Thursday, February 11, 2016

បរិយាកាស សុវត្ថិភាពសម្រាប់ កុមាររងគ្រោះពីអំពើជួញដូរ

ដោយ៖ អ៊ីម៉ាន ម៉ូរូកា


Goutte d’eau មណ្ឌលទទួលកុមារដែលត្រូវបានជួយសង្គ្រោះពីការជួញដូរ ជាកន្លែងដែលកុមារអាចរៀនសូត្រ និងលេង
© UNICEF Cambodia/2015/Antoine Raab

To read this post in English, please click here.

នាវេលាម៉ោង១០ព្រឹក ក្មេងៗកំពុងរវល់រៀននៅក្នុងថ្នាក់រៀនខាងក្រៅ រៀបចំឡើង​ដោយមណ្ឌលទទួលកុមារទុរគត របស់​អង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ Goutte d’eau  ស្ថិតនៅក្រុងប៉ោយប៉ែត ភាគពាយព្យនៃប្រទេសកម្ពុជា តាមបណ្តោយព្រំដែន​ថៃ។ ព្រឹកនេះ គ្រូនិទានរឿង បង្រៀន​ក្មេងៗអំពីសារសំខាន់នៃអនាម័យ ខ្លួនប្រាណ។​ កូនសិស្សទាំងឡាយនាំគ្នាសម្លឹងនិង​ស្តាប់គ្រូ ដោយយកចិត្តទុកដាក់។

ប៉ុន្តែនេះមិនមែនជាថ្នាក់រៀនឬសាលាធម្មតានោះទេ។ ថ្នាក់រៀនក្នុង​មណ្ឌលនេះ ត្រូវ​បានរៀបចំឡើងដើម្បីផ្តល់ការអប់រំដល់​កុមារ ដែលត្រូវបានសង្រ្គោះពីអ្នកជួញដូរ  ពោល​​គឺ​ជា​កុមារដែលធ្លាប់រង ការប៉ះទង្គិចផ្លូវចិត្តនិងការកេងប្រវ័ញ្ច។ កុមារនៅ​ក្នុងមណ្ឌលនេះ ទទួលបានមេរៀនជាប្រចាំ។ ពួកគាត់ក៏រៀន ​ចម្រៀង​  និពន្ធដោយគ្រូរបស់គាត់ដែលរៀបរាប់ពីសិទ្ធិកុមារក្នុងការទទួលបានការអប់រំ ការគាំពារ និង​ការយកចិត្តទុកដាក់។ ​ ការនិទានរឿងនៅ ក្នុងថ្នាក់ ​ជួយឲ្យកុមារ​រៀនសូត្រនូវចំណេះ និងជំនាញ​សំខាន់ៗ ដែលជួយឲ្យពួកគេ លូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ។​  

មណ្ឌលទទួលកុមារទុរគតនេះ ស្ថិតក្នុងទីតាំងយុទ្ធសាស្រ្តមួយ​ ដែល​ចំណាយពេលបើកបរមិន​ដល់​១៥នាទីផងពី​ច្រកព្រំដែនកម្ពុជា-ថៃ។ មានកុមារជាច្រើនត្រូវបានគេបង្ខំឲ្យធ្វើការ​នៅច្រកព្រំដែន​ដ៏មមាញឹកនេះ ដើម្បីបានប្រាក់កាក់ខ្លះ​គ្រាន់នឹងយកទៅផ្គត់ផ្គង់គ្រួសាររបស់គាត់ ដែលមានជីវភាពខ្វះខាត។ នេះក៏ជាកន្លែង​សម្រាប់​កុមារកម្ពុជា ដែលត្រូវបានសង្រ្គោះចេញពីអ្នកជួញដូរក្នុងប្រទេសថៃ ហើយត្រូវបាន​នាំមកកម្ពុជាវិញផងដែរ។

មជ្ឈមណ្ឌល Goutte d’eau ជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលទទួលបានការគាំទ្រពី​យូនីសែហ្វ (UNICEF) (ជាភាសាអង់គ្លេសមានន័យថា “តំណក់ទឹក”) គឺជាអង្គការមួយ ក្នុងចំណោមអង្គការទាំងឡាយ ដែលអាជ្ញាធរកម្ពុជា​ពឹងអាស្រ័យ នៅពេលដែល​កុមារទទួលរងគ្រោះពីការជួញដូរ ត្រូវបានគេ​បញ្ជូន​ត្រឡប់ពីប្រទេសថៃ​ ដើម្បីផ្តល់ឲ្យកុមារទាំងនោះនូវការថែទាំង និងសេវាកម្មផ្សេងៗ។ បច្ចុប្បន្ននេះ មានកុមារចំនួន ៣៥នាក់ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌល Goutte d’eau

លោក ទ្បុងសាន រិទ្ធី នាយករង មណ្ឌល បានមានប្រសាសន៍ថា “កុមារទាំងនេះបានឆ្លងកាត់​ការកេងប្រវ័ញ្ច ការចាប់ខ្លួន និង​ធ្លាប់នៅក្នុងមន្ទីរឃុំឃាំង អញ្ចឹងហើយបានជាពួកគេ ភ័យខ្លាច។ ពេល​គេមកកាន់ទីនេះជាលើកដំបូង ពួក គេ ស្រពេចស្រពិល មិនដឹងថា​អ្នកណាជាមនុស្សគួរឲ្យទុកចិត្តបាន។ ប៉ុន្តែបន្ទាប់ពីស្នាក់នៅក្នុងមណ្ឌលនេះ​ប្រមាណជា​១ខែមក គាត់ចាប់ផ្តើមមាន​អារម្មណ៍ប្រសើរឡើង”។

កុមារភាគច្រើនដែលទទួលបានការគាំទ្រក្នុងមណ្ឌលនេះ ត្រូវបាន អូសទាញពីគ្រួសារក្រីក្រ ដោយពួកឈ្មួញជួញដូរ ឲ្យទៅសុំទាននៅតាមដងផ្លូវនានាក្នុងប្រទេសថៃ ឬរកប្រាក់​ដោយធ្វើការងារតូចតាច។​ ក្រោយមក កុមារទាំងនេះត្រូវបានចាប់ខ្លួនដោយប៉ូលីសថៃ ហើយត្រូវបានយកទៅដាក់ក្នុង​មណ្ឌល ឬមន្ទីរឃុំឃាំង រហូតដល់ពេល​មានការបញ្ជូនពួកគាត់​មកប្រទេសកម្ពុជាវិញ។ ពេលមកដល់កម្ពុជា កុមារទាំងនេះ ត្រូវបានបញ្ជូនមកកាន់​មណ្ឌល របស់អង្គការមិនមែនរដ្ឋាភិបាល ដោយ​អាជ្ញាធរ​កម្ពុជា។​


ម៉ោងរៀននៅមណ្ឌលទទួលកុមារទុរគត Goutte d’eau
© UNICEF Cambodia/2015/Antoine Raab

កុមារី សាវី (មិនមែន ឈ្មោះពិតរបស់នាង) មានអាយុ១៣ឆ្នាំ ហើយបានស្នាក់នៅក្នុងមណ្ឌល​ Goutte d’eau អស់រយៈពេល១ឆ្នាំហើយ។ នាងត្រូវបានគេនាំចេញពីផ្ទះតាំងពីអាយុ៧ឆ្នាំ។ សាវី ពិការ តាំងពីកំណើត ដែលធ្វើឲ្យគាត់ពិបាកដើរ។ ដោយឃើញ ពិការភាពរបស់នាង ឈ្មួញជួញដូរ​បានឆក់យកឱកាសនេះ បង្ខំឲ្យនាងដើរសុំទាន តាមដងផ្លូវនានាក្នុងទីក្រុងបាងកកអស់​រយៈពេល ៥​ឆ្នាំ។

បុគ្គលិកនៅមណ្ឌល Goutte d’eau និយាយថា ក្រុមឈ្មួញជួញដូរកុមារ ស្វែងរកកុមារក្មេងៗ និង       ​ក្មេងៗ​ណា​ដែលមានពិការភាព (ដូចជាករណីសាវី) ព្រោះអាចរកលុយបានច្រើន នៅពេលបង្ខំឲ្យដើរសុំទានឬលក់ផ្កា​នៅតាមផ្លូវ។

បុគ្គលិកសង្គមមួយរូបនៅមណ្ឌលនេះ បានរៀបរាប់ពីដំណើររឿងដែល​ធ្វើឲ្យសាវី​មិន​អាចយល់ភាសាកំណើតរបស់ខ្លួនបាន ពេលកុមារីរូបនេះមកដល់មណ្ឌលនេះជាលើកដំបូង។ គឹម វ៉េត ជាបុគ្គលិក​សង្គមមួយរូបដែលមើលថែទាំកុមារនៅមណ្ឌល​ទទួលកុមារទុរគតនេះ បានពន្យល់ថា សាវី ត្រូវបានគេនាំចេញពីផ្ទះអស់រយៈពេលជាយូរឆ្នាំ ដែលធ្វើឲ្យគាត់ភ្លេចភាសាកំណើតរបស់ខ្លួន។ អ្នកនាង វ៉េត និយាយថា “នាង​មិន​ចាំពីទីកន្លែងកំណើតរបស់ខ្លួនទេ។ នាងចាំបានតែឈ្មោះឪពុកម្តាយរបស់គាត់តែប៉ុណ្ណោះ។ ខ្ញុំបានដឹកនាងតាមម៉ូតូ ជិះជុំវិញទីក្រុងប៉ោយប៉ែត ដើម្បីជួយរំលឹកការចងចាំរបស់នាងឡើងវិញ ប៉ុន្តែ​យើងនៅ​តែ​រកផ្ទះនាងមិនឃើញ”​

បុគ្គលិកក្នុងមណ្ឌលនេះនិយាយថាជារឿយៗថា ការស្វែងរកក្រុមគ្រួសារ​របស់កុមារគឺជាការលំបាក។ ពេលខ្លះ ពួកគាត់មិនអាចកំណត់​សញ្ជាតិរបស់កុមារដែលត្រូវបានសង្គ្រោះ​មកផង ពិសេសពេលដែលកុមារភ្លេចភាសាកំណើតរបស់ខ្លួន។​ ដូច្នេះ កុមារទាំងនេះត្រូវការ​ការជួយជ្រោម​ជ្រែងដើម្បី​ធ្វើឲ្យពួកគេ​អាចចងចាំបាននូវទីកំណើតរបស់ខ្លួន។ វិធីសាស្រ្ត​ ដូចជាការគូររូប ត្រូវបាន​យក​មក​ប្រើប្រាស់ ដើម្បីជួយ​កុមារទាំងនេះឲ្យមានការចងចាំឡើងវិញ។

សាវី មានរោគសើរស្បែកនៅជុំវិញករបស់គាត់ ព្រមទាំងមានស្នាមខ្មៅនៅ​លើស្បែក ពេលគាត់មក​ដល់​    ​​មណ្ឌលជាលើកដំបូង។ អ្នកនាង វ៉េត បន្ថែមថាបញ្ហាស្បែករបស់សាវីបង្កឡើងដោយ​កង្វះអ​នា    ម័យ ខ្លួនប្រាណ។

វេជ្ជបណ្ឌិតប្រចាំនៅ​អង្គការមិនមែនរដ្ឋាភិបាល បានព្យាបាលនាងភ្លាមៗ។ អ្នកនាង វ៉េត និយាយថា សាវី មិនសូវមាត់កទេពីដំបូង។ ប៉ុន្តែបុគ្គលិក​នៅជិតគាត់ពេញ២៤ម៉ោង និងនាំនាងឲ្យធ្វើសកម្មភាព​ផ្សេងៗ ដូចជា ច្រៀង រាំ ធ្វើការងារសិប្បកម្ម និង​ចូលថ្នាក់រៀន។ គាត់ក៏បានចាប់ផ្តើមនិយាយស្តីបន្តិចម្តងៗ។

ជាធម្មតា ទោះបីជាកុមារក្នុងមណ្ឌលនេះ មានការលំបាកក្នុងការរៀនសូត្រពីដំបូងក៏ដោយ ពួកគាត់​​មាន​ភាពប្រសើរឡើង តាមរយៈការចូលរួមសកម្មភាពប្រចាំថ្ងៃ  ទាំងសកម្មភាពកំសាន្ត និង​អប់រំ  ហើយក៏ទទួលបានការគាំទ្រផ្លូវចិត្តផងដែរ។

មណ្ឌលនេះ ត្រូវបានសាងសង់នៅលើ​ផ្ទៃដីធំទូលាយមួយកន្លែង។ ក្នុងបរិវេណនេះ មាន​ផ្ទះ​ដែលសង់​បែប​ខ្មែរបុរាណ ដែល​ក្នុងនោះ ក្មេងប្រុសនិងស្រីត្រូវបានដាក់ឲ្យគេងដាច់ដោយឡែកពីគ្នា។ មណ្ឌលមានសួនច្បារធំមួយ ដែល មានទោងនិងកន្លែង ក្មេងលេង សកម្មភាព​កំសាន្ត និង​សកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈ រោងបាយរួម និង​ថ្នាក់រៀននៅខាងក្រៅ បំពាក់ដោយ​សម្ភារ​សាមញ្ញៗដូចជា ក្តារខៀន តុ និង​កៅអីវែង។


សាវី ដែលមានអាយុ ១៣ឆ្នាំ និយាយជាមួយបុគ្គលិកសង្គមរបស់មណ្ឌល  Goutte d’eau ឈ្មោះ គឹម វ៉េត (ខាងឆ្វេង) និងនាយករងមណ្ឌល លោក ទ្បុងសាន រិទ្ធី
© UNICEF Cambodia/2015/Antoine Raab

បន្ទាប់ពីអាហារថ្ងៃត្រង់ សាវី អង្គុយនៅក្នុងសួនក្រោមម្លប់ដើមឈើជាមួយនឹង​ក្មេងស្រីៗដទៃទៀត ដើម្បីរៀនចាក់​កម្រាលលម្អតុ។ កុមារផ្សេងទៀត លេងលោតអន្ទាក់ ជិះទោង ឬ​អង្គុយក្នុងថ្នាក់រៀន។ អ្នកនាងវ៉េតនិយាយថា ពេលខ្លះ សាវី នៅតែមានអារម្មណ៍ឯកោ ប៉ុន្តែនាងកំពុងតែ​ចុះសម្រុង​នឹងក្មេង​ៗដទៃបានច្រើនជាងមុន។ សាវី ​ចូលចិត្តជួយកិច្ចការផ្ទះបាយ និង បោកគក់ ទោះបីជានាង ពិបាក ដើរក៏ដោយ។ នាងក៏ចូលចិត្តស្រោចផ្កា​ក្នុងសួនផងដែរ។

អ្នកនាង វ៉េត និយាយថា “នេះជាផ្នែកមួយនៃ​ដំណើរការដែលធ្វើ​ឲ្យក្មេងទាំងនេះ​មានអារម្មណ៍កក់ក្តៅជាមួយគ្នា។ ពូកគាត់ជជែកគ្នា ធ្វើរបស់របរផ្សេងៗ បង្ហាញពីអារម្មណ៍របស់គាត់ ហើយទាំងអស់នេះ ធ្វើឲ្យពួកគាត់មានអារម្មណ៍ល្អ និង​ជួយពួកគេឲ្យមានអារម្មណ៍ប្រសើរជាងនេះ។

ថ្វីត្បិតតែ សាវី នៅមានដំណើរផ្លូវវែងឆ្ងាយ​ក្នុងការត្រឡប់មក រស់នៅ ក្នុងសង្គមជាធម្មតាវិញ នាងបានបោះជំហានទៅមុខសំខាន់ៗខ្លះរួចទៅហើយ។ នាងនិយាយថា នាងចង់ធ្វើជាគ្រូបង្រៀនអក្សរខ្មែរ នៅអនុ​វិទ្យាល័យ ពេលនាងធំឡើង។ បុគ្គលិកនៅអង្គការ បានព្យាយាមដើររកគ្រួសារ​របស់​នាង ប៉ុន្តែមិនទាន់រកឃើញនៅឡើយទេ។

ពេលនេះ លោក សាន ​មកពីមណ្ឌល Goutte d’eau ​និយាយថា សាវី នឹងត្រូវបញ្ជូនទៅ មណ្ឌល​របស់​អង្គការមិន​មែនរដ្ឋាភិបាល​មួយក្នុងរាជធានីភ្នំ​ពេញ​ ដែលបុគ្គលិកនៅទីនោះ ​មានជំនាញច្រើនក្នុងការ​គាំទ្រនិង​ថែទាំកុមារពិការ។

No comments:

Post a Comment