Saturday, November 21, 2015

យុវជនឆ្នើមលើកកម្ពស់សិទ្ធិកុមារ

ដោយ៖ សែម វ៉លល័រ

ប្រាថ្នា អាយុ២២ឆ្នាំ កំពុងរៀននៅសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ
© UNICEF Cambodia/2015/Sam Waller

To read this post in English, please click here.

ប្អូនប្រុស យាង ប្រាថ្នា គឺជាយុវជនដែលមានការងាររវល់ច្រើន។ ខ្ញុំបានជួបគាត់នៅពេលព្រឹកដែលមានអាកាសធាតុក្តៅនៅទីក្រុងភ្នំពេញនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) ជាស្ថានីទូរទស្សន៍មានប្រជាប្រិយមួយរបស់ប្រទេសកម្ពុជា។ គាត់នៅទីនោះធ្វើជាអ្នកណែនាំដល់យុវជនវ័យក្មេងៗចំនួន៤រូប ដែលកំពុងចូលរួមក្នុងកិច្ចពិភាក្សាក្នុងកម្មវិធីទូរទស្សន៍ស្ដីពីតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលនៅក្នុងការអប់រំសុខភាពផ្លូវភេទ និងបន្តពូជ។ រាល់ពេលពេលសម្រាកពីការថត អ្នកគ្រប់គ្នាស្ដាប់ប្អូនប្រុសប្រាថ្នា ផ្ដល់ដំបូន្មានដល់អ្នកចូលរួម។ គាត់ជួយឲ្យអ្នកគ្រប់គ្នាសម្រួលអារម្មណ៍និងរក្សាចិត្តឱ្យស្ងប់។

នៅពេលថតចប់កម្មវិធី ប្អូនប្រុសប្រាថ្នា ចូលរួមកិច្ចប្រជុំមួយផ្សេងទៀត ដើម្បីរៀបចំផែនកាសម្រាប់យុទ្ធនាការលុបបំបាត់អំពើហិង្សាលើក្មេងស្រីនិងស្ត្រីនាពេលខាងមុខ។ នៅពេលរសៀល គាត់ធ្វើដំណើរទៅសលាវិទ្យាល័យ មួយកន្លែង ដើម្បីបណ្ដុះបណ្ដាលកុមារដែលត្រូវបានជ្រើសរើសឱ្យចូលរួមពិភាក្សាដេញដោលអំពីប្រធានបទ ការរំលោភបំពានលើផ្លូវភេទ។
អូ! លើសពីនេះ គាត់ក៏កំពុងសិក្សានៅសកលវិទ្យាល័យផងដែរ។ មែនហើយ គាត់រៀននៅសកលវិទ្យាល័យចំនួនពីរឯណោះ!

ប្រាថ្នា កំពុងផ្ដល់ដំបូន្មានក្នុងពេលកម្មវិធីពិភាក្សានៅទូរទស្សន៍ ទទក នៅភ្នំពេញ
© UNICEF Cambodia/2015/Sam Waller

ខ្ញុំបានជួបប្អូនប្រុសអាយុ២២ឆ្នាំឈ្មោះប្រាថ្នានេះ ដោយសារគាត់គឺជាសមាជិកមួយរូបក្នុងក្រុមតំណាងយុវជនរបស់អង្គការយូនីសេហ្វ។ ក្រុមនេះមានសមាសភាពជាកុមារ ក្មេងជំទង់ និងយុវជនចំនួន២០នាក់កំពុងធ្វើយុទ្ធនាការលើកសិទ្ធិយុវជនកម្ពុជា ក្នុងការបញ្ចេញមតិឆ្លើយតបនឹងអំពើហិង្សាលើកុមារ។ តាមរយៈការចូលរួមអភិវឌ្ឍផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ប្រឆាំងនឹងអំពើហិង្សាលើកុមារ ក្រុមគាត់កំពុងបញ្ចូលនូវ ទស្សនៈកុមារ និងយុវជនទៅក្នុងផែនការនោះ។

ចាប់ពីពេលនោះមក ខ្ញុំបានស្វែងយល់អំពីដំណើរជីវិតរបស់យុវជនវ័យក្មេងដ៏គួរឱ្យកត់សម្គាល់រូបនេះ ក្នុងការក្លាយជាយុវជនឆ្នើមលើកកម្ពស់សិទ្ធិកុមារ។ តើប្អូនប្រុសបានចាប់ផ្តើមការងារពីពេលណាមក?

ជើងឯកលើកកម្ពស់សិទ្ធិកុមារ

នៅឆ្នាំ២០១៣ ប្អូនប្រុសប្រាថ្នា បានចូលរួមក្នុងគម្រោងមួយនៅខេត្តព្រៃវែង ជាមួយក្រុមយុវជនដើម្បីការផ្លាស់ប្ដូរ ដោយជួយដោះស្រាយបញ្ហាការប្រើប្រាស់គ្រឿងស្រវឹងនិងអំពើហិង្សា តាមរយៈការបណ្ដុះបណ្ដាលយុវជនអំពីសកម្មភាពដែលពួកគេត្រូវធ្វើ នៅពេលជួបអំពើហិង្សា។ ក្រោយមកនៅឆ្នាំដដែល គាត់បានត្រឡប់មកថ្នាក់រៀនវិញនៅសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច  ដែលគាត់កំពុងសិក្សាអំពីទំនាក់ទំនងអន្តរជាតិ។ គាត់បាននិយាយទៅកាន់មិត្តភក្ដិម្នាក់ម្នាក់ថា “មិត្តរួមថ្នាក់របស់យើងតែងតែចង់ចូលរួមក្នុងសកម្មភាពសង្គម និងធ្វើការស្ម័គ្រចិត្ត ប៉ុន្តែពួកគេមិនដឹងថាត្រូវចូលរួមដោយរបៀបណាទេ។ ក្រោយពីពិភាក្សារួច ពួកគេក៍បានសម្រេចចិត្តបង្កើតក្រុមមួយឈ្មោះថា “Joy Cambodia”។ ផ្តើមចេញពីស្ថាបនិកបួនរូប ក្រុមនេះឥឡូវមានសមាជិកច្រើនជាង៣០នាក់។

ប្រាថ្នា កំពុងដឹកនាំវគ្គអប់រំមួយរបស់អង្គការ “Joy Cambodia” នៅខេត្តតាកែវ
© Yeang Prathna

ចាប់ពីពេលនោះមក ការងារជាយុវជនរបស់ប្រាថ្នាកាន់តែរីកចម្រើនទ្បើង។ គាត់បានធ្វើការជាមួយកុមារនៅសាលារៀននាខេត្តកំពត ដើម្បីបង្កើនចំណេះដឹងពីការបញ្ឍប់អំពើហិង្សាលើស្ត្រីនិងកុមារ។ គាត់ក៏ធ្វើការនៅកម្មវិធី “យុវជនឆ្លាត” ជាកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ដែលបង្កើនការយល់ដឹងអំពីសុខភាពផ្លូវភេទនិងបន្តពូជ។ កម្មវិធីនេះមានអ្នកគាំទ្រជាង៥ម៉ឺននាក់នៅលើបណ្តាញសង្គម Facebook

ប្រាថ្នាបានពន្យល់ថា “មនុស្សយើងគិតថា កុមារមិនគួរយល់ដឹងអំពីសុខភាពផ្លូវភេទ រហូតដល់ពេលគាត់រៀបការ។ នេះមិនមែនជាគំនិតល្អទេ។ វាជាសុខភាពរបស់ពួកគាត់។ ក្មេងៗចូលចិត្តប្រើ Facebook និងបច្ចេកវិទ្យាថ្មី ដូច្នេះយើងបង្កើតភាពយន្តគំនូរជីវចលអប់រំពួកគាត់។ យើងមិនប្រាប់គាត់ពីអ្វីដែលត្រូវធ្វើនោះទេ ប៉ុន្តែប្រាប់អំពីរបៀបរក្សាសុវត្ថិភាព និងការគិតពីអ្វីត្រឹមត្រូវនិងអ្វីខុស។”

ដោះស្រាយបញ្ហាអំពីហិង្សាលើកុមា


ខ្ញុំបានជជែកជាមួយប្រាថ្នាអំពីក្រុមយុវជនរបស់អង្គការយូនីសេហ្វ និងមូលហេតុដែលគាត់ចង់ចូលរួមដោះស្រាយបញ្ហាអំពីហិង្សាលើកុមារ។ គាត់មានក្តីប្រាថ្នាច្បាស់ក្នុងការការពារកុមារ និងលើកកម្ពស់តួនាទីយុវជន។ “នេះជាឆ្នាំ ២០១៥ ប៉ុន្តែអំពើហិង្សាលើកុមារនៅតែជាក្ដីបារម្ភដ៏ធំមួយទៅទ្បើយ។ ខ្ញុំចង់ឃើញអំពីហិង្សាថយចុះ ហើយកុមារមិនគួរទទួលរងនូវការឈឺចាប់ទ្បើយ។

ការបញ្ឈប់អំពើហិង្សាមិនមែនជាការងារសម្រាប់តែអ្នកជំនាញ ឬមនុស្សចាស់នោះទេ។ វាចាំបាច់ណាស់ក្នុងការបញ្ចូលនូវការចូលរួមពីសំណាក់យុវជន ដើម្បីការងារនេះកាន់តែមានប្រសិទ្ធភាព។”

ប្រាថ្នា កំពុងបញ្ចេញយោបល់នៅក្នុងកិច្ចប្រជុំមួយនៃក្រុមតំណាងយុវជនរបស់អង្គការយូនីសេហ្វ
© UNICEF Cambodia/2015/Sam Waller

តាមរយៈការងារទាំងអស់របស់គាត់ជាមួយកុមារនិងយុវជន ប្អូនប្រុសប្រាថ្នាដឹងថាមានអ្នកដទៃទៀតកំពុងតាមដានការងារនិងគម្រោងដែលគាត់កំពុងធ្វើ។ គាត់ក៏ដឹងថា មនុស្សវ័យក្មេងជាច្រើននៅកម្ពុជាអភិវឌ្ឍសហគមន៍របស់ពួកគាត់ ប៉ុន្តែគេមិនដឹងថាត្រូវចាប់ផ្តើមរបៀបណាទ្បើយ។ ដូច្នេះតើប្រាថ្នាមានដំបូន្មានអ្វីផ្តល់ដល់យុវជនកម្ពុជាជំនាន់ក្រោយដទៃទៀត?

“ឱកាសមិនតែងតែរត់មករកយើងទេ។ អ្នកត្រូវទៅរកវា។ កម្ពុជាគឺជាប្រទេសដែលមានមនុស្សវ័យក្មេងច្រើនប្រកបដោយសក្ដានុពលខ្ពស់។ ប្រសិនបើពួកគេពិតជាចាប់អារម្មណ៍ក្នុងការជួយសង្គម ពួកគេអាចនឹងធ្វើឱ្យសង្គមប្រសើរឡើងបាន។”

No comments:

Post a Comment