Friday, April 8, 2016

មួយថ្ងៃក្នុងជីវិត៖ លោក កែម និងការងារក្នុងសិប្បកម្ម ទឹកស្អាត

ដោយ  Eun-Young Jeong

To read this post in English, please click here.

កឹម សុកែម ក្រោក​ពីដេក​រាល់ថ្ងៃ​ នៅ​ម៉ោង ៤ ព្រឹក ពី​អង្រឹង​របស់គាត់ ដែល​ចង​នៅ​កៀក​នឹង​គំនរ​ធុងទឹក​ទទេ។ គាត់​ដេក​ក្នុង​សិប្បកម្ម ​ទឹកស្អាត ក្នុង​ភូមិ​របស់​គាត់នេះ អស់រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ។​

នេះមិន​មែន​ដោយសារ​តែ​គាត់​គ្មាន​ផ្ទះ​សម្បែង​នោះទេ។ ផ្ទះ​របស់​កែម នៅមិនឆ្ងាយប៉ុន្មានពី​សិប្បកម្ម​នេះឡើយ។ ប៉ុន្តែ ការ​រស់នៅ​ក្នុង​កន្លែង​សំអាត​ទឹក​បែបនេះ បាន​ក្លាយជា​ទម្លាប់របស់គាត់។ បុរស​ដែលមានវ័យ ២២ឆ្នាំ រូបនេះ និយាយថា “ប្រសិនបើ​ខ្ញុំ​គេង​នៅទីនេះ ខ្ញុំ​អាច​ចាប់​ផ្តើម​ធ្វើការងារ​ភ្លាមតែ​ម្តង និង​ការពារ​កុំ​ឲ្យ​គេ​ចូលលួច​របស់របរ”។​

ចាប់ផ្តើម​ធ្វើការ​នៅ​ម៉ោង ៤ ព្រឹក មិន​មែន​ជា​ការងាយ​ស្រួលនោះទេ ប៉ុន្តែ កែម គឺជា​មនុស្ស ដែល​មាន​ការ​ប្តេជ្ញាចិត្ត។ លើសពីនេះ គាត់​មាន​គោលដៅ​ច្បាស់លាស់ នោះគឺ​ត្រូវ​ដឹក​ទឹក​ចំណុះ ២០ លីត្រ ចំនួន ២១ ធុង ទៅ​កាន់​សាលា​បឋមសិក្សា​ចំនួន ២ ដែល​នៅ​ជិតនោះ ឲ្យ​បាន​មុនម៉ោង ៧ ព្រឹក។ បន្ទាប់មក គាត់​ត្រូវ​ដឹក ៥០ ធុង​ទៀត ទៅជុំវិញ​សហគមន៍​របស់​គាត់​ ក្នុង​ឃុំ​វល្លិ​ស​នេះ។

ទឹក​ច្រកដាក់​ធុង ត្រៀម​ជា​ស្រេច​ ដើម្បី​ដឹក​ទៅ​តាម​ផ្ទះ និង​សាលារៀន​ ក្នុង​ឃុំ​វល្លិស
© UNICEF Cambodia/2016/Eun-Young Jeong


ភូមិ​កណ្តាល ទឹកស្អាត ១០០១ និង​យូនីសេហ្វ

ភូមិ​កណ្តាល ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ គឺជា​ទី​ប្រជុំជន ដែល​មិនសូវ​មាន​សកម្មភាព​នៅពេល​ថ្ងៃ​ឡើយ។ មនុស្ស​ពេញវ័យ​ភាគ​ច្រើន ក្នុង​ភូមិ​នេះ ធ្វើ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​ជិតៗ ក្នុង​ពេល​ថ្ងៃ ឬ​ធ្វើការងារសំណង់។ អ្នក​ខ្លះ​ធ្វើស្រែចំការ ដែល​ដំបូង​ឡើយ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់ សម្រាប់​មនុស្ស​ភាគ​ច្រើន ដែល​រស់​នៅ​ក្នុង​តំបន់​នេះ មុន​ពេល​ដែល​វិនិយោគិន​បរទេស​ប្រែក្លាយ​ទីប្រជុំជន​ដ៏ស្ងាត់នេះ ទៅជា​តំបន់​ផលិត​សម្លៀក​បំពាក់។​
ប្រព័ន្ធ​ ​ទឹកស្អាត ក្នុង​ឃុំ​វល្លិស ត្រូវបាន​កសាង​ឡើង​ក្នុង​ខែធ្នូ ឆ្នាំ២០១៣ ដោយ​អង្គការទឹកស្អាត ១០០១ ដោយ​មាន​ការ​គាំទ្រពី​យូនីសេហ្វ។ ទឹកស្អាត ១០០១ គឺជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ ក្នុង​ស្រុក​មួយ ដែល​ធ្វើ​ការងារ​ផ្តោត​លើ​ការ​ផ្តល់​ទឹក​ស្អាត និង​មាន​សុវត្ថិភាព​​ តាម​សហគមន៍​ជនបទ ដោយ​ផ្តល់​ការ​គាំទ្រ​ដល់​ឃុំ ក្នុង​ការ​បង្កើត​អាជីវកម្ម​ទឹកស្អាត។ ដោយសារ​តែ​អាជីវកម្ម​ទឹក​របស់​ទឹកស្អាត ១០០១ ដំណើរការ​ដោយ​សមាជិក​សហគមន៍ អាជីវកម្ម​ទាំងនេះ​មាន​និរន្តរភាព និង​ផ្តល់​នូវ​ប្រភព​ចំណូល​ដល់​សហគមន៍។​
ជា​កន្លែង​សំអាតទឹក​ទីមួយ ដែល​មិន​ធ្លាប់មានពីមុននៅ​ក្នុង​តំបន់នេះ សិប្បកម្ម​ ទឹកស្អាត​វល្លិស ផ្គត់​ផ្គង់​ទឹក​ស្អាតនិង​មាន​សុវត្ថិភាព សម្រាប់បរិភោគ ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេះ ជាមួយនឹង​តម្លៃ​ទាប​ត្រឹម​តែ ៣០ សេន ក្នុង​មួយ​ធុង​ចំណុះ​ ២០ លីត្រ ដោយ​មិន​គិត​តម្លៃសម្បកធុង (តម្លៃ​ដំបូងគឺ ៤ ដុល្លារ សម្រាប់​មួយ​ធុង ដែល​គេ​អាច​យក​ធុង​នេះ​ប្តូរ​បន្តទៀត​បាន)។ តម្លៃ​ទឹក​ ដោយ​មិន​គិត​សម្បក​ធុង​នេះ គឺ​ទាបជាង​តម្លៃ​លើ​ទីផ្សារ ៣ ដង។​
សាលារៀន​ក្នុង​សហគមន៍​នេះ​ទទួលបាន​ទឹក​បរិភោគ ដោយ​មិន​គិតថ្លៃ ក្រោម​គំរូ​អាជីវកម្ម​របស់​ទឹកស្អាត ១០០១។ ទឹកនេះ​ត្រូវបានច្រក​ក្នុង​ធុង​បៃតង ខុសពី​ធុង​ពណ៌ខៀវ ដែល​ប្រើ​តាម​ផ្ទះ ដើម្បី​ធានា​ទឹក​នេះ​គឺ​ប្រើ​សម្រាប់ផឹក តែ​ក្នុង​សាលារៀន​ប៉ុណ្ណោះ។​
ភូមិ​កណ្តាល ក្នុង​ឃុំវល្លិស ខេត្ត​កំពង់ស្ពឺ
© UNICEF Cambodia/2016/Eun-Young Jeong

តើ​កែម​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ក្នុង​​សហគមន៍​យ៉ាង​ដូចម្តេច

មុន​ពេល​ធ្វើការងារ​នៅ​សិប្បកម្មទឹកស្អាត​នេះ កែម​ ធ្វើការងារជា​ព្រូឡាន ដោយ​ត្រូវ​ធ្វើដំណើរ​ឆ្ងាយៗ ជាមួយ​អ្នក​បើក​ឡាន ហើយ​ក្នុង​ពេល​ជាមួយគ្នា​ត្រូវ​ចាត់ចែង​ការ​ទូទាត់ថ្លៃ​ប្រេង ដោះស្រាយ​ជាមួយ​នគរបាល​ចរាចរណ៍ និង​ជជែក​លេង​ជាមួយអ្នក​បើកបរ ដើម្បី​កុំឲ្យ​ងងុយ​គេ​ង​ ពេល​ធ្វើដំណើរផ្លូវ​ឆ្ងាយ។ គាត់​រក​ចំណូល​បាន ៣០ ដុល្លារ ក្នុង​មួយខែ។​
កែម​ និយាយថា “ប្រសិន​បើ​អ្នក​ធ្វើជា​ព្រូឡាន ជីវិត​របស់អ្នក​ គឺ​នៅ​លើ​ផ្លូវ។ ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ នាពេល​នេះ ដោយសារតែ​ខ្ញុំ​អាច​រៀន​ចេះ​ជំនាញបាន”។ សព្វ​ថ្ងៃនេះ កែម រក​ចំណូល​បាន ៧៥ ដុល្លារ ក្នុង​មួយ​ខែ និង​ទទួលបាន​ ៨ សេន​បន្ថែម​ទៀត នៅ​ពេល​លក់​ទឹក​បាន​មួយ​ធុង។ គាត់​បែងចែក​ចំណូល​ពីការ​លក់​ធុងទឹក ជាមួយ​នឹង​ឪពុក​របស់គាត់ និង​បងប្អូន​ជីដូន​មួយ ដែល​ធ្វើការងារ​ជាមួយគាត់ ក្នុង​សិប្បកម្ម នេះ។
កែម និយាយថា មិត្តភក្តិ​របស់​គាត់ភាគ​ច្រើន​បាន​ចាក​ចេញពីភូមិ ទៅ​រក​ការងារធ្វើ ឬ​ធ្វើ​ចំណាកស្រុក ទៅ​តំបន់​ប្រជុំជន ក្រោយ​ពី​រៀបការ​រួច។
ខណៈពេល​ដែល​ កែម ពេញ​ចិត្ត​នឹង​ការងារ​របស់គាត់នៅ​សិប្បកម្មនេះ ជីវិតដែល​លែង​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ដូចមុនទៀត មិន​មែន​ជា​ការ​ងាយស្រួល​នោះទេ។ កាលវិភាគ​របស់​គាត់​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​របៀប​សំអាតទឹក នៅ​សិប្បកម្មទឹកស្អាត​វល្លិស​នេះ​ផងដែរ។ 

កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់ កែម

៤.០០ ព្រឹក
ក្រោកពី​ដំណេក និង​សំអាត​ធុងទឹក ដែល​គេ​ប្រគល់​មកវិញ សម្រាប់​ចាក់​ទឹក​ចូល​បន្ថែម។ ក្នុង​មួយថ្ងៃ​មាន​ធុង​ប្រហែលជា ៧០ ត្រូវបាន​គេ​ប្រគល់​មក​វិញ ដែលត្រូវសំអាត។ ធុង​ភាគ​ច្រើន​ត្រូវបាន​សំអាត នៅ​យប់​ម្សិល ហើយ​ធុង​ដែល​នៅសល់​ត្រូវ​សំអាត នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។ ធុង​ទឹក​ទាំងនេះ​ត្រូវ​បាន​សំអាត ដោយ​ប្រើប្រាស់​ម៉្សៅសាប៊ូ និង​ទឹក ហើយ​បន្ទាប់មក សម្លាប់​មេរោគ ដោយ​ប្រើ​សារធាតុ​ក្លរីន។ ធុងទឹក​ដែល​សំអាត​រួច​ត្រូវបាន​ដាក់​លើ​ធ្នើរ ឲ្យ​ស្ងួត មុន​នឹង​ចាក់ទឹកចូល។​
៥.០០ ព្រឹក
បើកទឹកដែលបានសំអាតរួចចូលធុងទទេ ហើយ​ឃ្លុំបេ​គំរប ដើម្បី​ដឹកទៅ​ដាក់​តាម​សាលារៀន និង​ផ្ទះ (កែម និយាយថា គាត់​ដឹក ៧១ ធុងគត់ ដែលជាចំណុះច្រើនបំផុតដែលឡានរបស់គាត់អាចផ្ទុកបាន)។​
៧.០០ ព្រឹក
លើក​ធុងទឹក​ដាក់​ឡាន និង​បើក​ទៅ​កាន់​សាលារៀន​បឋមសិក្សា​នៅ​ក្បែរ​នោះ។ ក្រោយ​ពេល​ដាក់ទឹក​ប្រហែលជា​ ១០ ធុង តាម​សាលារៀន​នីមួយៗ រួច កែម ធ្វើ​ដំណើរ​ទៅ​កាន់​សហគមន៍​ក្នុងភូមិ ដើម្បី​លក់​ទឹក ដែល​ដាក់​ក្នុង​ធុង​ជា​ស្រេច។ នៅ​តាម​ផ្ទះ​នីមួយៗ​ ទឹក​ដាក់​ដាក់​ក្នុង​ធុង ត្រូវបាន​ផ្តល់​ ដោយ​ប្តូរ​នឹងធុង​ទទេ​មកវិញ ដើម្បី​យកទៅ​កន្លែងសំអាត និង​ប្រើ​ម្តង​ទៀត។​
១.០០ រសៀល
ត្រលប់​ទៅ​កន្លែង​សំអាតទឹក ជាមួយ​នឹង​ធុង​ទទេ ហើយ​លើក​ចេញ​ពី​ឡាន។ ទៅ​ផ្ទះហូបបាយថ្ងៃត្រង់។​
២.៣០ រសៀល
ចាប់ផ្តើម​ដំណើរការ​សំអាតទឹក សម្រាប់​លក់​នៅ​ថ្ងៃ​បន្ទាប់ ឬ​នៅ​រសៀល​ថ្ងៃ​ដដែល។ បូមទឹក​ពី​ប្រឡាយ ដាក់​ក្នុង​ស៊ីទែន។ ការ​បូមទឹក ២០០០ លីត្រ ដាក់​ក្នុង​ស៊ីទែនទឹក​ទាំងពីរ ចំណាយពេលប្រហែល​ជា ៣០ នាទី។​
៣.០០ រសៀល
សំអាតទឹក​ប្រឡាយ ក្នុង​ស៊ីទែន ជាមួយ​នឹង​សារធាតុគីមី ដើម្បី​ឲ្យ​កំទេចធំៗ ដូចជា ភក់ ដែល​មាន​ក្នុង​ស៊ីទែន​ទឹក រង​ទៅខាង​ក្រោម។ កូ​រទឹក​ក្នុងស៊ីទែន​ទាំងពីរ រយៈពេល ១៥ នាទី សម្រាប់​ស៊ីទែន​មួយ។ ដំណើរការ​នេះ​មាន​ឈ្មោះ​ថា ការធ្វើឲ្យ​កករ​កក​ជាដុំៗ។​​
កែម កូរទឹក​ ក្រោយពេល​លាយ​ជាមួយ​សារធាតុគីមីរួច ដើម្បី​ដក​កំទេចកំទីធំៗ ដូចជាភក់​ជាដើម
© UNICEF Cambodia/2016/Eun-Young Jeong

ក្រោយ​ពី​កូររួច ដំណើរការ​ដែល​នៅ​សល់ សម្រាប់​ការ​សំអាតទឹក​នេះ គឺ​ធ្វើ​ដោយ​ស្វ័យ​ប្រវត្តិ។ កែម បើក​រ៉ូប៊ីណេ ដើម្បីឲ្យ​ទឹក​ដែល​មាន​កករកក​ជាដុំៗ ហូរ​ទៅ​ក្នុង​ធុង​ចម្រោះ​ខ្សាច់​ជីវសាស្ត្រ និង​បន្ទាប់មក ចម្រោះ​ធ្យូង ដើម្បី​ដក​យកក​ករ​ដែល​មាន​ទំហំតូច រសជាតិ និង​ក្លិន​ពី​ទឹក។ ដំណើរការ​នេះ​មាន​ឈ្មោះថា ចម្រោះ
បន្ទាប់មក ទឹក​ដែល​មាន​កករកក​ជាដុំៗ និង​ច្រោះ​រួច ត្រូវ​បាន​ទុក​មួយរយៈខ្លី ក្នុង​ស៊ីទែន មុន​នឹង​ដាក់​ឲ្យ​ឆ្លង​កាត់​ប្រព័ន្ធ​យូវី សម្រាប់​ការ​សំអាត​ចុងក្រោយ។ នៅពេល​ដែល​ទឹក​ឆ្លង​តាម​ប្រព័ន្ធ​យូវី ទឹក​នឹង​ត្រូវ​កាំរស្មី​យូវី ដែល​សម្លាប់មេរោគ​ និង​ធ្វើឲ្យ​ទឹក​ស្អាត។ គេ​មិនទាន់បើក​ប្រព័ន្ធ​យូវីនេះ​ឡើយ ទាល់តែ​ដល់​ដំណាក់កាល​ច្រក​ធុងចុងក្រោយ ដើម្បីឲ្យ​ទឹក​ដែល​អាចបរិភោគ​បាន​ត្រូវបាន​ច្រក​ដាក់​ធុង​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​រក្សាទុក​ក្នុង​ស៊ីទែន​ទឹក។​
ប៉ុន្តែ បើទោះបីជា​ដំណើរការនេះ​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​ក៏ដោយ មិន​មែន​មានន័យថា កែម អាចសំរាក​បាន​នោះទេ។ ពេល​ដែល​ដំណើរការ​នេះ​កំពុង​ដើរ កែម​ ចាប់ផ្តើម​សំអាតធុង​ទទេ ដែល​គាត់​ប្រមូល​បាន​ កាលពី​ពេល​ព្រឹក ឬ​កត់ត្រា​បញ្ជីស្នាម ដើម្បី​កត់​ចំណូលពីការ​លក់​របស់​គាត់​ក្នុង​ថ្ងៃនេះ។​
ប្រសិន​បើ​មាន​ផ្ទះណា ដែល​មិនបាន​ទឹកដាក់ក្នុង​ធុង​ នៅ​ព្រឹក​នោះទេ កែម​ ច្រក​ទឹកដែល​ទើប​សំអាតរួច ដាក់ក្នុង​ធុង ហើយ​ត្រលប់​ទៅភូមិវិញ ដើម្បី​លក់។ ក្រោយពី​លក់​ជុំទីពីរ​នេះ​រួច កែម ត្រលប់មក​កន្លែង​សំអាតទឹក​វិញ ដើម្បី​បន្តសំអាត​ធុង​ទឹក​ដែល​ប្រមូល​បាន ឬ​ដាក់ទឹកចូល ហើយ​ឃ្លុំបេ​គំរប សម្រាប់​ដឹក នៅ​ថ្ងៃ​បន្ទាប់។​ 

កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់ កែម (ត)

៧.០០ យប់
ទៅផ្ទះ​ហូបបាយ
៩.០០ យប់
ក្រោយ​បាយរួច កែម ត្រលប់មក​កន្លែង​សំអាតទឹកវិញ ដើម្បីបង្ហើយ​ការងារ ដែល​ត្រូវ​ធ្វើ ដូចជា សំអាតធុង ឬ​ឃ្លុំបេ​គំរប​ធុង។ បន្ទាប់មក​ គាត់​ចូលគេង ត្រៀម​ចាប់ផ្តើម​ថ្ងៃ​បន្ទាប់។​ 
ផែនការ​ ​អនាគត​របស់ កែម
កែម គ្រោង​នឹង​ពង្រីក​អាជីវកម្មសំអាតទឹក​របស់គាត់
© UNICEF Cambodia/2016/Eun-Young Jeong

កែម បោះបង់​ចោល​ការ​សិក្សា នៅពេល​ដែល​គាត់​រៀនត្រឹម​ថ្នាក់ទី៩។ ប៉ុន្តែ កាស​ទទួលបាន​ការ​អប់រំ​តិចតួច​របស់គាត់ មិន​បាន​ធ្វើឲ្យ​គាត់​លែង​ចង់បន្ត​រៀន​សូត្រ ឬ​ការ​សម្រេច​មហិច្ឆតា​របស់​គាត់​នោះទេ។ ជាមួយ​នឹង​ការ​គាំទ្រ​ពី​ទឹក​ស្អាត ១០០១ កែម បាន​រៀនជំនាញ​ទីផ្សារ ហិរញ្ញវត្ថុ ប្រាស្រ័យ​ទាក់ទង និង​រៀបចំ។ ដោយ​ប្រើប្រាស់​ចំណេះ​ដឹង ដែល​គាត់ទើប​ទទួលបាន​ថ្មី​នេះ កែម គិត​ចង់​ពង្រីក​សិប្បកម្មទឹកស្អាត​របស់​គាត់​បន្ថែម​ទៀត។​
បច្ចុប្បន្ន​នេះ បើទោះបីជា​គាត់​ធ្វើ​ម្តង​មួយជំហានៗ​ក៏ដោយ គោលដៅរបស់គាត់ គឺ​សន្សំ​ប្រាក់​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ទិញ​ឡានថ្មីមួយគ្រឿង។ បើតាម​ការ​លើក​ឡើង​របស់​កែម ឡាន​របស់​គាត់​បច្ចុប្បន្ននេះ ពុំ​មាន​បង្អួច​ឡើយ បើក​បាន​យឺត និង​ពិបាក​បើក។ “បន្ទាប់ពី​ខ្ញុំ​បាន​ឡាន​ថ្មី ខ្ញុំ​នឹង​អាច​លក់​ទឹក​បាន​ច្រើន​ធុង​បន្ថែមទៀត។ បន្ទាប់​មក ខ្ញុំ​នឹង​គ្រោង​ធ្វើ​អ្វី​ផ្សេងទៀត។”

***

យូនីសេហ្វ​ ផ្តល់​ការ​គាំទ្រ​ដល់​កុមារ និង​គ្រួសារ នៅ​តាម​សហគមន៍ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទទួលបាន​ទឹក​ស្អាត និង​មាន​សុវត្ថិភាព សម្រាប់បរិភោគ ក្រោមកម្មវិធី​ផ្គត់ផ្គង់ទឹក​ស្អាត និង​អនាម័យ ដែល​ទទួលបាន​មូលនិធិពី​ក្រុមហ៊ុន​អ៊ីអន។ ទឹក​ និង​អនាម័យ​មិន​ស្អាត គឺជា​បញ្ហា​ធំមួយ ដែល​មាន​ផលប៉ះពាល់​ដល់​ជីវិត​របស់កុមារ ក្នុង​ប្រទេស​កម្ពុជា។ ការខ្វះជាតិទឹក​ បង្ក​ដោយ​ជំងឺ​រាក ដែល​អាច​បណ្តាលមកពី​ទឹក​ផឹកមិន​ស្អាត គឺជា​មូលហេតុ​នាំមុខគេមួយ ដែល​នាំឲ្យ​កុមារ​ឈឺ និង​ស្លាប់ ទូទាំង​ពិភពលោក។ គេ​ប៉ាន់ប្រមាណថា មាន​ប្រជាជន​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​តែ ៦៩ ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ទឹក​ស្អាត​សម្រាប់ផឹក ដោយ​អត្រានេះ​ថយចុះ​មក​នៅ ៦០ ភាគរយ នៅ​រដូវ​ប្រាំង (ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ ២០១៤)។​


No comments:

Post a Comment