Monday, April 18, 2016

ស្រមៃថា...

ដោយ ហេងសូរីតា 

To read this post in English, please click here.

សូរីតា អាយុ ១៨ ឆ្នាំ គឺជានិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នៅកម្ពុជា។ នាងក៏ជាអ្នកសរសេរប្លុករបស់គេហទំព័រសកល​ Voice of Youth ផងដែរ។ នៅក្នុងឱកាសនៃទិវាទឹក​ពិភព​លោក និងយុទ្ធនាការសកល #ClimateChain របស់​អង្គការយូនីសេហ្វ យើង​សូមបង្ហាញ​ជូន​អត្ថបទរបស់នាង  ស្តីអំពីការយល់ឃើញរបស់នាង​លើ បញ្ហា​បម្រែបម្រួលអាកាសធាតុ។

សូរីតា ចូលរួមនៅក្នុងយុទ្ធនាការ #ClimateChain របស់អង្គការយូនីសេហ្វ
© Sorita Heng

សូមស្រមៃមួយភ្លែតថា រូបអ្នកមានគ្រួសារ។ កូនប្រុសឬកូនស្រីរបស់អ្នក មានអាយុបីឆ្នាំ ហើយ​ស្ថានភាព​នៃការរស់នៅរបស់អ្នកមានដូចតទៅ...

. អ្នកគឺជាកសិករមួយរូបនៅកម្ពុជា។ ខេត្តរបស់អ្នកទើបតែរងគ្រោះពី ទឹកជំនន់ដ៏ធំមួយ។ ស្រូវក្នុង​ស្រែ​របស់អ្នកត្រូវបានបំផ្លាញទាំងស្រុង។ កូនស្រីរបស់អ្នកមានរោគរាករូសមិនបាត់សោះ។ នាងមាន​សភាពស្លេកស្លាំង ហើយបបូរមាត់នាងប្រេះ។ ផ្លូវថ្នល់លិចទឹកយ៉ាងជ្រៅដែលមិនអាចឲ្យអ្នកនាំនាង​ទៅ​មន្ទីរពេទ្យ​បានឡើយ។ ទឹក លិចជុំវិញផ្ទះដល់ត្រឹមជង្គង់ ដែលជះនូវ ក្លិនមិនល្អ។

. អ្នកគឺជាមនុស្សក្នុងត្រកូលថ្នាក់កណ្តាលមួយក្នុងប្រទេសចិន។ អ្នករស់នៅក្នុងទីក្រុងឧស្សាហម្មដ៏ធំ មួយដែលជារដ្ឋធានី គឺក្រុងប៉េកាំង។ ទីក្រុងនេះកំពុងហ៊ុំព័ទ្ធដោយផ្សែងអ័ព្ទ។ អ្នកទើបតែបញ្ជូន​កូនប្រុស​ទាំងតក់ក្រហល់ទៅមន្ទីរពេទ្យ។ ថ្មីៗនេះ គាត់ក្អកជាញឹកញាប់ និងពិបាកដកដង្ហើម។ អ្នកបារម្ភ​ថាកូន​ប្រុស​កំពុងប្រឈមនឹងការប៉ះទង្គិចដោយសាររោគហឺត។ គាត់ធ្លាប់ជួបប្រទះបញ្ហានេះជា​ច្រើនលើក ហើយ​អ្នកនៅចងចាំនៅឡើយពីស្ថានភាពលើកក្រោយបង្អស់ នៅពេលដែលបបូរមាត់​របស់គាត់ ប្រែ​ជា​ពណ៌ខៀវ។ នៅពេលនោះ អ្នកគិតថា គាត់អាចនឹងបាត់បង់ជីវិត។

. អ្នករស់នៅក្នុងសហរដ្ឋអាមេរិក។ មនុស្សទាំងឡាយគិតថា អ្នករស់នៅក្នុងសភាពល្អឥតខ្ចោះ ពោលគឺ ជីវភាពបែបតារាហូលីវូដ នៅក្នុងទីក្រុងឡូសអេនជេឡែស។ ប៉ុន្តែកូនស្រីរបស់អ្នកបាន នឹងកំពុងមាន​បញ្ហា​ក្នុងការដក​ដង្ហើម បន្ថែមលើការក្អក និងឈឺទ្រូង។ តាមអ្វីដែលអ្នកបានអាននៅលើសារព័ត៌មាន បញ្ហានេះអាចបណ្តាលពី​អត្រាខ្ពស់នៃការបំពុលដោយឧស្ម័នអូហ្សូនដែលមានឥទ្ធិពលមកលើនាង។ គេបានរកឃើញថា ឡូសអេនជេឡែសមានការបំពុលកម្រិតខ្ពស់បំផុតលើឧស្ម័នអូហ្សូន ធៀបនឹង​ទីក្រុងនានាក្នុងប្រទេសនេះ។ អ្នកត្រូវស្វែងរកការងារនៅកន្លែងផ្សេង និងរកឲ្យបានយ៉ាងឆាប់រហ័ស។

. ស្បែករបស់អ្នកស្ងួត។ ដីក៏ស្ងួតក្រៀម។ អេត្យូពី គឺជាប្រទេសកំណើតរបស់អ្នក ហើយគ្រោះរាំង​ស្ងួត​ដែល​កាន់តែ​អាក្រក់ បានធ្វើឲ្យអ្នកជួបបញ្ហាអត់ឃ្លាន និងខ្វះទឹក។ អ្នកអាចឃើញឆ្អឹងជំនីរកូនប្រុស​របស់អ្នក ដែលស្គម​ស្គាំងមាន​តែស្បែកដណ្តប់ឆ្អឹង។ ដំណាំទាំងឡាយស្វិតស្រពោន។ ទឹកខ្សត់ខ្លាំងណាស់ - អ្នកត្រូវចេញដំណើរជា​រៀងរាល់ថ្ងៃជាមួយធុងទឹកដើម្បីស្វែងរកទឹក។ អ្នកសច្ចាថាមិនធ្វើឲ្យខ្លួនឯងក្លាយ​ជាឥតប្រយោជន៍ឡើយ។ ប្រសិនបើអ្នកមិនអាចចិញ្ចឹមកូនបានត្រឹមត្រូវ ក្នុងករណីនោះយ៉ាងហោចណាស់ អ្នក​ត្រូវតែកាត់បន្ថយភាពស្រេកទឹករបស់កូន។

ទាំងនេះគ្រាន់តែជាស្ថានភាពមួយចំនួន សម្រាប់ឲ្យអ្នកអាចចាប់ផ្តើមគិត។ ហើយទាំងនេះមិនមែនជា​ស្ថានភាពដែលស្ថិត​នៅក្នុងអនាគតវែងឆ្ងាយនោះឡើយ។ ស្ថានភាពទាំងនេះកំពុងកើតឡើងហើយ ហើយកុមារកំពុង​រង​ឥទ្ធិពលទាំងនេះជាខ្លាំង។

យោងតាមអង្គការ យូនីសេហ្វ កុមារច្រើនជាងប្រាំរយលាននាក់ រស់នៅក្នុងតំបន់នានាដែលមានទឹកជំនន់​ធ្ងន់ធ្ងរ។ គ្រោះថ្នាក់នានារួមមាន រោគដែលទាក់ទងនឹងទឹក ដូចជា រោគរាករូស។ ដោយសារ​ប្រព័ន្ធ​ស៊ាំ​របស់​ពួកគេកំពុងវិវត្ត កុមារជួបហានិភ័យកម្រិតខ្ពស់នៃការធ្លាក់ខ្លួនឈឺ​ជាងមនុស្សពេញ​វ័យ។ នៅទូទាំងពិភពលោក កុមារប្រមាណ ១,៥លាននាក់ បាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសាររោគ​រាករូស។ 

ប៉េកាំង បានប្រកាសអាសន្នអំពីកម្រិតផ្សែងអ័ព្ទតាំងពីខែធ្នូ ឆ្នាំ២០១៥មកម្លេះ។ សមាសធាតុតូចល្អិតដែលបង្កដោយចំហេះឥន្ធនៈផូស៊ីល - បានចូលវាយលុកទីក្រុងនេះ។ បញ្ហាសុខភាព អាចមានចាប់ពីរោគ​ហឺត រហូតដល់មហារីកសួត។ នៅទីនេះ កុមារក៏បានរងគ្រោះកាន់តែច្រើនផងដែរ ដោយសារតែពួកគេដក​ដង្ហើម​ស្រូបយកក្នុងអត្រាពីរដងធៀបនឹងមនុស្សធំ។

ដូចគ្នានេះដែរ ឡូសអេនជេឡែស ក៏កំពុងប្រឈមនឹងបញ្ហានៃការបំពុលខ្យល់ផងដែរ។ ទោះបីមិនសូវជួប​សមាសធាតុតូចល្អិតទាំងនេះក៏ដោយ ទីក្រុងនេះត្រូវបានរាយការណ៍ថា មានការបំពុលដោយឧស្ម័ន   អូហ្សូនក្នុង​កម្រិតប្រកបដោយគ្រោះថ្នាក់។ ហានិភ័យចំពោះសុខភាព មានជាអាទិ៍ ការបាត់បង់ជីវិតទាំង   វ័យក្មេង រោគហឺតធ្ងន់ធ្ងរ និងជំងឺបេះដូង។

បន្ថែមលើនេះ កុមារជិត ១៦០លាននាក់ រស់នៅតាមតំបន់នានាដែលងាយរងគ្រោះចំពោះ​មុខគ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ។ អេត្យូពី បានរងការប៉ះទង្គិចខ្លាំងជាងគេ ដោយកុមារ ៣,៩លាននាក់ មិនអាចទៅសាលារៀន ដោយសារតែគ្រោះរាំងស្ងួត។

គ្រោះថ្នាក់ទាំងអស់នេះ និងគ្រោះថ្នាក់ដទៃទៀត ត្រូវបានរំពឹងថានឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើយើងមិន​កាត់​បន្ថយការបំភាយកាបូន។ ប្រទេសកំពុងអភិវឌ្ឍន៍ នឹងរងការប៉ះពាល់ខ្លាំងជាងគេ ដោយសារប្រទេស​ទាំងនេះពុំមានធនធានគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងបញ្ហាទាំងនេះ។ តួលេខស្ថិតិដែលកាន់តែធ្វើឲ្យ​ខូចទឹកចិត្ត នឹងបន្តបង្ហាញឲ្យឃើញជាបន្តបន្ទាប់។

ក្នុងពេលដ៏ខ្លីនៃវត្តមានរបស់យើងនៅទីនេះ មនុស្សបានធ្វើរឿងជាច្រើននៅលើផែនដី។ យើងបានបង្កើត​កសិកម្ម និងសាងសង់អាគារខ្ពស់ៗ។ យើងបានបង្កើតកវីនិពន្ធចល័ត និងក្រុមតន្រ្តីដ៏អស្ចារ្យ។ យើង​បានបង្កើតភាពអង់អាចក្លាហានគួឲ្យស្ញប់ស្ញែង ប៉ុន្តែយើងក៏ដាក់ខ្លួនយើង ព្រមទាំងសត្វ និងរុក្ខជាតិ​ជា​ច្រើន​លានប្រភេទផ្សេងទៀតនៅលើចំណុចខៀវតូចមួយក្នុងលំហនេះ ឲ្យស្ថិតក្នុងគ្រោះថ្នាក់ជាមួយយើង។

នៅក្នុងសតវត្សរ៍កន្លងមកនេះ ប្រភពនានាបានឲ្យដឹងថា ផែនដីបានកើនកម្តៅ,៧អង្សាសេ។ តួលេខ​នេះ​មិនទំនងជាច្រើនទេ ប៉ុន្តែវាមានប្រមាណប្រាំបីដងឆាប់រហ័សជាងការឡើងកំដៅជាមធ្យមនៅក្រោយ​យុគសម័យទឹកកក។ ឥទ្ធិពលពីធម្មជាតិ តែឯងមិនអាចធ្វើឲ្យឡើងកម្តៅឆាប់រហ័សបែបនេះឡើយ។ ហើយ​នៅទូទាំងប្រវត្តិសាស្រ្ត ការកើនឡើងយ៉ាងឆាប់រហ័សនៃឧស្ម័នផ្ទះកញ្ចក់ បាននាំឲ្យសីតុណ្ហភាពកាន់តែក្តៅ។ ក្នុង​ពេលបច្ចុប្បន្ននេះ ដោយគិតបញ្ចូលទាំងបាតុភូតអេលនីញ៉ូផងនោះ សីតុណ្ហភាពលើពិភពលោកនៅឆ្នាំ ២០១៦ នឹងជាប់ក្នុងកំណត់ត្រាថាមានកម្រិតខ្ពស់។



អ្នកស្រាវជ្រាវខ្លះពោលថា ផែនដីប្រហែលជាត្រូវ ព្រះអាទិត្យលេបនៅថ្ងៃណាមួយ។ អ្នកដទៃទៀតពោល​ថា ផែនដីនឹងត្រូវកំទេចនៅក្នុង‘បន្ទុះចក្រវាល’។ សូមកុំកាត់ពេលវេលារបស់យើងឲ្យនៅខ្លីជាងនេះអ្វីដែលចាំ​បាច់។ មែនទេ?

***
អត្ថបទនេះមិនឆ្លុះបញ្ចាំងពីការយល់ឃើញរបស់អង្គការយូនីសេហ្វឡើយ។

No comments:

Post a Comment