្ញុំ ធ្វើការប្រាស្រ័យទាក់ទងជាមួយវប្បធម៌ដទៃទៀត និងកសាងបណ្តាញរបស់ខ្ញុំជា​មួយ​កុមារ​​ផ្សេងទៀត។

ខ្ញុំបានកោតសរសើរកុមារដទៃទៀតដែលបានចូលរួមនៅក្នុងពិធីនោះ ហើយខ្ញុំបានប្រាប់ខ្លួនឯងថា ថ្ងៃណា​មួយ ខ្ញុំក៏អាចធ្វើអ្វីដែលពួកគេកំពុងធ្វើ ទោះបីជាខ្ញុំមិនអាចធ្វើបានឥទ្បូវក៏ដោយ។ នៅពេលនោះ ខ្ញុំ​ពុំសូវចេះនិយាយភាសាអង់គ្លេសច្រើន ឬប្រើប្រាស់អ៊ិនធឺណិតបានផង ដែលវាកំហិតសមត្ថភាពរបស់ខ្ញុំ​ក្នុង​ការប្រាស្រ័យទាក់ទង។ ខ្ញុំបានដឹងថា ទាំងនេះគឺជាផ្នែកដែលខ្ញុំចង់អភិវឌ្ឍបន្ថែម ហើយនៅពេល​ដែល​ខ្ញុំវិលត្រឡប់មកកម្ពុជាវិញ ខ្ញុំបានចាប់ផ្តើមរៀនភាសាអង់គ្លេស និងរៀនអំពីការប្រើប្រាស់កុំព្យូទ័រ។

ខ្ញុំគិតថា បទពិសោធនេះមានឥទ្ធិពលមកលើសុបិន និងទស្សនវិស័យអនាគតរបស់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំកាន់​តែ​មានភាពរឹងមាំ និងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។ ខ្ញុំចាប់ផ្តើមជឿលើខ្លួនឯង និងជឿថា កុមារ​មានសមត្ថភាពដើម្បីចូលរួមដោះស្រាយរាល់បញ្ហានានាដែលមានឥទ្ធិពលមកលើខ្លួន។ ខ្ញុំប្រាថ្នាចង់ក្លាយជាវាគ្មិនដ៏ពូកែនៅក្នុងវេទិកាសាធារណៈ និងអាចរៀបចំពិធីយ៉ាងធំដូចដែលខ្ញុំបានចូលរួមកន្លងមក។​ ហើយខ្ញុំក៏ដឹងថា ដើម្បីសម្រេចសុបិននេះ ជាដំបូងខ្ញុំត្រូវប្រឹងប្រែងរៀនសូត្រ។

៥.   តើប្អូនមានផែនការអ្វីខ្លះសម្រាប់អនាគត?

កាលពីខ្ញុំនៅក្មេង ខ្ញុំចង់ក្លាយជាប្រធានសមាគមយុវជន ឬកុមារ។ ខ្ញុំចង់កៀងគរកុមារ និងយុវជន ឲ្យរួមដៃគ្នា​តស៊ូដើម្បីសិទ្ធិកុមារនៅកម្ពុជា។ បន្ទាប់មក ខ្ញុំក៏មានចំណាប់អារម្មណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង តាមរយៈការងាររបស់ខ្ញុំអំពីសិទ្ធិកុមារ និងស្រ្តីផងដែរ។ ទៅអនាគត ខ្ញុំចង់ក្លាយជាប្រធានផ្នែកទំនាក់ទំនង នៅក្នុងអង្គការមួយ ដែលខ្ញុំអាចរួមចំណែកប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្ញុំបាន។


ឆ្នាំ២០១៥៖ ឡាយ រតនា ឈរថតរូបនៅក្នុងពិធីក្បួនព្យុហយាត្រាសហគមន៍ 
”បុរសល្អ” ដែលនាងបានជួយ​រៀបចំឡើងនៅខេត្តកំពង់ស្ពឺ ដើម្បីបង្កើន
ការយល់ដឹងពីអំពើហិង្សាលើស្រ្តីនិងកុមារី នៅកម្ពុជា
រូបថតដោយ ឡាយ រតនា

៦.   តើប្អូនមានសារអ្វីចង់ផ្តែផ្តាំទៅកាន់កុមារនិងយុវជនកម្ពុជាដែរឬទេ?

ខ្ញុំចង់និយាយថាចំណេះដឹងគឺជាអំណាច។ កាលណាអ្នករៀនបានកាន់តែច្រើន អ្នកយល់ដឹងបានកាន់តែ​ច្រើន​។ តាមបទពិសោធរបស់ខ្ញុំ ខ្ញុំអាចនិយាយថា មិនថាអ្នកមានស្ថានភាពលំបាកយ៉ាងណានោះទេ អ្នក​នឹងអាចជោគជ័យនៅថ្ងៃណាមួយ។

ខ្ញុំក៏សូមលើកទឹកចិត្តដល់យុវជនឲ្យចូលធ្វើការងារស្ម័គ្រចិត្តនិងការងារសង្គមផងដែរ ដោយ​សារ​នេះជាវិធីដែលអ្នកអាចរៀនសូត្រអំពីបញ្ហាសង្គមជាច្រើន និងប្រឈមមុខជាមួយបញ្ហាទាំងនោះ ព្រម​ទាំង​រៀនពីរបៀប​ដោះស្រាយបញ្ហាទាំងនោះផងដែរ។

៧.   តើប្អូនមានក្តីសង្ឃឹមអ្វីខ្លះសម្រាប់កុមារកម្ពុជា?

ខ្ញុំសង្ឃឹមថា ក្នុងពេលអនាគតខ្លីខាងមុខនេះ កុមារនឹងមានសិទ្ធិពេញលេញ ជាពិសេស សិទ្ធិទទួលបានកិច្ចការ​ពារ។ ពួកគេត្រូវបានការពារពីរាល់ការគំរាមកំហែងទាំងអស់ រួមទាំងការកេងប្រវ័ញ្ច ការជួញដូរ និង​ការបៀត​បៀននានា។ ខ្ញុំជឿថា ប្រការសំខាន់បំផុតគឺ ឪពុកម្តាយត្រូវដឹង និងយល់អំពីសិទ្ធិរបស់កូនខ្លួន ដោយសារពួកគាត់គឺជាអ្នករស់នៅជិតស្និទ្ធបំផុតជាមួយកូនៗ និងជាអ្នកដែលផ្តល់ឲ្យកូនៗនូវបរិយាកាស​ដែលមានសុវត្ថិភាព។ ប្រសិនបើឪពុកម្តាយដឹងអំពីសិទ្ធិរបស់កូនខ្លួន ពួកគាត់នឹង​យកចិត្តទុកដាក់ចំពោះកូនៗឲ្យបានសមស្រប។

No comments:

Post a Comment