Monday, February 15, 2016

ការសិក្សាពីសង្គម និងផ្លូវចិត្ត៖ តើគួរមានការសិក្សាបែបនេះនៅក្នុងសាលាដែរ ឬទេ?


ដោយ៖ ហេង សូរីតា

ហេង សូរីតា © Sorita Heng

To read this post in English, please click here.

កាលពី២ថ្ងៃមុន មិត្តភក្តិរបស់ខ្ញុំ បានចែករំលែករូបភាពមួយនៅលើហ្វេសប៊ុករបស់គាត់ ដែលក្នុងរូបភាពនោះ មានឃ្លាមួយសរសេរថា “ឆ្លងកាត់ការអប់រំជាច្រើនឆ្នាំ នៅតែមិនមាននរណាបង្រៀនយើងឲ្យចេះស្រឡាញ់ខ្លួនឯង និងសារៈសំខាន់នៃការស្រលាញ់ខ្លួនឯង”

ឃ្លានេះ ធ្វើឲ្យខ្ញុំចុច “​Like” ភ្លាម។ នេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ។ ឆ្នាំនេះគឺជាឆ្នាំដែលខ្ញុំមានការភ្ញាក់ខ្លួនច្រើនណាស់​ លើកម្រិតដែលខ្ញុំមិនចេះស្រលាញ់ខ្លួន និងការវាយតម្លៃខ្លួនឯងខ្លាំងជ្រុល។

ខ្ញុំគិតថា យើងទាំងអស់គ្នាអាចមូលមតិគ្នាថា ការ​ឲ្យតម្លៃខ្លួនឯងទាប វានាំឲ្យយើងមិន​​សប្បាយចិត្ត ដែលតែងតែកើតពីក្តីបារម្ភនិងទុក្ខសោក។ វាជាការនឿយហត់ណាស់ ដែលយើងតែងតែចំណាយពេលវេលា ចង់បានប្រសើរជាងនេះ ឆ្លាតជាងនេះ ស្អាតជាងនេះ។ល។ វាគួរឲ្យមានការធុញថប់ណាស់។ នេះ​មិនទាន់និយាយដល់​រឿងដែលគ្មានប្រយោជន៍ ​ដែលចំណាយពេលគិតពីរឿងទាំងនេះផង។​ អ្វីដែលធ្ងន់ធ្ងរនោះ គឺ​វាបន្សល់ទុកឲ្យយើងបានត្រឹមតែ​ការស្អប់ខ្ពើម និងការឈឺចាប់ប៉ុណ្ណោះ។

តាមពិតទៅ ការបង្រៀនពីសុខមាលភាពផ្លូវចិត្តនៅតាមសាលា ជាការល្អម៉្យាងដែរ។ និយាយរួម យើងចំណាយពេលច្រើននៅសាលា​ ដែលជាកន្លែងដែលយើងចាប់ផ្តើម អភិវឌ្ឍខ្លួនឯង។ ជាក់ស្តែង កម្មវិធីមួយដែលមានឈ្មោះថា “ការសិក្សាពី​សង្គម និងផ្លូវចិត្ត” (SEL​) ដែលមានគោលដៅមួយផ្នែកជួយដល់សិស្សានុសិស្ស​ ​ឲ្យមានទំនាក់ទំនងល្អ​ជាមួយខ្លួនឯងនិងអ្នកដទៃ កំពុងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា​ក្នុង​សាលាមួយចំនួននៅជុំវិញពិភពលោក។

ប៉ុន្តែមុនពេលយើង​ចាប់ផ្តើមនិយាយពីតួនាទីរបស់សាលា​លើបញ្ហានេះគឺបញ្ហា​ធ្ងន់ធ្ងរនៃការឲ្យតម្លៃខ្លួនឯងទាប ខ្ញុំគិតថា វាមានសារៈសំខាន់ដែល​យើងត្រូវពិនិត្យមើល ថា ហេតុអ្វីការចេះស្រឡាញ់​ខ្លួន​មានសារៈសំខាន់ ហើយបើការមិនចេះស្រឡញ់ខ្លួនឯង វាមានផលអ្វីខ្លះ។

ករណីនៃការមិនស្អប់ខ្លួនឯង

និយាយឲ្យស្រួលស្តាប់ទៅ មិនមែនថាយើងស្អប់ខ្លួនឯងនោះទេ ប៉ុន្តែយើងព្យាយាម ឲ្យតម្លៃខ្លួនទាប។ បើមិនអញ្ចឹងទេ មិនមែនយើងចាប់កំហុស​   អ្នកដទៃមកទុកក្នុងចិត្តដើម្បីឲ្យយើងមានអារម្មណ៍គ្រាន់បើ ធ្វើអី? បើមិនអញ្ចឹងទេ យើងចាំបាច់ធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារតែយើង ដើម្បីឲ្យខ្លួនយើងមានអារម្មណ៍​ មានតម្លៃ​កម្រិតណាមួយធ្វើអី?

ទាំងនេះគឺជាកត្តាដែលធ្វើឲ្យយើងដែលកំពុងតែខ្វះសេចក្តីស្រលាញ់លើខ្លួនឯង កាន់តែអាក្រក់ទៅលើខ្លួនឯងបន្ថែមទៀត។ កត្តាទាំងនេះធ្វើឲ្យយើងការយល់ឃើញមិនសូវល្អចំពោះខ្លួនឯង ដោយគិតថាយើងមិនសក្តិសមនឹងទទួលការស្រលាញ់ឬសរសើរ កាន់តែយ៉ាប់ជាងមុនទៅទៀត (មិនយ៉ាប់ជាងមុនយ៉ាងម៉េចបើអ្វីដែលយើងកំពុងធ្វើបង្ហាញថាខ្លួនយើងមិនល្អរួចទៅហើយនោះ) ដែលនេះធ្វើឲ្យយើងបន្តធ្វើការស្តីបន្ទោសខ្លួនឯង។

ការពិតទៅ ប្រភពបញ្ហាមួយដ៏ធំ គឺអារម្មណ៍នៃ ភាពមិនគ្រប់គ្រាន់មិនល្អគ្រប់គ្រាន់ដែលជាជំនឿ ឬធម៌ដែលគេទន្ទិញចាំមាត់ទៅហើយ។  ខ្ញុំចងចាំ នៅពេលដែលខ្ញុំទទួលបរាជ័យ ខ្ញុំចង់លុបពាក្យគ្រប់គ្រាន់ចេញពីវាក្យស័ព្ទរបស់ខ្ញុំ ព្រោះវាគ្មានប្រយោជន៍ទេ។

ការឲ្យតម្លៃទាបដល់ខ្លួនឯង មានច្រើនប្រភេទ សោភណភាព លទ្ធភាព លក្ខណៈសម្បត្តិ ពោលគឺអ្វីៗដែលយើងអាចនឹកឃើញ។ វាមិនត្រឹមធ្វើឲ្យមានអារម្មណ៍ភ័យខ្លាចប៉ុណ្ណោះទេ ដែលមានការឲ្យតម្លៃទាបដល់ខ្លួនឯង វាថែមទាំងមានឥទ្ធិពលជាក់ស្តែង ផងដែរ។ ការសិក្សាមួយក្នុងឆ្នាំ ២០០៦ ដោយសមាគម ចិត្តសាស្រ្តអាមេរិក (American Psychological Association) បានបង្ហាញថា ក្មេងៗជំទង់ដែលមានការឲ្យតម្លៃទាបដល់ខ្លួនឯង តែងតែមានសុខភាពផ្លូវចិត្តនិងផ្លូវកាយខ្សោយ មានឱកាសតិចតួចក្នុងការទទួលជោគជ័យ និងមាននិន្នាការខ្លាំងក្នុងការប្រព្រឹត្តបទល្មើស ពេលគេពេញវ័យ បើប្រៀបធៀបទៅនឹងក្មេងជំទង់​​ដែលឱ្យតម្លៃលើខ្លួនឯងកម្រិតខ្ពស់។

បើចំណុចនេះ មិនមែនជាមូលហេតុគ្រប់គ្រាន់ ចូរគិតថាតើយើងឲ្យគុណតម្លៃជីវិតកម្រិតណា នៅពេលយើងចាប់ផ្តើមស្រឡាញ់ខ្លួនយើង។ នៅពេលយើងរំដោះខ្លួនចេញផុតពីរណ្តៅនេះ តើជីវិតយើងមានលទ្ធភាពសក្តានុពលកម្រិតណា។ តើយើងមានភាពរីករាយកម្រិតណា ពេលយើងពោរពេញទៅដោយសេចក្តីស្រឡាញ់ដ៏លើសលើបរហូតដល់យើងអាចចែករំលែកជាមួយអ្នកដទៃបាន។ តើចក្ខុវិស័យរបស់យើងអំពីលោកនេះទទួលបានភាពថ្កុំថ្កើងកម្រិតណា ពេលយើងមិនដាក់ច្រវាក់ខ្លួនឯងក្នុងគុករបស់យើង។ តើយើងអាចធ្វើអ្វីបានថែមទៀត សម្រាប់ជីវិតដ៏ខ្លីលើផែនដីនេះ បើសិនជាយើងគ្រាន់តែជឿថា យើងអាចធ្វើបាន ។

នេះគឺជាហេតុផលមួយដ៏ល្អ សម្រាប់អ្នកគ្រប់គ្នាដែលចាប់ផ្តើមងើបឲ្យផុតពីរណ្តៅនោះ។

តើវាមានតម្លៃសម្រាប់ការអប់រំទេ?

ទោះជាស្ថិតក្នុងកម្រិតណាក៏ដោយ តើសាលាគប្បីមានការពាក់ព័ន្ធដែរឬទេ?

នោះវាអាស្រ័យលើការ កំណត់អត្ថន័យនៃពាក្យអប់រំ។ បើលោកអ្នកយល់ឃើញថា សាលា​​គ្រាន់តែជាការបង្រៀននូវជំនាញនិងចំណេះដឹងសម្រាប់វិជ្ជាជីវៈជាក់លាក់ណាមួយនោះ សាលាប្រហែលជាមិនកន្លែងសម្រាប់អប់រំពីបញ្ហានេះទេ។លោកអ្នកប្រហែលជាយល់ឃើញថា រឿងរ៉ាវដូចជា ការស្រឡាញ់ខ្លួនឯង ជារឿងបុគ្គល ហើយគប្បីដោះស្រាយជាលក្ខណៈបុគ្គល ជាមួយឪពុកម្តាយបុគ្គលនោះ។ ប៉ុន្តែបើសិនជាលោកអ្នកយល់ឃើញថា សាលាជាប្រភពនៃការសិក្សា ដែលមិនត្រឹមតែផ្តល់ឲ្យសិស្សនូវជីវិតដែលមានវិជ្ជាជីវៈ ប៉ុន្តែជាជីវិតក្នុងនាមមនុស្សពេញវ័យមួយរូប នោះាលាអាចជាកន្លែងដែលការស្រលាញ់ខ្លួនឯងត្រូវបានបង្ហាត់បង្ហាញ។

ប្រការសំខាន់មួយដែលត្រូវកត់សម្គាល់នោះ គឺ មនោសញ្ចេតនាផ្លូវចិត្ត ដើរតួយ៉ាងសំខាន់ក្នុងការសិក្សា។ ដូចដែលលោក Robert Sylwester បានសរសេរអំពីរបៀបដែលមនោសញ្ចេតនាផ្លូវចិត្តជះឥទ្ធិពលដល់ការសិក្សាថាយើងដឹងថា មនោសញ្ចេតនាផ្លូវចិត្ត មានសារៈសំខាន់ក្នុងការសិក្សា ព្រោះថាវាជំរុញឲ្យមានការយកចិត្តទុកដាក់ ហើយជាលទ្ធផលជំរុញឲ្យមានការសិក្សានិងការចងចាំ

ម៉្យាងវិញទៀត ការថប់អារម្មណ៍ក្នុងកម្រិតធ្ងន់ធ្ងរ អាចកាត់បន្ថយសមត្ថភាពសិក្សារបស់សិស្សបាន។ ហើយនៅពេលនិយាយពីរឿងគ្រប់គ្រងការធុញថប់អារម្មណ៍នោះ ការឲ្យតម្លៃលើខ្លួនឯង គឺជាកត្តាមួយដ៏សំខាន់ ក្នុងការកំណត់ពីលទ្ធភាពទប់ទល់ភាពធុញថប់របស់សិស្ស

កម្មវិធីដែលខ្ញុំបានរៀបរាប់ពីខាងលើ (SEL) ផ្តោតលើវិស័យ សិក្សាចំនួន៥គឺ៖ ការស្គាល់ពីខ្លួនឯង ការគ្រប់គ្រងខ្លួនឯង ការយល់ដឹងពីសង្គម ជំនាញ ទំនាក់ទំនង និងការសម្រេចចិត្តដែលមានការទទួលខុសត្រូវ។ ជំនាញមួយ ក្នុងចំណោមជំនាញទាំងនេះ (ការស្គាល់ខ្លួនឯង) អាចជាជំនាញសំខាន់ជាងគេ ក្នុងការបង្រៀនពីសិល្បៈនៃការស្រឡាញ់ខ្លួនឯង។ និយាយរួមទៅ នេះបើតាមបទពិសោធរបស់ខ្ញុំ លោកអ្នកមិនប្រាកដថាចេះស្រឡាញ់ខ្លួនឯងទេ បើលោកអ្នកមិនទាំងស្គាល់ខ្លួនឯងផងនោះ។ 

តាំងពីមានការអនុវត្តគម្រោងនេះ ការវិភាគលើទិន្នន័យ លើកម្មវិធី SEL​ ដោយ Child Development ក្នុងឆ្នាំ ២០១១ បានរកឃើញថា អ្នកចូលរួមក្នុង SEL បានបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់លើជំនាញផ្នែកផ្លូវចិត្តនិងសង្គមអត្តចរិត អាកប្បកិរិយា និងការសិក្សា ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការសម្រេចបានកំណើន ១១ ភាគរយ។   

បច្ចុប្បន្ននេះ SEL ​ត្រូវបានអនុវត្តក្នុងសាលាមួយចំនួន ក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ក្នុងតំបន់អាស៊ីខាងកើត តំបន់ប៉ាស៊ីហ្វិច និងសិង្ហបុរី។ សិក្ខាសាលាថ្មីៗនេះ ដែលរៀបចំដោយ យូនីសេហ្វ បានទាក់ទាញអ្នកជំនាញវិស័យអប់រំចំនួន ៣០រូប ឲ្យមកជួបជុំគ្នា ដើម្បីធ្វើការផ្លាស់ប្តូរគំនិត ដោយសង្ឃឹមថាបណ្តាប្រទេសទាំងឡាយក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នឹងទទួលយកកម្មវិធីយល់ដឹងអំពីផ្លូវចិត្ត ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា។

ទោះជាយ៉ាងនេះក្តី មានក្តីបារម្ភធំៗចំនួនពីរ ដែលខ្ញុំមានអារម្មណ៍ថា មានការពាក់ព័ន្ធនឹងប្រទេសកម្ពុជារបស់ខ្ញុំ។ ទីមួយ៖ កង្វល់ចំពោះសាលាដែលធនធាននៅមានកម្រិតនៅឡើយ។ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធសាលារដ្ឋ នៅតែជាបញ្ហាក្នុងប្រទេសកម្ពុជា តើសាលាមានសមត្ថភាពអនុវត្ត SEL ដែរឬទេ​? ទីពីរ៖ ថាតើត្រូវបែងចែកម៉ោងសិក្សារបៀបណាឲ្យមានប្រសិទ្ធភាពរវាង​ SEL និងការសិក្សាចំណេះទូទៅ​?​ នៅវិទ្យាល័យ គ្រូមួយចំនួនស្ទើរតែមិនអាចបង្រៀនមុខវិជ្ជារបស់ខ្លួនឲ្យបានស៊ីជម្រៅតាមពេលវេលាសម្រាប់មុខវិជ្ជានោះឡើយ។  តើយើងអាចមានម៉ោងណាចន្លោះ សម្រាប់ SEL ដែរឬទេ ក្នុងកម្មវិធីសិក្សា?

ប៉ុន្តែ ប្រហែលជា ដូចអត្ថបទនេះបានលើកឡើង គ្រូពុំចាំបាច់ត្រូវការការគាំទ្រពីសាលាទេ ក្នុងការបង្រៀន SELដោយគ្រាន់តែមានការប្តេជ្ញាចិត្តលើកកម្ពស់ការយកចិត្តទុកដាក់ និងបង្កើតឲ្យមានបរិយាកាសថ្នាក់រៀនប្រកបដោយការយកចិត្តទុកដាក់ គ្រូអាចទទួលបានជោគជ័យក្នុងការជួយផ្នែកសុខ​​មាលភាពផ្លូវចិត្តរបស់សិស្សានុសិស្ស​​បាន។

ដូច្នេះ ឃើញថា វាអញ្ចឹងមែន…​តើត្រូវទេ?
កម្មវិធីដូចជា SEL មិនមែនកើតឡើងដោយគ្មានការរិះគន់នោះទេ។ Kathryn Ecclestone ​បានប្រើប្រាស់ការស្រាវជ្រាវរបស់នាងផ្ទាល់ និងរបស់អ្នកផ្សេងទៀត ក្នុងអត្ថបទរបស់នាង សម្រាប់ The Conversation ដើម្បីលើកឡើងពីអប្រសិទ្ធភាពនៃកម្មវិធីនេះ។ ភាពគ្មានការសហការចូលរួមពីសំណាក់សិស្ស​​នៅក្នុងកម្មវិធី និងការធ្វើឲ្យសុខមាលភាពរបស់សិស្សកាន់តែយ៉ាប់ជាងមុន តាមរយៈបញ្ហាទាំងឡាយដូចជា ការចំណាត់ថ្នាក់ និងការលើកកម្ពស់ការយល់ដឹងពីហានិភ័យ និងគ្រោះថ្នាក់។

ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី  ប្រហែលជាចំណុចនេះ នៅអាចកែលំអបាន តាមរយៈការបង្កើតឲ្យមាន វិធីសាស្រ្តប្រទាក់ក្រឡាគ្នាច្រើនថែមទៀត។ នេះមិនមែនមានន័យថា ត្រូវលុបបំបាត់ចោលគំនិតនេះទាំងស្រុងនោះទេ។

ដូច្នេះ ខ្ញុំនិយាយថា វាអញ្ចឹងមែន។ ឆ្លងកាត់តាមបទពិសោធរបស់ខ្ញុំ ដែលស្ទើរតែធ្លាក់ដល់បាត          ​រណ្តៅ​​ហើយនោះ ការសិក្សាពីការយកចិត្តទុកដាក់ខ្លួនខ្ញុំផ្ទាល់ខាងផ្លូវចិត្ត មានសារៈសំខាន់ខ្លាំង។ ហើយបើសិនជាយើងរៀនពីរបៀបធ្វើដូច្នេះឲ្យបានឆាប់កាលពីនៅក្មេង នោះឱកាសនៃការកើតមានទម្លាប់អាក្រក់ក្នុងការបន្ទាបបន្ថោកខ្លួនឯងក៏មានតិចតួចដែរ។ ដោយសារតែការឲ្យតម្លៃទាបលើខ្លួនឯងជាបញ្ហាជាក់ស្តែងមួយ នោះការប្រព្រឹត្តចំពោះគ្នាក៏មានលំនាំដូចគ្នានេះដែរ។ ប្រការជាក់ស្តែង មិនគួរគប្បីមានការបណ្តែតបណ្តោយតាមមនោសញ្ចេតនាពេកនោះទេ។

គ្មានព្រះឯណាមកជួយស្រោចស្រង់យើងបាន ជាជាងខ្លួនយើងនោះទេ! ហើយតាមរយៈការដាក់បញ្ចូល​​ការសិក្សាផ្លូវចិត្តចូលក្នុងថ្នាក់រៀនរបស់យើង ប្រហែលជាយើងអាចសម្រេចបានឆាប់ជាងនេះ។

1 comment:

  1. I really apppreciate that you write something about this. I really value the importance of helping students to maintain their well-beint and to focus on self-development at schools. There are such the services at Sudents' Counseling Service (Department of Psychology) and Students' Career Advising Service at Royal University of Phnom Penh. If you are interested to know more, please feel free to contact me through bouyheak@gmail.com (i'm working for master's program in clinical and counseling psychology at the department of psychology, RUPP). Thank you for sharing your thoughts on this important theme.

    ReplyDelete