Thursday, April 21, 2016

កុមារជាមុខទំនិញ៖ ការប្រយុទ្ធប្រឆាំងរបរទុច្ចរិតលើកុមារកំព្រានៅកម្ពុជា

ដោយ រ៉ូបឺត ខាម៉ៃឃើល

To read this post in English, please click here.

នៅពេលកុមារអាយុ១២ឆ្នាំ ឈ្មោះសាឌី ត្រូវបានយកមកដាក់​នៅ​ក្នុង​មណ្ឌលកុមារកំព្រាកាលពីមួយទសវត្សរ៍មុន ដែលស្ថិតនៅតាមដងស្ទឹងក្នុងក្រុង បាត់ដំបងភាគ​ខាង​​លិច​​នៃ​​ប្រទេស​កម្ពុជា គឺមិនមែនដោយសារឪពុកម្តាយនាងបានបាត់បង់ជីវិតនោះឡើយ ប៉ុន្តែ គឺដោយ​សារ​ពួកគាត់​ក្រីក្រ​ពេក។

នៅក្នុងពេលនោះ ប្រជាជនកម្ពុជាប្រមាណពាក់កណ្តាល រស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ។ ទោះបី សមាមាត្រនេះត្រូវបានកាត់បន្ថយអស់ច្រើនជាងពាក់កណ្តាលហើយក៏ដោយ ប្រជាជន ២,៥លាននាក់ នៅតែរស់​នៅ​ក្នុងភាពក្រីក្រនៅឡើយ។

សាឌី និងម្តាយនាង (បែរខ្នង) និយាយជាមួយលោកស្រី តារា វីនគ្ល័រ (ឆ្វេង)
និងបុគ្គលិកម្នាក់នៃ
អង្គការ CCT

© 
UNICEF Cambodia/2015/ Robert Carmichael

ឪពុកម្តាយសាឌីដែលមិនអាចទំនុកបម្រុងកូនរបស់ពួកគាត់ដែលមានរហូតដល់៩នាក់នោះ ពួកគាត់ជឿថា ការ​ដាក់នាងនិងប្អូនប្រុសរបស់នាងនៅក្នុងមណ្ឌលកុមារកំព្រា អាចឲ្យពួកគេបានចូលរៀន និងអាចមានជីវិតរស់នៅ​ប្រសើរ​ជាងមុន។ នេះជាការយល់ខុសជាទូទៅនៅកម្ពុជា។

សាឌីពោលទាំងទឹកភ្នែកថា “ខ្ញុំចាំថា ខ្ញុំអង្គុយនៅក្រៅផ្ទះជជែករឿងនេះជាមួយឪពុកខ្ញុំ ហើយគាត់​ពោល​​​​ថា៖ “កូនត្រូវខំរៀន។ ប៉ាគ្មានអ្វីឲ្យកូនទេ ក្រៅពីនាំពួកឯងមកទីនេះ - នេះជាអំណោយតែមួយដែល​ប៉ា​អាចផ្តល់​ឲ្យកូនបាន”។

មណ្ឌលកុមារកំព្រានេះបានក្លាយជាផ្ទះរបស់នាងអស់រយៈពេលពីរឆ្នាំ។

លោក ប្រ៊ូស ក្រាន ប្រធានកម្មវិធីគាំពារកុមារនៃអង្គការយូនីសេហ្វនៅកម្ពុជាបានពោលថា ករណី របស់សាឌី គឺជា​និយាមទូទៅមួយ៖ បីនាក់ក្នុងចំណោម ”កុមារកំព្រា” កម្ពុជាបួននាក់ មានយ៉ាងហោចណាស់ ឪពុកឬម្តាយនៅ​រស់ ឬ សាច់ញាតិជិតស្និទ្ធក្នុងគ្រួសារដែលនៅរស់។

លោកពោលថា “ភាពក្រីក្រ និងការស្វែងរកឱកាសសិក្សាប្រសើរជាងមុន គឺជាកត្រាជំរុញដ៏សំខាន់”។

អង្គការយូនីសេហ្វ គឺជាដៃគូអភិវឌ្ឍន៍នាំមុខជាមួយក្រសួងសង្គមកិច្ច ដែលជាស្ថាប័នរដ្ឋាភិបាល​ទទួល​ខុសត្រូវលើការថែទាំជំនួស។ លោក ក្រាន ពន្យល់ថា អង្គការយូនីសេហ្វមានតួនាទីពីរគឺ៖ ជួយក្រសួង នៅពេល​ដែលក្រសួងនេះរៀបចំបង្ហើយក្របខ័ណ្ឌបទប្បញ្ញត្តិរបស់ខ្លួន និងជួយក្រុមសង្គមស៊ីវិលដែលផ្តល់សេវា​ចាំបាច់​សម្រាប់ជួយកុមារឲ្យវិលត្រឡប់ទៅសហគមន៍របស់ពួកគេវិញ។

លោកពោលថា “កុមារភាគច្រើនក្នុងមណ្ឌលកុមារកំព្រានេះ មិនគួរមានវត្តមាននៅទីនេះ តាំងពីដំបូងម្លេះ។”

មូលហេតុដែលមានកុមារច្រើននៅតាមមណ្ឌលកុមារកំព្រា គឺដោយសារមណ្ឌលកុមារកំព្រាជាច្រើន គឺជា​របរ​ទុច្ចរិត ពោលគឺជាអាជីវកម្មរបស់​បុគ្គលទុច្ចរិត ដែលសន្យាជាមួយឪពុកម្តាយក្រីក្រ ដែលពុំដឹងអំពីរឿងនេះ​ថា កូនៗរបស់ពួកគេនឹងមាន​ជម្រកសមរម្យ អាហារគ្រប់គ្រាន់ និងបានចូលរៀន។

ផ្ទុយមកវិញ ម្ចាស់មណ្ឌលផ្តោតមុខព្រួញលើការទាក់ទាញភ្ញៀវទេសចរឲ្យមកធ្វើទស្សនកិច្ចនៅមណ្ឌល​កុមារកំព្រា ដោយមានចេតនារក្សាទុកកុមារទាំងនេះក្នុងលក្ខខណ្ឌក្រីក្រទុរគ៌តបំផុត និងប្រើប្រាស់ពួកគេសម្រាប់​ជានុយ - តាមដែលសាឌីបាន​ចង​ចាំ​យ៉ាងច្បាស់ - ដើម្បីជាថ្នូរនឹងប្រាក់កាស និងអំណោយ សម្រាប់ហោប៉ៅរបស់​ពួកគេផ្ទាល់ខ្លួន។

ទោះបីភ្ញៀវភាគច្រើនមានចេតនាល្អក៏ដោយ ការជួយរបស់ភ្ញៀវទាំងនោះ ជាការបន្តឲ្យមានបរិយាកាស​មួយ​ដែល​ច្រើន​តែពាក់ព័ន្ធនឹងអំពើពុករលួយ និងការបៀតបៀន ដែលអន្តរាយដល់កុមារដែលពួកគេ​ព្យាយាម​ជួយ។

ល្បែងតួលេខ
គ្មានអ្នកណាម្នាក់ដឹងទេថា មានមណ្ឌលកុមារកំព្រាប៉ុន្មានកន្លែងនៅកម្ពុជា ទោះបីការអង្កេតមួយកំពុង​ធ្វើ​ឡើងដោយរដ្ឋាភិបាល និងអង្គការយូនីសេហ្វ បានរកឃើញថា មានយ៉ាងច្រើនក៏ដោយ ធៀបនឹងអ្វីដែលជាការ​គិតពី​ដំបូង។

នៅឆ្នាំ២០១៤ ក្រសួងសង្គមកិច្ចបានដឹងថា មានគ្រឹះស្ថានថែទាំកុមារតាមមណ្ឌលចំនួន១៣៩កន្លែង ក្នុងខេត្តចំនួនប្រាំក្នុងចំណោមខេត្ត-ក្រុងទាំង២៥ នៃ​ប្រទេសកម្ពុជា។ ការអង្កេតមួយនៅឆ្នាំ២០១៥ បានរក​ឃើញថា នៅក្នុងខេត្តទាំងប្រាំនោះ មានមណ្ឌលចំនួន២៦៧ ដែលតួលេខនេះច្រើនជាងចំនួនខាងលើជិតពីរដង ដែលក្នុងនោះមានកុមារស្នាក់នៅចំនួន១១.៧៨៨នាក់ ដែលប្រមាណជា​ពាក់កណ្តាលនៃតួលេខនេះជាកុមារី។ តួលេខនេះមានជិតពីរភាគបី ច្រើន​ជាង​​ចំនួន​កុមារ ៧.៥៤៥ នាក់ ដែលក្រសួងនេះបានកត់ត្រាកាលពីឆ្នាំមុន។

មណ្ឌលកុមារកំព្រាច្រើនជាង៣០កន្លែង នៅពុំទាន់ទាំងបានចុះបញ្ជីជាមួយរដ្ឋាភិបាលផង ដែលមាន​ន័យ​ថា ពួកគេធ្វើប្រតិបត្តិការដោយលាក់កំបាំង។ កុមារ ៦.៦៦៣ នាក់ផ្សេងទៀត រស់នៅក្នុងគ្រឹះស្ថាន ១៣៤ បន្ថែមទៀត ដូចជា​តាមផ្ទះដែលរស់នៅរួមគ្នា និងតាមអន្តេវាសិកដ្ឋាន។ គេអាចដឹងបានពិស្តាច្រើនជាងនេះ​អំពី​ស្ថាន​ភាព​បែបនេះនៅទូទាំង​ប្រទេស នៅពេលដែលការអង្កេតពេញលេញបញ្ចប់នៅចុងឆ្នាំ២០១៥។

គេដឹងច្បាស់ណាស់អំពីហានិភ័យនៃការបៀតបៀននៅក្នុងមណ្ឌលកុមារកំព្រា។ ប៉ុន្តែគេដឹងតិចជាងនេះ អំពីភស្តុតាងជាច្រើនទសវត្សរ៍ ដែលបានបង្ហាញថា កុមារដែលបានស្នាក់នៅតាមមណ្ឌលបែបនេះ សូម្បីនៅ​តាម​​មណ្ឌលដែលមានការថែទាំបានល្អ​ក៏ដោយ បានរងគ្រោះដោយសារតែខួរក្បាលរបស់ពួកគេ​ពុំបានវិវត្ត​សម​ស្រប​ឡើយ​។ ប្រការនេះធ្វើឲ្យពួកគេពិបាករស់នៅចុះសម្រុងក្នុងសង្គម នៅពេលពួកគេធំពេញវ័យ។ នេះក៏មានន័យផងដែរថា ពួកគេទំនងជាធ្លាក់ខ្លួនទៅក្នុងសកម្មភាពរកស៊ីផ្លូវភេទ ឬអំពើព្រហ្មទណ្ឌ ហើយ​អាចឈានទៅដល់ការធ្វើអត្តឃាតផងដែរ។

ប៉ុន្តែ សម្រាប់ជនទុច្ចរិត មណ្ឌលកុមារកំព្រា គឺជាកន្លែងធ្វើអាជីវកម្មដ៏ល្អមួយ។ គ្មានអ្វីគួរឲ្យភ្ញាក់​ផ្អើលទេ​ថា ចំនួន​មណ្ឌលកុមារកំព្រាបានកើនឡើងជាខ្លាំង៖ ជាក់ស្តែងរវាងឆ្នាំ២០០៥ និង២០១១ ចំនួនមណ្ឌលកុមារ​កំព្រា​ដែល​​គេស្គាល់ បានកើនឡើងពីរភាគបី។ កំណើននេះពិតជាឆ្លុះបញ្ចាំងពីការហក់ឡើងនៃចំនួនភ្ញៀវ​ទេសចរ​នៅ​ក្នុង​អំឡុងឆ្នាំដូចគ្នានេះដែរ។ អ្នកដែលពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងរបរទុច្ចរិតតាមមណ្ឌលកុមារកំព្រា ពោល​ថា​ កត្តាទាំង​ពីរនេះផ្សារភ្ជាប់គ្នា។

ក្នុងចំណោមអ្នកទាំងនោះគឺ អ្នកស្រី ថារា វីនគ្ល័រ អាយុ ២៩ ឆ្នាំ ដែលជាសកម្មជនអូស្រ្តាលីមួយរូប។ គាត់​មក​កម្ពុជាលើកដំបូងនៅឆ្នាំ២០០៥ ក្នុងនាមជាភ្ញៀវទេសចរមួយរូបដែលពុំបានដឹងពីរឿងនេះ ហើយ​បាន​ប្តេជ្ញា​ថានឹងទៅទស្សនាមណ្ឌលកុមារកំព្រា។

គាត់មានអារម្មណ៍តក់ស្លុតចំពោះអ្វីដែលគាត់បានឃើញ។ នៅមណ្ឌលកុមារកំព្រាមួយកន្លែងក្នុង​ខេត្ត​បាត់​ដំបង - គឺមណ្ឌលដែលសាឌីត្រូវបានបញ្ជូនទៅស្នាក់នៅក្នុងឆ្នាំបន្ទាប់ - “កុមារកំព្រា”ទាំងពីរភេទប្រមាណជា​ជាង​ដប់​នាក់ ក្នុង​អាយុខុសៗគ្នា គេងផ្ទាល់លើក្តារក្រាលក្នុងបន្ទប់តែមួយ ហើយតាមធម្មតា ត្រូវតែរកអាហារមក​បរិ​ភោគ​​​ដោយខ្លួនឯង ពោលគឺ សត្វល្អិត កណ្តុរ ត្រី - នៅក្នុងស្រះនានាជិតនោះ និងនៅតាមវាលស្រែ។

ជាមួយការប្តេជ្ញាជួយ អ្នកស្រី វីនគ្ល័រ បានចាប់ផ្តើមកៀងគរមូលនិធិនៅប្រទេសអូស្រ្តាលី។ មួយឆ្នាំក្រោយ​មក  ក្រោយពីបានប្រមូលបានជាច្រើនម៉ឺនដុល្លារសម្រាប់មណ្ឌលកុមារកំព្រា អ្នកស្រី វីនគ្ល័រ បានដឹងថា លក្ខខណ្ឌ​នា​នា​ដែលគាត់បានឃើញ គឺជាការបង្កើតបំភាន់ភ្នែកតែប៉ុណ្ណោះ។

អ្នកស្រី វីនគ្ល័រ បានវិលត្រឡប់មកបាត់ដំបងវិញនៅឆ្នាំ២០០៧ និងដែលបានបង្កើតមូលនិធិ​កុមារ​កម្ពុជា (CCT) ដែលជាអង្គការមិនរកផលចំណេញមួយ មានគោលដៅធ្វើសមាហរណកម្មកុមារកំព្រា​ទៅក្នុង​សហគមន៍វិញ បានពោលថា “មណ្ឌលកុមារកំព្រាជាច្រើននៅកម្ពុជា ធ្វើឲ្យកុមារនៅតែក្រីក្រ ក្នុងបំណង​ទាក់​ទាញ​សមានចិត្តអាណិតអាសូរ ហើយពួកគេរស់នៅទីនោះជាមួយហានិភ័យនៃការបៀតបៀនកម្រិតខ្ពស់”។

អង្គការ CCT គឺជាផ្នែករបស់បណ្តាញមួយហៅកាត់ថា 3PC ដែលមានន័យថា ភាពជាដៃគូដើម្បី​គាំពារ​កុមារ។ បណ្តាញ 3PC ដែលអង្គការយូនីសេហ្វជួយគាំទ្រ បាននាំអង្គការមិនរកផលចំណេញចំនួនប្រាំបួន និង​អង្គការ​សហគមន៍ចំនួនច្រើនជាង៤០ មករួបរួមគ្នា ដើម្បីផ្តល់សេវាគាំពារកុមារដែលងាយរងគ្រោះបំផុតប្រមាណ ២០.០០០នាក់ ក្នុងមួយឆ្នាំៗ។

បណ្តាញនេះគឺជាគ្រឹះសម្រាប់ចំណុចដៅមួយដែលរដ្ឋាភិបាលបានប្រកាសនៅក្នុងពេលថ្មីៗនេះថា “ដល់​ឆ្នាំ២០១៨ រដ្ឋាភិបាលមានគោលដៅបង្វែរ ៣០ភាគរយនៃកុមារចំនួន ១១.៧៨៨ នាក់ ដែលគេដឹងថា​កំពុងរស់​នៅតាមគ្រឹះស្ថាននានាក្នុងខេត្តចំនួនប្រាំ ឲ្យត្រឡប់ទៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេវិញ។”

ចំណុចសំខាន់នៃវិធីសាស្រ្តនេះ គឺការប្រយុទ្ធប្រឆាំងភាពក្រីក្រនៅតាមគ្រួសារ ដោយសារ វាជាកត្តាគន្លឹះ​ស្ថិតនៅពីក្រោយបញ្ហានេះ។ នេះមានន័យថា ធ្វើការជាមួយគ្រួសារដែលប្រឈមហានិភ័យ ដើម្បីជួយពួកគេថែទាំ​កូន​ៗរបស់ខ្លួន និងធ្វើសមាហរណកម្មកុមារទាំងឡាយណាដែលស្ថិតនៅក្នុងមណ្ឌលកុមារកំព្រារួចទៅហើយ។

ដោយចង្អុលបញ្ជាក់ថា ការចំណាយនេះមានត្រឹមតែមួយភាគដប់នៃថ្លៃចំណាយសរុបប៉ុណ្ណោះ និងគ្រាន់​តែ​ធ្វើ​ឲ្យ​កុមារទាំងនោះរស់នៅក្នុងសហគមន៍ ជាងការដាក់ពួកគេនៅតាមមណ្ឌលថែទាំ លោកស្រី វីនគ្ល័រ ពោលថា “ដំណោះស្រាយសម្រាប់គ្រួសារក្រីក្រ មិនមែនជាការដកយកកុមារចេញពីគ្រួសាររបស់ពួកគេនោះទេ ប៉ុន្តែត្រូវជួយ​​គ្រួសារទាំងនោះឲ្យថែទាំកុមារ”។

មណ្ឌលអប់រំនៃអង្គការ CCT ជាកន្លែងដែលកុមារទទួលបានការសិក្សាបន្ថែម
© Cambodian Children’s Trust

ពីអតីតកាលអាប់អួរ ទៅអនាគតភ្លឺស្វាង?

សព្វថ្ងៃ អ្នកស្រី វីនគ្ល័រ ចំណាយពេលភាគច្រើនរបស់គាត់ដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃ​ទេសចរណ៍ទៅកាន់មណ្ឌលកុមារកំព្រា “ដូច្នេះអ្នកដទៃសូមកុំប្រព្រឹត្តខុសដូចខ្ញុំ” និងលើកទឹកចិត្តអ្នកទាំងឡាយ ដែល​ចង់​ជួយ ឲ្យជួយប្រកបដោយការស្ថាបនា។

ដោយ​គូស​បញ្ជាក់ពីយុទ្ធនាការសុវត្ថិភាពកុមារអន្តរជាតិ(www.thinkchildsafe.org) អ្នកស្រីពោលថា ការរៀនសូត្រអំពីបញ្ហានានាមុនពេលធ្វើសកម្មភាព គឺជាការចាប់ផ្តើម​ដ៏​ល្អ​មួយ។ អ្នកទាំងឡាយ​ដែល​ចង់ផ្តល់​ប្រាក់ គួរតែដាក់ប្រាក់នោះជាមួយក្រុមដែលជួយគ្រួសារនានា និងមិនត្រូវប្រគល់ទៅឲ្យមណ្ឌលកុមារកំព្រា ឬ កុមារ​សុំទានឡើយ។ ហើយអ្នកទាំងឡាយគួរតែនៅឲ្យឆ្ងាយពីមណ្ឌលកុមារកំព្រា។

ផ្ទាំងរូបភាពយុទ្ធនាការសុវត្ថិភាពកុមារ ដោយអង្គការមិត្តសំឡាញ់អន្តរជាតិ
និងបណ្តាញសុវត្ថិភាពកុមារ ជាមួយការឧបត្ថម្ភពីអង្គការយូនីសេហ្វ

អ្នកស្រី វីនគ្ល័រពោលថា “ទោះបីភ្ញៀវទេសចរតាមមណ្ឌលកុមារ​កំព្រា​ជា​ច្រើន ពុំចង់បង្កការឈឺចាប់ចំពោះ​កុមារក៏ដោយ កុមារទាំងនេះត្រូវបានបំបែកចេញពីគ្រួសារ ពីការស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះពួកគេ។ ហើយនៅពេលអ្នកជាទីស្រឡាញ់ ដែលមានចិត្តមេត្តាទាំងនេះចូលមក ជាមួយការបង្ហាញក្តីស្រឡាញ់ និងការយក​ចិត្តទុកដាក់ ហើយបន្ទាប់មកក៏ចាកចេញទៅវិញ វាបង្កឲ្យមានអារម្មណ៍នៃការបោះបង់ចោលជាថ្មីម្តងទៀត។”

លោកស្រីបន្ថែមទៀតថា នៅទីនេះក៏ងាយស្រួលប្រព្រឹត្តអំពើទេសចរផ្លូវភេទ និងអាសអាភាសផងដែរ។

លោក ក្រាន នៃអង្គការយូនីសេហ្វ ពោលអំពីដំណើរការឈានទៅធ្វើនិយ័តកម្មប្រព័ន្ធនេះឲ្យប្រសើរ​ជាង​មុន ក្នុងចំណោមការកែប្រែនានា ដោយមានគោលដៅកាត់ចំនួន ៣០ភាគរយ។ កុមារអាយុតិចជាងបីឆ្នាំ ក៏នឹង​មិន​អនុញ្ញាតឲ្យដាក់នៅតាមការថែទាំតាមមណ្ឌលឡើយ។ ដល់ពាក់កណ្តាលឆ្នាំ ២០១៦ គ្រឹះស្ថាននីមួយៗ ដែល​ពាក់ព័ន្ធនឹងការផ្តល់ជម្រកដល់កុមារ ត្រូវតែចុះបញ្ជីនៅក្រសួងសង្គមកិច្ច។

គោលដៅធំទូលាយគឺថា ការថែទាំតាមមណ្ឌលត្រូវប្រើប្រាស់ជាជម្រើសចុងក្រោយប៉ុណ្ណោះ ហើយសូម្បី​ក្នុង​ករណី​នេះក៏ដោយ ក៏ត្រូវធ្វើឡើងត្រឹមតែក្នុងរយៈពេលខ្លីបំផុតតាមតែអាចធ្វើបាន និងនៅតែតាម​គ្រឹះស្ថាន​ដែល​គោរព​តាមលក្ខខណ្ឌស្តង់ដារខ្ពស់បំផុតប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការថែទាំដោយអាណាព្យាបាល ឬ ការរស់​នៅក្នុង​គ្រួសារខ្លួន មានលក្ខណៈប្រសើរជាងឆ្ងាយណាស់សម្រាប់កុមារ ធៀបនឹងការរស់នៅតាម​មណ្ឌល សូម្បីតាមតែមណ្ឌលនោះជាគ្រឹះស្ថាន​ដែលមានស្តង់ដារខ្ពស់បំផុតក៏ដោយ។

សាឌីពោលថា នៅថ្ងៃដែលអង្គការ CCT នាំនាងចេញពីមណ្ឌលកុមារកំព្រា វាហាក់ដូចជា”ការចាប់ផ្តើម​ជីវិតថ្មី”។ បន្ទាប់មក អង្គការមិនរកផលចំណេញនេះបានតាមរកឪពុកម្តាយនាង បញ្ជូនពួកគាត់ពីភូមិ មកបាត់​ដំបង និងបានជួយ​ពួកគាត់ឲ្យមានរបរប្រាកដប្រជា។ CCT ក៏បានធ្វើឲ្យប្រាកដផងដែរថា បងប្អូនរបស់សាឌី បាន​ចូលរៀន។ នៅឆ្នាំ ២០១៣ មុនពេលដែលឪពុកនាងស្លាប់ សាឌីបានត្រឡប់មកផ្ទះវិញ។

សព្វថ្ងៃនេះ សាឌីដែលមានអាយុ ២៣ឆ្នាំហើយនោះ កំពុងរៀនឆ្នាំទីពីរនៃសាលាគិលានុប្បដ្ឋាកថ្នាក់បឋម និង​ជាសិស្សឆ្នើម ដែលមានទំនុកចិត្តខ្ពស់ថា ជំនាញរបស់នាងនឹងអាចជួយអ្នកដទៃបាន។

នាងពោលថា “ឥឡូវនេះ ខ្ញុំរៀននៅសកលវិទ្យាល័យ បងប្អូនរបស់ខ្ញុំក៏បានចូលរៀនផងដែរ ម្តាយខ្ញុំមាន​ការ​ងារ​ធ្វើ ហើយយើងរស់នៅដោយសុភមង្គល។”

* ឈ្មោះសាឌី ត្រូវបានប្តូរ ដើម្បីការពារអត្តសញ្ញាណរបស់នាង។



No comments:

Post a Comment